ក្រុមសហគមន៍ព្រៃព្រះរកាខេត្តព្រះវិហារសង្កេតឃើញថា បទល្មើសព្រៃឈើ​​នៅតំបន់​​អភិរក្សមួយ​​នេះ បានថយចុះបន្តិច នៅអំឡុងពេលយុទ្ធនាកា​​រឃោសនាបោះឆ្នោតនេះ ប៉ុន្តែពួក​​គេមិន​​រំពឹង​​​ថា​សកម្មភាពនេះ នឹងស្រកស្រុតវិញទេ នៅក្រោយការបោះឆ្នោតជ្រើស​​តាំងតំណាងរាស្រ្តនីតិ​​កាល​​ទី​​៧​​រួច។

លោក ស៊ុត សាវ៉ន ដែលអះអាងថាជាតំណាងសហគមន៍ព្រៃព្រះរកា ថ្លែងថា ចាប់ពីតាំងពីបើក​​យុ​ទ្ធ​​​នា​​កា​​រ​​ឃោសនាស្វែងរកសំឡេងឆ្នោត ឃើញថាសកម្មភាពនៃការលួច​​ចូលកាប់ឈើ​​ដោយ​​ខុ​ស​​​​​​​​ច្បា​​ប់ នៅក្នុងភូមិសាស្រ្ត​​តំប​ន់​​ព្រៃព្រះរកា ហាក់បានថយចុះបន្តិច បើធៀបនឹងពេលកន្លងទៅ។

ប្រភពបន្តថា ជាការសង្កេតរបស់លោក ការធ្លាក់ចុះនៃបទល្មើសព្រៃឈើ នៅព្រៃព្រះរការនេះ អាច​​ប​ណ្តាលមកពី អ្ន​កប្រព្រឹត្តបទល្មើស បានដកឃ្លាទៅចូលរួមជួយឃោសនា​​ស្វែងរកសំឡេងឆ្នោត។

លោកបន្តថា«ឃើញថារដូវកាលបោះឆ្នោតនេះស្ងាត់ខ្លះដែរ អាចគេរវល់ទៅបោះឆ្នោតមើលទៅ។ ចាំមើលបោះឆ្នោតរួច អ្នករកស៊ីអារឈើគ្នានៅតែរកស៊ីអ៊ីចឹង។មុខរបរគាត់ស៊ីឈ្នួលអារឈើហើយ ហើ​​​មិនសូវមានវិធានការពីអាជ្ញាធរផង ព្រៃឈើវានៅតែបាត់ចឹង»

ស្ថិតក្នុងវ័យ ៣៧ ឆ្នាំ និងជាអ្នករស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ លោក ស៊ុត សាវ៉ន អះអាង​​ថា បើទោះជានៅពេលនេះ សកម្មភាពហាក់ស្ងប់ស្ងាត់បន្តិចក្តី ការដឹកជញ្ជូនឈើ​​​ចេញពីសហ​​គ​​ម​ន៍​​​​ព្រៃព្រះរកា នៅបន្តកើតមាន។ជាងនេះទៀត ទាំងឈ្មួញឈើ និងអ្នកស៊ីឈ្នួលអារឈើឱ្យគេ តែ​​ង​​​រស់​​​នៅ​ដោយសុខសាន្ត ក្រោមបទល្មើសនៃឧក្រិដ្ឋកម្មព្រៃឈើ ជារៀងរហូតមក បើទោះ​​ជា​​​បទ​ល្មើ​​សកើតឡើង​​ជាបន្ត​​​បន្ទា​ប់ នៅក្នុងមូលដ្ឋានដែលខ្លួនការពារ​​​​យ៉ាង​​ណា​​​​​ក្តី​​​​។

លោកបន្តថា«ករណីការកាប់ឈើចេញពីព្រៃហ្នឹងដូចជាមិនមានវិធានការណាមួយជាក់លាក់ហើយមានការបញ្ឈប់ការកាប់ព្រៃឈើនោះទេករណីលួចកាប់ឈើនៅតំបន់ព្រៃព្រះរកាមានតិចៗរហូតហ្នឹង។ហើយការកាប់បំផ្លាញព្រៃឈើដូចមិនទាន់ឃើញមានអាជ្ញាធរណា ឬក៏ស្ថាប័នជំនាញណាមួយហ្នឹងអះអាងថាមានវិធានការទប់ស្កាត់បទល្មើសនៅឡើយទេ»

ព្រៃព្រះរកាស្ថិតនៅក្នុងភូមិសាស្រ្តប្រជុំស្រុកទាំងបី នៃខេត្តព្រះវិហារ រួមមានស្រុកជាំក្សាន្ត ស្រុក​​​ត្បែ​ង​​មានជ័យ និង​​ស្រុក​ឆែប។ព្រៃនេះមានទំហំ ៩៦ ០០០ ហិកតារ ហើយត្រូវបានរដ្ឋាភិបាល កា​​​លពីថ្ងៃទី៩ ខែឧស​ភា ឆ្នាំ២០១៦ កំណត់ទៅជាតំបន់ដែន​​ជម្រកសត្វព្រៃ ដែលត្រូវ​​ការ​​ពារ​​។

ស្រដៀងគ្នានេះដែរ លោក ខាក់ ភារិទ្ធម៉ាស៊ី ជាសមាជិកសហគមន៍ម្នាក់ទៀត ដាក់ការព្រួយបារម្ភ​ថា នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបិទបញ្ចប់ទៅ បទល្មើសព្រៃឈើ នៅតំបន់​​នេះ​​​​​នឹង​កើតឡើងជាថ្មីម្តងទៀត។

ប្រភពដដែលបន្តថា ប្រសិនបើបទល្មើស​ព្រៃឈើនៅតែបន្តកើតមាន វា​​នឹងជះផលអា​​ក្រក់ស​​​ម្រាប់​ជី​​វិត​​​​​មនុ​ស្ស និង​សត្វ ព្រោះនឹងធ្វើឱ្យមានការបម្រែ​​បម្រួលអាកា​​ស​​ធា​​តុ​ មិន​​ឈប់ឈរ។​ជាងនេះ​​ទៀត កា​​របាត់បង់​​គម្រប់ព្រៃឈើនេះ វានឹងធ្វើឱ្យរបប​​ទឹកភ្លៀងលែង​​ទៀង​​ទាត់ ដោយបង្កទៅ​​ជាជំ​ន​ន់​​​​ទឹក​​ភ្លៀ​​ង និងគ្រោះរាំងស្ងួតជាដើម។

លោកបន្តថា«​ប្រសិនជាបោះឆ្នោតរួចនៅតែមានការកាប់បំផ្លាញព្រៃឈើកាន់តែច្រើន អ៊ីចឹងទៅគ្រោះធម្មជាតិកាន់តែចូលមកច្រើនដែរ។ សព្វថ្ងៃយើងឃើញហើយបម្រែបម្រួលអាកាសធាតុរហូត ក្តៅក៏ក្តៅ ហើយភ្លៀងតិចសោះលិចអស់ទីក្រុង»។

គេសង្កេតឃើញថា ព្រៃព្រះរកានេះ គឺជាព្រៃដែលធំជាងគេទីលំដាប់ទី២ បន្ទាប់ពីព្រៃឡង់ នៅ​​​តំ​​ប​ន់​​​​​​ភូមិភាគឧត្តរនេះ។ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទាំងបី តែងទទួលបានអនុផល និងអត្ថ​​ប្រ​​​យោ​​ជន៍ផ្សេងៗពីសហគមន៍ព្រៃព្រះរកានេះ។អ្នកភូមិអះអាងថា ព្រៃឈើនៅតំបន់ព្រៃព្រះរកានេះ គឺ​​ជាឆ្នាំងបាយរបស់ពួកគេ តាមរយៈការទទួលបាននូវអនុផលដូចជា បោចវល្លិ៍ បេះផ្លៃឈើ ដង​​ជ័​រ​​ច្បោះ និងដកផ្សិតជាដើម សម្រាប់ទ្រទ្រង់ជី​​វភាពប្រ​​ចាំ​​ថ្ងៃ​​។

លើសពីនេះទៅទៀត សព្វថ្ងៃតំបន់ព្រៃព្រះរកានេះ ក៏នៅមានដើមឈើធំៗ ជាច្រើននៅឡើយដែរ ដែ​​​លមានមុខកាត់ ៥០សង់ទីម៉ែត្រ។ប៉ុន្តែតាមរយៈបទល្មើសរាល់ថ្ងៃ គេសង្កេតឃើញថា ប្រភេទ​​ឈើ​​​​​​កម្រ​​​ដែលនៅសេសសល់ចុងក្រោយនេះ ត្រូវរងការកាប់បំផ្លាញ​​ស្ទើរបាត់បង់អស់​​ខ្លះទៅហើយ​​។

លោក ធា ធីម ដែលធ្លាប់ទទួលបានអនុផលផ្សេងៗពីព្រៃព្រះរកា អះអាងថា ព្រៃនេះគឺជាប្រភពចំ​​ណូលដែល​​មិនចេះរីងស្ងួតសម្រាប់ពលរដ្ឋ ដែលរស់នៅក្បែរសហគមន៍នេះ តាំងពីបុ​​រាណមក​​។​​លោ​​ក​​បន្តថា ប្រ​​សិន​បើទីតាំងនេះ ពិតជាត្រូវបានបំផ្លាញនៅពេលណាមួយនោះ វាស្មើនឹងបំបែក​​ឆ្នាំ​ងបាយ​​របស់​​អ្នក​​​​ភូមិយ៉ាងដូច្នោះដែរ។​

លោកបន្តថា«បើបាត់ព្រៃសហគមន៍យើងខ្ញុំប៉ះពាល់ច្រើនណាស់។ប្រាក់ចំណូលក៏បានមកពីព្រៃដូចជាបោចវល្លិ៍ រកផ្លៃឈើលក់ និងដងជ័រច្បោះជាដើម។បើបាត់បង់ព្រៃឈើគឺដូចបាត់បង់ជីវិតស​​​​​គមន៍អ៊ីចឹង ហើយអាកាសធាតុក៏ប្រែប្រួលដែរ ពេលអស់ព្រៃឈើទៅទឹកភ្លៀងវាអត់ទៀងទាត់ទេអស់ត្រូវអនុវត្តច្បាប់គឺឱ្យស្មើគ្នា កុំស៊ីសំឡូក កុំបំពានលើច្បាប់ និងអនុញ្ញាតឱ្យសហគមន៍អាចុះល្បាតដោយសេរី»។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ និងអ្នកនាំពាក្យក្រ​​សួងបរិស្ថាន លោក នេត្រ ភក្ត្រា មិនអាចសុំប្រតិកម្មបានភ្លាមៗទេនៅថ្ងៃនេះ  ដោយទូរស័ទ្ទចូលជាច្រើនដងតែគ្មានអ្ន​​ក​​​​ទទួល។

យ៉ាងនេះក្តី អង្គការ Global Forest Watch បានចេញរបាយការណ៍ កាលពីឆ្នាំ២០២២ រក​​ឃើ​​ញ​ថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ កាលពីខែ មេសា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រទេស​កម្ពុ​​ជា​​​បានបាត់បង់គម្រប់ព្រៃឈើបន្ថែម ក្នុងទំហំជិត ១០០ ០០០ករណី (៩៥ ៤៧៨) តា​មរយៈ​​​បទ​​​​ល្មើសព្រៃ​​ឈើ​​។របាយការណ៍ដែលទទួលបានពីផ្កាយរណបនេះបង្ហាញថា ទំហំនៃការបាត់បង់​​នេះ គឺគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១១៥ ហិកតារ។

ដោយឡែកបណ្ដាញ​សហគមន៍​ព្រៃឡង់ (PLCN) និង​សាកលវិទ្យាល័យ ខូផេន​ហេ​​ហ្គែន (​​U​​n​iv​ersity of Copenhagen) នៃ​ប្រទេស​ដាណឺម៉ាក (Denmark) វិញ កាលពី​ខែ​មករា ឆ្នាំ​​​​​២​០​​២​​២ ក៏​​​រក​ឃើញដែរ​ថា ប្រទេសកម្ពុជា​កំពុងបាត់បង់​គម្រប​ព្រៃឈើ​ជិត ២ ៥០០ ០០០ ​ហិកតារ ក្នុង​ច​​ន្លោះ​​​ឆ្នាំ​២០​​០​​១ និង​ឆ្នាំ​២០២០ ដែល​ស្មើ​​ប្រមាណ២៨ភាគរយនៃ​គម្រប​ព្រៃឈើ​សរុប​។ទំហំ​​​នៃ​​​​​​កា  របាត់​​បង់គម្រប់ព្រៃឈើបន្ថែម តាមរយៈបទល្មើសព្រៃឈើនេះ គិ​ត​​​​​​​ចាប់​​តាំង​​ពី​ឆ្នាំ​២​​០០០មក។

សម្រាប់មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញ​យុវជនកម្ពុជា (CYN) លោក ​អូត ឡាទីន យល់ឃើញថាការព្រួយបារម្ភរបស់សហគមន៍ ពីការបាត់បង់ព្រៃឈើ តាមរយៈការកាប់បំផ្លាញមិ​​​ន​​ឈប់​​ឈរ​​នេះ ពិតជារឿងដែលមិនខុសឆ្គងទេ ព្រោះវាជារឿងពិត។លោកបន្តថា សកម្មភាព​​ស្ងប់​​​​ស្ងាត់នៅពេលនេះ ក៏មិនខុសគ្នាកាលពីយុទ្ធនាការឃោសនា ស្វែងរកសំឡេងឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ ដែរ។

 បើតាមលោក អូត ឡាទីន នេះអាចចាត់ទុកថា ជាយុទ្ធសាស្រ្តរបស់មន្រ្តីបរិស្ថាន ធ្វើយ៉ាងណា​ឱ្យ​​ពល​​រដ្ឋយល់ថា បទល្មើសព្រៃឈើហាក់ថមថយ។ម្យ៉ាងវិញទៀត នេះជារដូវកាលស្វែងរកសំឡេង​​គាំទ្រ​​ផង ហេតុដូច្នេះចង់ ឬមិនចង់ធ្វើដើម្បីយកចិត្តម្ចាស់ឆ្នោតក៏ថាបានដែរ។​​ប៉ុន្តែបើដូចអ្វីដែ​​ល​​លោ​​​​​ក​​ទទួល​​បានដំណឹងពីសហគមន៍ គឺក្រោយព្រឹត្តិការណ៍បោះឆ្នោតរួច សកម្មភាពនេះនឹង​កើត​​ឡើ​ង​​ព្រោង​​ព្រា​​តដូចដើម។បន្ថែមពីនេះ មន្រ្តីជំនាញបរិស្ថាន តែងព្យាយាមរារាំង មិនឱ្យក្រុម​​សហ​គ​​​​​ម​​ន៍ចូល​​រួម​​ទប់ស្កាត់បទល្មើសព្រៃឈើថែមទៀតផង។

លោកបន្តថា«សហគមន៍ធ្លាប់ប្រាប់ដែរឱ្យតែដល់រដូវឃោសនា អត់សូវឃើញមានបទល្មើស មិនដឹងយ៉ាងម៉េច!។តែបោះឆ្នោតហើយបញ្ហាការកាប់ទន្រ្ទាន និងការកាប់ឈើធ្វើអាជីវកម្មនៅក្នុងតំ​​បន់​​ព្រៃ​​ព្រះរកាគឺនៅតែបន្តកើតមាន។ហើយក្រសួងបរិស្ថាននៅតែបន្តរឹតត្បិតសកម្មភាពរបស់សហគម​​ន៍ជនជាតិដើមភាគតិចហ្នឹងមិនឱ្យគាត់អាចចូលរួមការពារធនធានធម្មជាតិនោះទេ»។ ​លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាកាលពីខែ មេ​​សា ឆ្នាំ​២​​​០​២​​៣ ដោយតម្រូវឱ្យកម្លាំងសមត្ថកិច្ចបាញ់កម្ទេច ដោយមិនលើកលែង អ្នកកាងព្រៃឈើ និង​​​ឈ្នួ​​ញ​​ឈើ ប្រ​​សិ​ន​​បើ​ពួក​​គេ​​ហ៊ានជំទាស់ទៅនឹងផែនការបោតសំអាត បទល្មើសព្រៃឈើនេះ។តែ​​ម​​ក​​ដល់​​​​ពេលនេះ គេសង្កេតឃើញថា អ្វីដែលលោក សៅ សុខា បានប្តេជ្ញាចិត្តក្នុងឋានៈជា​​ប្រធាន​​គណៈ​​ក​​ម្ម​​​​​​កា​​រទប់ស្កាត់ និងបង្រ្កាប់បទល្មើសព្រៃឈើលើ​​​ក​​ឡើង វាគ្មានបានផលអ្វីធំដុំទេ ផ្ទុយទៅវិញ ក្រុ​​ម​​​ស​​ហគមន៍ព្រៃព្រះរកា ចាត់ទុកថាការតាំងចិត្តនេះ វាមិនខុសពី​​គោះទឹក​​បង្អើ​ល​​ត្រី ហើយគ្រាន់តែ​​ល្អ​​​​មើល​៕