ប្រជាសហគមន៍ដែលមាន​ទំនាស់​ដីធ្លី​ប្រមាណ ​១​០​០​នាក់​ និងសាច់ញាតិ​សកម្មជន​ដីធ្លី​ ​ដែល​កំពុ​​ង​​​ជាប់ឃុំ​ទាំង​៩​នាក់ បាន​ប្រមូលផ្ដុំគ្នា​​នៅមុខ​សាលាដំបូង​ខេត្ត​កោះ​កុង​ ​​តវ៉ា​ឱ្យ​តុលាការ​ទម្លាក់​បទចោ​ទ​មក​លើ​សកម្មជន​ដីធ្លី​ទាំង​នោះ​ ដើម្បីដោះលែងឱ្យ​មាន​សេរីភាព​ឡើងវិញ​ ​ដោយឥតលក្ខ​​​ខ​ណ្ឌ​​។​

​ការ​ប្រមូលផ្តុំ​គ្នា​តវ៉ានៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ ធ្វើឡើង ក្រោយពេល​ចៅក្រម​ស៊ើបសួរ​នៃ​សា​​​លាដំបូង​ខេត្ត​កោះ​កុង​ ​កោះហៅ​សកម្មជនដីធ្លីទាំង ​៩​នាក់នោះ ​មក​សាកសួរ​បន្ថែម​ ​ក្នុង​សំណុំរឿង​ ​«​ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​»​ដែលអាជ្ញាធរបានឃាត់ខ្លួនពួកគេកាលពីថ្ងៃទី​២៩ ខែមិថុនា កន្លងទៅនេះ។

តំណាងសហគមន៍ដីធ្លី១៩៧ អ្នកស្រី អិប តឹង រស់នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រាប់ Newsroom Cambodia ថា ការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង គឺ​​ក្នុ​ង​​​​គោលបំណង​ជំរុញឱ្យអាជ្ញាធរដោះលែងសកម្មជនដីធ្លីទាំង ៩នាក់នេះ ជាបន្ទាន់។តំណាងសហគមន៍រូបនេះ ចាត់ទុកថា ការចោទប្រកាន់របស់តុលាការមកលើសកម្មជនដីធ្លីទាំងនោះ គឺជារូបភា​​ព​​​មួយដើម្បីបិទមាត់របស់ពលរដ្ឋមិនឱ្យហ៊ានងើបតវ៉ាពីបញ្ហាដីធ្លី និងទាមទារសេរីភាពដែលខ្លួនច​​ង់​បាន។

អ្នកស្រីបន្តថា៖ «វាជា [រឿង] អយុត្តិធម៌ណាស់ [អាជ្ញាធរចោទប្រកាន់ផ្លូវច្បាប់]ពីរបីជាន់ម្នាក់ឯង។ចង់និយាយថា បាត់បង់ដីធ្លីមួយជាន់ហើយ គេរំលោភសិទ្ធិដីធ្លីម៉ាតង់! ហើយទាមទារសិទ្ធិដីធ្លីមកវិញត្រូវ គេចោទប្រកាន់ពីបទញុះញង់ទៀត! អ៊ីចឹងវារងគ្រោះ ជាន់គ្រោះទៀត។យើងអ្នកក្រ រងគ្រោះហើយត្រូវគេចោទប្រកាន់! វាអយុត្តិធម៌ណាស់ចំពោះអ្នកក្រមានទំនាស់ដីធ្លី»

បើតាម អ្នកស្រី អិប តឹង ក្រុមប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នានៅព្រឹកមិញនេះមានគ្នា​ប្រមាណ១០​​០​នាក់ គឺជាពលរដ្ឋដែលរងគ្រោះដីធ្លីនៅស្រុកស្រែអំបិល និងជាសាច់ញាតិសកម្មជនដីធ្លីទាំង ៩នា​ក់ ដែលពួកគេ មកពីឃុំដងពែង ឃុំជីខលើ និងឃុំជីខក្រោម ជាដើម។ប្រភពដដែលបន្តថា ក្រុមប្រជាពលរដ្ឋនឹងបន្តប្រមូលផ្តុំគ្នាសារជាថ្មីទៀត ប្រសិនបើតុលាការមិនព្រមដោះលែងអ្នកទាំង ៩នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ឱ្យមកជួបជុំក្រុមគ្រួសារវិញនោះទេ។

អ្នកស្រីបន្តថា៖ «​បង និងអ្នករងគ្រោះបន្តបន្ទាប់ ក្រុមគ្រួសារគាត់នៅតែបន្តមក [តវ៉ា] ដោយសារតែគាត់នឹកកូន ខ្លះនឹកប្រពន្ធ  ខ្លះនឹកប្តី ខ្លះនឹកឪពុក ហើយមានកូនតូច កូនតាចមកចង់ជួបមុខម្តាយហើយអត់បានជួប។ពួកគាត់នៅតែមក គាត់សង្ឃឹមថា តុលាការ នឹងដោះលែង [សាច់ញាតិ] ពួកគាត់ ដោយសារតែ ពួកគាត់អត់មានកំហុស»។

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សកម្មជនដីធ្លីប្រមាណ ១៥នាក់ ត្រូវបានអាជ្ញាធររារាំងរថយន្ដរបស់ពួកគេនៅក្នុងស្រុកស្រែអំបិល បន្ទាប់ពីពួកគេធ្វើដំណើរឡើងមកដាក់ញត្តិ នៅក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍របស់ពួកគាត់ចំនួន ៣០នាក់។​​​

ក្នុងថ្ងៃដដែលនោះ តុលាការខេត្តកោះកុង បានសម្រេចចោទប្រកាន់សកម្មជនដីធ្លីចំនួន១០នាក់ ក្នុង​​នោះ​ឃុំខ្លួនសកម្មជនដីធ្លីចំនួន ៩នាក់ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តា​មបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សកម្មជនដីធ្លីដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារក្នុងខេត្តកោះកុងទាំង៩នាក់ រួមមាន អ្ន​ក​​​ស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោ​​​ក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ។

ជាមួយគ្នានេះ ស្វាមីរបស់អ្នកស្រី ដេត ហ៊ួ គឺលោក តាង ភិន វ័យ ៤៣ឆ្នាំ បានអំពាវនាវឱ្យតុលាការដោះលែងភរិយារបស់ខ្លួនដោយ ឥតលក្ខខណ្ឌ ដោយថាការឃុំខ្លួនប្រពន្ធរបស់លោកគឺជារឿងអយុ​​​​ត្តិធម៌ ដែលលោកមិនអាចទទួលយកបាននោះទេ។

លោកបន្តថា៖ «[ខ្ញុំ]សុំចង់ជំរុញឱ្យតុលាការក្នុងខេត្តកោះកុងឆាប់ដោះលែងភរិយារបស់ខ្ញុំ»

បើតាមលោក តាង ភិន ឱ្យដឹងថា​ ក្នុងអំឡុងឆ្នាំ២០០៧ លោកបាត់បង់ដីប្រមាណ ៥ហិកតា​ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ។លោកបន្ថែមថា​ សកម្មភាពភរិយារបស់លោកនាពេលកន្លងមកមិនមានបំណងដើម្បីផ្តួលរំលំរដ្ឋាភិបាល ឬបង្កឱ្យមានភាពវឹកវរដល់សង្គមដូចការចោទប្រកាន់របស់តុលាការនោះទេ។លោកបញ្ជាក់ថា ប្រពន្ធរបស់លោកធ្វើសកម្មភាពដើម្បីរកយុត្តិធម៌ឱ្យសកម្មជនដីធ្លីផ្សេងទៀត និងចង់បានដីដែលបាត់បង់ដើម្បីអាស្រ័យផលឡើងវិញ។

ដោយឡែក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិ​លចំនួន៥១ ស្ថាប័ន រួមមាន មជ្ឈមណ្ឌលសិទ្ធិកម្ពុជា និ​ង​អង្គការការពារសិទ្ធិមនុស្ស លីកាដូ ជាដើម បានចេញសេចក្តីថ្លែងការរួមមួយ ដោយ​ចាត់ទុកថា ​ករណីឃុំ​ខ្លួនសកម្មជនដីធ្លីនេះ គឺគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងជា​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ប្រជាពលរដ្ឋដើម្បី​មិ​ន​ឱ្យចេញមុខតវ៉ា និងទាមទាររកយុត្តិធម៌។​សេចក្តីថ្លែងដដែលបានស្នើឱ្យអាជ្ញាធរ​ទម្លាក់​ចោល​ការចោទប្រកាន់​​ ​និង​ដោះលែង​សកម្មជនដីធ្លីទាំងនេះ​ជាបន្ទាន់​ដើម្បីរូចពី​ការ​ឃុំ​ខ្លួន​បណ្ដោះ​​អាសន្ន​នេះ។

ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យ​​ល់​ឃើញថា សកម្មភាពរបស់សកម្មជនដីធ្លីទាំង៩នាក់នៅខេត្តកោះកុងដែលរួមគ្នាដាក់ញតិទៅក្រ​​សួ​ង​​យុត្តិធម៌នេះ​មិនមែនជាទង្វើរខុសច្បាប់នោះទេ។ផ្ទុយទៅវិញលោកថា នេះគឺជាការសម្តែងមតិដែ​​ល​ស្របទៅនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល បានចែងពីការការពារសិទ្ធិរបស់ពលរដ្ឋ។

លោកបន្តថា៖«ករណីនេះយើងមើលទៅវាជារឿងអយុត្តិធម៌ណាស់សម្រាប់ពួកគាត់ វាជាការរំ​​លោ​​ទៅលើសិទ្ធពួកគាត់យ៉ាងធ្ងន់ធ្ងរ។ពីព្រោះបើយើងមើលរដ្ឋធម្មនុញ្ញមាត្រា ៣៥និយាយអំពើសំ​​ណើ​​រ ឬក៏សំណូមពរ របស់ពលរដ្ឋ អង្គការរដ្ឋត្រូវតែពិនិត្យមើល ហើយពិចារណារកដំណោះស្រា»

រដ្ឋធម្មនុញ្ញ មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវ​​ភា​ពន​​យោបា​យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រ​​ជា​​ពលរដ្ឋ ត្រូវបា​ន​​ទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ជុំវិញករណីនេះ អ្នកនាំ​ពាក្យ​អយ្យការអមសាលាដំបូងខេត្តកោះកុង ​លោក វ៉ៃ ភីរម្យ ​ និងលោក សុខ សុទ្ធី មិនអាចសុំការអធ្ថាធិប្បាយភ្លាមៗបានទេថ្ងៃនេះ។

យ៉ាងនេះក្តី អភិបាលខេត្តកោះកុង អ្នកស្រី ​មិថុនា ភូថង ធ្លាប់ប្រាប់ Newsroom Cambodia ថា ការ​​ឃាត់ខ្លួននេះ គឺជានីតិវិធីរបស់អាជ្ញាធរដើម្បីការពារសុវត្ថិភាពក្នុងអំឡុងពេលឃោសនារកសំ​​ឡេ​​ងឆ្នោត។

បើទោះជាបែបណា គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុ​ក​​ស្រែ​​​អំបិល ខេត្តកោះកុងនេះ បានបន្ត​​អូស​​បន្លា​យ​ជិត ២០ ឆ្នាំមកនេះ នៅតែដោះស្រាយមិនចេញ។ ក្រុមសកម្ម​ជនដីធ្លីនៅខេត្តកោះកុង​បាន​តស៊ូ​នឹង​វិវាទដីធ្លី​នេះ​ជាច្រើនឆ្នាំមកហើយ ​ចាប់តាំង​ពី​អំ​​ឡុ​ង​​ឆ្នាំ​២​០​០​៦​ ​ជាមួយពលរដ្ឋជិត ២០០គ្រួសារ(១៩៧) ដែលមានផ្ទៃដីសរុប ១ ២០០ ហិកតារ ប​ន្ទា​​ប់ពី​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ឧកញ៉ា​ ​លី​ យ៉ុ​ង​ផាត់​ ​និង​លោក​ ​ហេង​ ​ហ៊ុយ​ ​បាន​វិនិយោ​គ​ដំណាំ​ស្ករអំពៅ​លើ​ដី​សហគមន៍​​។​ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ​ដើម្បីការពារ​ដីធ្លី​​ ​តែងតែ​ត្រូវ​ទទួលរងការធ្វើ​ធ្វើទុក្ខបុកម្នេញ​ពីសំណាក់​អាជ្ញាធរ​ជាបន្តបន្ទាប់​៕