សាច់ញាតិដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនីនៅខេត្តកំពង់ឆ្នាំង ស្នើសុំជំនួយដើម្បីឱ្យកូនៗរបស់ជនរងគ្រោះអាចបន្តការសិក្សាតទៅមុខទៀតបាន។
កាលពីថ្ងៃអង្គារ សប្ដាហ៍មុន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឧបទ្ទវហេតុដែលបានកើតឡើងកាលពីថ្ងៃទី ២៦ ខែ មិថុនា នោះ បានបណ្តាលឱ្យអ្នកស្រី ព្រុំ ឈឿន ជាកម្មការិនីរោងចក្រ ត្រូវបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈកម្មករ៥៩នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។
ស្រ្តីវ័យ៧៨ឆ្នាំ ឈ្មោះ ទេព អូន ដែលត្រូវជាជីដូនរបស់អ្នកស្រី ព្រុំ ឈឿន និយាយថា ការបាត់បង់ជីវិតចៅស្រីនេះ បានបន្សល់ទុកនូវកុមារកំព្រាចំនួន២នាក់ ដែលកំពុងរស់នៅក្នុងបន្ទុករបស់ស្រ្តីវ័យជិត៨០ឆ្នាំរូបនេះ។ប្រភពបន្តថា សព្វថ្ងៃកុមារទាំងពីរដែលត្រូវជាចៅទួត កំពុងរៀនថ្នាក់បឋមសិក្សានៅឡើយ ក្នុងខេត្តព្រៃវែង។
រស់នៅភូមិអង្កាល់ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង លោកស្រី ទេព អូន បញ្ជាក់ថា ការចំណាយប្រចាំថ្ងៃ ក្នុងពេលកន្លងទៅ គឺភាគច្រើនពឹងផ្អែកទាំងស្រុងលើម្ដាយរបស់ក្មេងទាំង២នាក់ ដែលផ្ញើលុយជាទៀងទាត់៣សប្តាហ៍ម្តងចំនួន១០ម៉ឺនរៀលសម្រាប់ការចំណាយប្រចាំថ្ងៃ។ក៏ប៉ុន្តែប្រភពបញ្ជាក់ថា ចាប់ពីពេលនេះទៅ អម្រែកដ៏ធំមួយនេះ មិនដឹងត្រូវដោះស្រាយបែបណាទេ ដោយសារវ័យរបស់លោកស្រី កាន់តែចាស់ជរាទៅហើយ។
លោកស្រីបន្តថា៖«បើអត់ពីកូន(ចៅស្រីជាជនរងគ្រោះ)គ្នាអ្នកណាផ្ញើលុយឱ្យចាយទេ ដាច់លុយហើយ ឪពុកលែងគ្នាគេមិនដែលផ្ដល់ឱ្យផងហ្នឹង។សំណូមពរឱ្យជួយចៅកំព្រានេះផង»។
ចំណែក លោកស្រី ហុយ លាប ដែលត្រូវជាម្តាយរបស់ កម្មការិនីឈ្មោះ ព្រុំ ឈឿន សព្វថ្ងៃរស់នភ្នំពេញ និយាយថា ក្រោយកូនស្រីត្រូវស្លាប់ដោយក្រឡាប់រថយន្ត លោកស្រីបានទទួលលុយពីបេឡាជាតិរបបសន្តិសង្គម ដែលហៅកាត់ថា ប.ស.ស ចំនួន៤ ០០០ ០០០រៀល ប្រាក់ខែ ១០០ដុល្លារ និងប្រាក់ផ្សេងៗទៀតចំនួន ២០០ដុល្លារ។ប៉ុន្តែលុយទាំងនោះ ត្រូវចំណាយទៅលើបុណ្យសពអស់ទៅហើយ។ចំណែក ស្វាមីរបស់កម្មការិនី ដែលស្លាប់ទៅ មិនដែលបានផ្ញើលុយឱ្យកូនចាយទេ ចាប់តាំងពីចែកផ្លូវគ្នាមក ហើយបច្ចុប្បន្ននេះ បន្ទុកទាំងស្រុងត្រូវធ្លាក់មកលើជីដូន ដែលរស់ពឹងផ្អែកលើដោយប័ណ្ណក្រីក្រ។
ទាក់ទិនរឿងនេះ លោក យិន វ៉ារី ស្មៀនឃុំធាយ ស្រុកបាភ្នំ អះអាងថា អាជ្ញាធរមូលដ្ឋាននឹងឧបត្ថមក៏កុមារទាំង២នាក់នេះ ដូចជា ត្រីខ មី អង្ករ និងថវិកាមួយចំនួន។ប៉ុន្តែលោកថា ការផ្គត់ផ្គង់ជារៀងរាល់ខែ ឬយ៉ាងនោះគឺអាស្រ័យលើស្ថានភាពរបស់ពួកគេ។
លោកបន្តថា៖ « (ជួយរាល់ខែ?) អត់ទាន់ដឹងថាម៉េចទេ ចាំមើលស្ថានភាពជាក់ស្ដែង បើសិនជាបន្ទាប់ម៉ែស្លាប់ [ឪពុកម្ដាយ]បែកគ្នាហើយយ៉ាប់យ៉ឺន អាហ្នឹងឃុំចេះតែជួយ»។
ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គមនៃបេឡាជាតិរបបសន្តិសុខសង្គមលោក លៀង ពន្លក ចាត់ទុកថា ករណីកម្មការិនី ព្រុំ ឈឿន ជាហានិភ័យការងារ ហើយអត្ថប្រយោជន៍ផ្សេងៗនឹងបានទៅអ្នកនៅក្នុងបន្ទុករបស់ជនរងគ្រោះ។
លោកបន្តថា មន្រ្តី ប.ស.ស នឹងចុះស្រាវជ្រាវចំនួនមនុស្សស្ថិតក្រោមការផ្ដត់ផ្គង់ពីជនរងគ្រោះ បន្ទាប់ពីរោងចក្រដាក់របាយការណ៍ជុំវិញករណីគ្រោះថ្នាក់ក្នុងម៉ោងការងារនេះ។
លោកបន្តថា៖ «អត្ថប្រយោជន៍អាស្រ័យលើប្រាក់ខែគាត់ គេមានរូបមន្តគណនា… និយោជកបង់ភាគទានប៉ុន្មាន [ឱ្យជនរងគ្រោះ] គេគិតភាគរយតាមហ្នឹងឱ្យ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ថា រដ្ឋាភិបាលគប្បីមានយន្តការទំនុកបម្រុងលើកុមារកំព្រារទាំង២នាក់ដែលជាក្រុមមនុស្សងាយរងគ្រោះសម្រាប់ជីវភាពរស់នៅ និងការសិក្សារបស់ពួកគេ។ លោកបន្តថា ក្នុងករណីពុំទាន់មានគោលនយោបាយជាក់លាក់លើរឿងនេះទេ រដគួរដាក់ចេញនូវគោលនយោបាយគាំទ្រដល់ក្រុមមនុស្សងាយរងគ្រោះ និងហានិភ័យទាំងនេះ។
លោកបន្តថា៖ «បើអត់មាន[គោលនយោបាយ]ទេ ការគិតគូរពិចារណាថ្មីមួយគួរតែកើតមានដែរ»។
កាលពីដើមឆ្នាំ ២០២៣ កន្លងទៅ មានហេតុការណ៍ដូចគ្នានេះ បានកើតឡើង នៅលើផ្លូវជាតិលេខ៥១ ដែលស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ឧបទ្ទវហេតុនៅពេលនោះ បណ្តាលឱ្យកម្មករ កម្មការិនី ៦នាក់រងរបួសធ្ងន់ និងស្រាល ក្នុងចំណោមមនុស្ស ៦៥នាក់។ ការស្រាវជ្រាវរបស់អង្គការបង្ការបួសអាស៊ី ដែលចេញផ្សាយក្នុងឆ្នាំ២០២០ រកឃើញថាគ្រោះថ្នាក់ការងារ ដោយក្រឡាប់រថយន្ត ក្នុងពេលដឹកកម្មកររោងចក្រនេះ ក្នុងមួយខែកើតឡើង១៨៣លើក។របាយការណ៍បង្ហាញទៀតថា តួលេខនេះបើគិតជាឆ្នាំ គ្រោះថ្នាក់ការងារ ពេលធ្វើដំណើរតាមរថយន្តនេះ មានចំនួន ២២០៦លើក។ទន្ទឹមនឹងនេះ រថយន្តក្រឡាប់ ពេលដឹកកម្មករនេះបានបណ្តាលឱ្យមនុស្ស ៣០នាក់ស្លាប់ និង៤៦៧នាក់ រងរបួសធ្ងន់ និងស្រាល៕