មន្ទីរការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តរតនគិរី​ប្រកាសថា គិតត្រឹមថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២៣​នេះ​ មាន​ជនរងគ្រោះ​​​ចំនួន​១0នាក់​បានបាត់បង់​ជីវិតដោយសារករណីពុលស្រា ស្ថិតនៅភូមិ៣​ ឃុំស្រែអង្គ្រង​ ស្រុក​កូនមុំ​ ខេត្តរតនគិរី​​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ខេត្តរតនគិរី​ ចេញនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា ​ក្រោយ​ពីទទួល​បានដំណឹង​អំពី​ករណីសង្ស័យ​ពាក់ព័ន្ធ​នឹង​ការពុលស្រា​របស់​ កម្មក​រនិយោជិត​ នៅព្រឹក​​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ រួចមក ​មន្ទីរ​បានចុះ​ត្រួតពិនិត្យ ​និងស្រាវជ្រាវ​ករណីនេះ​ភ្លាមៗ។ លទ្ធផល​ជាផ្លូវការ​ កាល​ពីយប់​ថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ២០២៣នេះ​ ត្រូវបាន​បញ្ជាក់ដោយ​អង្គភាព​ជំនាញ​សុខាភិបាល​ថា​ ករណីដែល​បានកើតឡើង​ជាបន្តបន្ទាប់​ខាងលើ​គឺជាករណី​ពុលស្រា​ដែល​ត្រូវបាន​ដាក់លក់​នៅតាម​ទីតាំង​ក្បែរក្រុមហ៊ុន​។​

សេចក្តីប្រកាស​ព័ត៌មាន​ដដែលបន្ថែម​ថា មន្ទីរការងារសហការ​​ជាមួយអាជ្ញាធរមានសមត្ថកិច្ច ​និង​មន្ទីរសុខាភិបាលខេត្ត​ព្រមទាំង​​បាន​ណែនាំ​ក្រុមហ៊ុន​ឱ្យចាត់​វិធាន​ការ​​សុវត្ថិភាព ​និងសុខភាពការងារ​បន្ថែមជាបន្ទាន់​ ដើម្បីបង្ការហានិភ័យ​ដល់កម្មករ​និយោជិត​ពាក់ព័ន្ធ៕