បុរសដែលមានពិការភាពដោយជើងទាំងពីរតាំងពីកំណើត ហើយកំពុងអង្គុយលើរទេះរុញក្នុងសម្លៀកបំពាក់អាវពណ៌សដៃខ្លី និងស្លៀកខោរពណ៌គគីរជើងខ្លីអមជាមួយជើងទាំងពីរពិការភាពតាំងពីកំណើត។ ក្រឡេកមើលរទេះរុញរបស់ខ្លួនដែលពោរពេញទៅដោយសម្បកកំប៉ុងចាស់ៗ។
លោក សូ សួនដែលមានទីលំនៅបច្ចុប្បន្នស្ថិតក្នុងឃុំកំពង់ផ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអះអាងថា កាលពីកុមារភាពលោកគឺជាអ្នកនេសាទម្នាក់ ប៉ុន្តែដោយសារវ័យកាន់តែចាស់ជរាទៅហើយ និងម្យ៉ាងដោយគ្មានកំលាំងកំហែងផង មុខរបរជាអ្នកនេសាទនេះ ក៏សម្រេចចិត្តបោះបង់តែម្តងទៅ។ជំនួសមកវិញ ដោយគ្មានជំរើសណាដែលល្អជាងនេះ បុរសដែលមានវ័យ ៧២ ឆ្នាំរូបនេះបានប្តូរអារជីបពីអ្នកនេសាទមករើសអេតចាយវិញម្តង។
លោកបន្តថា៖ «ខ្ញុំធ្លាប់ធ្វើជាអ្នកនេសាទអស់១០ឆ្នាំ ប៉ុន្តែដល់វ័យចាស់ខ្ញុំទៅវត្តហើយដើររើសកំប៉ុងអេតចាយ» ។
ទោះបីជាស្ថិតក្នុងវ័យជរាបន្តិចទៅហើយក្តី លោក សូ សួន នៅតែប្តេជ្ញាថា នៅថ្ងៃបោះឆ្នោតខាងមុខនេះ ខ្លួននឹងនៅតែទៅបោះឆ្នោតដោយសារតែលោកគិតថាការបោះឆ្នោតពិតជាមានសារសំខាន់សំរាប់លោកផ្ទាល់ និងប្រទេសជាតិរបស់លោក។
លោកបន្តថា ៖ « សំខាន់ចំពោះខ្លួនខ្ញុំបានមកស្រុកកើតសង្រ្គាម វេទនាណាស់ ខ្ញុំវេទនារួចហើយដូចនេះខ្ញុំត្រូវទៅបោះឆ្នោត»។
បើតាមលោក សូ សួន ពិការភាពមិនមែនជាផលលំបាករបស់លោកក្នុងការចូលរួមការបោះឆ្នោតទេដោយសារទីតាំងដែលលោកត្រូវទៅបោះឆ្នោតគឺវាមិនឆ្ងាយពីផ្ទះរបស់លោក។
មិនខុសគ្នាដែរ លោក ស៊ីម មឿយ ដែលមានស្រុកកំណើតនៅ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប លើកឡើងថា សព្វថ្ងៃនេះលោកមានមុខរបរជាអ្នកម៉ាស្សា។មុខរបរនេះបានផ្តល់ចំណូលឱ្យលោកអាចរស់បាន ក្នុងរយៈពេលជាង១០ឆ្នាំមកហើយ។ក្នុងស្ថិតក្នុងវ័យ ៤៤ ឆ្នាំ និងមានកូន២នាក់ក្នុងបន្ទុក លោក មឿយ ប្រាប់ថា រូបគេ និងប្រពន្ធគឺជាអ្នកដែលមានពិការភាពទាំងពីរនាក់ដូចគ្នា។
លោកបន្តថា សម្រាប់ការបោះឆ្នោតអាណត្តិនេះក្រុមគ្រួសាររបស់លោក នឹងទៅចូលរួមបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋម្នាក់ដែរ តាមរយៈការបោះឆ្នោត។ប្រភពដដែលឱ្យដឹងថា ការបោះឆ្នោតជាច្រើនអាណត្តិមកហើយលោក ពុំដែលបានទៅបោះឆ្នោតឆ្នោតនឹងគេទេ ដោយសារលោកគិតថាខ្លួនជាជនដែលរស់នៅក្នុងនាមជាអ្នកដែលមានពិការភាព និងខ្លាចគេរើសអើង។ប៉ុន្តែសម្រាប់អាណត្តិនេះ បើទោះជាត្រូវរងការរិះគន់បែបណា លោក និងក្រុមគ្រួសារនឹងទៅចូលរួមបោះឆ្នោតដែរ ដើម្បីមាតុភូមិកម្ពុជា។
លោកបន្តថា ៖ « ពីមុនៗខ្មាសគេ គេដៀលពេកខ្មាសអ្នកស្រុក យើងដើរទៅងងឹតពពេមពពើម យើងលំបាកគេដឹកដៃដឹក»។
ចំណែក កញ្ញា ឆឺយ សារ៉ា មានស្រុកកំណើតស្ថិតក្នុង ភូមិកណ្តាល ឃុំសណ្តា ស្រុកលើកដែក ខេត្តកណ្តាល លើកឡើងថា ខ្លួននឹងទៅបោះឆ្នោតដែរសម្រាប់អាណត្តិនេះ។ជាអ្នកប្រកបមុរបរច្រៀងតាមស្តុប នៅក្នុងទីក្រុងភ្នំពេញ ដោយសារពិការភ្នែកទាំងសង្ខាង ឱ្យដឹងថាមូលហេតុដែលរូបគេសម្រេចចិត្តទៅបោះឆ្នោត នៅអាណត្តិនេះ នោះក៏ព្រោះតែរូបគេចង់ប្រើប្រាស់សិទ្ធិក្នុងនាមជាម្ចាស់ឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំមួយដ៏ល្អសម្រាប់អនាគត។
មិនខុសគ្នាទេ សំ ស្រីនាង មកពី ភូមិស្វាយត្បូង ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរខេត្ត កំពង់ចាម លើកឡើងថាមូលហេតុដែលរូបគេទៅបោះឆ្នោត គឺដោយសារតែខ្លួនគេអាចជ្រើសរើសអ្នកដឹកនាំដែលនាងពេញចិត្ត ហើយបង្ហាញថានាងក៏ជាប្រជាពលរដ្ឌមួយរូបនៅក្នុងប្រទេសមួយនេះដែរ។
ប្រភពបន្តថា៖ « ចាស៎ ពេលទៅបោះឆ្នោតហ្នឹងវាអត់មានផលលំបាកអីទេ តែផលលំបាក គ្រាន់តែពិបាកធ្វើដំណើរ ប៉ុន្តែទៅដល់ក្នុងសង្កាត់គេបោះឆ្នោតហ្នឹងអត់មានពិបាកអីទេព្រោះគេបានរៀបចំ ឥឡូវនេះគេទំនើបរៀបចំសម្រាប់ជនពិការបោះឆ្នោតស្រួលណាស់»។
ចំណែក អគ្គលេខាធិការរងនៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួង សង្គមកិច្ច អតីត យុវជន និង យុវនីតិសម្បទា លោកអ៊ុក សម្បត្តិ លើកឡើងថា ការបោះឆ្នោត នាពេលខាងមុខនេះ អ្នកដែលកំពុងរស់នៅជាមួយនិងពិការភាពអាចនឹងមានភាពលំបាកពិបាកខ្លួនក្នុងការចូលរួមការបោះឆ្នោត។
ប្រភពបន្តថា បញ្ហាដែលលោកមើលឃើញថា អាចជាឧបសគ្គនោះ គឺនៅត្រង់មណ្ឌលបោះឆ្នោតខ្លះ នៅមិនបានរៀបរយសម្រាប់កន្លែងអ្នកដែលមានពិការភាព អាចឡើងចុះបាននៅឡើយ ជាពិសេស នៅមិនទាន់មានអ្នកចេះ ភាសាសម្រាប់អ្នកពិការភាពនៅឡើយ។ស្ថិតក្រោមហេតុផលទាំងនេះហើយ ដែលលោកមើលឃើញ អាចនៅមានភាពលំបាកសម្រាប់ពលរដ្ឋដែលមានពិការភាព ជួបបញ្ហាទៅចូលរួមបោះឆ្នោតនៅថ្ងៃខាងមុខនេះ។
លោកបន្តថា៖« ដោយសារទីតាំង កន្លែងបោះហ្នឹងវាអត់មានសុវត្ថិភាពហ្នឹង។ ខ្ញុំចងនិយាយដល់ទីកន្លែងហេដ្ឋា រចនាសម្ព័ន្ធ ដូចជា អាគារ ដូចជា ច្រកចេញ ចូលដូច ជាបន្ទប់ទឹក ដូចជា អីដែល គាត់ត្រូវការប្រើ ប្រាស់ហ្នឹងបន្ទប់បោះឆ្នោតហ្នឹង នៅខ្ពស់ពេកនៅទាបពេកនៅចង្អៀត ពេកគាត់ចេញចូលគាត់ចុះឡើងហើយពិការ គឺមានច្រើនប្រភេទ »។
យ៉ាងនេះក្តី អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានលើកឡើងថា គ.ជ.ប បានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីជួយសម្រួលឱ្យពលរដ្ឋដែលមានពិការភាពអាចមានភាពងាយស្រួលអំឡុងពេលបោះឆ្នោត។លោកបន្តថាថាមានមធ្យោបាយមួយចំនួនដើម្បីជួយដល់ពលរដ្ឋដែលមានពិការភាព ដូចជា រៀបលេខរៀងដល់អ្នកកំពុងរស់នៅជាមួយពិការភាពអាចបោះឆ្នោតនៅជាន់ផ្ទាល់ដី មានក្រដាសពិសេសដែលពួកគាត់អាចស្ទាប និងបោះឆ្នោត ហើយ គ.ជ.ប ក៏មានមន្ត្រីដែលជួយតំណាងអ្នកដែលមានពិការភាពក្នុងការគូសសន្លឹកឆ្នោតផងដែរ។
បន្ថែមពីលើនេះទៀត មធ្យោបាយទាំងនេះលោកមានសុទិដ្ឋិនិយមថា នឹងជួយបង្កភាពងាយស្រួលដល់អ្នកដែលមានពិការភាព អាចបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគាត់ពេញចិត្ត។
លោកបន្តថា៖«ជនពិការក៏ជាពលរដ្ឋម្នាក់ដែរ អ៊ីចឹងសិទ្ធិពេញលេញដូចប្រជាពលរដ្ឋទូទៅដែរ ត្រូវបានបង្កលក្ខណៈងាយស្រួលសព្វបែបសព្វយ៉ាង គ.ជ.ប បម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋដែលមានពិការភាពដូចពលរដ្ឋទូទៅដែរ»។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។បើទោះជាបែបណា ការបោះឆ្នោតនៅក្នុងអាណត្តិនេះ អ្នកវិភាគនយោបាយចាត់ទុកថា ជាការបោះឆ្នោតមួយ ដែលមានលក្ខខណៈមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ។គណបក្សភ្លើងទៀន ដែលគេចាត់ទុកថា ជាគណបក្សនៅក្រៅរដ្ឋាភិបាលមានឥទ្ធិពលមួយដែរ ត្រូវបានបិទទ្វារមិនឱ្យចូលរួមបោះឆ្នោតបាន ក្រោមហេតុផលខុសនីតិវិធី។ក្រៅពីនេះ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ហាក់បង្ហាញពីចេតនាមិនល្អ សម្រាប់ដំណើរការបោះឆ្នោត ដោយសារសិទ្ធិជាមូលដ្ឋានមួយចំនួនដែលធានាដោយច្បាប់ របស់ពលរដ្ឋត្រូវបានដកសិទ្ធិ តាមរយៈការកែច្បាប់ទាំងនេះ ដែលពុំធ្លាប់មាន៕