គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយរក្សាស្ថិរភាពតម្លៃកសិផលក្នុងរដូវប្រ​​​មូលផលសម្រាប់ការប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ខណៈអ​​ង្គ​​​ការសង្គមស៊ីវិលយល់ឃើញថា កសិករខ្មែរនៅតែបន្តប្រឈមបញ្ហាជាច្រើនផ្នែកវិស័យក​​សិកម្ម​​នេះ​។

ថ្លែងក្នុងថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោត​កាលពីថ្ងៃសៅរ៍នេះ លោក នាយករដ្ឋម​ន្រ្តី ហ៊ុន សែន បានលើកឡើងនូវគោលនយោបាយជាអាទិភាពចំនួន៦ចំណុច ដែលជាកម្មវិធីអ​ភិ​​វឌ្ឍ​ន៍សង្គមជាតិ របស់គណបក្សប្រជាជនកម្ពុជានៅអាណត្តិថ្មីនេះ។

ក្នុងនោះមានមួយចំណុច ដែលលោកនាយករដ្ឋមន្រ្តី បានដាក់សំដៅលើការព្យាយាមរកទីផ្សារនិងរក្សាតម្លៃកសិផលឱ្យមានស្ថិរភាពក្នុងរដូវប្រមូលផល តាមរយៈការផ្ដល់ហិរញ្ញប្បទានរាប់លានដុ​​​ល្លា​រអាមេរិក សម្រាប់ការប្រមូលទិញកសិផលក្នុងករណីប្រឈមនឹងបញ្ហាណាមួយ។

លោក ហ៊ុន សែន បន្តថា ផលិតផលកសិផលសំខាន់ៗតម្រូវឱ្យមានការរក្សាលំនឹងតម្លៃរៀងរាល់រដូវប្រមូលផលមាន ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងៗទៀតតាមការចាំបាច់។

លោកបន្តថា៖ «កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ដោយចាប់ផ្ដើមពីចំនួ​​​ន​១​​០​​០លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ដើម្បីធ្វើអន្ត​​រា​គ​​មន៍ឱ្យទាន់ពេលវេលា ក្នុងការទិញកសិផលពីប្រជាកសិករ ជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនូវរាល់រដូវប្រមូលផល»

ក្រៅពីគណបក្សប្រជាជនកម្ពុជា​ គេឃើញមានគណបក្សនយោបាយផ្សេងទៀត ក៏បានឃោសនាគោ​លនយោ​​បា​​យ​​​របស់ខ្លួនទាក់ទិននឹងវិស័យកសិកម្មនេះដែរ។

សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែល​​ជាដៃ​គូ​​ប្រ​​​កួតប្រជែងមួយក្នុងចំ​​ណោមបក្សន​​យោ​​​បាយចំនួន១៧ផ្សេងទៀត បាន​ជំ​​រុ​​ញ​ឱ្យសហគមន៍កសិ​​កម្ម​ទទួលបានទុនវិនិយោគជាមួយអត្រាកា​​​​រ​ប្រាក់ត្រឹម៣ភាគរយក្នុងមួយឆ្នាំ និងការផលិតវត្ថុធាតុដើមក្នុងស្រុកសម្រាប់វិស័យកសិកម្ម ដើ​​​ម្បី​កាត់បន្ថយតម្លៃ និងការចំណា​យ​​រ​​បស់​​កសិករ និងស្ដារប្រ​ឡាយទឹកសម្រាប់ធ្វើកសិកម្ម។

ដោយឡែក គណបក្សខ្មែររួបរួមជាតិ ក៏បានដាក់ចេញនូវគោលនយោបាយកសិកម្មដែរ ដោយកំ​​ណ​​​​ត់តម្លៃស្រូវទាបបំ​​ផុត ១,២០០រៀលក្នុងមួយគីឡូក្រាម និងធានាតម្លៃទីផ្សារកសិផល ព្រ​​ម​​​ទាំងប​ញ្ចុះតម្លៃប្រេង​ និ​ងជីកសិកម្ម។

បើទោះបែបណា គេសង្កេតឃើញថា ក្នុងរយៈពេលប្រមាណ ៤០ឆ្នាំមកនេះ គោលនយោ​​បាយ​​ក​​សិ​កម្ម ដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញ ហាក់មិនបានផ្តល់ផលស្មើគ្នាទៅ​​ដល់ដៃក​​សិ​​ក​​រ​​​ប៉ុន្មានទេ។នៅចំពោះមុខនេះ វិស័យកសិកម្មត្រូវធ្វើដំណើរ ក្នុងស្ថានភាពលំបាកលំបិន ក្នុងន័យ​​ថា​​​ពលរដ្ឋត្រូវចំណាយខ្ពស់ទៅលើថ្លៃដើម ដូចជាទិញជីចូលជាដើម តែទទួលបានទិន្នផលទាប​​។​​មា​ន​​​​​ពេ​ល​ខ្លះ កសិផលផលិតបាន ប៉ុន្តែត្រូវប្រឈមគ្មានទីផ្សារ​​ក៏មានដែរ។​​ហើយបើត្រូវ​​លក់​​​ចេញ ក៏បង្ខំចិត្តលក់ក្នុងតម្លៃមួយដែលទាបជាងតម្លៃនៅលើទីផ្សារទៅទៀត។

យ៉ាងនេះក្តីលោក ថូ ណារិទ្ធ  នាយកអង្គការសេដាក លើកឡើងថា ក្រៅពីតម្លៃកសិផលធ្លាក់ចុះអំ​​ឡុ​ង​ពេលប្រមូលផលកសិករខ្មែរនៅមានបញ្ហាប្រឈមរាប់មិនអស់ដែលរដ្ឋាភិបាលត្រូវយកចិត្តទុក​​ដាក់។លោកបន្តថា បញ្ហាទាំងនោះមាន កង្វះប្រព័ន្ធធារាសាស្រ្តសម្រាប់ស្រោចស្របដំណាំ ទុនវិនិយោគ និងទីផ្សារកសិផលជាដើម។

បើតាមលោក ថូ ណារិទ្ធ កសិករភាគច្រើនបានខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ខ្ពស់ដើម្បីយកមកចំណាយលើវត្ថុធាតុដើមសម្រាប់ដំណាំកសិកម្មរបស់ពួកគេ។​

ទន្ទឹមនឹងនេះ លោក ណារិទ្ធ ជំរុញឱ្យរដ្ឋាភិបាលបណ្ដុះបណ្ដាលមន្រ្តីកសិកម្មតាមឃុំដែលជាផ្នែកកមួយនៃគោលនយោបាយរបស់បក្សកាន់អំណាចនៅអាណត្តិថ្មីនេះឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុ​​​ង​​ការផ្ដល់យោបល់ដល់កសិករ ក្រោមហេតុផលថាពួកគេភាគច្រើនជានិសិ្សតទើបបញ្ចប់ការសិ​​ក្សា​​​​។

លោកបន្តថា៖«បញ្ហាប្រឈមនៅការពង្រាយមន្រ្តីកសិកម្មឃុំនៅត្រង់ថា បទពិសោធន៍របស់មន្រ្តីក​​សិ​​កម្មភាគច្រើនជានិសិ្សតដែលបញ្ចប់ការសិក្សាពីសាលាកសិកម្ម។ចឹងខ្ញុំគិតថាអាចមានការប្រ​​ឈ​មកង្វះខាតផ្នែកបទពិសោធន៍ និងបច្ចេកទេសក្នុងការចុះបណ្ដុះបណ្ដាលកសិករបន្ថែមទៀត​​»។ លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ យល់ឃើញថា គោ​​ល​​​នយោបាយរក្សាស្ថិរភាពតម្លៃកសិផលនៅរដូវប្រមូលផលនេះ ទាមទារឱ្យគណបក្សប្រជាជនក​ម្ពុ​​ជាមានឆន្ទៈមុះមុត និងការតាំងចិត្តខ្ពស់ក្នុងការអនុវត្ត។ លោកមានសុទិដ្ឋិនិយមថា ប្រសិនបើអា​ចដោះស្រាយបញ្ហាអស្ថិរភាពតម្លៃនេះបានជោគជ័យមែននោះ នឹងជំរុញឱ្យជីវភាពកសិករមានភា​​ពប្រ​​សើ​​​រជាងមុន៕