រដ្ឋធម្មនុញ្ញកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ ដោយមានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់។ ប៉ុន្តែសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួននៅកម្ពុជាមិនទាន់មានការស្គាល់ដោយច្បាប់ឡើយ ហើយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រនៅតែបន្តរងការរឹតត្បិត រើសអើង និងការប្រើប្រាស់អំពើហិង្សានៅក្នុងសង្គម។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាង លោក មេត មន្ថារី ជាអ្នកតស៊ូមតិសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រ ជាមួយកញ្ញា សោម សុធារី ជាសិក្ខាកាមរបស់ Newsroom Cambodia៖
Q: ជម្រាបសួរលោក!
A: បាទ! ជម្រាបសួរ។
Q: តើអ្នកស្រឡាញ់ភេទដូចគ្នាក្នុងពេលបច្ចុប្បន្នមានស្ថានភាពបែបណាដែរ?
A: បើនិយាយអំពីស្ថានភាពរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង បច្ចុប្បន្នប្រទេសកម្ពុជាយើងអត់មានការពារសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រទេ។ ដូច្នេះទម្រង់នៃអំពើហិង្សា និងការរើសអើងផ្សេងៗហ្នឹងវាកើតឡើងទៅកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា មានន័យថាវាកើតឡើងក្នុងសាលារៀន វាកើតឡើងនៅតាមកន្លែងធ្វើការមួយចំនួន វាកើតនៅតាមសហគមន៍ដូចជាសហគមន៍ជនជាតិដើមភាគតិច រឺក៏សហគមន៍ជនជាតិភាគតិច សហគមន៍ដែលគាត់កាន់សាសនា មានច្បាប់សាសនាមួយចំនួនដែលគាត់មានការរើសអើងមកកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដូចជាសាសនាឥស្លាម ច្បាប់សាសនាមួយចំនួនដូចជាសាសនាគ្រឹស្ត។ ចឹងវាកើតឡើងជាលក្ខណៈសហគមន៍ ហើយទម្រង់ដែលយើងមើលឃើញថាវាកើតឡើងច្រើនជាងគេនោះគឺ នៅពេលដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រ គាត់បង្ហាញអត្តសញ្ញាណរបស់គាត់តាមរយៈការបង្ហាញអត្តចរិតរបស់គាត់ រឺក៏តាមរយៈការស្លៀកពាក់ ការទុកសក់ជាដើមនោះ តែងតែមានការរឹតត្បិតជានិច្ច នៅសាលារៀនក្តី នៅតាមកន្លែងធ្វើការមួយចំនួនក្តី ក៏ដូចនៅសហគមន៍គាត់ដែលគាត់រស់នៅផ្ទាល់ក្តី ។
Q: បើប្រៀបធៀបឥលូវនឹងកាលពី៥ឆ្នាំមុន តើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាមានការវិវត្តដែររឺទេ?
A: បើប្រៀបធៀបបច្ចុប្បន្ន ជាមួយនឹងប្រាំឆ្នាំមុន ឬក៏ដប់ឆ្នាំមុន ខ្ញុំគិតថាបច្ចុប្បន្ននេះមានស្ថានភាពរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាហ្នឹង មានភាពប្រសើរឡើងជាងមុន ដោយសារតែមានសហគមន៍ មានបុគ្គលដែលគាត់ស្ថិតនៅសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាហ្នឹង គាត់ចាប់ផ្តើមបង្ហាញអត្តសញ្ញាណ ចាប់ផ្តើមនិយាយពីបញ្ហារបស់គាត់ហ្នឹង ច្រើនជាងប្រាំឆ្នាំមុន។
Q: តើអ្នកស្រឡាញ់ភេទដូចគ្នា គាត់ជួបបញ្ហាប្រឈមអ្វីខ្លះ?
A: សម្រាប់បច្ចុប្បន្ននេះ ខ្ញុំគិតថាបញ្ហាប្រឈមដែលគាត់ជួបចម្បងនោះគឺ ទីមួយ ទាក់ទងនឹងគ្រួសាររបស់គាត់គឺ មិនទាន់មាន អាចថាគ្រួសារមួយចំនួនរបស់អ្នកស្រឡាញ់ភេទដូចគ្នាភាគច្រើនមិនទាន់មានការទទួលស្គាល់ មិនទាន់គាំទ្រកូនរបស់ខ្លួនទេ បើសិនជាកូនរបស់ខ្លួនបង្ហាញឱ្យដឹងថាគាត់ស្រឡាញ់ភេទដូចគ្នា គាត់ផ្លាស់ប្តូរយេនឌ័ររបស់គាត់ពីស្រីទៅប្រុស រឺក៏ពីប្រុសទៅស្រី។ ចឹងគ្រួសារភាគច្រើនមួយចំនួនក្នុងប្រទេសកម្ពុជា មិនទាន់មានការស្វែងយល់ទៅលើចំណេះដឹងមូលដ្ឋានទៅលើនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រនោះទេ ចឹងគាត់មិនទាន់អាចទទួលស្គាល់ទៅកាន់កូនរបស់គាត់។
បញ្ហាចម្បងមួយទៀតដែលតែងតែឃើញនោះគឺ នៅតាមសាលារៀន ដូចជានៅតាមវិទ្យាល័យក៏ដូចជាសាកលវិទ្យាល័យ នៅពេលដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រហ្នឹង គាត់បង្ហាញអត្តចរិតរបស់គាត់ចេញមក គឺគ្រូតែងតែយល់ថាគាត់ធ្វើបែបហ្នឹង អឺគាត់មិនគួរធ្វើបែបហ្នឹង ដោយសារតែវាមើលមកមិនសមរម្យអីចឹងទៅ ប៉ុន្តែជាក់ស្តែងនោះគឺជាអត្តចរិតពីកំណើត អត្តចរិកពីធម្មជាតិរបស់គាត់ ហើយទាក់ទងនឹងការស្លៀកពាក់ ការទុកសក់ហ្នឹង ដូចជាអ្នកប្តូរយេនឌ័រពីប្រុសទៅស្រី រឺក៏ពីស្រីទៅប្រុសហ្នឹងគឺគាត់តែងតែទទួលបានការរឹតត្បិតពីសាលារៀនពីទាំងនៅវិទ្យាល័យ ទាំងនៅសាកលវិទ្យាល័យគឺមិនឱ្យទុកសក់ ឬមិនឱ្យស្លៀកពាក់ដោយផ្អែកទៅតាមអត្តសញ្ញាណរបស់គាត់ទេ។
ខ្ញុំក៏សង្កេតឃើញដែរថានៅតាមកន្លែងធ្វើការមួយចំនួន ភាគច្រើនដែរគឺមិនទាន់អនុញ្ញាតឱ្យបុគ្គលណាមួយដែលគាត់បង្ហាញខ្លួនឯងជាអ្នកស្រឡាញ់ភេទដូចគ្នា ហើយគាត់ចង់ស្លៀកពាក់ ទុកសក់ ឬក៏តុបតែងខ្លួនផ្អែកទៅលើអត្តសញ្ញាណយេនឌ័ររបស់គាត់នោះគឺកន្លែងធ្វើការមួយចំនួននៅតែមានការរឹតត្បិតទៅលើការបង្ហាញអត្តសញ្ញាណរបស់គាត់ផងដែរ។ ហ្នឹងគឺជាបញ្ហាចម្បងដែលខ្ញុំឃើញកើតមានឡើងច្រើនសម្រាប់បច្បុប្បន្នទាក់ទងនឹងការបង្ហាញយេនឌ័ររបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រ។
Q: តើសកម្មជនអ្នកស្រឡាញ់ភេទដូចគ្នាបានធ្វើសកម្មភាពអ្វីខ្លះ ដើម្បីលើកកម្ពស់សិទ្ធិរបស់ខ្លួន?
A: បាទ! កន្លងមក សកម្មជន អ្នកតស៊ូមតិទៅនឹងអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រ ហ្នឹង គាត់ធ្វើសកម្មភាពច្រើនមែនទែន ហើយបើនិយាយទៅពួកគាត់ធ្វើសកម្មភាពផ្សេងគ្នា មានអ្នកអាយុចាប់៥០ ទៅ៧០ឆ្នាំហ្នឹងគាត់ធ្វើសកម្មភាពបែបតាមជំនាន់របស់គាត់អីចឹង ឬតាមកន្លែង គាត់ទូទៅអីចឹងទៅ ហើយបើអ្នកអាយុចាប់ពីខ្ទង់សាម ទៅខ្ទង់សែ គាត់ធ្វើសកម្មភាពទៅតាមលក្ខណៈរបស់គាត់ ខ្ទង់ពីអាយុដប់ប្រាំបីឆ្នាំ ទៅសាមសិបអីហ្នឹងក៏ធ្វើសកម្មភាពតាមលក្ខណៈរបស់គាត់។ ឧទាហរណ៍ដូចវ័យអាយុហាសិប ទៅចិតសិបហ្នឹងគាត់អឺ អ្នកខ្លះគាត់រស់នៅតាមភូមិ តាមឃុំមួយចំនួនដូចនៅតាមខេត្តមួយចំនួន គាត់ធ្វើពិធីជួបជុំដូចជាពិធីបុណ្យ ការ ពិធីបុណ្យផ្សេងៗ លក្ខណៈព្រះពុទ្ធសាសនាចឹង ហើយគាត់បង្ហាញឱ្យដឹងថាអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹង ក៏គាត់ធ្វើអំពើល្អនៅក្នុងសង្គម ហើយគាត់បង្ហាញអត្តសញ្ញាណយេនឌ័ររបស់គាត់នៅក្នុងភូមិនៅក្នុងឃុំដែលគាត់រស់នៅអីចឹងទៅ ហើយសម្រាប់អ្នកវ័យខ្ទង់សាម សែ ឬក៏ដប់ប្រាំបីឆ្នាំ ទៅសាមសិបឆ្នាំហ្នឹងភាគច្រើនគឺគាត់ធ្វើជាពិព័ណ៍សិល្បៈផ្សេងៗ ធ្វើជាសិក្ខាសាលាចែករំលែកផ្សេងៗអំពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រហ្នឹង។
Q: នៅពេលដែលសិទ្ធអ្នកស្រឡាញ់ភេទដូចគ្នានៅតែបន្តមានការរើសអើង តើវានឹងមានផលប៉ះពាល់អ្វីខ្លះដល់សង្គម?
A: បាទ! នៅពេលដែលនៅតែមានការរើសអើងមកកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រហ្នឹង ខ្ញុំគិតថាវាអាចប៉ះពាល់ ទីមួយមកកាន់សេដ្ឋកិច្ចជាតិយើងដែរ ពីព្រោះថានៅពេលដែលយើងរឹតត្បិតយើងអត់អនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រគាត់បង្ហាញជាខ្លួនគាត់អីចឹង ហើយគាត់អត់អាចបំពេញការងារ មុខរបររបស់គាត់ពេញលេញទេ ហើយដូចនៅក្នុងសាលារៀនចឹង គឺឃើញថាសក្តានុពលប្រព័ន្ធចិត្តទទួលការអប់រំរបស់គាត់ គឺគាត់មិនអាចទៅរៀនដោយធ្វើជាខ្លួនឯងពេញលេញ ចឹងគាត់អត់អាចចូលរួមចំណែកពេញលេញក្នុងនាមជាប្រជាជនមួយអាចនិយាយថាប្រកបមុខរបររកស៊ីពេញលេញដូចប្រជាជនដទៃទេ ចឹងវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដែរ។
មួយទៀតដែរ អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រងឲហ្នឹងក៏ត្រូវបង់ពន្ធដែរ ហើយមិនត្រឹមតែបង់ពន្ធទេ គាត់ក៏ត្រូវតែទៅបោះឆ្នោតដូចគ្នា ចឹងនៅពេលដែលប្រទេសយើងអត់ទទួលស្គាល់វត្តមានរបស់គាត់នៅក្នុងប្រទេសយើងចឹងអឺច គាត់នៅតែធ្វើជាពលរដ្ឋមួយចឹង តែគ្រាន់តែថាគាត់ជាពលរដ្ឋម្នាក់ហ្នឹងគឺមិនត្រូវបានគេទទួលស្គាល់ពេញលេញ។
Q: តើអ្នកពាក់ព័ន្ធគួរធ្វើបែបណាដើម្បីបញ្ឈប់ការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា?
A: បាទ! ខ្ញុំគិតថាអឺ ដូចជាក្រសួងអប់រំ ក្រសួងការងារ និងក្រសួងវប្បធម៌ ដោយសារតែបច្ចប្បន្នសាកលវិទ្យាល័យមួយចំនួននៅក្រោមក្រសួងវប្បធម៍គ្រប់គ្រងដែរ ហើយវិទ្យាស្ថានបណ្តុះបណ្តាលមួយចំនួនស្ថិតនៅក្រោមក្រសួងការងារគ្រប់គ្រង វិទ្យាល័យ ក៏ដូចជាសាកលវិទ្យាល័យទូទៅភាគច្រើនគឺនៅក្រោមក្រសួងអប់រំគាត់ជាអ្នកគ្រប់គ្រងជាអ្នកមើលខុសត្រូវជាដើម។ ចឹងខ្ញុំគិតថា ក្រសួងអប់រំ ក្រសួងវប្បធម៌ និងក្រសួងការងារហ្នឹង គួរតែចាប់ផ្តើមគិតគូរ ធ្វើការងារមួយចំនួនដោយទទួលស្គាល់នូវវត្តមានរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រហ្នឹង នៅក្នុងសាលារៀន នៅក្នុងកន្លែងធ្វើការ នៅតាមវិទ្យាស្ថានបច្ចេកទេសការងារផ្សេងៗ គាត់គួរតែចាប់ផ្តើមគិតគូរ និងទទួលស្គាល់នូវវត្តមានរបស់គាត់។
Q: ជាចុងក្រោយ លោកមានអ្វីបន្ថែម ឬជាសំណូមពរដែរឬទេ?
A: បាទ! ជាចុងក្រោយខ្ញុំចង់សំណូមពរឱ្យរដ្ឋាភិបាលប្រទេសកម្ពុជាហ្នឹង ប្រសិនជាអាចយើងគួរតែចាប់ផ្តើមបង្កើតច្បាប់ទទួលស្គាល់អត្តសញ្ញាណរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រហ្នឹង ពីព្រោះថាការដែលមានច្បាប់ទទួលស្គាល់អត្តសញ្ញាណរបស់គាត់ហ្នឹង គឺវានឹងអាចធ្វើឱ្យការរើសអើងដែលកើតឡើងនៅសាលារៀន នៅកន្លែងធ្វើការ និងនៅតាមសហគមន៍ជនជាតិ ឬក៏សហគមន៍សាសនាមួយចំនួនហ្នឹង វាកាត់បន្ថយដោយខ្លួនឯង ដោយសារតែយើងចាប់ផ្តើមទទួលស្គាល់ជាលក្ខណៈផ្លូវច្បាប់ ជាលក្ខណៈផ្លូវការតែម្តងទៅលើអត្តសញ្ញាណរបស់គាត់។
Q: ចា៎! អរគុណច្រើនលោក មន្ថារី សម្រាប់ការផ្តល់បទសម្ភាសន៍!
A: បាទ! អរគុណច្រើនដូចគ្នាដែលបានទាក់ទងមកដើម្បីធ្វើកិច្ចសម្ភាស៕