ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីប្រមាណ ១០០នាក់ និងសាច់ញាតិសកម្មជនដីធ្លី ដែលកំពុងជាប់ឃុំទាំង៩នាក់ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង តវ៉ាឱ្យតុលាការទម្លាក់បទចោទមកលើសកម្មជនដីធ្លីទាំងនោះ ដើម្បីដោះលែងឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ។
ការប្រមូលផ្តុំគ្នាតវ៉ានៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ ធ្វើឡើង ក្រោយពេលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង កោះហៅសកម្មជនដីធ្លីទាំង ៩នាក់នោះ មកសាកសួរបន្ថែម ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលអាជ្ញាធរបានឃាត់ខ្លួនពួកគេកាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅនេះ។
តំណាងសហគមន៍ដីធ្លី១៩៧ អ្នកស្រី អិប តឹង រស់នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រាប់ Newsroom Cambodia ថា ការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង គឺក្នុងគោលបំណងជំរុញឱ្យអាជ្ញាធរដោះលែងសកម្មជនដីធ្លីទាំង ៩នាក់នេះ ជាបន្ទាន់។តំណាងសហគមន៍រូបនេះ ចាត់ទុកថា ការចោទប្រកាន់របស់តុលាការមកលើសកម្មជនដីធ្លីទាំងនោះ គឺជារូបភាពមួយដើម្បីបិទមាត់របស់ពលរដ្ឋមិនឱ្យហ៊ានងើបតវ៉ាពីបញ្ហាដីធ្លី និងទាមទារសេរីភាពដែលខ្លួនចង់បាន។
អ្នកស្រីបន្តថា៖ «វាជា [រឿង] អយុត្តិធម៌ណាស់ [អាជ្ញាធរចោទប្រកាន់ផ្លូវច្បាប់]ពីរបីជាន់ម្នាក់ឯង។ចង់និយាយថា បាត់បង់ដីធ្លីមួយជាន់ហើយ គេរំលោភសិទ្ធិដីធ្លីម៉ាតង់! ហើយទាមទារសិទ្ធិដីធ្លីមកវិញត្រូវ គេចោទប្រកាន់ពីបទញុះញង់ទៀត! អ៊ីចឹងវារងគ្រោះ ជាន់គ្រោះទៀត។យើងអ្នកក្រ រងគ្រោះហើយត្រូវគេចោទប្រកាន់! វាអយុត្តិធម៌ណាស់ចំពោះអ្នកក្រមានទំនាស់ដីធ្លី»។
បើតាម អ្នកស្រី អិប តឹង ក្រុមប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នានៅព្រឹកមិញនេះមានគ្នាប្រមាណ១០០នាក់ គឺជាពលរដ្ឋដែលរងគ្រោះដីធ្លីនៅស្រុកស្រែអំបិល និងជាសាច់ញាតិសកម្មជនដីធ្លីទាំង ៩នាក់ ដែលពួកគេ មកពីឃុំដងពែង ឃុំជីខលើ និងឃុំជីខក្រោម ជាដើម។ប្រភពដដែលបន្តថា ក្រុមប្រជាពលរដ្ឋនឹងបន្តប្រមូលផ្តុំគ្នាសារជាថ្មីទៀត ប្រសិនបើតុលាការមិនព្រមដោះលែងអ្នកទាំង ៩នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ឱ្យមកជួបជុំក្រុមគ្រួសារវិញនោះទេ។
អ្នកស្រីបន្តថា៖ «បង និងអ្នករងគ្រោះបន្តបន្ទាប់ ក្រុមគ្រួសារគាត់នៅតែបន្តមក [តវ៉ា] ដោយសារតែគាត់នឹកកូន ខ្លះនឹកប្រពន្ធ ខ្លះនឹកប្តី ខ្លះនឹកឪពុក ហើយមានកូនតូច កូនតាចមកចង់ជួបមុខម្តាយហើយអត់បានជួប។ពួកគាត់នៅតែមក គាត់សង្ឃឹមថា តុលាការ នឹងដោះលែង [សាច់ញាតិ] ពួកគាត់ ដោយសារតែ ពួកគាត់អត់មានកំហុស»។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សកម្មជនដីធ្លីប្រមាណ ១៥នាក់ ត្រូវបានអាជ្ញាធររារាំងរថយន្ដរបស់ពួកគេនៅក្នុងស្រុកស្រែអំបិល បន្ទាប់ពីពួកគេធ្វើដំណើរឡើងមកដាក់ញត្តិ នៅក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍របស់ពួកគាត់ចំនួន ៣០នាក់។
ក្នុងថ្ងៃដដែលនោះ តុលាការខេត្តកោះកុង បានសម្រេចចោទប្រកាន់សកម្មជនដីធ្លីចំនួន១០នាក់ ក្នុងនោះឃុំខ្លួនសកម្មជនដីធ្លីចំនួន ៩នាក់ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សកម្មជនដីធ្លីដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារក្នុងខេត្តកោះកុងទាំង៩នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ។
ជាមួយគ្នានេះ ស្វាមីរបស់អ្នកស្រី ដេត ហ៊ួ គឺលោក តាង ភិន វ័យ ៤៣ឆ្នាំ បានអំពាវនាវឱ្យតុលាការដោះលែងភរិយារបស់ខ្លួនដោយ ឥតលក្ខខណ្ឌ ដោយថាការឃុំខ្លួនប្រពន្ធរបស់លោកគឺជារឿងអយុត្តិធម៌ ដែលលោកមិនអាចទទួលយកបាននោះទេ។
លោកបន្តថា៖ «[ខ្ញុំ]សុំចង់ជំរុញឱ្យតុលាការក្នុងខេត្តកោះកុងឆាប់ដោះលែងភរិយារបស់ខ្ញុំ»។
បើតាមលោក តាង ភិន ឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០៧ លោកបាត់បង់ដីប្រមាណ ៥ហិកតា ពាក់ព័ន្ធជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ។លោកបន្ថែមថា សកម្មភាពភរិយារបស់លោកនាពេលកន្លងមកមិនមានបំណងដើម្បីផ្តួលរំលំរដ្ឋាភិបាល ឬបង្កឱ្យមានភាពវឹកវរដល់សង្គមដូចការចោទប្រកាន់របស់តុលាការនោះទេ។លោកបញ្ជាក់ថា ប្រពន្ធរបស់លោកធ្វើសកម្មភាពដើម្បីរកយុត្តិធម៌ឱ្យសកម្មជនដីធ្លីផ្សេងទៀត និងចង់បានដីដែលបាត់បង់ដើម្បីអាស្រ័យផលឡើងវិញ។
ដោយឡែក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិលចំនួន៥១ ស្ថាប័ន រួមមាន មជ្ឈមណ្ឌលសិទ្ធិកម្ពុជា និងអង្គការការពារសិទ្ធិមនុស្ស លីកាដូ ជាដើម បានចេញសេចក្តីថ្លែងការរួមមួយ ដោយចាត់ទុកថា ករណីឃុំខ្លួនសកម្មជនដីធ្លីនេះ គឺគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋដើម្បីមិនឱ្យចេញមុខតវ៉ា និងទាមទាររកយុត្តិធម៌។សេចក្តីថ្លែងដដែលបានស្នើឱ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លីទាំងនេះជាបន្ទាន់ដើម្បីរូចពីការឃុំខ្លួនបណ្ដោះអាសន្ននេះ។
ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា សកម្មភាពរបស់សកម្មជនដីធ្លីទាំង៩នាក់នៅខេត្តកោះកុងដែលរួមគ្នាដាក់ញតិទៅក្រសួងយុត្តិធម៌នេះមិនមែនជាទង្វើរខុសច្បាប់នោះទេ។ផ្ទុយទៅវិញលោកថា នេះគឺជាការសម្តែងមតិដែលស្របទៅនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល បានចែងពីការការពារសិទ្ធិរបស់ពលរដ្ឋ។
លោកបន្តថា៖«ករណីនេះយើងមើលទៅវាជារឿងអយុត្តិធម៌ណាស់សម្រាប់ពួកគាត់ វាជាការរំលោភទៅលើសិទ្ធពួកគាត់យ៉ាងធ្ងន់ធ្ងរ។ពីព្រោះបើយើងមើលរដ្ឋធម្មនុញ្ញមាត្រា ៣៥និយាយអំពើសំណើរ ឬក៏សំណូមពរ របស់ពលរដ្ឋ អង្គការរដ្ឋត្រូវតែពិនិត្យមើល ហើយពិចារណារកដំណោះស្រាយ » ។
រដ្ឋធម្មនុញ្ញ មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ជុំវិញករណីនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ និងលោក សុខ សុទ្ធី មិនអាចសុំការអធ្ថាធិប្បាយភ្លាមៗបានទេថ្ងៃនេះ។
យ៉ាងនេះក្តី អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ធ្លាប់ប្រាប់ Newsroom Cambodia ថា ការឃាត់ខ្លួននេះ គឺជានីតិវិធីរបស់អាជ្ញាធរដើម្បីការពារសុវត្ថិភាពក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត។
បើទោះជាបែបណា គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងនេះ បានបន្តអូសបន្លាយជិត ២០ ឆ្នាំមកនេះ នៅតែដោះស្រាយមិនចេញ។ ក្រុមសកម្មជនដីធ្លីនៅខេត្តកោះកុងបានតស៊ូនឹងវិវាទដីធ្លីនេះជាច្រើនឆ្នាំមកហើយ ចាប់តាំងពីអំឡុងឆ្នាំ២០០៦ ជាមួយពលរដ្ឋជិត ២០០គ្រួសារ(១៩៧) ដែលមានផ្ទៃដីសរុប ១ ២០០ ហិកតារ បន្ទាប់ពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ បានវិនិយោគដំណាំស្ករអំពៅលើដីសហគមន៍។ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីការពារដីធ្លី តែងតែត្រូវទទួលរងការធ្វើធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់៕