ក្រុមអ្នកឃ្លាំមើលសង្គម និងពលរដ្ឋយល់ឃើញថា ការដែលរដ្ឋាភិបាលសម្រេចបិទទ្វារសម្រាប់ ក្រុមប្រឹក្សាភិបាលចំនួន២២នាក់ នៃក្រុមហ៊ុន Meta មិនឱ្យជាន់ដីកម្ពុជាជារៀងរហូត វាគឺជាការខាតបង់មួយដ៏ធំទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយប្រការនេះក៏មិនបានបង្ហាញពីភាពថ្លៃថ្នូរនៃប្រជាជាតិមួយដែលមានអរិយធម៌ និងវប្បធម៌រុងរឿងដែរ។
លោក សេង សារី អ្នកវិភាគនយោបាយ និងសង្គម ចាត់ទុកការដែលរដ្ឋាភិបាល សម្រេចចិត្តដាក់បម្រាមគោចរ ចំពោះក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Meta នេះវាមិនបានជួយឱ្យកម្ពុជាមានផលចំណេញអ្វីឡើយ។ជាងនេះទៀត ការដែលក្រុមហ៊ុនយក្សហ្វេសប៊ុករបស់អាមេរិក ធ្វើដូច្នេះ នោះគឺជាការអនុវត្តទៅតាមគោលការណ៍ ហើយក៏មិនចំពោះបុគ្គលណាមួយដែរ។
លោកបន្តថា៖«ដោយខ្ញុំឃើញថាក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta នេះ គឺដាក់ពិន័យឬក៏ទោសទណ្ឌទៅលើអ្នកប្រើប្រាស់បណ្តាញសង្គមហ្នឹង ទៅតាមក្រមប្រតិបត្តិរបស់ក្រុមហ៊ុន។ ដូច្នេះហើយវាមិនពាក់ព័ន្ធទៅនឹងបុគ្គល ឬឯកជនភាពរបស់បុគ្គលទេ។ ហេតុនេះការបណ្តេញចេញបន្ទាន់បែបនេះខ្ញុំគិតថាវាជារឿងមួយដែលមិនគួកើតឡើងនោះទេក្នុងសង្គម ដែលមានការរីកចម្រើន សង្គមស៊ីវីល័យ សង្គមប្រជាធិបតេយ្យណាបាទ »។
បើតាមលោកបណ្ឌិត សេង សារី ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកពិតជាមានអំណាចគ្រប់គ្រាន់ក្នុងការបិទហ្វេសប៊ុក។ក៏ប៉ុន្តែលោកជឿថា លោកនាយករដ្ឋមន្រ្តីមានការពិចារណាខ្ពស់ព្រោះហ្វេសប៊ុកមានប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ជាងដប់លាននាក់ ហើយហ្វេសប៊ុកជាប្រភពព័ត៌មានសំខាន់មួយ សម្រាប់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសង្គម និងនយោបាយដែរ។
លោកបន្តថា៖«មកដល់ពេលនេះ ខ្ញុំមិនទាន់មើលឃើញបណ្តាញសង្គមណាអាចជំនួសហ្វេស ប៊ុកបានព្រោះថាហ្វេស ប៊ុកបានក្លាយទៅជាជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៅហើយ មានន័យថាគាត់អាចប្រើប្រាស់បានយ៉ាងស្ទាត់ជំនានេទៅហើយ ដូច្នេះការផ្លាស់ប្តូទៅប្រើប្រាស់បណ្តាញសង្គមផ្សេងនេះ ខ្ញុំគិតថាត្រូវការពេលវេលា ហើយពលរដ្ឋយើងមួយចំនួនធំក៏មិនមែនជាអ្នកអក្ខរកម្មតិចណូឡូជីប៉ុន្មានដែរ។ […] បើសិនជាករណីរដ្ឋាភិបាលសម្រេចបិទក្រុមហ៊ុន ឬបិទបណ្តាញសង្គមនេះទៀតខ្ញុំគិតថា និងមានការរិះគន់បែបអវិជ្ជមានមកលើរដ្ឋាភិបាលពីសំណាក់របស់ពលរដ្ឋមិនតិចទេបាទ »។
មិនខុសគ្នាទេ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង លើកឡើងថា កាប្រកាសរបស់ក្រសួងការបរទេសកម្ពុជា អាចធ្វើឱ្យមានបញ្ហាជាមួយក្រុមហ៊ុនហ្វេសប៊ុក កាន់តែស្មុកស្មាញជ្រៅមួយកម្រិតទៀត។លោកបញ្ជាក់ថា ការប្រកាសរបស់ក្រសួងការបរទេសនេះមិនមែនជាការបិទហ្វេសនោះទេ។ ប៉ុន្តែលោកថាប្រសិនបើមានការបិទ ហ្វេសប៊ុក នោះនឹងមានផលប៉ះពាល់ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករ។
លោកបន្តថា៖ «បើសិនជាថ្ងៃណាមួយឬក៏ដំណាក់កាលណាមួយ កម្ពុជាឈានទៅដល់ការបិទហ្វេសប៊ុក ប៉ុន្តែខ្ញុំមិនសង្ឃឹមថាកើតមាននោះទេ អាហ្នឹងគឺប៉ះពាល់ដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់អ្នកប្រកបអាជីវកម្មតាមអនឡាញ ប្រជាពលរដ្ឋខ្លះក៏គាត់ផ្លាស់ប្ដូរទំនិញ ផ្លាស់ប្ដូរបទពិសោធន៍ ការផ្លាស់ប្ដូរទាំងបន្លែអីហ្នឹង កសិករគាត់រកទីផ្សារ គាត់រកម៉ូយទិញរបស់គាត់ហ្នឹង ក៏តាមទំនាក់ទំនងហ្វេសប៊ុក ការធ្វើអាជីវកម្មផ្សេងៗ។ យើងឃើញថា អ្នកលក់អនឡាញច្រើនណាស់ ដែលកំពុងតែទទួលបានផលប្រយោជន៍ពីហ្វេសប៊ុក អ៊ឹចឹងហើយខ្ញុំថា រដ្ឋាភិបាលលោកក៏មិនបានបង្ហាញពីចេតនាណាមួយក្នុងការបិទ ព្រោះថា ហ្នឹងគឺពាក់ព័ន្ធនឹងផលប្រយោជន៍ដល់ចម្បងរបស់ប្រជាជន »។
នៅថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការបរទេសកម្ពុជាបាមចេញសេចក្ដីថ្លែងការណ៍ហាមឃាត់មនុស្សចំនួន២២រូប ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា ហើយប្រសិនបើមានអ្នកកំពុងរស់នៅក្នុងប្រទេសកម្ពុជាត្រូវចាកចេញជាបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង។មិនតែប៉ុណ្ណោះ រដ្ឋាភិបាលចាត់ទុកថាការចេញគោលការណ៍ឲ្យព្យួរហ្វេសប៊ុកបណ្តោះអាសន្ន របស់លោក ហ៊ុន សែន គឺមានលក្ខណៈនយោបាយ។
សេចក្តីថ្លែងការណ៍បន្តថា«អនុសាសន៍នេះមានចេតនារារាំងសេរីភាពសារព័ត៌មាន របស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត »។
ចំណែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំអក ក្នុងឆាណែលតេលេក្រាម(Telegram) របស់លោក កាលពីថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ២០២៣ ថាមនុស្សទាំង២២នាក់ ដែលត្រូវហាមឃាត់ មិនឱ្យចេញចូលប្រទេសកម្ពុជាជារៀងរហូតនេះ ព្រោះតែមិនគោរពអធិបតេយ្យភាពរបស់កម្ពុជា។
លោកបន្តថា៖«មុខមនុស្សទាំងនេះមិនត្រូវបានចូលស្រុកខ្មែរអស់មួយជិវិត។នេះជាលទ្ធផលដែលពួកអ្នកបង្កឡើងតាមរយៈនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា »។
សម្រាប់ គេហទំព័ររបស់ក្រុមប្រឹក្សាត្រួតពិនិត្យក្រុមហ៊ុនមេត្តា(Meta) បានបង្ហាញថា អ្នកស្រី Helle Thorning-Schmidt គឺជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក ដែលជាតំណែងដែលលោកស្រីកាន់ចន្លោះពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥។ដោយឡែក ក្រុមប្រឹក្សាភិបាលម្នាក់ទៀតរបស់ក្រុមខ្នាតយក្សនេះដែរ គឺអ្នកស្រី Tawakkol Karman ជាអ្នកសារព័ត៌មាន និងសកម្មជនសិទ្ធិមនុស្ស ហើយក៏ជាស្ត្រីជនជាតិអារ៉ាប់ដំបូងគេដែរ ដែលឈ្នះរង្វាន់ណូបែលសន្តិភាព ក្នុងការកសាងវប្បធម៌អហិង្សានៅមជ្ឈិមបូព៌ា។
Newsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនMeta តាមសារអ៊ីម៉ែលបានភ្លាមៗនៅឡើយទេ គិតមកដល់ថ្ងៃនេះ។
បើទោះជាបែបណា នេះជាចំណាត់ការ ថ្មីមួយទៀត បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីចុងខែ មិថុនា ឆ្នាំ២០២៣ បានបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុក ចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាពដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរដ្ឋាភិបាល និងកិច្ចសហការដៃគូ ក្នុងវិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។
ជាម្ចាស់អាជីវកម្មខ្នាតតូច លក់សម្ភារៈប្រើប្រាស់ដែលផលិតពីអំបោះច្នៃដោយដៃ លក់តាមប្រព័ន្ធហ្វេសប៊ុក(Facebook) កញ្ញា សាយ រស្មី យល់ឃើញថា បណ្តាញសង្គមនេះពិតជាមានសារៈសំខាន់សម្រាប់រូបគេក្នុងការប្រកបអាជីវកម្ម ព្រោះវាចំណេញទាំងពេលវេលា និងជួយកាត់បន្ថយការចំណាយថវិកាក្នុងការផ្សព្វផ្សាយផលិតផលថែមទៀតផង។
មិនតែប៉ុណ្ណោះ ការប្រើ Facebook វាមិនចាំបាច់ចំណាយលុយដើម្បីជួលទីតាំង សម្រាប់លក់ផលិតផលទៅទៀត។ប្រភពបន្តថា ក្រៅពី Facebook គេមិនដឹងថាតើមានប្រព័ន្ធសង្គមមួយណា ដែលល្អ និងទូលំទូលាយជាងនេះ ដែលជួយឱ្យអតិថិជនងាយទទួលបានចំណូល។
កញ្ញាបន្តថា ៖«ប្រសិនមិនមានហ្វេស ប៊ុកខ្ញុំគិតថា វាពិតជាមានការខាតបង់យ៉ាងធំចំពោះខ្ញុំ និងមនុស្សជាច្រើនដែលរកចំណូលពី ហ្វេសប៊ុកតាមរបៀបផ្សេងៗគ្នា ព្រោះហ្វេសប៊ុកជាបណ្តាញផ្សព្វផ្សាយដែលពេញនិយមនិងទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលយើងមានបទពិសោធន៍ជាមួយ ហ្វេសប៊ុក នេះជាយូរឆ្នាំមកហើយ ជាប្រភពនៃការកំសាន្ត និងការចែករំលែក ព័ត៌មានផ្សេងៗរបស់ប្រជាជនយើង »។
មានមុខរបរលក់ចំណីអាហារតាមអនឡាញ(Facebook)នៅភ្នំពេញ កញ្ញា ពិសី ក៏ឯកភាពដែរថាប្រសិនបើមិនមានហ្វេសប៊ុកជួយទេ អាជីវកម្មរបស់ខ្លួនពិតពិតជាត្រូវជួបផលលំបាក។ប្រភពដដែលបន្តថា ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម Facebook នេះពិតជាបានផ្តល់ចំណូលគួរសម ដែលអាចដោះស្រាយទាំងជីវភាព ថ្លៃសិក្សា។បណ្តាញសង្គមមួយនេះ គឺជួយផ្តល់ព័ត៌មានបានទូលាយដល់ដៃអតិថិជន បើធៀបនឹងបណ្តាញសង្គមផ្សេងៗទៀត។
កញ្ញាបន្តថា ៖« អាជីវកម្មរបស់ខ្ញុំអាចប្រើកម្មវិធីផ្សេងបាន ប៉ុន្តែសព្វថ្ងៃ មាន Tik Tok (តិចតុក) ហើយនិង Telegram (តេឡេក្រាម) ប៉ុន្តែមិនសូវទូលំទូលាយដូចហ្វេសប៊ុកទេ »។
Newsroom Cambodia មិនអាចសុំប្រតិកម្មបានភ្លាមៗទេនៅថ្ងៃនេះ ពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដោយទូរស័ព្ទពុំអាចទាក់ទងបាន។
យ៉ាងនេះក្តី ក្រោយការប្រកាសឈប់ប្រើប្រាស់ហ្វេសប៊ុក(Facebook)មួយថ្ងៃ ពោលកាលពីថ្ងៃទី ៣០ មិថុនា លោក ហ៊ុន សែន បានបញ្ជាក់ជំហរថារដ្ឋាភិបាលរបស់លោកនឹងមិនបិទបណ្តាញសង្គម ហ្វេសប៊ុក ឡើយ ព្រោះវាជាតម្រូវការរបស់ប្រជាជនក្នុងការប្រើប្រាស់។ លោកនាយករដ្ឋមន្រ្តី ប្រតិកម្មភ្លាមៗ កាលពីថ្ងៃទី ២៩ មិថុនា ដោយប្រកាសថាលោកលាឈប់ប្រើ Facebook នៅបន្ទាប់ពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ដែលគ្រប់គ្រង ហ្វេសប៊ុក បានអំពាវនាវផ្អាកគណនីរបស់ លោករយៈពេល ៦ ខែ ក្រោមហេតុផលថា ទំព័រហ្វេសប៊ុក របស់លោកបានបង្ហោះវីដេអូខុសពីវិធានរបស់ក្រុមហ៊ុន Meta ស្តីពីការគំរាមកំហែងហិង្សា៕