យុវជនរៀននៅតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ ទាមទារឱ្យរដ្ឋាភិបាល បញ្ចុះការបង់ថ្លៃសេវាថែទាំសុខភាពយ៉ាងហោចណាស់ពាក់កណ្ដាលក្នុងរបបសន្តិសុខសង្គមអំឡុងពេលនៅ​ជានិសិ្សតដើ​​​​ម្បី​​​​​​​កាត់បន្ថយការចំណាយរបស់ពួកគេ ក្នុងពេលដែលបេឡាជាតិរបបសន្តិសុខសង្គមនេះ នៅមិនទាន់បាន​​កំ​​ណត់​គោលការណ៍ និងនីតិវិធីសម្រាប់ការចំណាយរបស់​សិស្សនិស្សិត​​នៅឡើយ។

ក្នុងកម្មវិធីមួយស្តីពី តម្រូវការចាំបាច់នៃប្រព័ន្ធគាំពារសង្គមផ្នែកថែទាំសុខភាពសម្រាប់យុវនិស្សិតប្រារព្ធឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន ក្រុមនិស្សិតមកពីបណ្តាសាកលវិទ្យាល័យមួយ​ចំនួ​​ន ក្នុ​ង​​​​ក្រុងភ្នំពេញ បង្ហាញការបារម្ភថាការចំណាយ ទៅលើសេវាថែទាំសុខភាព តាមគោលការណ៍​​បេឡា​​​​ជា​​តិ​​​រប​​ប​​សន្តិសុខសង្គម វាជាបន្ទុកសម្រាប់ពួកគេ។

យុវតី យ៉ែម រោចនៈ ជានិសិ្សតជំនាញសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងកាលពីថ្ងៃទី ២៥ ខែ មិថុនា ថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ថែទាំសុខភាពសម្រាប់យុវជនអំឡុងពេលសិក្សានៅសក​​ល​​វិទ្យាល័យ ដោយសារពួកគេភាគច្រើនប្រឈមនឹងការលំបាកលើការចំ​​ណាយផ្សេងៗជាពិសេសយុវជនម​កពីតាមបណ្ដាខេត្ត។

កញ្ញាបន្តថា  យុវជនសិក្សានៅសាកលវិទ្យាល័យបានចំណាយប្រាក់លើការព្យាបាលផ្ទាល់ខ្លួន ស្របពេលដែ​ល​ពួកគេបានបង់ប្រាក់យ៉ាងច្រើនលើថ្លៃសិក្សា បន្ទប់ស្នាក់ និងការចំណាយក្នុងជីវភាពប្រចាំថ្ងៃជាដើម​​។ 

កញ្ញាបន្តថា៖ «ចំពោះយុវជនដែលគាត់ប្រឹងប្រែងមកពីតាមខេត្តគឺគាត់ខ្វះខាត គឺរដ្ឋាភិបាលផ្ដោតលើអាហ្នឹង[ពួកគេ]សំខាន់ជាងគេ» 

យុវតីរូបនេះ បន្តថា ករណីរបបសន្តិសុខសង្គមកំណត់ឱ្យមានការបង់វិភាគទាន រដ្ឋាភិបាលគប្បីមានយន្តការកាត់បន្ថយការបង់ប្រាក់វិភាគទានពាក់កណ្ដាលសម្រាប់យុវជនកំពុងរៀននៅសកលវិទ្យាល័យ។

យុវជនមួយរូបទៀត លោក កែវ មករា ជានិសិ្សតសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ស្នើសុំឱ្យយុវនិសិ្សតបង់ប្រាក់វិភាគទានតិចតួចទៅកាន់បេឡាជាតិរបបសន្តិសុខសង្គមសម្រា​ប់​​​ទទួលបានការថែទាំសុខភាព។

លោកបន្តថា៖ «ចុះបើយុវនិសិ្សតគាត់មានវិភាគទានបន្តិចបន្តួចទៅកាន់ ប..ស តើនឹងទទួលបាន ប..ស ដែរឬទេ»

លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គមនៃបេឡាជាតិសន្តិសុខសង្គម ហៅ​​កាត់ថា ប.ស.ស មានប្រសាសន៍ថា ជាគោលការណ៍របបសន្តិសុខសង្គមបានកំណត់ឱ្យមានការបង់វិ​ភាគទានទើបអាចប្រើប្រាស់សេវាគាំពារសង្គមនេះបាន ខណៈចំនួនប្រាក់បង់វិភាគទានសម្រាប់កម្មករនិ​យោជិត​អាស្រ័យលើប្រាក់ចំណូលរបស់ពួកគេរៀងៗខ្លួន។

លោក ពន្លក ជំរុញឱ្យយុវជនស្វែងរកការងារធ្វើ ដូចនេះនិយោជកនឹងបង់ប្រាក់វិភាគទានសម្រាប់ពួកគេទាំ​ង​ហានិភ័យសុខភាព ការងារ និងប្រាក់សោធនជាដើម។ ប៉ុន្តែលោកពុំបានបញ្ជាក់ជុំវិញការទាមទារបញ្ចុះថ្លៃបង់ប្រាក់វិភាគទានពីសំណាក់សិស្សនិសិ្សតនោះទេ ដោយគ្រាន់តែលើកឡើងថា យុវជនសិក្សានៅសកលវិទ្យាល័យអាស្រ័យលើគោលនយោបាយរបស់សាលានីមួយៗទាក់ទិននឹងការការពារផ្នែកសុខភាពរបស់សិស្ស។

លោកបន្តថា៖ «ជាគោលការណ៍ដើម្បីទទួលបានរបបសន្តិសង្គមគឺតម្រូវឱ្យមានការបង់វិភាគទានទើបអាចប្រើប្រាស់សេវានេះ។…បើសិនជាយើងមិនមានវិភាគទាននៅក្នុងរបបសន្តិសុខសង្គមទេយើងមិនមែនជាអ្នកមានសិទ្ធិប្រើប្រាស់សេវា»

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ជំរុញឱ្យរដ្ឋាភិបាលបែងចែកថវិកាជាតិសាជាថ្មីលើវិស័យណាដែលពុំចាំបាច់ ហើយបង្វែរថវិកានោះគាំទ្រដល់យុវនិស្សិត ឬផ្នែកណាមួយដែលមានសារៈសំខាន់។

លោក យល់ថា រដ្ឋាភិបាលគួរតែរួមចំណែកជួយដល់យុវនិស្សិតលើការបង់វិភាគទានផ្នែកថែទាំសុខភាព ដោយសារពួកគេជាធនធានមនុស្សជំនាន់ក្រោយគប្បីទទួលបានការយកចិត្តទុកដាក់ពីរដ្ឋ។

លោកបន្តថា៖ «សំខាន់រដ្ឋត្រូវមើលឡើងវិញ ពិនិត្យតាមដានថា ធ្វើបច្ចុប្បន្នភាពឡើងវិញ តើចំណាយរប​​ស់​​ដ្ឋក្នុងមួយឆ្នាំៗតើចំណាយណាដែលខ្ជះខ្ជាយអាចដកលុយនឹងទុកសម្រាប់ជួយអ្នកដែលត្រូវការ»

ផ្អែកគោលការណ៍បេឡាជាតិសន្តិសុខសង្គម ឱ្យដឹងថា និយោជកមានកាតព្វកិច្ចបង់ភាគទានផ្នែកថែទាំសុ​​ខភាពសម្រាប់កម្មករនិយោជិត។ជាងនេះទៀត ផ្នែកថែទាំសុខភាព សំដៅដល់ការធានារ៉ាប់រងសុខភាពសង្គ​​ម ដែលត្រូវផ្តល់តាវកាលិក សេវាបង្ការសុខភាពតាវកាលិកព្យាបាលនិងថែទាំវេជ្ជសាស្រ្ត និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលនៃការផ្អាកការងារដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗក្រៅពីហានិភ័យការងារ និងការសម្រាកមាតុភាព។

សេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័​​គ្រ​ចិត្ត សម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីពេលថ្មីៗនេះ ភាគទានត្រូវកំណត់ស្មើនឹង២​​,៦% នៃ​​ប្រាក់ចំណូលរបស់សាមីជន។ ចំណែក ប្រាក់ចំណូលជាប់ភាគទានប្រចាំខែ ត្រូវកំណត់ស្មើនឹង ៦០ម៉ឺនរៀល។ បើតាម លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គមនៃបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស ឱ្យដឹងថា បច្ចុប្បន្ននេះ ប.ស. ស មានកម្មករនិយោជិតចុះក្នុងបញ្ជីចំនួន២លា ននាក់ ក្នុងចំណោមកម្មករនិយោជិត១០លាននាក់នៅប្រទេសកម្ពុជា៕