កម្មករជាង ១០០នាក់ ធ្វើការនៅរោងចក្រដេរស្រោមដៃ ដាយ៉ាបគ្លូប៊ល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជ​ធានីភ្នំពេញ បានជួបជុំគ្នារកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ដើម្បីទាមទារការទូទាត់ប្រាក់សំណងដោះ​ស្រាយបញ្ហាជីវភាព ជាពិសេសបំណុលធនាគារ ក្រោយពេលថៅកែរោងចក្ររត់ចោលជិត ៣ខែ​​មកនេះ។

បុគ្គលិកផ្នែកតបណ្តាញអគ្គីសនី​ប្រចាំរោងចក្រ ដាយ៉ាបគ្លូប៊ល លោក ជា ដាវី វ័យ ៤៣ឆ្នាំ ប្រាប់ ​Newsroom Cambodia ថា លោកកំពុងប្រឈមបញ្ហាជីវភាពខ្លាំង​ ព្រោះលោកត្រូវចំណាយថវិការ ប្រមាណ ៦០០ដុល្លារអាមេរិក បង់ទៅធនាគារឯកជនមួយជារៀងរាល់ខែ។ ប្រភពដដែលឱ្យដឹងថា ​លោ​​ក​ធ្វើការឱ្យរោចក្រនេះ​ជាង ១០ឆ្នាំ មកហើយ និងបានខ្ចីលុយពីធនាគារឯកជនមួយ ដើម្បីទិញផ្ទះមួយកន្លែង ដោយសង្ឃឹមលើប្រាក់ខែរបស់លោក។ប៉ុន្តែលោកថា នៅចុងខែមេសា ឆ្នាំ២០​​២​៣ រោងចក្របានបិទទ្វា ដោយគ្មានមូលហេតុ ហើយលោកមិនមានចំណូលផ្សេង​ដើម្បីដោះស្រា​​យ​​បញ្ហា​​បំណុលនោះទេ ដោយខកខានបង់ឱ្យធនាគារជាង ៣ខែមកហើយ។ជាមួយគ្នានេះ លោកថា ក្រោយពេលថៅកែរត់ចោល លោក និងកម្មករផ្សេងទៀតបានដាក់វេនគ្នាដេកយាមនៅខាង​មុខរោងចក្រ ព្រោះបារម្ភមានការលួចដឹកជញ្ជូនសម្ភារៈចេញពីរោងចក្រមួយនេះ។

លោកបន្តថា៖ «បញ្ហារឿងធនាគារគឺជាបញ្ហាប្រឈមខ្លាំង ទី១ យើងអត់មានលុយបង់ធនាគារ ទី២ ឈ្មោះត្រូវបានខូច គេហៅថា [ឈ្មោះ] ឥណទាន [ខូច] ទៅហើយ។រយៈពេលតាំងពីខែ​៥ មក រហូតមកដល់ខែ៧ គឺ៣ខែហើយ ដែលយើងអត់បានបង់ [ធនាគារ]។ អ៊ីចឹងយើងខូចឈ្មោះឥណទានក្នុងប្រព័ន្ធធនាគារ»

បើតាមលោក ជា ដាវី ក្នុងរយៈពេលប៉ុន្មានខែនេះ លោកបានព្យាយាមរកការងារធ្វើដែរ ប៉ុន្តែមានរោងចក្រមួយចំនួនរើសអើងរូបលោកដោយមិនទទួលយក ក្រោមហេតុផលថា កម្មករតែងតែតវ៉ាទា​ម​ទាររកដំណោះស្រាយពីថៅកែរោងចក្រ ដាយ៉ាបក្លូបល ជាបន្តបន្ទាប់។ប៉ុន្តែលោកថា ការចេញមុខ​​ទាមទាររកដំណោះស្រាយនេះ ព្រោះចង់បានតែប្រាក់សំណងទេ។

យ៉ាងនេះក្តីលោកបានស្នើឱ្យ​​ស្ថាប័នពាក់ព័ន្ធដោះស្រាយដោយទូទាត់ប្រាក់សំណងឱ្យបានឆាប់ ដើម្បីលោកបានថវិការខ្លះដោះបំណុលធនាគារ និងដោះស្រាយបញ្ហាជីវភាព ក្នុងពេលដែលលោកគ្មានប្រាក់ចំណូលបែបនេះ​។

លោកបន្តថា៖«ខ្ញុំមានតែស្នើសុំទៅខាង ក្រសួងការងារ ក៏ដូចជាខាងសម្តេចពុក [លោក ហ៊ុន សែ​​​] ជួយពន្លឿនក្នុងការដោះស្រាយប្រាក់បុរេប្រទាន ឱ្យកូនចៅកម្មករនៅរោងចក្រ ដាយ៉ាប ឱ្យបានលឿនផង ហើយឱ្យបានមុនបោះឆ្នោតផង ដើម្បីពួកខ្ញុំបានសោហ៊ុយធ្វើដំណើរទៅស្រុក»

ចំណែក ប្រធានផ្នែកគ្រប់គ្រងទូទៅនៃរោងចក្ររោងចក្រ ដាយ៉ាបគ្លូប៊ល លោក អោប បូរ៉ា វ័យ ៣៧ឆ្នាំ​ ប្រាប់ថា លោកបំរើការងារឱ្យរោងចក្រនេះ ជាង ១០ឆ្នាំ មកហើយដែរ។ប្រភពដដែលឱ្យដឹងថា ក្រោ​​យ​រោងចក្របិទទ្វារ លោកត្រូវទទួលបន្ទុកកាន់តែធ្ងន់ដោយត្រូវចំណាយច្រើនទៅលើផ្ទះជួល អា​​ហា​​រ​​ប្រចាំថ្ងៃ និងត្រូវបង់ធនាគារប្រចាំខែជាង៥០០ដុល្លារថែមទៀត។

លោកបន្តថា នៅចំពោះមុខនេះ​ លោ​ក​មិនទាន់មានការងារផ្សេងនៅឡើយដែរ ដោយសារលោកត្រូវចេញមុខធ្វើជាតំណាងកម្មករ ដើម្បីទាមទារ រកដំណោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធ។យ៉ាងណា​​លោកថា បើវិវាទការងារនេះ​កាន់តែ​អូសបន្លាយយូរ នោះក្រុមកម្មករ នឹងប្រឈមជាប់បំណុ​ល​​វ័ន្តករ ព្រោះតែគ្មានចំណូល។

លោកបន្តថា៖ «ខ្ញុំប្រឈមមុខច្រើន ជាពិសេសបញ្ហាធនាគារ យើងមានបំណុលធនាគារជាប់ខ្លួន ហើយទី២ ត្រូវការចំណាយប្រចាំថ្ងៃ ផ្ទះជួល គ្រួសារ! និយាយរួមប្រឈមមុខទាំងអស់ ព្រោះយើងជួបបញ្ហា [ថៅកែរត់ចោល] អ៊ីចឹង»

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កម្មករជាង៧០០នាក់ ធ្វើការនៅរោងចក្រ ដាយ៉ាបគ្លូប៊ល បានប្រមូលម្តុំគ្នាតវ៉ា និងដេកយាមនៅមុខរោងចក្រ ដើម្បីទាមទារឱ្យថៅកែរោងចក្រ និងអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងផ្សេងៗ ក្រោយរោងចក្របិទទ្វារដោយមិនដឹងមូលហេតុ។

រហូតមកដល់ថ្ងៃទី​១២ ខែឧសភា តំណាងក្រសួងការងារបានមកសម្របសម្រួលដោយ សន្យាទូ​​ទា​ត់​​ប្រាក់សំណងផ្សេងៗដល់កម្មករ ដែលបំរើការងារក្នុងរោងចក្រដេរស្រោមដៃមូយនេះ​។ប៉ុន្តែជិត ២​​ខែមកទៅហើយ ក្រុមកម្មករ​មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ ទើបក្រុមកម្មករ​​ផ្ទុះការត​​វ៉ា​សាជាថ្មីទៀត។

ច្បាប់ស្ដីពីការងារ មាត្រា៧៧ ចែងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈនៃនិយោជកតែ​ឯក​ឯង​គ្មានឱ្យដំណឹងមុន ឬមិនគោរពតាមរយៈពេលនៃការឱ្យដំណឹងមុន តម្រូវឱ្យនិយោជកចេញ​ប្រាក់ទូទាត់ ដល់កម្មករនិយោជិតមានចំនួនស្មើគ្នានឹងប្រាក់ឈ្នួល និងអត្ថប្រយោជន៍​គ្រប់ប្រភេទដែលកម្មករនិយោជិតត្រូវបានក្នុងរយៈពេលឱ្យដំណឹងមុនដែលគេមិនបានគោរពត្រឹមត្រូវ។

អនុប្រធានសហជីព ស៊ីខាវឌូ ប្រចាំរោងចក្រ ដាយ៉ាបគ្លូប៊ល លោក មឿន សេងសី ឱ្យដឹងថាមន្រ្តីនៃក្រសួងការងារ​បានចុះកិច្ចព្រមព្រៀងទូទាត់ប្រាក់សំណងឱ្យកម្មកររោងចក្រ ដោយក្នុងម្នាក់ៗទទួលបាន ចន្លោះពី៧៥០ដុល្លារ ទៅជាង៨០០ដុល្លារ​។ប៉ុ​ន្តែលោកថា​​ មកទល់ពេលនេះ​ ក្រុមកម្មករមិនទាន់ទទួលដំណោះស្រាយនៅឡើយទេ ទើបមានការផ្ទុះការតវ៉ាតែម្តង ក្រោយពេលកម្មករភាគច្រើនកំពុងជាប់បំណុលធនាគារ។

យ៉ាងណាក្តី លោកថា នៅចំពោះមុខនេះ ក្រុមកម្មករបានទុករយៈពេល​៧ថ្ងៃទៀតដើម្បីទុកពេលឱ្យស្ថានប័នពាក់ព័ន្ធដោះស្រាយ​ ហើយបើពុំមានការទូទាត់សំណងនោះទេ ពួកគេនឹងជួបជុំគ្នាហែរក្បួន ក្នុងរាជធានីភ្នំពេញតែម្តង។

លោកបន្តថា៖«ថ្ងៃហ្នឹងដែរក្រសួងចុះមកសម្របសម្រួលឱ្យកម្មករ រងចាំបន្តិចទៀត។បងប្អូនកម្មករថា គាត់ទុកពេលឱ្យមួយសប្តាហ៍ទៀត បើមិនមានដំណោះស្រាយទៀតពួកគាត់នឹងធ្វើការ ហែរក្បួនហែរអីទៅក្រសួង [ពាក់ព័ន្ធ]»

បើតាមលោក មឿន សេងសី ដែលជាមន្រ្តីសហជីព ស៊ីខាវឌូ រោងចក្រ ដាយ៉ាបគ្លូប៊ល នេះមាន​​កម្ម​ករ​​​ជាង ៧០០នាក់(៧៤៤) កំពុងបម្រើការ មុនរោងចក្រនេះត្រូវបិទទ្វារ​​ដោយគ្មានការជូន​​ដំ​​ណឹ​ង​​​​។

ជុំវិញករណីនេះ លោក ខៀវ សាវុធ អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ ឆ្លើយតបថា មន្រ្តីជំនាញកំពុងរៀបចំនីតិវិធីដើម្បីស្នើសុំប្រាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទម្លាក់ថវិកាទូទាត់សំណងឱ្យកម្មកររួចរាល់ហើយ។ប៉ុន្តែលោកមិនអាចកំណត់ពេលវេលាជាក់ជាក់ដែលអាចផ្តល់ប្រាប់សំណងឱ្យកម្មកររោងចក្រ ដាយ៉ាបគ្លូប៊លបាននៅឡើយទេ។

លោកបន្តថា៖«តាមពិតទៅយើងអត់អាចកំណត់ថ្ងៃ [ទូទាត់ប្រាក់សំណងឱ្យកម្មករ] បានទេ! ព្រោះ​​យើងត្រូវឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយទម្រាំតែដល់ដៃក្រសួងហិរញ្ញវត្ថុទម្លាក់លុយមកខាងក្រុមការងារនឹងបើកជូនពួកគាត់ភ្លាមតែម្តងអត់អាចទុកយូបានទេ»

កាលពីខែមិថុនា ឆ្នាំ២០២០ ​របាយ​ការណ៍មួយឈ្មោះថា “​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក” ដែល​ជា​របាយ​ការណ៍​សង្ខេប​រួម​គ្នា​រវាង​សម្ព័ន្ធ​សហ​ជីព​កម្ពុជា អង្គការសង់ត្រាល់ និង​អង្គការលីកាដូ បាន​ស្ទង់​មតិ​ជា​មួយ​កម្មករ-កម្មការិនី ចំនួន១៦២​នាក់ មក​ពី​រោង​ចក្រ​កាត់​ដេរ​ចំនួន​៣​ផ្សេង​គ្នា ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កំពង់ឆ្នាំង។ របាយការណ៍រកឃើញថា ក្នុងការស្ទង់មតិនេះ មានតែកម្មករ៤នាក់ក្នុងចំណោម១៦២នាក់​ដែលមិនជំពាក់បំណុលធនា​​​គា​រ​។ប្រភ​​ព​​ដដែលរកឃើញថា​ការបាត់បង់ការងារបស់កម្មកររោងចក្រ ដោ​​យ​គ្មានការទូទាត់សំ​​ណ​ង​​​គឺជាកក្តាជំរុញឱ្យកម្មករលក់ផ្ទះ ទ្រព្យសម្បត្តិ និងខ្ចីបំ​​ណុល​ក្រៅប្រព័ន្ធប​ន្ថែ​​មទៀត ដើម្បីសងធ​​នា​​​​គារ។