សាច់ញតិសកម្មជនដីធ្លីទាំង៩នាក់ ដែលត្រូវតុលាការខេត្តកោះកុងសម្រេចឃុំខ្លួនក្រោមបទចោទ «ញុះញង់» បានទទូចឱ្យអាជ្ញាធរដោះលែងក្រុមគ្រួសាររបស់ពួកគេដោយឥតលក្ខខណ្ឌ ខណៈមន្រ្តីការពារសិទ្ធិមនុស្សចាត់ទុកថា ការសម្រេចឃុំខ្លួននេះ បានដើបញ្រ្ចាសពីច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។
សកម្មជនដីធ្លីប្រមាណ ១៥នាក់ ត្រូវបានអាជ្ញាធររារាំងរថយន្ដរបស់ពួកគេនៅក្នុងស្រុកស្រែអំបិល និងបានហាមឃាត់មិនឱ្យពួកគេធ្វើដំណើរមកដាក់ញត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៣។ក្នុងថ្ងៃដដែលនោះ តុលាការខេត្តកោះកុង បានសម្រេចចោទប្រកាន់សកម្មជនដីធ្លីចំនួន១០នាក់ ក្នុងនោះឃុំខ្លួនសកម្មជនដីធ្លីចំនួន ៩នាក់ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អ្នកស្រី ប៊ិច ឆេត វ័យ ៣៣ឆ្នាំ ត្រូវជាភរិយា លោក ហេង ជ័យ ដែលត្រូវអាជ្ញាធរឃុំខ្លួន បានចាត់ទុកថា ការឃុំស្វាមីរបស់ខ្លួនពីសំណាក់អាជ្ញាធរបែបនេះ គឺជារឿងអយុត្តិធម៌ ដែលអ្នកស្រីមិនអាចទទួលយកបាន។អ្នកស្រីឱ្យដឹងថា ប្តីរបស់ខ្លួនគា្រន់តែចូលរួមទាមទាររកយុត្តិធម៌ពីស្ថាប័នជាតិតែបែរជាត្រូវជាប់ឃុំទៅវិញ។អ្នកស្រីឱ្យដឹងនៅថ្ងៃនេះថា ក្រុមពលរដ្ឋបានទាមទារឱ្យតុលាការខេត្តកោះកុង ទម្លាក់បទចោទចំពោះស្វាមីរបស់អ្នកស្រី និងសកម្មជនដីធ្លីផ្សេងទៀត ដោយឥតលក្ខខណ្ឌ។
អ្នកស្រីបន្តថា៖ «ខ្ញុំមានតែលើកដីម្រាមដប់ សុំដោះលែងគ្រួសារខ្ញុំ ទាំងអ្នកផ្សេងៗ ទាំងអ្នក៩រូប ឱ្យលែងគាត់ពីប្រព័ន្ធតុលាការ»។
ប្រភពដដែលឱ្យដឹងថា គាត់បានបាត់បង់ដីប្រមាណ ៣ហិកតារកាលពីឆ្នាំ២០០៧ ដោយក្រុមហ៊ុន លោក ហេង ហ៊ុយ បានរំលោភយក ដើម្បីដាំដំណាំស្ករអំពៅ។បើតាមអ្នកស្រី ប៊ិច ឆេត ក្រោយបាត់បង់ដីដែលធ្លាប់អាស្រ័យផល ប្តីរបស់អ្នកស្រីតែងតែបន្តស្វែងរកកិច្ចអន្តរាគមន៍ជាមួយសកម្មជនដីធ្លីផ្សេងទៀតដើម្បីទាមទាររកដំណោះស្រាយ តែត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារទៅវិញ។
សមាជិកសកម្មជនដីធ្លីដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារក្នុងខេត្តកោះកុងទាំង៩នាក់ នៅពេលនេះ រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ។
ជាមួយគ្នានេះ ប្អូនប្រុសអ្នកស្រី យី គន្ធាគឺ លោក យី យីវន្ត ស្នើឱ្យស្ថាប័នពាក់ព័ន្ធដោះលែងបងស្រីរបស់ខ្លួនដើម្បីបានមកជួបជុំក្រុមគ្រួសារវិញ។ប្រភពដដែលឱ្យដឹងថា ម្តាយរបស់លោកបានធ្លាក់ខ្លួនឈឺ ព្រោះត្រូវរងសម្ភាធផ្លូវចិត្តនៅពេលដឹងថាកូនត្រូវជាប់ពន្ធនាគារ។លោកបន្ថែមថា កូនតូចៗរបស់ អ្នកស្រី យី គន្ធា ចំនួន២នាក់ មិនបានទៅរៀននោះទេ ព្រោះបារម្ភពីសុវត្ដិភាពរបស់ម្តាយក្នុងពេលជាប់ឃុំ។
លោកបន្តថា៖«សម្រាប់ខ្ញុំជាប្អូនជនរងគ្រោះផ្ទាល់ខ្ញុំសុំស្នើដល់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងក្រសួងពាក់ព័ន្ធទាំងអស់សុំមេត្តាជួយអន្តរាគមន៍លើករណីរបស់បងស្រីខ្ញុំដែលគេចោទប្រកាន់ពីបទញុះញង់ ទាំងដែលគាត់មិនបានប្រព្រឹត្តអំពើបែបនោះទាល់តែសោះ ហើយក៏ដូចជា [ដោះលែង] ប្រជាពលរដ្ឋផ្សេងទៀត»។
ជាមួយគ្នានេះ នៅថ្ងៃទី៦ ខែកក្កដា អង្គការសង្គមស៊ីវិលចំនួន៥១ ស្ថាប័ន មានមជ្ឈមណ្ឌលសិទ្ធិកម្ពុជា និងអង្គការការពារសិទ្ធិមនុស្ស លីកាដូ ជាដើម បានចេញសេចក្តីថ្លែងការរួមមួយ ដោយចាត់ទុកថា ករណីឃុំខ្លួនសកម្មជនដីធ្លីនេះ គឺគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋមិនឱ្យចេញមុខតវ៉ា និងទាមទាររកយុត្តិធម៌។
សេចក្តីថ្លែងដដែលបានស្នើឱ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លីទាំងនេះជាបន្ទាន់ដើម្បីរូចពីការឃុំខ្លួនបណ្ដោះអាសន្ននេះ។
យ៉ាងនេះក្តី នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ក្រុមសកម្មជនដីធ្លីក្នុងខេត្តកោះកុងតែងតែមករកការអន្តរាគមពីស្ថាប័នជាតិជារឿយៗ ដើម្បីរកយុត្តិធម៌ ដោយសារអស់ជំនឿលើអាជ្ញាធរថ្នាក់ខេត្ត។
លោកបន្តថា ការសម្រេចចោទប្រកាន់ចំពោះសកម្មជនដីធ្លីនេះគឹជាការ ចោទទាំមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។បន្ថែមលើនេះ លោកថាករណីដែលអាជ្ញាធរថ្នាក់ខេត្តបានហាមឃាត់ពលរដ្ឋមិនឱ្យឡើងមកតវ៉ារកយុត្តិធម៌ក្នុងរាជធានីភ្នំពេញនៅមុនការបោះឆ្នោតនេះ គឺជាការបិទបាំងកម្សោយរបស់ខ្លួពីមហាជនដើម្បីទាក់ទាញសន្លឹកឆ្នោត។
លោកបន្តថា៖«យើងឃើញថារឿងដែលចាប់ខ្លួន និងចោទប្រកាន់ដោយមិនសមហេតុផលទៅលើពួកគាត់ដែលធ្វើឱ្យពួកគាត់រងអំពើអយុត្តិធម៌មួយទៀតក្រៅពីបញ្ហាដីធ្លីរបស់គាត់។បើអាជ្ញាធរមូលដ្ឋានលោកមិនចង់ឱ្យមានការតវ៉ា ការទាមទារ ឬការឡើងមកភ្នំពេញទេ អាជ្ញាធរមូលដ្ឋានប្រឹងប្រែងដោះស្រាយបញ្ជប់រឿងដីធ្លីហ្នឹងទៅ ខ្ញុំជឿថា គ្មានអ្នកណាមួយដែលចង់ទៅតវ៉ា ឬទាមទារអីទេ»។
ជុំវិញករណីនេះ អភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី មិនអាចសុំការឆ្លើយតបបានទេនៅថ្ងៃនេះ ដោយលោកថា រវល់ប្រជុំ រួចបានចុចផ្តាច់ទូរសព្ទ។ចំណែក អ្នកនាំពាក្យតុលាការខេត្តកោះកុង លោក ស៊ូ សុវណ្ណរ៉ា មិនអាចសុំប្រតិកម្មបានដែរ។
ចំណែកអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ឆ្លើយតបខ្លីថា ការឃាត់ខ្លួននេះ គឺជានីតិវិធីរបស់អាជ្ញាធរដើម្បីការពារសុវត្ថិភាពក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត។
អ្នកស្រីបន្តថា៖ «អាហ្នឹងការងារទៅលើការងារតុលាការហើយ ព្រោះការងារសុវត្ថិភាពការបោះឆ្នោត»។
រដ្ឋធម្មនុញ្ញ មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
បើទោះជាបែបណា គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងនេះ បានបន្តអូសបន្លាយជិត ២០ ឆ្នាំមកនេះ នៅតែដោះស្រាយមិនចេញ។ ក្រុមសកម្មជនដីធ្លីនៅខេត្តកោះកុងបានតស៊ូនឹងវិវាទដីធ្លីនេះជាច្រើនឆ្នាំមកហើយ ចាប់តាំងពីអំឡុងឆ្នាំ២០០៦ ជាមួយពលរដ្ឋជិត ២០០គ្រួសារ(១៩៧) ដែលមានផ្ទៃដីសរុប ១ ២០០ ហិកតារ បន្ទាប់ពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ បានវិនិយោគដំណាំស្ករអំពៅលើដីសហគមន៍។ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីការពារដីធ្លី តែងតែត្រូវទទួលរងការធ្វើធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់៕