ក្រុមសហគមន៍ព្រៃព្រះរកាខេត្តព្រះវិហារសង្កេតឃើញថា បទល្មើសព្រៃឈើនៅតំបន់អភិរក្សមួយនេះ បានថយចុះបន្តិច នៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ ប៉ុន្តែពួកគេមិនរំពឹងថាសកម្មភាពនេះ នឹងស្រកស្រុតវិញទេ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧រួច។
លោក ស៊ុត សាវ៉ន ដែលអះអាងថាជាតំណាងសហគមន៍ព្រៃព្រះរកា ថ្លែងថា ចាប់ពីតាំងពីបើកយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ឃើញថាសកម្មភាពនៃការលួចចូលកាប់ឈើដោយខុសច្បាប់ នៅក្នុងភូមិសាស្រ្តតំបន់ព្រៃព្រះរកា ហាក់បានថយចុះបន្តិច បើធៀបនឹងពេលកន្លងទៅ។
ប្រភពបន្តថា ជាការសង្កេតរបស់លោក ការធ្លាក់ចុះនៃបទល្មើសព្រៃឈើ នៅព្រៃព្រះរការនេះ អាចបណ្តាលមកពី អ្នកប្រព្រឹត្តបទល្មើស បានដកឃ្លាទៅចូលរួមជួយឃោសនាស្វែងរកសំឡេងឆ្នោត។
លោកបន្តថា៖«ឃើញថារដូវកាលបោះឆ្នោតនេះស្ងាត់ខ្លះដែរ អាចគេរវល់ទៅបោះឆ្នោតមើលទៅ។ ចាំមើលបោះឆ្នោតរួច អ្នករកស៊ីអារឈើគ្នានៅតែរកស៊ីអ៊ីចឹង។មុខរបរគាត់ស៊ីឈ្នួលអារឈើហើយ ហើយមិនសូវមានវិធានការពីអាជ្ញាធរផង ព្រៃឈើវានៅតែបាត់ចឹង»។
ស្ថិតក្នុងវ័យ ៣៧ ឆ្នាំ និងជាអ្នករស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ លោក ស៊ុត សាវ៉ន អះអាងថា បើទោះជានៅពេលនេះ សកម្មភាពហាក់ស្ងប់ស្ងាត់បន្តិចក្តី ការដឹកជញ្ជូនឈើចេញពីសហគមន៍ព្រៃព្រះរកា នៅបន្តកើតមាន។ជាងនេះទៀត ទាំងឈ្មួញឈើ និងអ្នកស៊ីឈ្នួលអារឈើឱ្យគេ តែងរស់នៅដោយសុខសាន្ត ក្រោមបទល្មើសនៃឧក្រិដ្ឋកម្មព្រៃឈើ ជារៀងរហូតមក បើទោះជាបទល្មើសកើតឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានដែលខ្លួនការពារយ៉ាងណាក្តី។
លោកបន្តថា៖«ករណីការកាប់ឈើចេញពីព្រៃហ្នឹងដូចជាមិនមានវិធានការណាមួយជាក់លាក់ហើយមានការបញ្ឈប់ការកាប់ព្រៃឈើនោះទេ។ករណីលួចកាប់ឈើនៅតំបន់ព្រៃព្រះរកាមានតិចៗរហូតហ្នឹង។ហើយការកាប់បំផ្លាញព្រៃឈើដូចមិនទាន់ឃើញមានអាជ្ញាធរណា ឬក៏ស្ថាប័នជំនាញណាមួយហ្នឹងអះអាងថាមានវិធានការទប់ស្កាត់បទល្មើសនៅឡើយទេ»។
ព្រៃព្រះរកាស្ថិតនៅក្នុងភូមិសាស្រ្តប្រជុំស្រុកទាំងបី នៃខេត្តព្រះវិហារ រួមមានស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ព្រៃនេះមានទំហំ ៩៦ ០០០ ហិកតារ ហើយត្រូវបានរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ កំណត់ទៅជាតំបន់ដែនជម្រកសត្វព្រៃ ដែលត្រូវការពារ។
ស្រដៀងគ្នានេះដែរ លោក ខាក់ ភារិទ្ធម៉ាស៊ី ជាសមាជិកសហគមន៍ម្នាក់ទៀត ដាក់ការព្រួយបារម្ភថា នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបិទបញ្ចប់ទៅ បទល្មើសព្រៃឈើ នៅតំបន់នេះនឹងកើតឡើងជាថ្មីម្តងទៀត។
ប្រភពដដែលបន្តថា ប្រសិនបើបទល្មើសព្រៃឈើនៅតែបន្តកើតមាន វានឹងជះផលអាក្រក់សម្រាប់ជីវិតមនុស្ស និងសត្វ ព្រោះនឹងធ្វើឱ្យមានការបម្រែបម្រួលអាកាសធាតុ មិនឈប់ឈរ។ជាងនេះទៀត ការបាត់បង់គម្រប់ព្រៃឈើនេះ វានឹងធ្វើឱ្យរបបទឹកភ្លៀងលែងទៀងទាត់ ដោយបង្កទៅជាជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួតជាដើម។
លោកបន្តថា៖«ប្រសិនជាបោះឆ្នោតរួចនៅតែមានការកាប់បំផ្លាញព្រៃឈើកាន់តែច្រើន អ៊ីចឹងទៅគ្រោះធម្មជាតិកាន់តែចូលមកច្រើនដែរ។ សព្វថ្ងៃយើងឃើញហើយបម្រែបម្រួលអាកាសធាតុរហូត ក្តៅក៏ក្តៅ ហើយភ្លៀងតិចសោះលិចអស់ទីក្រុង»។
គេសង្កេតឃើញថា ព្រៃព្រះរកានេះ គឺជាព្រៃដែលធំជាងគេទីលំដាប់ទី២ បន្ទាប់ពីព្រៃឡង់ នៅតំបន់ភូមិភាគឧត្តរនេះ។ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទាំងបី តែងទទួលបានអនុផល និងអត្ថប្រយោជន៍ផ្សេងៗពីសហគមន៍ព្រៃព្រះរកានេះ។អ្នកភូមិអះអាងថា ព្រៃឈើនៅតំបន់ព្រៃព្រះរកានេះ គឺជាឆ្នាំងបាយរបស់ពួកគេ តាមរយៈការទទួលបាននូវអនុផលដូចជា បោចវល្លិ៍ បេះផ្លៃឈើ ដងជ័រច្បោះ និងដកផ្សិតជាដើម សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
លើសពីនេះទៅទៀត សព្វថ្ងៃតំបន់ព្រៃព្រះរកានេះ ក៏នៅមានដើមឈើធំៗ ជាច្រើននៅឡើយដែរ ដែលមានមុខកាត់ ៥០សង់ទីម៉ែត្រ។ប៉ុន្តែតាមរយៈបទល្មើសរាល់ថ្ងៃ គេសង្កេតឃើញថា ប្រភេទឈើកម្រដែលនៅសេសសល់ចុងក្រោយនេះ ត្រូវរងការកាប់បំផ្លាញស្ទើរបាត់បង់អស់ខ្លះទៅហើយ។
លោក ធា ធីម ដែលធ្លាប់ទទួលបានអនុផលផ្សេងៗពីព្រៃព្រះរកា អះអាងថា ព្រៃនេះគឺជាប្រភពចំណូលដែលមិនចេះរីងស្ងួតសម្រាប់ពលរដ្ឋ ដែលរស់នៅក្បែរសហគមន៍នេះ តាំងពីបុរាណមក។លោកបន្តថា ប្រសិនបើទីតាំងនេះ ពិតជាត្រូវបានបំផ្លាញនៅពេលណាមួយនោះ វាស្មើនឹងបំបែកឆ្នាំងបាយរបស់អ្នកភូមិយ៉ាងដូច្នោះដែរ។
លោកបន្តថា៖«បើបាត់ព្រៃសហគមន៍យើងខ្ញុំប៉ះពាល់ច្រើនណាស់។ប្រាក់ចំណូលក៏បានមកពីព្រៃដូចជាបោចវល្លិ៍ រកផ្លៃឈើលក់ និងដងជ័រច្បោះជាដើម។បើបាត់បង់ព្រៃឈើគឺដូចបាត់បង់ជីវិតសហគមន៍អ៊ីចឹង ហើយអាកាសធាតុក៏ប្រែប្រួលដែរ ពេលអស់ព្រៃឈើទៅទឹកភ្លៀងវាអត់ទៀងទាត់ទេអស់ត្រូវអនុវត្តច្បាប់គឺឱ្យស្មើគ្នា កុំស៊ីសំឡូក កុំបំពានលើច្បាប់ និងអនុញ្ញាតឱ្យសហគមន៍អាចចុះល្បាតដោយសេរី»។
ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មិនអាចសុំប្រតិកម្មបានភ្លាមៗទេនៅថ្ងៃនេះ ដោយទូរស័ទ្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។
យ៉ាងនេះក្តី អង្គការ Global Forest Watch បានចេញរបាយការណ៍ កាលពីឆ្នាំ២០២២ រកឃើញថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ កាលពីខែ មេសា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រទេសកម្ពុជាបានបាត់បង់គម្រប់ព្រៃឈើបន្ថែម ក្នុងទំហំជិត ១០០ ០០០ករណី (៩៥ ៤៧៨) តាមរយៈបទល្មើសព្រៃឈើ។របាយការណ៍ដែលទទួលបានពីផ្កាយរណបនេះបង្ហាញថា ទំហំនៃការបាត់បង់នេះ គឺគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១១៥ ហិកតារ។
ដោយឡែកបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) និងសាកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) នៃប្រទេសដាណឺម៉ាក (Denmark) វិញ កាលពីខែមករា ឆ្នាំ២០២២ ក៏រកឃើញដែរថា ប្រទេសកម្ពុជាកំពុងបាត់បង់គម្របព្រៃឈើជិត ២ ៥០០ ០០០ ហិកតារ ក្នុងចន្លោះឆ្នាំ២០០១ និងឆ្នាំ២០២០ ដែលស្មើប្រមាណ២៨ភាគរយនៃគម្របព្រៃឈើសរុប។ទំហំនៃកា របាត់បង់គម្រប់ព្រៃឈើបន្ថែម តាមរយៈបទល្មើសព្រៃឈើនេះ គិតចាប់តាំងពីឆ្នាំ២០០០មក។
សម្រាប់មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថាការព្រួយបារម្ភរបស់សហគមន៍ ពីការបាត់បង់ព្រៃឈើ តាមរយៈការកាប់បំផ្លាញមិនឈប់ឈរនេះ ពិតជារឿងដែលមិនខុសឆ្គងទេ ព្រោះវាជារឿងពិត។លោកបន្តថា សកម្មភាពស្ងប់ស្ងាត់នៅពេលនេះ ក៏មិនខុសគ្នាកាលពីយុទ្ធនាការឃោសនា ស្វែងរកសំឡេងឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ ដែរ។
បើតាមលោក អូត ឡាទីន នេះអាចចាត់ទុកថា ជាយុទ្ធសាស្រ្តរបស់មន្រ្តីបរិស្ថាន ធ្វើយ៉ាងណាឱ្យពលរដ្ឋយល់ថា បទល្មើសព្រៃឈើហាក់ថមថយ។ម្យ៉ាងវិញទៀត នេះជារដូវកាលស្វែងរកសំឡេងគាំទ្រផង ហេតុដូច្នេះចង់ ឬមិនចង់ធ្វើដើម្បីយកចិត្តម្ចាស់ឆ្នោតក៏ថាបានដែរ។ប៉ុន្តែបើដូចអ្វីដែលលោកទទួលបានដំណឹងពីសហគមន៍ គឺក្រោយព្រឹត្តិការណ៍បោះឆ្នោតរួច សកម្មភាពនេះនឹងកើតឡើងព្រោងព្រាតដូចដើម។បន្ថែមពីនេះ មន្រ្តីជំនាញបរិស្ថាន តែងព្យាយាមរារាំង មិនឱ្យក្រុមសហគមន៍ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើថែមទៀតផង។
លោកបន្តថា៖«សហគមន៍ធ្លាប់ប្រាប់ដែរឱ្យតែដល់រដូវឃោសនា អត់សូវឃើញមានបទល្មើស មិនដឹងយ៉ាងម៉េច!។តែបោះឆ្នោតហើយបញ្ហាការកាប់ទន្រ្ទាន និងការកាប់ឈើធ្វើអាជីវកម្មនៅក្នុងតំបន់ព្រៃព្រះរកាគឺនៅតែបន្តកើតមាន។ហើយក្រសួងបរិស្ថាននៅតែបន្តរឹតត្បិតសកម្មភាពរបស់សហគមន៍ជនជាតិដើមភាគតិចហ្នឹងមិនឱ្យគាត់អាចចូលរួមការពារធនធានធម្មជាតិនោះទេ»។ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាកាលពីខែ មេសា ឆ្នាំ២០២៣ ដោយតម្រូវឱ្យកម្លាំងសមត្ថកិច្ចបាញ់កម្ទេច ដោយមិនលើកលែង អ្នកកាងព្រៃឈើ និងឈ្នួញឈើ ប្រសិនបើពួកគេហ៊ានជំទាស់ទៅនឹងផែនការបោតសំអាត បទល្មើសព្រៃឈើនេះ។តែមកដល់ពេលនេះ គេសង្កេតឃើញថា អ្វីដែលលោក សៅ សុខា បានប្តេជ្ញាចិត្តក្នុងឋានៈជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្រ្កាប់បទល្មើសព្រៃឈើលើកឡើង វាគ្មានបានផលអ្វីធំដុំទេ ផ្ទុយទៅវិញ ក្រុមសហគមន៍ព្រៃព្រះរកា ចាត់ទុកថាការតាំងចិត្តនេះ វាមិនខុសពីគោះទឹកបង្អើលត្រី ហើយគ្រាន់តែល្អមើល៕