ក្រុមយុវជនជិត២០នាក់ ដែលសកម្មក្នុងការងារសង្គមបានប្រើទឹកល័ក្ខតំណាំងឱ្យឈាមស្រោចពេញដងខ្លួនក្នុងពិធីរឭកខួប៧ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដើម្បីទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតជាថ្មីចំពោះករណីឃាតកម្មចំកណ្តាលរាជធានីភ្នំពេញ។

តំណាងក្រុមយុវជនដែលចូលរួមសកម្មភាពរំឭកខួប លោកបណ្ឌិត កែម ឡី គឺយុវតី ភួន កែវរស្មី  ប្រាប់ ​Ne​w​​​​​sr​o​o​​​m Cambodia ថា គោលបំណងដែលកញ្ញាផ្តួចផ្តើមគំនិតប្រើទឹកល័ក្ខមកចាក់លើដងខ្លួននេះ ដើម្បីទា​​​ម​​ទា​​រយុត្តិធម៌ឱ្យលោក កែម ឡី និងទទូចឱ្យអាជ្ញាធរបើកការស៊ើបអង្កេតសំណុំរឿងនេះជាថ្មី។កញ្ញាចាត់ទុកថា លោក កែម ឡី ជាវីរៈបុរសរបស់ខ្លួន ទោះបីជាលោកបានស្លាប់ពិតមែន ប៉ុន្តែ ការពលីកម្ម​របស់លោ​​ក​នៅតែស្ថិតក្នុងការចងចាំរបស់កញ្ញា ជានិច្ច។

កញ្ញាបន្តថា៖ «ឈាមរបស់លោកបណ្ឌិតគឺកំពុងតែនៅក្នុងខ្លួនរបស់យុវជនខ្មែរ នៅក្នុងព្រលឹងរបស់យុវជនខ្មែរ ដែលគ្មានថ្ងៃសាបសូន្យឡើយ»

ប្រភពដដែលបន្តថា សកម្មភាពប្រើទឹកតំណាងឈាមនេះ ក៏ជាសារមួយជំរុញទៅកាន់អាជ្ញាធរឱ្យបើកកាស៊ើបអង្កេតជាថ្មីចំពោះករណីឃាតកម្មមួយនេះ។យុវតីដែលតែងតែចេញចូលរួមការងារសង្គមរូបនេះ ចាត់ទុកថា រឿងក្តីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺមិនមានយុត្តិធម៌នោះទេ ទោះបីជា ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានតុលាការផន្ទាទោសដាក់ពន្ធនាគារទៅហើយក្តី។យុវតីរូបនេះ​យល់ឃើញថា ឃាតករដែលត្រូវបានចោទប្រកាន់ និងដាក់ដាក់ពន្ធនាគារនោះ គ្រាន់តែជាការបន្លំភ្នែកពលរដ្ឋឱ្យស្ងប់ចិត្តទេ។

កញ្ញាបន្តថា៖ «ពលរដ្ឋភាគច្រើនដែលគាំទ្រលោកបណ្ឌិត កែម ឡី នៅតែមិនទទួលបានយុត្តិធម៌។អ៊ីចឹងក្នុងនាមតុលាការ ដែលជាកន្លែងផ្តល់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ពួកគាត់ [គួរតែ]ទទួលស្គាល់នូវចន្លោះប្រហោង ហើយស្វះស្វែង រកយុត្តិធម៌ និងបន្តរឿងក្តីហ្នឹង តទៅមុខទៀត កុំឱ្យស្ងាត់បាត់»

បើតាម យុវតី ភូន កែវរស្មី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ កក្កដា នេះ មានយុវជនប្រមាណ ១៧នាក់បានចូ​លរួមដោយពាក់អាវពណ៌សរ និងយកល័ក្ខពណ៌ក្រហម តំណាងឱ្យឈាមស្រោចលើដងខ្លួន។ក្នុងពិធីនេះ ក្រុមយុវជន​ក៏បានដាក់កម្រងផ្កាលើរូបថតលោកបណ្ឌិត កែម ឡី នៅនឹងស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ម្តុំស្តុប​​​បូក​គោ ដែលជាកន្លែងចុងក្រោយដែលលោកត្រូវឃាតករផ្តាច់ជីវិត។

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងទំនិញមួយ នៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ម្តុំស្តុបបូកគោ រាជធានីភ្នំពេញ។ ភ្លាមៗ បន្ទាប់ពីបាញ់សម្លាប់ ឃាតករដែលមានឈ្មោះថា អឿត អាង និងហៅខ្លួនឯងថា ជួប សម្លាប់ ត្រូវសមត្ថកិច្ចចាប់បាន ហើយបញ្ជូនទៅតុលាការ។

រហូតដល់ខែមីនា ឆ្នាំ២០១៧ តុលាការជាន់ទាបក្រុងភ្នំពេញ បានសម្តេចផ្តន្ទាទោសលោក ជួប ស​​ម្លាប់ ដាក់ពន្ធនា​​គារអស់មួយជីវិត ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន និងប្រាស់ប្រាស់អាវុធ​​ដោ​​យ​​គ្មាន​​កា​​រ​​​​អ​​នុ​ញ្ញាត »។ការកាត់ទោសដាក់ពន្ធគារអស់មួយជីវិតនេះ ក្រោយលោក អឿត អាង សារភាពថា ខ្លួនជាអ្នក​​បាញ់លោក កែម ឡី ក្រោមហេតុផលថា លោក កែម ឡី ជំពាក់លុយខ្លួន៣,០០០ដុល្លារអាមេរិក។

យុវតីម្នាក់ទៀត កញ្ញា លាង សុវណ្ណា វ័យ ២២ឆ្នាំ ដែលចូលរួមស្រោចទឹកក្រហមតំណាងឈាមដែរនោះ ប្រាប់ថា នេះជាលើកដំបូងដែរខ្លួនបានចូលរួមផ្ទាល់ក្នុងពិធីខួបនៃការបាត់បង់លោក កែម ឡី។យុវតីរូបនេះ ចាត់ទុកលោកកែម ឡី ជាបណ្ឌិតមួយរូបដែលមានភាពសាមញ្ញ និងតែងតែវិភាគឱ្យពលរដ្ឋគិតគូរពីបញ្ហាប្រទេសជាតិ។

ប្រភពបន្តថា៖ «គាត់ [លោកកែម ឡី] គិតគូរឱ្យប្រជាពលរដ្ឋខ្មែរយើងហ្នឹងប្តូរគំនិត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើនតាមបែបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយការវិភាគរបស់គាត់ហ្នឹង គឺគ្រាន់តែចង់ឱ្យប្រទេសរបស់យើងហ្នឹង មិនមានការរឹតត្បិតសិទ្ធិសេរីភាពណាមួយ ឬធ្វើខុសបរិបទច្បាប់ណាមួយដែលរំលោភទៅលើសិទ្ធិមនុស្សទេ»។

កាលនៅមានជីវិត លោក កែម ឡី ធ្លាប់បានវិភាគពីបញ្ហាសង្គមចំៗរួមមាន បញ្ហាព្រំដែន ការហូរចូលនៃជនអន្តប្រវេសន៍វៀតណាម និងអំពើពុករលួយជាដើម។អ្នកវិភាគបញ្ហាសង្គមរូបនេះ ធ្លាក់និយាយ ថា នៅពេលដែលលោកវិភាគម្តងៗលោកមិនដែលគិតថា លោកនៅមានជីវិតនោះទេ។

សម្រាប់ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក យល់ឃើញថា ករណី ឃា​ត​កម្ម​លើលោកបណ្ឌិត កែម ឡី នៅតែជាបញ្ហាចម្រូងចម្រាស់មួយ ដែលអាជ្ញាធរ មិនបានបើក​ស៊ើបអង្កេតឱ្យបានច្បាស់ដើម្បីរកឃាតករពិតនោះទេ។លោកថា អាជ្ញាធរហាក់មិនបានព្យាយាមបើកបង្ហាញការពិតឱ្យ​​ក្រុ​ម​​​​គ្រួសារ និងអ្នកគាំទ្រ លោកបណ្ឌិត កែម ឡី បានអស់ចិត្តជុំវិញឃាតកម្មនេះឡើយ។លោកចាត់ទុកថា ការទុ​ក​​​​សំណុំរឿងចោល បែបនេះ គឺបង្កឱ្យមានអំពើនិទណ្ឌភាពក្នុងសង្គម។

លោកបន្តថា៖ «តូនាទីអ្នកប្រត្តិបត្តិច្បាប់ ទាំងសមត្ថកិច្ចទាំងតុលាការ គឺទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ធ្វើម៉េចទប់ស្តាត់ កុំឱ្យមានអំពើនិទណ្ឌភាព ធ្វើឱ្យមានយុត្តិធម៌សង្គមគឺអ្នកទាំងអស់ហ្នឹងឯង។ បើអ្នកទាំងអស់ហ្នឹងគាត់ថា អ៊ីចឹងយើងក៏មិនមានអីក្រៅពី ទទូចសុំឱ្យមានការរកវិធីសាស្រ្តឬក៏ប្រើនូវសមត្ថភាពរបស់ខ្លួនឱ្យអស់ពីឆន្ទៈ ច្បាស់លាស់មក នៅពេលឃើញមានភាណខិតខំប្រឹងប្រែង យើងក៏អស់ចិត្តទៅតាមហ្នឹងដែរ»

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និង អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចសុំការឆ្លើយតបបានភ្លាមៗទេ នៅថ្ងៃនេះ ដោយទូរស័ទ្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។

យ៉ាងនេះក្តី កាលពីថ្ងៃទី១០ មិថុនា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្លាប់ថ្លែងថា លោកធ្លាប់ជួយថវិកាសាងសង់ចេតិយ និងចូលរួមពិធីបុណ្យសព ១០០ថ្ងៃលោក កែម ឡី ចំនួន១០ ០០០ដុល្លារអាមេរិក។លោ​​ក​​ថា ក្នុងករណីឃាតកម្មនេះ គឺរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាអ្នកខាតបង់ធំជាងគេ ដោយរងការចោទថា ជាអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោក កែម ឡី។

យ៉ាងនេះក្តី ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះកើតឡើងតែ២ថ្ងៃ បន្ទាប់ពីលោកអត្ថាធិប្បាយជុំវិញរបាយការណ៍ដែលរកឃើញដោយអង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានឈ្មោះថា «អា​​ណាចក្រអាជីវកម្មត្រកូលហ៊ុននៅកម្ពុជា»។ របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងច្រើននៅកម្ពុជា ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលបញ្ហានេះ លោកបណ្ឌិតយល់ឃើញពេលនោះថា នឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំឬ កាន់អំណាច៕