ប្រជាពលរដ្ឋដែលផ្លាស់ពីតំបន់អង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានត្អូញត្អែរពីផលលំបាក ដោយសារស្ថានភាពទឹកនៅរដូវស្សា និងស្នើឱ្យអាជ្ញាធរពន្លឿនការរៀបចំប្រព័ន្ធលូរំដោះទឹកឱ្យបានឆាប់ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងដែលនឹងកើតឡើងក្នុងរដូវវស្សានេះ។
ស្រ្តីដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក បានប្រាប់ Newsroom Cambodia ដោយសុំមិនបញ្ចេញឈ្មោះថា អ្នកស្រីកំពុងព្រួយបារម្ភទឹកជន់លិចផ្ទះនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ដោយសារលូរំដោះទឹកមានមុខកាត់តូច មិនអាចបង្ហូរទឹកបានលឿននោះទេ។ជាមួយគ្នានេះ ស្រ្តីរូបនេះ បានស្នើឱ្យអាជ្ញាធរ គួរចាក់ដីបន្ថែមនៅតំបន់ដែលអ្នកស្រីរស់នៅ ដោយហេតុថា មានជង្ហុកខ្លាំងដែលនាំឱ្យមានទឹកដក់ និងងាយជន់លិច។
អ្នកស្រីបន្តថា៖ «ម៉ាជួរ [ផ្ទះ] ខ្ញុំហ្នឹងជាក់ស្តែងលិច ចូល១០គ្រួសារដែរ [ថ្ងៃទី២៨ ខែមិថុនា ] ប៉ុន្តែលិចខ្លាំងជាងគេដីខ្ញុំ ព្រោះដីខ្ញុំដូចនិយាយចឹង បាតខ្ទះ ផ្ទះគេចំណោតៗ ផ្ទះខ្ញុំគ្រលុកម៉ង។ អ៊ីចឹងទៅ [ទឹក] ពីណាពីណីមកហូរមកដល់[ផ្ទះខ្ញុំ]។ ដោយសារ ការរៀបប្រព័ន្ធលូ ធារាសាសាស្រ្តរបស់គាត់រាងហូរយឺតបន្តិច មុខលូវាតូច ហើយដីវាទាប»។
ប្រភពដដែលឱ្យដឹងទៀតថា ក្រោយមានការជន់លិច មានមន្រ្តីពាក់ព័ន្ធបានមកពិនិត្យអំពីស្ថានភាពជាក់ស្តែងដែរ ប៉ុន្តែអ្នកស្រីថា មិនទាន់ដឹងថា អាជ្ញាធរនឹងមានដំពោះស្រាយបែបណានៅឡើយទេ។
ស្រដៀងគ្នានេះដែរពលរដ្ឋម្នាក់ទៀត អ្នកស្រី ខ្លូត ស្រីវង្ស វ័យ ២៩ ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបានផ្លាស់មករស់នៅតំបន់រុនតាឯកនេះ កាលពីខែឧសភា ឆ្នាំ២០២៣។អ្នកស្រីបន្តថា ពេលមានភ្លៀងធ្លាក់ម្តងៗ មានទឹកជន់លិចព្រោះទឹកហូរមិនទាន់។
ប្រភពបន្ត កាលពីថ្ងៃទី២៨ ខែមិថុនា មានភ្លៀងលាយឡំនឹងខ្យល់បោកបក់ខ្លាំង បណ្តាលឱ្យផ្ទះឳពុករបស់ខ្លួនត្រូវដួលរលំទាំងស្រុង។មិនតែប៉ុណ្ណោះ នៅពេលមានទឹកជន់លិចផ្ទះរបស់គាត់ គឺអាជ្ញាធរបានកាយដីដើម្បីបង្ហូរទឹកចេញ ប៉ុន្តែអ្នកស្រីថា មានតំបន់ខ្លះដីមានសណ្ឋានទាបពេក ដែលមិនអាចឱ្យទឹកហូរចេញបាន។ហើយការប្រើប្រាស់វិធីសាស្រ្តដូចនេះ គឺជួយបានតែរយៈពេលមួយខ្លីទេ ដោយសារតែពេលមានភ្លៀងធ្លាក់ច្រើន ទឹកនៅតែជន់លិចដដែល។
អ្នកស្រីបន្តថា៖ «កន្លែងខ្លះមានទឹកលិចដែរ ប៉ុន្តែលិចតែពេលភ្លៀង កន្លែងខ្លះអាជ្ញាធរបានកាយរួចរាល់ហើយទឹកវាហូរ បង្ហូរទៅគឺវាអត់អស់ទេ គឺវាដីទាបមែនទែន។ហើយមួយទៀតសូសំណូមពរដល់អាជ្ញាធរ ឪពុកខ្ញុំហ្នឹងគាត់អត់មានលទ្ធភាពអត់មានលុយធ្វើផ្ទះទៀត ទោះបីគេបើកស័ង្កសីឱ្យ ប៉ុន្តែគាត់អត់មានលទ្ធភាពធ្វើផ្ទះទៀត»។
អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ ដែលទទួលបន្ទុកកិច្ចការនេះ Newsroom Cambodia ព្យាយាមសុំការបំភ្លឺជាច្រើនដងតាមទូរស័ព្ទ ប៉ុន្តែលោកបដិសេធដោយផ្តាច់ទូរស័ព្ទ នៅពេលសួរនាំអំពីការទទួលខុសត្រូវ អំពីទឹកជំនន់ដែលនាំឱ្យលិចផ្ទះពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ។
ដោយឡែក នាយករដ្ឋបាលសាលាខេត្តសៀមរាប លោក ស៊ុន សំណាន ក៏មិនអាចសុំការបញ្ជាក់បន្ថែមបានដែរ ទូរសព្ទមិនអាចហៅចូលបាន។
ឆ្លើយតបរឿងនេះ មេឃុំរុនតាឯក អ្នកស្រី ឈួន អ៊ឹម បានឆើ្លយតបដោយខ្លីថា អាជ្ញាធរកំពុងសហការណ៍ជាមួយមន្រ្តីជំនាញហើយ និងកំពុងសាងសង់ប្រព័ន្ធរំដោះទឹកដើម្បីបញ្ជៀសការជន់លិចនេះ។
អ្នកស្រីបន្តថា៖ «យើងកំពុងរៀបចំ [ប្រព័ន្ធរំដោះទឹក] ជាមួយមន្រ្តីពាកព័ន្ធរួចហើយ» ។
របាយការណ៍ដែលចេញដោយ អាជ្ញាធរមូលដ្ឋាន ឱ្យដឹងថាបច្ចុប្បន្ននេះ ពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានចំនួន ២០០០គ្រួសារ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្ដិភាព លោក យង់ គីមអេង បានជំរុញឱ្យអាជ្ញាធរគួររៀបចំប្រព័ន្ធរំដោះទឹកឱ្យបានឆាប់ ដើម្បីបញ្ចៀសការជន់លិចនេះ ជាពិសេសនៅពេលដែលរដូវភ្លៀងចូលមកដល់។បន្ថែមលើនេះលោកថា រដ្ឋាភិបាលត្រូវគិតគូររៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាចាំបាច់មុននឹងដោះដូរប្រជាពលរដ្ឋឱ្យចាកចេញទៅតាំងទីលំនៅលើទីតាំងថ្មី។
លោកបន្តថា៖ «ខ្ញុំគិតថារដ្ឋាភិបាលត្រូវតែរៀបចំទីមួយគឺពាក់ព័ន្ធ រឿងហេដ្ឋារចនាសម្ព័ន្ធ លូ ផ្លូវ ឱ្យគាត់ស្រួល [រស់នៅ] រៀបចំឱ្យមានមណ្ឌលសុខភាពឱ្យបានស្រួលបួលជូនគាត់ ហើយបើដីហ្នឹង វាលិចទឹកលិចអី ត្រូវបូម [ទឹក] អីឱ្យស្រួលឱ្យស្មើឱ្យគាត់ ដើម្បីឱ្យគាត់ងាយស្រួលក្នុងការធ្វើផ្ទះ ធ្វើសម្បែង»។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានវ៉ាន់ដា កាលពីខែ តុលា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការផ្លាស់ប្ដូរលំនៅឋានរបស់ប្រជាពលរដ្ឋចេញពីតំបន់អង្គរនេះ គឺជាការឆ្លើយទៅនឹងតម្រូវការរបស់អង្គការយូណេស្កូ។
បើតាមលោក ហ៊ុន សែន ការដាក់ចេញនូវគោលនយោបាយនេះ ក៏ព្រោះតែដើម្បីការពារតំបន់រមណីយដ្ឋានអង្គរ។លើសពីនេះ ករណីប្រជាពលរដ្ឋមិនអនុវត្តតាម ពួកគេនឹងត្រូវបណ្ដេញចេញទាំងបង្ខំ និងមិនទទួលបានសំណងអ្វីទាំងអស់។
លោកបន្តថា៖ «ពេលនេះជាពេលដែលរដ្ឋាភិបាលធ្វើការថ្នាក់ថ្នម អង្វរករ បងប្អូនឱ្យចាកចេញ ប៉ុន្តែនៅពេលវេលាមកដល់១សេនក៏អត់ឱ្យ! ហើយបញ្ជូនចេញពីតំបន់ហ្នឹងតែម្ដង»។
តំបន់រមណីយដ្ឋានអង្គរត្រូវបានរដ្ឋាភិបាលរៀបចំឡើងវិញ ដោយតម្រូវឱ្យពលរដ្ឋដែលរស់នៅតំបន់ការពារមួយនេះ ត្រូវផ្លាស់ប្តូរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ជាគោលនយោបាយតាមរយៈដីសម្បទានសង្គមកិច្ច រដ្ឋាភិបាលបានផ្តល់ដីមួយឡូតិ៍ក្នុងមួយគ្រួសារ ទំហំទទឹង២០ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ។ យ៉ាងនេះក្តី សម្រាប់អ្នកដែលបានផ្លាស់ប្តូរមកកាន់លំនៅថ្មី នៅតែត្អូញត្អែរថា ក្រៅពីព្រួយបារម្ភទឹកជន់លិចផ្ទះនៅរដូវវស្សាហើយ ការជួបប្រទះបញ្ហាខ្វះខាតផ្នែកជីវភាព ដោយមិនអាចបង្កើតមុខរបរបាន ព្រោះតែគ្មានរោងចក្រ សហគ្រាស និងផ្សារជាដើម គឺជាបន្ទុកមួយដ៏ធំបន្ថែមទៀត សម្រាប់អ្នករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះដែរ៕