កម្មករជាង ១០០នាក់ ធ្វើការនៅរោងចក្រដេរស្រោមដៃ ដាយ៉ាបគ្លូប៊ល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជួបជុំគ្នារកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ដើម្បីទាមទារការទូទាត់ប្រាក់សំណងដោះស្រាយបញ្ហាជីវភាព ជាពិសេសបំណុលធនាគារ ក្រោយពេលថៅកែរោងចក្ររត់ចោលជិត ៣ខែមកនេះ។
បុគ្គលិកផ្នែកតបណ្តាញអគ្គីសនីប្រចាំរោងចក្រ ដាយ៉ាបគ្លូប៊ល លោក ជា ដាវី វ័យ ៤៣ឆ្នាំ ប្រាប់ Newsroom Cambodia ថា លោកកំពុងប្រឈមបញ្ហាជីវភាពខ្លាំង ព្រោះលោកត្រូវចំណាយថវិការ ប្រមាណ ៦០០ដុល្លារអាមេរិក បង់ទៅធនាគារឯកជនមួយជារៀងរាល់ខែ។ ប្រភពដដែលឱ្យដឹងថា លោកធ្វើការឱ្យរោចក្រនេះជាង ១០ឆ្នាំ មកហើយ និងបានខ្ចីលុយពីធនាគារឯកជនមួយ ដើម្បីទិញផ្ទះមួយកន្លែង ដោយសង្ឃឹមលើប្រាក់ខែរបស់លោក។ប៉ុន្តែលោកថា នៅចុងខែមេសា ឆ្នាំ២០២៣ រោងចក្របានបិទទ្វា ដោយគ្មានមូលហេតុ ហើយលោកមិនមានចំណូលផ្សេងដើម្បីដោះស្រាយបញ្ហាបំណុលនោះទេ ដោយខកខានបង់ឱ្យធនាគារជាង ៣ខែមកហើយ។ជាមួយគ្នានេះ លោកថា ក្រោយពេលថៅកែរត់ចោល លោក និងកម្មករផ្សេងទៀតបានដាក់វេនគ្នាដេកយាមនៅខាងមុខរោងចក្រ ព្រោះបារម្ភមានការលួចដឹកជញ្ជូនសម្ភារៈចេញពីរោងចក្រមួយនេះ។
លោកបន្តថា៖ «បញ្ហារឿងធនាគារគឺជាបញ្ហាប្រឈមខ្លាំង ទី១ យើងអត់មានលុយបង់ធនាគារ ទី២ ឈ្មោះត្រូវបានខូច គេហៅថា [ឈ្មោះ] ឥណទាន [ខូច] ទៅហើយ។រយៈពេលតាំងពីខែ៥ មក រហូតមកដល់ខែ៧ គឺ៣ខែហើយ ដែលយើងអត់បានបង់ [ធនាគារ]។ អ៊ីចឹងយើងខូចឈ្មោះឥណទានក្នុងប្រព័ន្ធធនាគារ»។
បើតាមលោក ជា ដាវី ក្នុងរយៈពេលប៉ុន្មានខែនេះ លោកបានព្យាយាមរកការងារធ្វើដែរ ប៉ុន្តែមានរោងចក្រមួយចំនួនរើសអើងរូបលោកដោយមិនទទួលយក ក្រោមហេតុផលថា កម្មករតែងតែតវ៉ាទាមទាររកដំណោះស្រាយពីថៅកែរោងចក្រ ដាយ៉ាបក្លូបល ជាបន្តបន្ទាប់។ប៉ុន្តែលោកថា ការចេញមុខទាមទាររកដំណោះស្រាយនេះ ព្រោះចង់បានតែប្រាក់សំណងទេ។
យ៉ាងនេះក្តីលោកបានស្នើឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយដោយទូទាត់ប្រាក់សំណងឱ្យបានឆាប់ ដើម្បីលោកបានថវិការខ្លះដោះបំណុលធនាគារ និងដោះស្រាយបញ្ហាជីវភាព ក្នុងពេលដែលលោកគ្មានប្រាក់ចំណូលបែបនេះ។
លោកបន្តថា៖«ខ្ញុំមានតែស្នើសុំទៅខាង ក្រសួងការងារ ក៏ដូចជាខាងសម្តេចពុក [លោក ហ៊ុន សែន] ជួយពន្លឿនក្នុងការដោះស្រាយប្រាក់បុរេប្រទាន ឱ្យកូនចៅកម្មករនៅរោងចក្រ ដាយ៉ាប ឱ្យបានលឿនផង ហើយឱ្យបានមុនបោះឆ្នោតផង ដើម្បីពួកខ្ញុំបានសោហ៊ុយធ្វើដំណើរទៅស្រុក»។
ចំណែក ប្រធានផ្នែកគ្រប់គ្រងទូទៅនៃរោងចក្ររោងចក្រ ដាយ៉ាបគ្លូប៊ល លោក អោប បូរ៉ា វ័យ ៣៧ឆ្នាំ ប្រាប់ថា លោកបំរើការងារឱ្យរោងចក្រនេះ ជាង ១០ឆ្នាំ មកហើយដែរ។ប្រភពដដែលឱ្យដឹងថា ក្រោយរោងចក្របិទទ្វារ លោកត្រូវទទួលបន្ទុកកាន់តែធ្ងន់ដោយត្រូវចំណាយច្រើនទៅលើផ្ទះជួល អាហារប្រចាំថ្ងៃ និងត្រូវបង់ធនាគារប្រចាំខែជាង៥០០ដុល្លារថែមទៀត។
លោកបន្តថា នៅចំពោះមុខនេះ លោកមិនទាន់មានការងារផ្សេងនៅឡើយដែរ ដោយសារលោកត្រូវចេញមុខធ្វើជាតំណាងកម្មករ ដើម្បីទាមទារ រកដំណោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធ។យ៉ាងណាលោកថា បើវិវាទការងារនេះកាន់តែអូសបន្លាយយូរ នោះក្រុមកម្មករ នឹងប្រឈមជាប់បំណុលវ័ន្តករ ព្រោះតែគ្មានចំណូល។
លោកបន្តថា៖ «ខ្ញុំប្រឈមមុខច្រើន ជាពិសេសបញ្ហាធនាគារ យើងមានបំណុលធនាគារជាប់ខ្លួន ហើយទី២ ត្រូវការចំណាយប្រចាំថ្ងៃ ផ្ទះជួល គ្រួសារ! និយាយរួមប្រឈមមុខទាំងអស់ ព្រោះយើងជួបបញ្ហា [ថៅកែរត់ចោល] អ៊ីចឹង»។
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កម្មករជាង៧០០នាក់ ធ្វើការនៅរោងចក្រ ដាយ៉ាបគ្លូប៊ល បានប្រមូលម្តុំគ្នាតវ៉ា និងដេកយាមនៅមុខរោងចក្រ ដើម្បីទាមទារឱ្យថៅកែរោងចក្រ និងអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងផ្សេងៗ ក្រោយរោងចក្របិទទ្វារដោយមិនដឹងមូលហេតុ។
រហូតមកដល់ថ្ងៃទី១២ ខែឧសភា តំណាងក្រសួងការងារបានមកសម្របសម្រួលដោយ សន្យាទូទាត់ប្រាក់សំណងផ្សេងៗដល់កម្មករ ដែលបំរើការងារក្នុងរោងចក្រដេរស្រោមដៃមូយនេះ។ប៉ុន្តែជិត ២ខែមកទៅហើយ ក្រុមកម្មករមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ ទើបក្រុមកម្មករផ្ទុះការតវ៉ាសាជាថ្មីទៀត។
ច្បាប់ស្ដីពីការងារ មាត្រា៧៧ ចែងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈនៃនិយោជកតែឯកឯងគ្មានឱ្យដំណឹងមុន ឬមិនគោរពតាមរយៈពេលនៃការឱ្យដំណឹងមុន តម្រូវឱ្យនិយោជកចេញប្រាក់ទូទាត់ ដល់កម្មករនិយោជិតមានចំនួនស្មើគ្នានឹងប្រាក់ឈ្នួល និងអត្ថប្រយោជន៍គ្រប់ប្រភេទដែលកម្មករនិយោជិតត្រូវបានក្នុងរយៈពេលឱ្យដំណឹងមុនដែលគេមិនបានគោរពត្រឹមត្រូវ។
អនុប្រធានសហជីព ស៊ីខាវឌូ ប្រចាំរោងចក្រ ដាយ៉ាបគ្លូប៊ល លោក មឿន សេងសី ឱ្យដឹងថាមន្រ្តីនៃក្រសួងការងារបានចុះកិច្ចព្រមព្រៀងទូទាត់ប្រាក់សំណងឱ្យកម្មកររោងចក្រ ដោយក្នុងម្នាក់ៗទទួលបាន ចន្លោះពី៧៥០ដុល្លារ ទៅជាង៨០០ដុល្លារ។ប៉ុន្តែលោកថា មកទល់ពេលនេះ ក្រុមកម្មករមិនទាន់ទទួលដំណោះស្រាយនៅឡើយទេ ទើបមានការផ្ទុះការតវ៉ាតែម្តង ក្រោយពេលកម្មករភាគច្រើនកំពុងជាប់បំណុលធនាគារ។
យ៉ាងណាក្តី លោកថា នៅចំពោះមុខនេះ ក្រុមកម្មករបានទុករយៈពេល៧ថ្ងៃទៀតដើម្បីទុកពេលឱ្យស្ថានប័នពាក់ព័ន្ធដោះស្រាយ ហើយបើពុំមានការទូទាត់សំណងនោះទេ ពួកគេនឹងជួបជុំគ្នាហែរក្បួន ក្នុងរាជធានីភ្នំពេញតែម្តង។
លោកបន្តថា៖«ថ្ងៃហ្នឹងដែរក្រសួងចុះមកសម្របសម្រួលឱ្យកម្មករ រងចាំបន្តិចទៀត។បងប្អូនកម្មករថា គាត់ទុកពេលឱ្យមួយសប្តាហ៍ទៀត បើមិនមានដំណោះស្រាយទៀតពួកគាត់នឹងធ្វើការ ហែរក្បួនហែរអីទៅក្រសួង [ពាក់ព័ន្ធ]»។
បើតាមលោក មឿន សេងសី ដែលជាមន្រ្តីសហជីព ស៊ីខាវឌូ រោងចក្រ ដាយ៉ាបគ្លូប៊ល នេះមានកម្មករជាង ៧០០នាក់(៧៤៤) កំពុងបម្រើការ មុនរោងចក្រនេះត្រូវបិទទ្វារដោយគ្មានការជូនដំណឹង។
ជុំវិញករណីនេះ លោក ខៀវ សាវុធ អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ ឆ្លើយតបថា មន្រ្តីជំនាញកំពុងរៀបចំនីតិវិធីដើម្បីស្នើសុំប្រាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទម្លាក់ថវិកាទូទាត់សំណងឱ្យកម្មកររួចរាល់ហើយ។ប៉ុន្តែលោកមិនអាចកំណត់ពេលវេលាជាក់ជាក់ដែលអាចផ្តល់ប្រាប់សំណងឱ្យកម្មកររោងចក្រ ដាយ៉ាបគ្លូប៊លបាននៅឡើយទេ។
លោកបន្តថា៖«តាមពិតទៅយើងអត់អាចកំណត់ថ្ងៃ [ទូទាត់ប្រាក់សំណងឱ្យកម្មករ] បានទេ! ព្រោះយើងត្រូវឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយទម្រាំតែដល់ដៃក្រសួងហិរញ្ញវត្ថុទម្លាក់លុយមកខាងក្រុមការងារនឹងបើកជូនពួកគាត់ភ្លាមតែម្តងអត់អាចទុកយូបានទេ»។
កាលពីខែមិថុនា ឆ្នាំ២០២០ របាយការណ៍មួយឈ្មោះថា “ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក” ដែលជារបាយការណ៍សង្ខេបរួមគ្នារវាងសម្ព័ន្ធសហជីពកម្ពុជា អង្គការសង់ត្រាល់ និងអង្គការលីកាដូ បានស្ទង់មតិជាមួយកម្មករ-កម្មការិនី ចំនួន១៦២នាក់ មកពីរោងចក្រកាត់ដេរចំនួន៣ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង។ របាយការណ៍រកឃើញថា ក្នុងការស្ទង់មតិនេះ មានតែកម្មករ៤នាក់ក្នុងចំណោម១៦២នាក់ដែលមិនជំពាក់បំណុលធនាគារ។ប្រភពដដែលរកឃើញថាការបាត់បង់ការងារបស់កម្មកររោងចក្រ ដោយគ្មានការទូទាត់សំណងគឺជាកក្តាជំរុញឱ្យកម្មករលក់ផ្ទះ ទ្រព្យសម្បត្តិ និងខ្ចីបំណុលក្រៅប្រព័ន្ធបន្ថែមទៀត ដើម្បីសងធនាគារ។