លោកនាយករដ្ឋមន្រ្តី បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំង អ្នកដែលប្រើប្រាស់ឈ្មោះលោក ទៅបង្កើតគណនេយ្យ តិកតុក ដោយលោកអំពាវនាវឱ្យអ្នកដែលបានបង្កើតគណនេយ្យទាំងនោះ ត្រូវលុបចេញជាបន្ទាន់ បើមិនដូច្នេះទេពួកគេអាចនឹងត្រូវប្រឈមុខចំពោះផ្លូវច្បាប់។
សាសំឡេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវគេផ្សព្វផ្សាយនៅលើបណ្តាញសង្គម នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២៣ នេះ គឺលោកបានបញ្ជាឱ្យអ្នកដែលប្រើឈ្មោះរបស់លោក ទៅបង្កើតគណនេយ្យ តិកតុក(Tiktok) ទាំងអស់ត្រូវលុបចេញជាបន្ទាន់ ចាប់ពីពេលនេះទៅ។ក្រៅពីនេះ ចំពោះអ្នកដែលចង់រក្សាគណនេយ្យរបស់ខ្លួនទុកនៅដដែល ត្រូវដូរឈ្មោះទៅជាឈ្មោះផ្សេងវិញ។
លោកនាយករដ្ឋមន្រ្តី ក៏បានព្រមានដែរថា ប្រសិនបើគណនេយ្យ តិកតុក ទាំងនោះប្រើឈ្មោះរបស់លោកហើយនៅតែបន្តធ្វើសកម្មភាព នៅលើបណ្តាញសង្គមទៀត ក្រោយពេលដែលលោកអំពាវនាវនេះ អ្នកទាំងនោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។
លោកបន្តថា«ខ្ញុំគិតថាបងប្អូនមិនមានបំណងអាក្រក់ណាមួយចំពោះរូបខ្ញុំទេ។ប៉ុន្តែការធ្វើបែបនេះអាចធ្វើឱ្យមានការប៉ះពាល់ប្រសិនបើមានការធ្វេសប្រហែស។យើងឃើញមានរាប់សិបគណនេយ្យក្លែងក្លាយ ដែលយកឈ្មោះខ្ញុំទៅប្រើ។ដូច្នេះខ្ញុំសុំស្នើឱ្យលុបចោលទាំងអស់ មិនថារូបភាពណាទេ គឺប្រើវិធីទាក់ទងនឹងក្រុមហ៊ុន ហ្វេសប៊ុក ជាមួយនិងជំនួយការរបស់ខ្ញុំ និងអ្នកដែលធ្លាប់បានធ្វើកិច្ចការងារនេះ ក៏លុបចោលទាំងអស់។បើមិនដូច្នោះទេ យើងខ្ញុំនឹងចាត់វិធានការចាំបាច់នានាដើម្បីធានាថាគណនេយ្យ តិកតុក សម្តេច ហ៊ុន សែន គឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះ »។
តាមរយៈគណនេយ្យ ហ្វេសប៊ុក មួយដែលមានឈ្មោះថា «កុមារទេព» បានបង្ហាញថា គណនេយ្យ តិកតុក ផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី គឺមានតែមួយទេ ដែលទទួលស្គាល់ដោយក្រុមហ៊ុន ហើយមានអក្សរ ធិក ពណ៌ខៀវ ។លោក ហ៊ុន សែន ចាប់ងាកមកប្រើប្រាស់ បណ្តាញសង្គម តិកតុក នេះក្រោយពេលលោកប្រតិកម្មក្រុមហ៊ុន ហ្វេសប៊ុក ដែលបានព្យួរការប្រើប្រាស់បណ្តោះអាសន្នរបស់លោក ក្នុងរយៈពេល៦ខែ ក្រោមហេតុផលថា លោក ហ៊ុន សែន បានបំពានទៅនឹងគោលការណ៍របស់ក្រុមហ៊ុន ហ្វេសប៊ុក។
កាសែត Rueter បានរាយការណ៍កាលពីអំឡុងខែ កញ្ញា ឆ្នាំ២០២២ ថាក្រុមហ៊ុន តិកតុក អាចរកចំណូលបាន៤,៦ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២១។តាមការប៉ាន់ប្រមាណ ក្រុមដែលបង្កើតឡើង ដោយលោក សាំង យីមីង(Zhang Yiming) វ័យ៤០ឆ្នាំ ជាជនជាតិចិននេះ ចំណូលដែលរកបានពីការ ប ង្កើតបណ្តាញ តិកតុក នេះអាចនឹងកើនដល់ ១១ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២២។ហើយចំនួននេះ អាចនឹងមានការប្រែប្រើបន្តទៀត អាស្រ័យទៅលើចំនួន អ្នកប្រើប្រាស់។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ យល់ឃើញថា ការប្រើឈ្មោះអ្នកដទៃដើម្បីបង្កើតគណនេយ្យ បម្រើឱ្យសេចក្តីត្រូវការផ្ទាល់ខ្លួន សម្រាប់ប្រើប្រាស់ទៅលើបណ្តាញសង្គមណាមួយ វាគឺជារឿងដែលមិនត្រឹមត្រូវទេ។បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ ចាត់ទុកថា អ្វីដែលលោក ហ៊ុន សែន ព្រមានប្រើប្រាស់វិធានការច្បាប់នេះ វាមិនចាត់ទុកថា ជាគំរាមកំហែងទៅលើសិទ្ធិបុគ្គលទេ តែនេះអាចហៅបានថា ជាការពារសិទ្ធិឯកជនរបស់ខ្លួន ដែលបានធានាដោយច្បាប់ទៅវិញ។
លោកបន្តថា«បើសិទ្ធិក្នុងការប្រើប្រាស់បង្កើតទៅ តែបង្កើតឈ្មោះខ្លួនគាត់ អាហ្នឹងអត់អីទេ។ប៉ុន្តែបើបង្កើតហើយយកឈ្មោះគេ អាហ្នឹងវាប៉ះពាល់ដល់ឈ្មោះបុគ្គលគេ។តែបើគាត់ប្រើឈ្មោះគាត់ ហើយគេគំរាមអាហ្នឹងបានជាការរំលោភសិទ្ធិ »។
បណ្តាញសង្គម តិកតុក ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិនឈ្មោះ ByteDance នេះមានអាយុកាលប្រមាណ ៧ឆ្នាំមកហើយ គិតចាប់តាំងពី ឆ្នាំ២០១៦ មក។
របាយការណ៍ដែលចេញកាលពីឆ្នាំ ២០២២ ដោយគេហទំព័រ Datareport បង្ហាញថា ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់បណ្តាញសង្គម តិកតុក នេះជិត ៧លាននាក់។ជាមួយគ្នានេះ អ្នកប្រើប្រាស់ជាស្រ្តី ត្រូវគេរកឃើញមានចំនួនប្រើច្រើនជាងគេ ៥៤.១ភាគរយ បើធៀបនឹងចំនួនអ្នកប្រើជាបុរសមានតែ ៤៥.៩ភាគរយ ក្នុងនោះគិតជាមធ្យមចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម តិកតុក គឺមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
ចំណែកលោក ជី សុផាត អ្នកជំនាញសុវត្ថិភាព ឌីជីថល ប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា ការប្រើឈ្មោះអ្នកដទៃមកបង្កើតគណនេយ្យផ្ទាល់ខ្លួន វាប្រាកដណាស់គឺបានរំលោភទៅនឹងគោលការណ៍ច្បាប់ របស់ស្ថាប័ននៃបណ្តាញសង្គមណាមួយហើយ។លោកបន្តថា ក្នុងករណីនេះ ប្រសិនបើម្ចាស់គណនេយ្យដែលគេលួចយកឈ្មោះទៅប្រើ ប្តឹងទៅសមត្ថកិច្ចគឺមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ហើយអ្នកលួចប្រើឈ្មោះគេនោះ ចៀសមិនផុតពីនីតិវិធីឡើយ។
លោកបន្តថា« បាទវាពិតជាប៉ះពាល់សិទ្ធិឯកជនរបស់ម្ចាស់ឈ្មោះហ្នឹងហើយ។ខ្ញុំអត់ច្បាស់ដែរ ព្រោះខ្ញុំអត់ប្រើ តិកតុក ដែរខ្ញុំអត់ហ៊ាននិយាយទេ។ប៉ុន្តែជាធម្មតាឈ្មោះវាអាចដូចគ្នា តែបើបន្លំអត្តសញ្ញាណវាអត់ត្រឹមត្រូវទេ។វាពិតណាស់ វាពិតជាខុសគោលការណ៍ហើយ។អញ្ចឹងវាច្បាស់ជាមានវិធានការពីម្ចាស់គណនេយ្យ ឬក៏ថាគេអាចរកផ្លូវច្បាប់ណាមួយប្រសិនបើម្ចាស់សាមីគាត់មានពាក្យបណ្តឹងពាក្យអីអញ្ចឹងទៅ »។ ស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឈប់ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២៣ សម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធ ឌីជីថល យល់ឃើញថា តិកតុក នេះអាចនឹងកើនអ្នកប្រើប្រាស់ច្រើនជាងមុននៅកម្ពុជា។ការប្រែប្រួលចំនួនអតិថិជន ដែលងាកមកប្រើប្រាស់បណ្តាញសង្គម តិកតុក នេះដោយសារលោក ហ៊ុន សែន ជាមេដឹកនាំនយោបាយកំពូល និងមានឥទ្ធិពល ដែលគេជឿថាអាចនឹងទាក់ទាញការប្រើប្រាស់ តិកតុក នេះច្រើនជាងមុនពីពលរដ្ឋកម្ពុជា៕