ប្រជាពលរដ្ឋដែលផ្លាស់ពីតំបន់អង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី​ ខេត្តសៀមរាប បានត្អូញត្អែរពីផលលំបាក ដោយសារស្ថានភាពទឹកនៅរដូវស្សា និងស្នើឱ្យអាជ្ញាធរពន្លឿ​​ន​​ការរៀបចំប្រ​ព័ន្ធ​​លូរំដោះទឹកឱ្យបានឆាប់ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងដែលនឹងកើតឡើង​ក្នុ​ង​​រដូវ​​វស្សានេះ។

ស្រ្តីដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក បានប្រាប់ Newsroom Cambodia ដោយសុំមិនបញ្ចេញ​ឈ្មោះថា អ្នកស្រីកំពុងព្រួយបារម្ភទឹកជន់លិចផ្ទះនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ដោយ​​សារ​លូរំដោះទឹកមានមុខកាត់តូច មិនអាចបង្ហូរទឹកបានលឿននោះទេ។ជាមួយគ្នានេះ ស្រ្តីរូបនេះ បា​​នស្នើឱ្យអាជ្ញាធរ គួរចាក់ដីបន្ថែមនៅតំបន់ដែលអ្នកស្រីរស់នៅ ដោយហេតុថា មានជង្ហុកខ្លាំងដែ​​ល​​​នាំឱ្យមានទឹកដក់ និងងាយជន់លិច។

អ្នកស្រីបន្តថា៖ «ម៉ាជួរ [ផ្ទះ] ខ្ញុំហ្នឹងជាក់ស្តែងលិច ចូល១០គ្រួសារដែរ [ថ្ងៃទី២៨ ខែមិថុនា ] ប៉ុន្តែលិចខ្លាំងជាងគេដីខ្ញុំ ព្រោះដីខ្ញុំដូចនិយាយចឹង បាតខ្ទះ ផ្ទះគេចំណោតៗ ផ្ទះខ្ញុំគ្រលុកម៉ង។ អ៊ីចឹងទៅ [ទឹក] ពីណាពីណីមកហូរមកដល់[ផ្ទះខ្ញុំ]។ ដោយសារ ការរៀបប្រព័ន្ធលូ ធារាសាសាស្រ្តរបស់គាត់រាងហូរយឺតបន្តិច មុខលូវាតូច ហើយដីវាទាប»

ប្រភពដដែលឱ្យដឹងទៀតថា ក្រោយមានការជន់លិច មានមន្រ្តីពាក់ព័ន្ធបានមកពិនិត្យអំពីស្ថានភា​​​​ព​​ជាក់ស្តែងដែរ ប៉ុន្តែអ្នកស្រីថា មិនទាន់ដឹងថា អាជ្ញាធរនឹងមានដំពោះស្រាយបែបណានៅឡើយ​​​ទេ​។

ស្រដៀងគ្នានេះ​ដែរពលរដ្ឋម្នាក់ទៀត អ្នកស្រី ខ្លូត ស្រីវង្ស វ័យ ២៩ ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបានផ្លាស់មករស់នៅតំបន់រុនតាឯកនេះ កាលពីខែឧសភា ឆ្នាំ២០២៣។អ្នកស្រីបន្តថា ពេលមានភ្លៀងធ្លាក់ម្តងៗ មានទឹកជន់លិចព្រោះទឹកហូរមិនទាន់។

ប្រភពបន្ត កាលពីថ្ងៃទី២៨ ខែមិថុនា មានភ្លៀងលាយឡំនឹងខ្យល់បោកបក់ខ្លាំង បណ្តាលឱ្យផ្ទះឳពុករបស់ខ្លួនត្រូវដួលរលំទាំងស្រុង។មិនតែប៉ុ​​ណ្ណោះ​​ នៅពេលមានទឹកជន់លិចផ្ទះរបស់គាត់ គឺអា​​ជ្ញា​​​​​​ធរបានកាយដីដើម្បីបង្ហូរទឹកចេញ ប៉ុន្តែអ្នកស្រីថា មានតំបន់ខ្លះដីមានសណ្ឋា​​​​ន​​ទាបពេក ដែលមិនអាចឱ្យទឹកហូរចេញបាន។ហើយការប្រើប្រាស់វិធីសាស្រ្តដូចនេះ គឺជួយបានតែរយៈពេលមួយខ្លីទេ ដោយសារតែពេលមានភ្លៀងធ្លាក់ច្រើន ទឹកនៅតែជន់លិចដដែល។

អ្នកស្រីបន្តថា៖ «កន្លែងខ្លះមានទឹកលិចដែរ ប៉ុន្តែលិចតែពេលភ្លៀង កន្លែងខ្លះអាជ្ញាធរបានកាយរួច​​រាល់​ហើយទឹកវាហូរ បង្ហូរទៅគឺវាអត់អស់ទេ គឺវាដីទាបមែនទែន។ហើយមួយទៀតសូសំណូមពរដ​ល់​​​អាជ្ញាធរ ឪពុកខ្ញុំហ្នឹងគាត់អត់មានលទ្ធភាពអត់មានលុយធ្វើផ្ទះទៀត ទោះបីគេបើកស័ង្កសីឱ្យ ប៉ុន្តែគាត់អត់មានលទ្ធភាពធ្វើផ្ទះទៀត»

អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ ដែលទទួលបន្ទុកកិច្ចការនេះ Newsroom Cambodia ព្យាយាមសុំការបំភ្លឺជាច្រើនដងតាមទូរស័ព្ទ ប៉ុន្តែលោកបដិសេធដោយផ្តាច់ទូរស័ព្ទ នៅពេល​​សួរ​​​នាំ​​​អំ​ពីការទទួលខុសត្រូវ អំពីទឹកជំនន់ដែលនាំឱ្យលិចផ្ទះពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍រុនតា​ឯក​​​នេះ។

ដោយឡែក នាយករដ្ឋបាលសាលាខេត្តសៀមរាប លោក ស៊ុន សំណាន ក៏មិនអាចសុំការបញ្ជាក់បន្ថែមបានដែរ ទូរសព្ទមិនអាចហៅចូលបាន។

ឆ្លើយតបរឿងនេះ មេឃុំរុនតាឯក អ្នកស្រី ឈួន ​អ៊ឹម បានឆើ្លយតបដោយខ្លីថា អាជ្ញាធរកំពុងសហការណ៍ជា​​មួ​យមន្រ្តីជំនាញហើយ និងកំពុងសាងសង់ប្រព័ន្ធរំដោះទឹកដើម្បីបញ្ជៀសការជន់លិចនេះ​​​​។

អ្នកស្រីបន្តថា៖ «យើងកំពុងរៀបចំ [ប្រព័ន្ធរំដោះទឹក] ជាមួយមន្រ្តីពាកព័ន្ធរួចហើយ»

របាយការណ៍ដែលចេញដោយ អាជ្ញាធរមូលដ្ឋាន ឱ្យដឹងថាបច្ចុប្បន្ននេះ ពលរដ្ឋដែល​រស់នៅតំបន់​​អភិ​​វឌ្ឍ​​ន៍​​រុនតាឯកមានចំនួន ២០០០គ្រួសារ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្ដិភាព លោក យង់ គីមអេង បានជំរុញឱ្យអាជ្ញាធរគួររៀបចំប្រព័ន្ធរំដោះទឹកឱ្យបានឆាប់ ដើម្បីបញ្ចៀសការជន់លិចនេះ ជាពិសេសនៅពេលដែលរដូវភ្លៀងចូលមកដល់។បន្ថែមលើនេះលោកថា រដ្ឋាភិបាលត្រូវគិតគូររៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាចាំបាច់មុននឹងដោះដូរប្រជាពលរដ្ឋឱ្យចាកចេញទៅតាំងទីលំនៅលើទីតាំងថ្មី។

លោកបន្តថា៖ «ខ្ញុំគិតថារដ្ឋាភិបាលត្រូវតែរៀបចំទីមួយគឺពាក់ព័ន្ធ រឿងហេដ្ឋារចនាសម្ព័ន្ធ លូ ផ្លូវ ឱ្យគាត់ស្រួល [រស់នៅ] រៀបចំឱ្យមានមណ្ឌលសុខភាពឱ្យបានស្រួលបួលជូនគាត់ ហើយបើដីហ្នឹង វាលិចទឹកលិចអី ត្រូវបូម [ទឹក] អីឱ្យស្រួលឱ្យស្មើឱ្យគាត់ ដើម្បីឱ្យគាត់ងាយស្រួលក្នុងការធ្វើផ្ទះ ធ្វើសម្បែង»

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានវ៉ាន់ដា កាលពីខែ តុលា ឆ្នាំ២០២២ លោកនា​យ​​​​​ក​រដ្ឋមន្រ្តី ហ៊ុន សែន  បានថ្លែងថា ការផ្លាស់ប្ដូរលំនៅឋានរបស់ប្រជាពលរដ្ឋចេញពីតំបន់អង្គរនេះ គឺជាការឆ្លើយទៅនឹងតម្រូវការរបស់អង្គការយូណេស្កូ។

បើតាមលោក ហ៊ុន សែន ការដាក់​​ចេញ​​នូវ​​​គោ​​ល​​នយោបាយនេះ ក៏ព្រោះតែដើម្បីការពារតំបន់រម​ណី​យដ្ឋានអង្គរ។លើសពីនេះ ករណីប្រ​​ជា​​​​ព​​លរដ្ឋមិនអនុវត្តតាម ពួកគេនឹងត្រូវបណ្ដេញចេញទាំ​​ង​​​បង្ខំ និងមិនទទួលបានសំណងអ្វីទាំងអស់។

លោកបន្តថា៖ «ពេលនេះជាពេលដែលរដ្ឋាភិបាលធ្វើការថ្នាក់ថ្នម អង្វរករ បងប្អូនឱ្យចាកចេញ ប៉ុ​​ន្តែ​នៅពេលវេលាមកដល់១សេនក៏អត់ឱ្យ! ហើយបញ្ជូនចេញពីតំបន់ហ្នឹងតែម្ដង»។

តំបន់រមណីយដ្ឋានអង្គរត្រូវបានរដ្ឋាភិបាលរៀបចំឡើងវិញ ដោយតម្រូវឱ្យពលរដ្ឋដែលរស់នៅតំ​​ប​​ន់​​ការពារមួយនេះ ត្រូវផ្លាស់ប្តូរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ជាគោលនយោបាយតាមរយៈដីសម្បទានសង្គមកិច្ច រដ្ឋាភិបាលបានផ្តល់ដីមួយឡូតិ៍ក្នុង​​មួយគ្រួសារ ទំហំទទឹង២០ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ។ យ៉ាងនេះក្តី សម្រាប់អ្នកដែលបានផ្លាស់ប្តូរមកកាន់លំនៅថ្មី នៅតែត្អូញត្អែរថា ក្រៅពីព្រួយបារម្ភទឹក​​ជន់លិ​ច​​ផ្ទះនៅរដូវវស្សាហើយ ការជួបប្រទះបញ្ហាខ្វះខាតផ្នែកជីវភាព ដោយមិនអាច​​បង្កើត​​មុខ​​រប​​រ​​បាន ព្រោះ​​តែគ្មានរោងចក្រ សហគ្រាស និងផ្សារជាដើម គឺជាបន្ទុកមួយដ៏ធំបន្ថែមទៀត សម្រាប់​​​អ្នក​​​​រស់​​នៅ​​តំបន់អភិវឌ្ឍន៍រុនតាឯកនេះដែរ៕