មេដឹកនាំគណបក្សក្រៅសភាមួយចំនួនបង្ហាញការយល់ឃើញខុសៗគ្នាជុំវិញវិសោធនកម្មច្បាប់បោះឆ្នោតថ្មីដែលតម្រូវឱ្យពលរដ្ឋមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវតែបានទៅបោះឆោ្នតជាមុនសិន ខណៈច្បាប់ថ្មីនេះ ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។
ប្រធានគណបក្សស្រ្តីដើម្បីស្រ្តី អ្នកស្រី ស៊ឹង សុធី ប្រាប់ Newsroom Cambodia ថា ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ គឺមានសេរីភាព គ្រប់គ្រាន់ក្នុងការសម្រេចចិត្ត ថា ទៅ ឬមិនទៅបោះឆ្នោត ដែលមិនអាចមានការបង្ខិតបង្ខំណាមួយនោះទេ។
យ៉ាងនេះក្តីមេបក្សរូបនេះ ហាក់មានភាពស្ទាក់ស្ទើរក្នុងការអត្ថាធិប្បាយ ក្រោយពេលមហាក្សត្រចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់នេះរួចទៅហើយនោះ។
អ្នកស្រីបន្តថា៖ «បើសិនជាសិទ្ធិសេរីភាពនៃប្រជាធិបតេយ្យ គឺយើងត្រូវតែបើកសិទ្ធិឱ្យគាត់ចង់ ឬមិនចង់ ជាសិទ្ធិរបស់គាត់ យើងមិនអាចបង្ខិតបង្ខំគាត់ទេ ព្រោះយើងជាប្រទេសប្រជាធិបតេយ្យ ហើយខ្ញុំគឺជាមេបក្សមួយដែលប្រកួតប្រជែងក្នុងប្រទេសប្រជាធិបេយ្យ មួយដែរ»។
ព្រះមហាក្សត្រ ទ្រង់បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ វិសោធនកម្មច្បាប់បោះឆ្នោតថ្មី កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។ច្បាប់នេះ ក៏ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ហើយព្រឹទ្ធសភាក៏បានឯកភាពទាំងស្រុងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំពេញអង្គលើក ទី១០ នីតិកាលទី៤របស់ខ្លួន។
វិសោធនកម្មច្បាប់ថ្មីនេះ បានកែច្បាប់បោះឆ្នោតចំនួន៤ គឺច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ក្នុងនោះច្បាប់បោះឆ្នោតថ្មី បានតម្រូវឱ្យពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្លាប់ទៅបោះឆ្នោតសកលនៅលើកចុងក្រោយ។ចំណែកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត តម្រូវឱ្យពលរដ្ឋដែលចង់ឈរឈ្មោះជាបេក្ខភាពតំណាងរាស្រ្ត គឹត្រូវទៅបោះឆ្នោតសកលចំនួន ២លើកជាប់គ្នា។
ច្បាប់នេះក៏កំណត់ដែរថា ជនណាឬគណបក្សនយោបាយ ដែលញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆោ្នត និងណែនាំឱ្យបំផ្លាញសន្លឹកឆ្នោត ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬគណបក្សនយោបាយ និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតរយៈពេល៥ឆ្នាំ ឬគណបក្សនយោបាយអាចត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោត ៥ឆ្នាំយ៉ាងតិច។
ផ្ទុយពីនេះ ប្រធានគណបក្សសញ្ញាតិកម្ពុជា លោក សេង សុខេង ថ្លែងថា លោកគាំទ្រច្បាប់ថ្មីនេះទាំងស្រុង ដោយថា ការតម្រូវឱ្យពលរដ្ឋត្រូវតែទៅបោះឆ្នោត ទើបអាចឈរឈ្មោះឱ្យគេបោះឆ្នោតបាន គឺបង្ហាញពីគំរូមួយក្នុងសង្គម។ជាមួយគ្នានេះ លោកក៏បានច្រានចោល ការលើកឡើងថាច្បាប់បោះឆ្នោតថ្មីនេះ បានរិតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ។
លោកថា៖ «ច្បាប់ហ្នឹងមិនពាក់ព័ន្ធនឹងការរារាំងសិទ្ធិប្រជាពលរដ្ឋ ឬប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទេ ព្រោះច្បាប់នេះ សំដៅទៅលើតែអ្នកដឹកនាំទេ អ្នកដែលមានបំណងចូលជា ប្រឡូកក្នុងកិច្ចការនយោបាយ តាំងពីថ្នាក់ ក្រោមជាតិរហូតដល់ថ្នាក់ជាតិហ្នឹង គឺចង់ឱ្យថ្នាក់ដឹកនាំហ្នឹងក្លាយជាគំរូ»។
មិនខុសគ្នាទេ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្យ ស្រស់ ក៏ប្រកាសជំហរគាំទ្រដែរក្រោយពេលច្បាប់បោះឆ្នោតថ្មីនេះបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។លោក ពេជ្យ ស្រស់ ចាត់ទុកថា ច្បាប់ថ្មីនេះ នឹងបិទផ្លូវអ្នកនយោបាយណា ដែលមានចេតនាបំផ្លាញការបោះឆ្នោតតាមរយៈការជំរុញឱ្យម្ចាស់ឆ្នោតគូសសន្លឹកឆ្នោតចោល ឬធ្វើសកម្មភាពមិនឱ្យពលរដ្ឋទៅបោះឆ្នោតជាដើម។
លោកបន្តថា៖ «ខ្លួនមិនបានទៅបោះឆ្នោតផង ហើយទៅឈរឈ្មោះឱ្យគេបោះឆ្នោតអាហ្នឹងវាដូចជាផ្ទុយ។ខ្ញុំគិតថាច្បាប់នេះល្អសម្រាប់អ្នកនយោបាយកុំឱ្យចេះតែធ្វើអីតាមទំនើងចិត្តពេកព្រោះ មានអ្នកនយោបាយខ្លះបំផុសបំផុលមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតទៀត! អាហ្នឹងជារឿងដែលធ្ងន់ធ្ងរមែនទែនសម្រាប់ការកសាងសង្គមជាតិយើង ដូចច្នេះត្រូវតែមានច្បាប់ឱ្យបានតឹងរឹងជាមួយអ្នកនយោបាយនៅកម្ពុជា»។
ក្រោយច្បាប់បោះឆ្នោតធ្វើវិសោធនកម្ម ទៅតាមការទាមទាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គេសង្កេតឃើញមានគណបក្សនយោបាយពីរ ជំទាស់ទៅនឹងគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មនេះ។
គណគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន រិះគន់ចំពោះ វិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះដោយចាត់ទុកថា វាជាការឹតត្បិតឱកាសឈរឈ្មោះបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យកាន់តែរួមតូច ក្រោយពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានរដ្ឋសភាអនុម័ត។
ជុំវិញការធ្វើវិសោធនកម្មច្បាប់ នៅមុនការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន២៤ស្ថាប័ន ក៏ធ្លាប់បានស្នើឱ្យព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ពន្យាពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មី រហូតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ បានបញ្ជប់។ការទាមទារនេះ ដើម្បីឱ្យមានពេលគ្រប់គ្រាន់សម្រាប់ពិភាក្សាពីផលប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិបោះឆ្នោត ជាដើម។
ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះរួមមាន មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព, សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA), សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) ជាដើម។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ចាត់ទុកការកែប្រែច្បាប់បោះឆ្នោតថ្មីនេះ គឺជាការដើរបញ្ច្រាសពីរដ្ឋធម្មនុញ្ញ ដែលចែងថា ពលរដ្ឋទាំង២ភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត។លោកថា ការកែប្រែច្បាប់គឺជារឿងធម្មតា ដើម្បីឱ្យដើរទាន់ការវិវត្តនៃសម័យកាល ប៉ុន្តែលោកថា ច្បាប់បោះឆ្នោតថ្មីនេះ បានកែប្រែយ៉ាងតក់ក្រហល់ និងជាការកែប្រែច្បាប់តាមអំពើចិត្ត។
លោកបន្តថា៖ «កៀកបោះឆ្នោតហើយ យើងធ្វើវិសោធនកម្មស្តីពីការបោះឆ្នោត នេះវាបង្ហាញភាពមិនមានតម្រូវការចាំបាច់មួយ ហើយចំនុចមួយទៀតច្បាប់ យើងថា ថ្ងៃនេះ ហើយអាចកែប្រែថ្ងៃស្អែកបាន វាធ្វើឱ្យបាត់បង់គោលជំហរ របស់ច្បាប់ វាបាត់បង់ភាពខ្លាំងរបស់ច្បាប់ វាបាត់បង់អំណាចនៃច្បាប់ មានន័យថាច្បាប់លែងក្លាយជាកម្មវត្ថុមួយដែលត្រូវបានគេពិចារណាយ៉ាងម៉ត់ចត់ យ៉ាងយកចិត្តទុកដាក់ យ៉ាងប្រយ័ត្នប្រយែង»។
ជុំវិញការរិះគន់នេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មិនអាចសុំកាឆ្លើយតបបានទេ នៅថ្ងៃនេះ ដោយទូរសព្ទចូលប៉ុន្តែមិនមានអ្នកទទួល។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់ប្រាប់ Newsroom Cambodia ថា ច្បាប់ថ្មីនេះមិនបានរំលោភលើសិទ្ធិប្រជាពលរដ្ឋនោះទេ។ លោកថា កាលណាប្រជាពលរដ្ឋចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែមិនដែលបានទៅបោះឆ្នោត គឺមានន័យថា មិនស្មើរភាពគ្នា។ វិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះ ធ្វើឡើងតាមការចង់បានរបស់លោក នាយករដ្ឋមន្រ្តីហ៊ុន សែន ដែលស្នើឱ្យក្រសួងពាក់ព័ន្ធពន្លឿនឱ្យរួចរាល់នៅមុនការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ដែលកាន់តែខិតចូលមកដល់។លោកហ៊ុន សែន ធ្លាប់ថ្លែងថា ការកែប្រែច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតរបស់ក្រុមប្រឆាំង ហើយក៏ជាការរុញឱ្យលោក សម រង្ស៊ី ដើរដល់ផ្លូវទាល់ច្រកដែរ ជាពិសេសនេះជាការសម្លាប់សិទ្ធិនយោបាយរបស់បុគ្គលណាដែលមិនបានចូលរួមបោះឆ្នោតក្នុងអាណត្តិថ្មីនេះ៕