សាច់ញាតិដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនី​​នៅ​​ខេត្ត​កំ​​ពង់ឆ្នាំង ស្នើសុំជំនួយដើម្បីឱ្យកូនៗរបស់ជនរងគ្រោះអាចបន្តការសិក្សាតទៅមុខទៀតបាន។

កាលពីថ្ងៃអង្គារ សប្ដាហ៍មុន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅក្នុងឃុំសែប ស្រុកកំ​​ពង់​​ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឧបទ្ទវហេតុដែលបានកើតឡើងកាលពីថ្ងៃទី ២៦ ខែ មិថុនា នោះ បា​ន​​បណ្តាលឱ្យអ្នកស្រី ព្រុំ ឈឿន ជាកម្មការិនីរោងចក្រ ត្រូវបា​ត់​បង់ជីវិតភ្លាមៗនៅនឹងកន្លែង​​កើត​​ហេ​​​​តុ ខណៈកម្មករ៥៩នាក់ផ្សេងទៀតរងរបួសធ្ង​ន់​ និងស្រាល។

ស្រ្តីវ័យ៧៨ឆ្នាំ ឈ្មោះ ទេព អូន ដែលត្រូវជាជីដូនរបស់អ្នកស្រី ព្រុំ​ ឈឿន និយាយថា ការបាត់បង់ជី​​វិតចៅ​​ស្រី​នេះ បានបន្សល់ទុកនូវកុមារកំព្រាចំនួន២នាក់ ដែលកំពុងរស់នៅក្នុងបន្ទុក​​របស់ស្រ្តី​​វ័​យ​​​​​​​ជិត​​៨​០​​​​ឆ្នាំរូបនេះ។ប្រភពបន្តថា សព្វថ្ងៃកុមារទាំងពីរដែលត្រូវជាចៅទួត កំពុងរៀន​​ថ្នាក់​​បឋម​​សិ​ក្សា​​​​នៅ​​ឡើ​យ​ ក្នុងខេត្តព្រៃវែង។

រស់នៅភូមិអង្កាល់ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង លោកស្រី ទេព អូន បញ្ជាក់ថា ការចំណាយប្រ​​ចាំ​​​​ថ្ងៃ ក្នុងពេលកន្លងទៅ គឺភាគច្រើនពឹងផ្អែកទាំងស្រុង​លើម្ដាយរបស់ក្មេងទាំង២នាក់ ដែលផ្ញើ​​លុ​យ​​​​​​ជា​​ទៀង​​ទា​ត់​​៣​​សប្តាហ៍ម្តងចំនួន​១០​​ម៉ឺ​ន​​​រៀលសម្រាប់ការចំណា​​យប្រចាំថ្ងៃ។ក៏ប៉ុន្តែប្រ​​ភពប​​​ញ្ជា​ក់​​ថា ចាប់ពី​​ពេ​​​​ល​​​​​នេះទៅ អម្រែកដ៏ធំមួយនេះ មិនដឹងត្រូវដោះស្រាយបែបណាទេ ដោយសារ​​វ័យ​​រប​​ស់​​​លោកស្រី កាន់​តែចាស់ជរាទៅហើយ។

លោកស្រីបន្តថា៖«បើអត់ពីកូន(ចៅស្រីជាជនរងគ្រោះ)គ្នាអ្នកណាផ្ញើលុយឱ្យចាយទេ ដាច់លុយហើ​​​​យ ឪពុកលែងគ្នាគេមិនដែលផ្ដល់ឱ្យផងហ្នឹងសំណូមពរឱ្យជួយចៅកំព្រានេះផង»។

ចំណែក លោកស្រី ហុយ លាប ដែលត្រូវជាម្តាយរបស់ កម្មការិនីឈ្មោះ ព្រុំ ឈឿន សព្វថ្ងៃរស់ន​ភ្នំ​​ពេ​ញ និយាយថា ក្រោយកូនស្រីត្រូវស្លាប់ដោយក្រឡាប់រថយន្ត លោកស្រីបានទទួលលុយពី​​បេឡា​​ជាតិ​​របបសន្តិសង្គម ដែលហៅកាត់ថា ប​​.​ស​​.ស ចំនួន៤ ០០០ ០០០រៀល ប្រាក់ខែ ១០០ដុល្លារ និង​​ប្រាក់​​ផ្សេង​​ៗ​​ទៀតចំនួន ២០០ដុល្លារ។ប៉ុន្តែលុយ​​ទាំង​​នោះ ត្រូវចំណាយទៅលើ​​បុណ្យសព​​អស់​​ទៅ​​ហើយ។ចំណែក ស្វាមីរបស់កម្មការិនី ដែលស្លាប់ទៅ មិនដែលបានផ្ញើលុយឱ្យកូនចាយទេ ចាប់​​តាំង​​ពីចែកផ្លូវគ្នាមក ហើយបច្ចុប្បន្ននេះ បន្ទុកទាំងស្រុងត្រូវធ្លាក់មកលើជីដូន ដែលរស់ពឹងផ្អែក​​លើ​​ដោ​យប័ណ្ណក្រីក្រ។

ទាក់ទិនរឿងនេះ លោក យិន វ៉ារី ស្មៀនឃុំធាយ ស្រុកបាភ្នំ  អះអាងថា អាជ្ញាធរមូលដ្ឋាននឹងឧបត្ថ​​ម​​​​ក៏កុមារ​​​ទាំង២នាក់នេះ ដូចជា ត្រីខ មី អង្ករ និងថវិកាមួយចំនួន។ប៉ុន្តែលោកថា​ ការផ្គត់ផ្គង់ជារៀ​​ង​​រាល់ខែ ឬយ៉ាងនោះគឺអាស្រ័យលើស្ថានភាពរបស់ពួកគេ។

លោកបន្តថា៖ « (ជួយរាល់ខែ?) អត់ទាន់ដឹងថាម៉េចទេ​ ចាំមើលស្ថានភាពជាក់ស្ដែង បើសិនជាបន្ទា​​ប់​​ម៉ែស្លាប់ [ឪពុកម្ដាយ]បែកគ្នាហើយយ៉ាប់យ៉ឺន អាហ្នឹងឃុំចេះតែជួយ»។

ប្រធាននាយកដ្ឋាន​គោលនយោបាយសន្តិសុខសង្គម​នៃបេឡាជាតិរបបសន្តិសុខសង្គមលោក លៀ​​​ង ពន្លក ចាត់ទុកថា ករណីកម្មការិនី ព្រុំ ឈឿន ជាហានិភ័យការងារ ហើយអត្ថប្រយោជន៍ផ្សេ​​ង​​​​​ៗនឹ​ង​បានទៅអ្នកនៅក្នុងបន្ទុករបស់ជនរងគ្រោះ។

លោកបន្តថា មន្រ្តី ប.ស.ស នឹងចុះស្រាវជ្រាវចំនួនមនុស្សស្ថិតក្រោមការផ្ដត់ផ្គង់ពីជនរងគ្រោះ បន្ទា​​​​ប់​ពីរោងចក្រដាក់របាយការណ៍ជុំវិញករណីគ្រោះថ្នាក់ក្នុងម៉ោងការងារនេះ។

លោកបន្តថា៖ «អត្ថប្រយោជន៍អាស្រ័យលើប្រាក់ខែគាត់ គេមានរូបមន្តគណនា…  និយោជកបង់ភាទានប៉ុន្មាន [ឱ្យជនរងគ្រោះ] គេគិតភាគរយតាមហ្នឹងឱ្យ»។ 

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ថា រដ្ឋាភិបាលគប្បីមានយន្តការទំនុកបម្រុងលើកុមារកំព្រារទាំង២នាក់ដែលជាក្រុមមនុស្សងាយរងគ្រោះសម្រាប់ជីវភាពរស់នៅ និងការសិក្សារបស់ពួកគេ។ លោកបន្តថា ក្នុងករណីពុំទាន់មានគោលនយោបាយជាក់លាក់លើរឿងនេះទេ រដគួរដាក់ចេញនូវគោលនយោបាយគាំទ្រដល់ក្រុមមនុស្សងាយរងគ្រោះ និងហានិភ័យទាំ​ង​​​នេះ។

លោកបន្តថា៖ «បើអត់មាន[គោលនយោបាយ]ទេ ការគិតគូរពិចារណាថ្មីមួយគួរតែកើតមានដែរ»

កាលពីដើមឆ្នាំ ២០២៣ កន្លងទៅ មានហេតុការណ៍ដូចគ្នានេះ បានកើតឡើង នៅលើផ្លូវជាតិ​​លេខ​​៥១ ដែលស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ឧបទ្ទវហេតុនៅពេលនោះ បណ្តាលឱ្យកម្មករ កម្មការិនី ៦នាក់រងរបួសធ្ងន់ និងស្រាល ក្នុងចំណោមមនុស្ស ៦៥នាក់។ ការស្រាវជ្រាវរបស់អង្គការបង្ការបួសអាស៊ី ដែលចេញផ្សាយក្នុងឆ្នាំ២០២០ រកឃើញ​​ថាគ្រោះ​​ថ្នាក់​​កា​​រងារ ដោយក្រឡាប់រថយន្ត ក្នុងពេលដឹកកម្មកររោងចក្រនេះ ក្នុងមួយខែកើតឡើង​​១៨៣លើក​​។​​របាយការណ៍បង្ហាញទៀតថា តួលេខនេះបើគិតជាឆ្នាំ គ្រោះថ្នាក់ការងារ ពេលធ្វើដំណើរ​​តាមរ​ថ​​​យ​ន្ត​​​នេះ មាន​​ចំ​​នួន ២២០៦លើក។ទន្ទឹមនឹងនេះ រថយន្តក្រឡាប់ ពេលដឹកកម្មករនេះបាន​​បណ្តា​​ល​​ឱ្យមនុស្ស ៣០នាក់ស្លាប់ និង៤៦៧នាក់ រងរបួសធ្ងន់ និងស្រាល៕​