ក្រុមនិសិ្សតទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពបញ្ចេញមតិឡើងវិញ តាមរយៈទទួលយកមតិរិះគន់ ដើម្បីកែលម្អសង្គមដោយសំអាងថាសកម្មភាពចូលរួមការពារធនធានធម្មជាតិនិងឃ្លាំមើលការអភិវឌ្ឍសង្គមរបស់ពួកគេប្រឈមនឹងការគំរាមកំហែងពីស្ថាបនរដ្ឋនៅឡើយ ដែលជាកត្តាជំរុញឱ្យបញ្ហាសង្គមនៅបន្តចាក់ស្រែះ ។
ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធីស្តីពីការ«លើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចអភិវឌ្ឍសង្គម»ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន ដែលមានយុវជនជានិស្សិតប្រមាណ៧០នាក់ចូលរួម។
ពួកគេបានលើកឡើងពីគោលបំណងចង់ចូលរួមកិច្ចការសង្គម និងឃ្លាំងមើលការអភិវឌ្ឍន៍ ដោយពុំមានការរាំង ឬគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធ។
និស្សិតជំនាញភូមិវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សោន វាយោ និយាយថា អាជ្ញាធរមូលដ្ឋានពុំគួរក្លាយជារនាំងសម្រាប់ក្រុមយុវជនដែលចុះអង្កេតការបំផ្លាញព្រៃឈើនោះទេ តែថា ផ្ទុយទៅវិញស្ថាបនពាក់ព័ន្ធទាំងនោះ គួរលើកទឹកចិត្តសកម្មភាពចូលរួមការពារធនធានធម្មជាតិទាំងនេះ។
លោកថា៖ «ឧទាហរណ៍ ដូចខ្ញុំទៅមើលព្រៃដែលគេកាប់ចឹង អាហ្នឹងយើងត្រូវសូមការអនុញ្ញាតពីរដ្ឋាភិបាលដែលគាត់កាន់កាប់នៅកន្លែងហ្នឹងសិន។ ហ្នឹង ជាវិបត្តិដែលយើងត្រូវប្រឈម ត្រូវឆ្លងកាត់គាត់(អាជ្ញាធរមូលដ្ឋាន)សិន»។
កញ្ញា ងេន ស្សាវរីយ៍ ជានិសិ្សតច្បាប់នៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ជំរុញឱ្យរដ្ឋាភិបាលបើកសិទ្ធិគ្រប់គ្រាន់ដល់ពលរដ្ឋក្នុងការលើកឡើងពីបញ្ហាសង្គមនិងក្លាហានទទួលយកការរិះគន់របស់ពួកគេ សម្រាប់កែលម្អសង្គម កុំប្រើវិធានទប់ស្កាត់ ឬគំរាមកំហែង ។
កញ្ញាស្សាវរីយ៍ថា៖«[ខ្ញុំ]ចង់ឱ្យគាត់[អាជ្ញាធរពាក់ព័ន្ធ]បើកទូលាយក្នុងការឱ្យប្រជាជននិយាយពីរឿងនយោបាយ ឱ្យគាត់ហ៊ានទទួលការរិះគន់ពីប្រជាជនក្នុងរឿងនយោបាយ សេដ្ឋកិច្ច សង្គម សង្គមកិច្ច»។
កញ្ញាសំអាងថា ការចូលរួមរបស់យុវជនជាសញ្ញាវិជ្ជមានដល់ការរីកចម្រើនសង្គម តាមរយៈការបញ្ចេញយោបល់របស់ពួកគេ លើបញ្ហានានាដែលបានកើតឡើង ដើម្បីកែលម្អសង្គម។
ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា មិនមានការរឹតត្បិតសេរីភាពបញ្ចេញមតិទេ ហើយថានៅចំពោះមុខ រដ្ឋាភិបាលព្យាយាមជំរុញឱ្យប្រជាពលរដ្ឋមានជីវភាពសមរម្យទើបផ្ដោតការយកចិត្តទុកដាក់លើសិទ្ធិសេរីភាពតាមក្រោយ។
លោកថា៖ «បត់ផែនរៀបចំលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិហ្នឹង មានការជជែកគ្នា ការដោះស្រាយគ្នា ចាប់ផ្ដើមពីរៀនជជែកគ្នា រៀនពីស្រង់យកមតិដើម្បីរស់នៅជាមួយគ្នាបាន អត់មានអ្នកខុសឬត្រូវទេ»។
អ្នកច្បាប់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅ(សង់ត្រាល់)លោក វន ចាន់ឡូត មើលឃើញថា សកម្មភាពចូលរួមឃ្លាំមើលការអភិវឌ្ឍសង្គមពីសំណាក់យុវជន អាចដំណើរការទៅដោយរលូនបាន ដំបូងត្រូវផ្តើមចេញពីឆ្ទៈនយោបាយ បន្ទាប់មកក្រុមអង្គការសង្គមស៊ីវិលពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ។
លោកថា៖ «ការចូលរួមយ៉ាងម៉េច អាស្រ័យលើស្ថាប័ននីមួយៗ គាត់ផ្ដល់ឪកាសឱ្យយើង(យុវជន)ចូលបានបង្ហាញនូវសម្ថភាព ផ្ដល់ឪកាសឱ្យយុវជនអាចប្រើប្រាស់នូវគំនិតឆ្នៃប្រឌិដ្ឋ និងបទពិសោធន៍របស់ខ្លួនឯងបានកម្រិតណា»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នករិះគន់រដ្ឋាភិបាល និងសកម្មជនបរិស្ថានរាប់សឹបនាក់ ត្រូវបានតុលាការចោទប្រកាន់និងផ្តន្ទាទោសដាក់ពន្ធនាគារ ដូចគ្នានឹងការចោទប្រកាន់របស់អាជ្ញាធរដែរ។ តែយ៉ាងណាមកដល់ពេលនេះ អ្នកជាប់ចោទទាំងនោះ ខ្លះបាននៅក្រៅឃុំបណ្តោះអាសន្ន រីឯខ្លះទៀតតុលាការមិនទាន់ទម្លាក់ចោលបទចោទនៅឡើយទេ។
ចាប់តាំងពីដើមឆ្នាំ២០២០ បណ្តាញសហគមន៍ព្រៃឡង់ យុវជន និងអង្គការសង្គមស៊ីវិល ត្រូវបានមន្ត្រី ហាមឃាត់ទាំងស្រុង មិនឱ្យចូលល្បាតព្រៃដើម្បីចូលរួមទប់ស្កាត់បទល្មើស ក្រោមហេតុផលថា ពួកគេមិនបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ។
បញ្ហានេះ កាលពីខែមេសា ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ការពារព្រៃឈើចំនួន២២ បានបង្ហាញជំហររួមគ្នាតាមរយៈលិខិតមួយច្បាប់ស្នើទៅក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដោយជំរុញឱ្យបង្កើនប្រសិទ្ធភាពទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបើកសិទ្ធិឱ្យសហគមន៍អាចចុះល្បាតព្រៃក្នុងមូលដ្ឋាន ដើម្បីចូលរួមការពារព្រៃឈើឡើងវិញ។
ក្រុមអង្គការទាំងនោះបានបង្ហាញក្ដីបារម្ភថា គម្របព្រៃឈើនៅកម្ពុជាត្រូវបានគេលួចបំផ្លាញជាបន្តបន្ទាប់ ខណៈលំហូរសិទ្ធិសេរីភាព ចូលរួមក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិដោយស្ម័គ្រចិត្តនៅតែបន្តរងការរឹតត្បិត។
លិខិតរួមដដែលសំអាងថា រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ គម្របព្រៃឈើនៅកម្ពុជាបានបន្តធ្លាក់ចុះយ៉ាងឆាប់រហ័សពីចំនួន៦១,១៥% នៅឆ្នាំ២០០២ មកត្រឹម៤៦,៨៦% គិតត្រឹមឆ្នាំ២០១៨។
ជាងនេះទៅទៀតពួកគេថា និន្នាការនៃការធ្លាក់ចុះនេះ ជាសញ្ញាបង្ហាញថាកម្ពុជាទំនងមិនអាចអនុវត្តនូវទិសដៅក្នុងការបង្កើតគម្របព្រៃឈើឡើងវិញឱ្យបាន៦០%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩បានឡើយ។
មាត្រា៣៥នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។