ក្រុមយុវជនជិត២០នាក់ ដែលសកម្មក្នុងការងារសង្គមបានប្រើទឹកល័ក្ខតំណាំងឱ្យឈាមស្រោចពេញដងខ្លួនក្នុងពិធីរឭកខួប៧ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដើម្បីទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតជាថ្មីចំពោះករណីឃាតកម្មចំកណ្តាលរាជធានីភ្នំពេញ។
តំណាងក្រុមយុវជនដែលចូលរួមសកម្មភាពរំឭកខួប លោកបណ្ឌិត កែម ឡី គឺយុវតី ភួន កែវរស្មី ប្រាប់ Newsroom Cambodia ថា គោលបំណងដែលកញ្ញាផ្តួចផ្តើមគំនិតប្រើទឹកល័ក្ខមកចាក់លើដងខ្លួននេះ ដើម្បីទាមទារយុត្តិធម៌ឱ្យលោក កែម ឡី និងទទូចឱ្យអាជ្ញាធរបើកការស៊ើបអង្កេតសំណុំរឿងនេះជាថ្មី។កញ្ញាចាត់ទុកថា លោក កែម ឡី ជាវីរៈបុរសរបស់ខ្លួន ទោះបីជាលោកបានស្លាប់ពិតមែន ប៉ុន្តែ ការពលីកម្មរបស់លោកនៅតែស្ថិតក្នុងការចងចាំរបស់កញ្ញា ជានិច្ច។
កញ្ញាបន្តថា៖ «ឈាមរបស់លោកបណ្ឌិតគឺកំពុងតែនៅក្នុងខ្លួនរបស់យុវជនខ្មែរ នៅក្នុងព្រលឹងរបស់យុវជនខ្មែរ ដែលគ្មានថ្ងៃសាបសូន្យឡើយ»។
ប្រភពដដែលបន្តថា សកម្មភាពប្រើទឹកតំណាងឈាមនេះ ក៏ជាសារមួយជំរុញទៅកាន់អាជ្ញាធរឱ្យបើកកាស៊ើបអង្កេតជាថ្មីចំពោះករណីឃាតកម្មមួយនេះ។យុវតីដែលតែងតែចេញចូលរួមការងារសង្គមរូបនេះ ចាត់ទុកថា រឿងក្តីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺមិនមានយុត្តិធម៌នោះទេ ទោះបីជា ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានតុលាការផន្ទាទោសដាក់ពន្ធនាគារទៅហើយក្តី។យុវតីរូបនេះយល់ឃើញថា ឃាតករដែលត្រូវបានចោទប្រកាន់ និងដាក់ដាក់ពន្ធនាគារនោះ គ្រាន់តែជាការបន្លំភ្នែកពលរដ្ឋឱ្យស្ងប់ចិត្តទេ។
កញ្ញាបន្តថា៖ «ពលរដ្ឋភាគច្រើនដែលគាំទ្រលោកបណ្ឌិត កែម ឡី នៅតែមិនទទួលបានយុត្តិធម៌។អ៊ីចឹងក្នុងនាមតុលាការ ដែលជាកន្លែងផ្តល់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ពួកគាត់ [គួរតែ]ទទួលស្គាល់នូវចន្លោះប្រហោង ហើយស្វះស្វែង រកយុត្តិធម៌ និងបន្តរឿងក្តីហ្នឹង តទៅមុខទៀត កុំឱ្យស្ងាត់បាត់»។
បើតាម យុវតី ភូន កែវរស្មី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ កក្កដា នេះ មានយុវជនប្រមាណ ១៧នាក់បានចូលរួមដោយពាក់អាវពណ៌សរ និងយកល័ក្ខពណ៌ក្រហម តំណាងឱ្យឈាមស្រោចលើដងខ្លួន។ក្នុងពិធីនេះ ក្រុមយុវជនក៏បានដាក់កម្រងផ្កាលើរូបថតលោកបណ្ឌិត កែម ឡី នៅនឹងស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ម្តុំស្តុបបូកគោ ដែលជាកន្លែងចុងក្រោយដែលលោកត្រូវឃាតករផ្តាច់ជីវិត។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងទំនិញមួយ នៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ម្តុំស្តុបបូកគោ រាជធានីភ្នំពេញ។ ភ្លាមៗ បន្ទាប់ពីបាញ់សម្លាប់ ឃាតករដែលមានឈ្មោះថា អឿត អាង និងហៅខ្លួនឯងថា ជួប សម្លាប់ ត្រូវសមត្ថកិច្ចចាប់បាន ហើយបញ្ជូនទៅតុលាការ។
រហូតដល់ខែមីនា ឆ្នាំ២០១៧ តុលាការជាន់ទាបក្រុងភ្នំពេញ បានសម្តេចផ្តន្ទាទោសលោក ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន និងប្រាស់ប្រាស់អាវុធដោយគ្មានការអនុញ្ញាត »។ការកាត់ទោសដាក់ពន្ធគារអស់មួយជីវិតនេះ ក្រោយលោក អឿត អាង សារភាពថា ខ្លួនជាអ្នកបាញ់លោក កែម ឡី ក្រោមហេតុផលថា លោក កែម ឡី ជំពាក់លុយខ្លួន៣,០០០ដុល្លារអាមេរិក។
យុវតីម្នាក់ទៀត កញ្ញា លាង សុវណ្ណា វ័យ ២២ឆ្នាំ ដែលចូលរួមស្រោចទឹកក្រហមតំណាងឈាមដែរនោះ ប្រាប់ថា នេះជាលើកដំបូងដែរខ្លួនបានចូលរួមផ្ទាល់ក្នុងពិធីខួបនៃការបាត់បង់លោក កែម ឡី។យុវតីរូបនេះ ចាត់ទុកលោកកែម ឡី ជាបណ្ឌិតមួយរូបដែលមានភាពសាមញ្ញ និងតែងតែវិភាគឱ្យពលរដ្ឋគិតគូរពីបញ្ហាប្រទេសជាតិ។
ប្រភពបន្តថា៖ «គាត់ [លោកកែម ឡី] គិតគូរឱ្យប្រជាពលរដ្ឋខ្មែរយើងហ្នឹងប្តូរគំនិត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើនតាមបែបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយការវិភាគរបស់គាត់ហ្នឹង គឺគ្រាន់តែចង់ឱ្យប្រទេសរបស់យើងហ្នឹង មិនមានការរឹតត្បិតសិទ្ធិសេរីភាពណាមួយ ឬធ្វើខុសបរិបទច្បាប់ណាមួយដែលរំលោភទៅលើសិទ្ធិមនុស្សទេ»។
កាលនៅមានជីវិត លោក កែម ឡី ធ្លាប់បានវិភាគពីបញ្ហាសង្គមចំៗរួមមាន បញ្ហាព្រំដែន ការហូរចូលនៃជនអន្តប្រវេសន៍វៀតណាម និងអំពើពុករលួយជាដើម។អ្នកវិភាគបញ្ហាសង្គមរូបនេះ ធ្លាក់និយាយ ថា នៅពេលដែលលោកវិភាគម្តងៗលោកមិនដែលគិតថា លោកនៅមានជីវិតនោះទេ។
សម្រាប់ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក យល់ឃើញថា ករណី ឃាតកម្មលើលោកបណ្ឌិត កែម ឡី នៅតែជាបញ្ហាចម្រូងចម្រាស់មួយ ដែលអាជ្ញាធរ មិនបានបើកស៊ើបអង្កេតឱ្យបានច្បាស់ដើម្បីរកឃាតករពិតនោះទេ។លោកថា អាជ្ញាធរហាក់មិនបានព្យាយាមបើកបង្ហាញការពិតឱ្យក្រុមគ្រួសារ និងអ្នកគាំទ្រ លោកបណ្ឌិត កែម ឡី បានអស់ចិត្តជុំវិញឃាតកម្មនេះឡើយ។លោកចាត់ទុកថា ការទុកសំណុំរឿងចោល បែបនេះ គឺបង្កឱ្យមានអំពើនិទណ្ឌភាពក្នុងសង្គម។
លោកបន្តថា៖ «តូនាទីអ្នកប្រត្តិបត្តិច្បាប់ ទាំងសមត្ថកិច្ចទាំងតុលាការ គឺទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ធ្វើម៉េចទប់ស្តាត់ កុំឱ្យមានអំពើនិទណ្ឌភាព ធ្វើឱ្យមានយុត្តិធម៌សង្គមគឺអ្នកទាំងអស់ហ្នឹងឯង។ បើអ្នកទាំងអស់ហ្នឹងគាត់ថា អ៊ីចឹងយើងក៏មិនមានអីក្រៅពី ទទូចសុំឱ្យមានការរកវិធីសាស្រ្តឬក៏ប្រើនូវសមត្ថភាពរបស់ខ្លួនឱ្យអស់ពីឆន្ទៈ ច្បាស់លាស់មក នៅពេលឃើញមានភាណខិតខំប្រឹងប្រែង យើងក៏អស់ចិត្តទៅតាមហ្នឹងដែរ»។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និង អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចសុំការឆ្លើយតបបានភ្លាមៗទេ នៅថ្ងៃនេះ ដោយទូរស័ទ្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។
យ៉ាងនេះក្តី កាលពីថ្ងៃទី១០ មិថុនា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្លាប់ថ្លែងថា លោកធ្លាប់ជួយថវិកាសាងសង់ចេតិយ និងចូលរួមពិធីបុណ្យសព ១០០ថ្ងៃលោក កែម ឡី ចំនួន១០ ០០០ដុល្លារអាមេរិក។លោកថា ក្នុងករណីឃាតកម្មនេះ គឺរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាអ្នកខាតបង់ធំជាងគេ ដោយរងការចោទថា ជាអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោក កែម ឡី។
យ៉ាងនេះក្តី ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះកើតឡើងតែ២ថ្ងៃ បន្ទាប់ពីលោកអត្ថាធិប្បាយជុំវិញរបាយការណ៍ដែលរកឃើញដោយអង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានឈ្មោះថា «អាណាចក្រអាជីវកម្មត្រកូលហ៊ុននៅកម្ពុជា»។ របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងច្រើននៅកម្ពុជា ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលបញ្ហានេះ លោកបណ្ឌិតយល់ឃើញពេលនោះថា នឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំឬ កាន់អំណាច៕