ក្រសួងពាណិជ្ជកម្ម ប្រកាសអំពីតម្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកក្កដា ក្នុងតម្លៃ៤.១៥០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង ៣.៩៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ទនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈចាប់ពីថ្ងៃទី០១ ដល់ ១០ ខែកក្កដា ឆ្នាំ២០២៣ នឹងត្រូវលក់៤.៤១៨រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.២១៨រៀល/លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm។ ក្រសួងបន្ថែមថា រដ្ឋាភិបាលបានសម្រួលដោយបញ្ចុះតម្លៃមកត្រឹម៤.១៥០រៀល/លីត្រ សម្រាប់សាំងធម្មតា និង៣.៩៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះនៃប្រេងតាមទីផ្សារអន្តជាតិ មកគណនាតែប៉ុណ្ណោះ៕