ការប្រែប្រួលអាកាសធាតុ កំពុងតែជាបញ្ហាដែលប្រទេសស្ទើរតែទូទាំងពិភពលោកបាននិងកំពុងចូលរួមមានវិធានការទប់ស្កាត់ និងដោះស្រាយ ក្នុងនោះក៏រួមមានកម្ពុជាផងដែរ។
កញ្ញា ណុប ស្រី ម៉ៅ សិក្ខាកាម Newsroom Cambodia បានសម្ភាសន៍លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា អំពីផលប៉ះពាល់ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនេះ៖
Q: ជម្រាបសួរលោក ហេង គីមហុង!
A: បាទ ជម្រាបសួរ!
Q: ជាដំបូងនាងខ្ញុំចង់ដឹងថា អ្វីទៅជាបម្រែបម្រួលអាកាសធាតុ?
A: បម្រែបម្រួលអាកាសធាតុ គឺជាការប្រែប្រួលលំនាំធម្មតានៃអាកាសធាតុ និងស្ថានភាពរស់នៅរបស់ មនុស្សនៅលើពិភពលោក។ ជា ទូទៅយើងបានដឹងហើយថាលក្ខណៈពិសេសរបស់ផែនដីគឺភាពអំណោយផលដល់ជីវិតមនុស្សនិងភាវៈរូបទាំងអស់ ដែលស្ទើរតែគ្មាននៅលើភពដទៃទៀតនៅក្នុងប្រព័ន្ធលំហរទេ។ ដូចដែលយើងឃើញកន្លងមកនេះសកម្មភាពរបស់មនុស្សនៅលើភពផែនដី និងការវិវត្តរូបសាស្ត្ររបស់ភពផែនដី ក៏ធ្វើឱ្យមានបម្រែបម្រួលលក្ខខណ្ឌទូទៅ ឬការបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យកន្លែងខ្លះវាកាន់តែកើនកម្តៅ កន្លែងខ្លះក៏កាន់តែចុះត្រជាក់ទៅ។
Q: តើលោកអាចបង្ហាញពីការយល់ឃើញរបស់លោកទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ក្នុងប៉ុន្មាន ឆ្នាំចុងក្រោយនេះបានទេ?
A: យើងឃើញថា កម្ពុជាយើងជាប្រទេសរងគ្រោះពីការបម្រែបម្រួលអាកាសធាតុតាមរយៈការកើនឡើងកម្ដៅរបស់ភពផែនដី។ យើងឃើញថាកម្ពុជាយើងមិនសូវជាមានការឡើងកម្តៅខ្លាំងទេ ប៉ុន្តែយ៉ាងណាមិញ តិចឬក៏ច្រើន បម្រែបម្រួលទាំងអស់នោះវាធ្វើឱ្យឧស្ម័នផ្ទះកញ្ចក់ឡើងក្រាស់។ នៅពេលដែលកម្តៅកាន់តែខ្លាំង ហើយឧស្ម័នផ្ទះកញ្ចក់កាន់តែក្រាស់ ការកាប់បំផ្លាញព្រៃឈើកាន់តែច្រើន សមត្ថភាពឃ្លាំងផ្ទុកកាបូនកាន់តែចុះទាប ទន្ទឹមជាមួយអាកាសធាតុកាន់តែក្តៅ វាធ្វើឲ្យខ្យល់ពុល កាន់តែខ្លាំង បង្កឲ្យការរស់នៅរបស់យើងកាន់តែលំបាក។
កត្តាប្រែប្រួលអាកាសធាតុនេះក៏ជះឥទ្ធិពល ដល់ការវិវត្តនៃដំណើររដូវរបស់ភពផែនដី ដូចជារដូវវស្សាតិចជាងរដូវប្រាំងជាដើម។ យើងដឹងហើយ ថារដូវប្រាំងនិងវស្សានៅកម្ពុជាស្ទើរតែស្មើគ្នា ប៉ុន្តែឥឡូវនេះរដូវទាំងអស់នោះវាលែងស្មើគ្នា រដូវរងាត្រូវបានបាត់បណ្តើរៗ ហើយ ភ្លៀងពេលខ្លះក៏តិចពេក ដែលធ្វើឱ្យបង្កការរំខានដល់ការធ្វើកសិកម្មនៅក្នុងប្រទេសកម្ពុជា ហើយខ្យល់កខ្វក់កាន់តែខ្ពស់ធ្វើឱ្យមនុស្សមានជម្ងឺផ្លូវដង្ហើមច្រើន ប្រឈមបញ្ហាសុខភាពស្បែកដោយសារកម្តៅខ្លាំងពេក។
Q: តើមានកត្តាចម្បងអ្វីខ្លះដែលនាំឱ្យមានបម្រែបម្រួលអាកាសធាតុ?
A: កត្តាបម្រែបម្រួលអាកាសធាតុមានដូចជា៖ ការវិវត្តជីវសាស្ត្រនៃភពផែនដី តាមរយៈបន្ទុះភ្នំភ្លើង បម្លាស់ទីទ្វីប ដែលទាំងអស់នោះជាផលប៉ះពាល់រយៈពេលវែង។ ឧទាហរណ៍ ផែនដីដើរលម្អៀងគន្លងវាប្រើពេលរាប់ម៉ឺនឆ្នាំ។ សកម្មភាពមួយផ្សេងទៀតគឺសកម្មភាពមនុស្ស ដែលជះឥទ្ធិពលលឿនមែនទែនដល់ការបម្រែបម្រួលអាកាសធាតុ តាមរយៈការបំផ្លាញឃ្លាំងផ្ទុកកាបូន ការកាប់បំផ្លាញព្រៃឈើ។ ដើមឈើមានតួនាទីស្រូបយកខ្យល់ពុល និងបញ្ចេញមកវិញនូវអុកស៊ីសែន ហើយបើគម្របព្រៃឈើត្រូវបានថយចុះ សមត្ថភាពផ្ទុកកាបូនកាន់តែទាប វាធ្វើឲ្យសារធាតុទាំងអស់នោះបង្កើតបានជាកម្តៅផែនដី និងបង្កឲ្យមានខ្យល់ពុលនៅក្នុងបរិយាកាស។
សកម្មភាពមួយទៀតរបស់មនុស្សគឺការប្រើប្រាស់យានយន្ត។ ការប្រើប្រាស់យានយន្តដើរដោយផូស៊ីល ឥន្ធនៈ ការបញ្ចេញឧស្ម័ន យើងឃើញបដិវត្តន៍ឧស្សាហកម្មនៅចន្លោះសតវត្សទី១៧ និង១៨ មកដល់ឥឡូវ មានរយៈពេល ៤សតវត្ស ដែលបម្រែបម្រួលអាកាសធាតុគឺមានល្បឿនលឿនខ្លាំងមែនទែន។ មនុស្សចាប់ផ្ដើមទៅជីកយកធ្យូងថ្មមកប្រើប្រាស់ដើម្បីឲ្យយានយន្ត រថភ្លើងដំណើរការដោយសារចំហេះធ្យូងថ្មនោះ។ ហើយនៅពេលដែលធ្យូងថ្មចាប់ផ្ដើមអស់ យើងក៏ចាប់ផ្ដើមយកឥន្ធនៈផូស៊ីលមកប្រើប្រាស់។ តាមរយៈប្រេងម៉ាស៊ូត ប្រេងសាំងជាដើម។ មិនថាឧស្ម័នដែលចេញពីថាមពលធ្យូងថ្ម ឬយានយន្តនោះទេ កាបូនម៉ូណូអុកស៊ីតរបស់វាគឺនឹងបញ្ចេញទៅក្នុងបរិយាកាស ហើយវាធ្វើឲ្យមានការរំខានមែនទែនទៅដល់ភពផែនដី។ ឧស្ម័នផ្ទះកញ្ចក់កក ស្រទាប់ បរិយាកាសមានជាតិពុលច្រើន កំដៅក៏កាន់តែចុះមកផែនដីខ្លាំង ប៉ុន្តែវាមិនអាចឡើងទៅវិញរួច។ មួយទៀតដែរ សកម្មភាពរបស់មនុស្សដែលយើងមានការកត់សម្គាល់គឺការប្រើប្រាស់សារធាតុគីមីនៅក្នុងវិស័យកសិកម្ម។
Q: តើការប្រែប្រួលអាកាសធាតុធ្វើឲ្យមានផលប៉ះពាល់ដល់មនុស្សជាតិ ក៏ដូចជាភពផែនដីបែបណាខ្លះ?
A: កម្រិតនៃការប៉ះពាល់គឺខ្លាំងមែនទែន។ កាលណាកំដៅនៅតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងដូចនៅតំបន់ទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាគឺជាតំបន់ដែលរងពីការបម្រែបម្រួល អាកាសធាតុខ្លាំងជាងគេ។ កាលណាកំដៅខ្ពស់ហើយយើងមិនមានគម្របព្រៃឈើជាការទាក់ទាញទឹក វាធ្វើឲ្យតំបន់នោះខ្វះទឹក។ ទី២ ដីចាប់ផ្ដើមស្ងួតហួតហែងខ្លាំងខូចខាតទៅដល់ប្រព័ន្ធកសិកម្មដោយកង្វះប្រព័ន្ធស្រោចស្រពអាចនាំឲ្យប៉ះពាល់ដល់ម្ហូបអាហារ។
ការប្រែប្រួលអាកាសធាតុលឿនពេកធ្វើឲ្យមនុស្សមិនអាចសម្របខ្លួនទាន់ពេលវេលានោះទេ។ ជាក់ស្ដែង ដូចនៅប្រទេសឥណ្ឌាមានការស្លាប់ដោយសារសីតុណ្ហភាពខ្ពស់ពេក។ មនុស្សមិនអាចត្រៀមខ្លួននូវក្នុងការទទួលយកភាពស៊ាំទាំងអស់នោះបានទេ ហើយមនុស្សចាប់ផ្ដើមទទួលរងនូវជំងឺប្លែកៗដូចជាអាលែកហ្ស៊ី និងសើរស្បែកជាដើម។ ដូច្នេះបើនិយាយអំពីការបម្រែបម្រួលអាកាសធាតុ គឺវាប៉ះពាល់ខ្លាំងទៅដល់មនុស្សជាតិ ព្រោះវាជាផ្នែក មួយដែលធ្វើឲ្យមនុស្សប្រែប្រួលលក្ខខណ្ឌរស់នៅរបស់ខ្លួនហើយបើប្រែប្រួលលឿនពេកគឺ បង្កការរំខានខ្ពស់ទៅដល់ការរស់នៅ។
Q: តើយើងត្រូវត្រៀមលក្ខណៈបែបណាខ្លះដើម្បីសម្របខ្លួននៅក្នុងរបត់នៃការប្រែប្រួលអាកាសធាតុ លឿនបែបនេះ?
A: ជាទូទៅការត្រៀមលក្ខណៈរបស់មនុស្សអាចមានពីរ ទី១គឺតាមរយៈតាមបែបធម្មជាតិ មានន័យថា យើងបន្សាំបន្តិចម្ដងៗក្នុងករណីដែលមិនមានការប្រែប្រួលអាកាសធាតុលឿនហួសហេតុពេក។ ប៉ុន្តែ ប្រសិនបើការវិវត្តខ្ពស់ពេក វាទាមទារឲ្យយើងមានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការកាត់បន្ថយ ការប្រើប្រាស់យានយន្តដែលដើរដោយថាមពលឥន្ធនៈផូស៊ីល និងធ្យូងថ្ម។ យើងឃើញថាមានប្រទេសជាច្រើននៅតែបន្តយកធ្យូងថ្មមកប្រើប្រាស់ដើម្បីទទួលបានថាមពលអគ្គិសនី ដែលជារឿងមួយសំខាន់គួរតែត្រូវបានគិតគូរ។
លើសពីនេះយើងត្រូវគិតគូរអំពីការដាំគម្របព្រៃឈើឡើងវិញ និងរក្សានៅគម្របព្រៃឈើដែលមាន ស្រាប់។ មានទស្សនៈច្រើនដែលថាកម្ពុជាមិនមែនជាប្រទេសដែលចូលរួមបំផ្លាញ ឬធ្វើឲ្យមានបម្រែ បម្រួលអាកាសធាតុទេ ប៉ុន្តែខ្ញុំទទួលថាចំណុចនេះគឺត្រឹមត្រូវ។ យើងមានគម្របព្រៃឈើត្រូពិកល្អដែលគ្មានព្រៃនៅតំបន់ណាល្អជាងព្រៃនៅតំបន់ត្រូពិកនោះទេ មិនថាព្រៃនៅប្រទេសឥណ្ឌា ព្រៃអាម៉ាហ្សូន ឬព្រៃនៅតំបន់ជួរភ្នំហិមាល័យនោះទេ។ ដូច្នេះព្រៃនេះ មានសមត្ថភាពផ្ទុកកាបូនខ្ពស់ដែលគួរតែត្រូវបានអភិរក្សយ៉ាងម៉ត់ចត់ក្នុងស្មារតីមនុស្សជាតិ។
ប្រទេសដែលមានការរីកចម្រើនផ្នែកឧស្សាហកម្មខ្ពស់ ដូចជាចិន អាមេរិក និងរុស្ស៊ីជាដើម គួរតែបន្ថែម សមត្ថភាពនៅក្នុងការជំរុញឲ្យមានការរក្សានូវគម្របព្រៃឈើ នៅតាមខ្សែរបណ្ដោយត្រូវពិកឲ្យបានល្អ ប្រសើរដើម្បីធានាឲ្យបាននូវការកាត់បន្ថយផែនកំដៅផែនដី។
Q: តើលោកគិតថារាជរដ្ឋាភិបាល ក៏ដូចជាអង្គការពាក់ព័ន្ធគួរតែមានវិធានការបែបណាខ្លះទាក់ទង នឹងការប្រែប្រួលអាកាសធាតុ?
A: បណ្តាប្រទេសក្រីក្រ ដែលជាប្រទេសរងគ្រោះ គួរតែមានយន្តការ២ដើម្បីទទួលបានការការពារ។ ទី១ យន្តការក្នុងស្រុក តាមរយៈការជំរុញឲ្យមានតំហែរទាំផ្ទៃក្នុងតាមរយៈការការពារព្រៃឈើ ការចូលរួមជំរុញឲ្យមានការកាត់បន្ថយ ការប្រើប្រាស់ធ្យូងថ្ម កាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល និងប្រភព ថាមពលខ្លះដែលយើងចាត់ទុកថាជាប្រភពថាមពលមិនស្អាត។
ប្រទេសក្រីក្រទាំងអស់ត្រូវគិតអំពីការចូលរួមតស៊ូមតិនៅកម្រិតសកល ក្នុងនាមជាប្រទេសរងគ្រោះគួរ តែជំរុញឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចផ្តល់ជំនួយបន្ថែមទៀតមកដល់ប្រទេសរបស់ខ្លួនក្នុងការ ការពារ មិនអាចការពារបានដោយគ្មានជំនួយសេដ្ឋកិច្ចទេ។ ការតស៊ូមតិគឺដើម្បីជំរុញឲ្យប្រទេសអ្នក មានត្រូវបង្កើនការទទួលខុសត្រូវទៅលើការបំផ្លាញបរិស្ថានរបស់ខ្លួន។ ប៉ុន្តែមិនមែននិយាយរឿងជំនួយតែម្យ៉ាងទេក្នុងនាមជារដ្ឋអធិបតេយ្យ បណ្តាប្រទេសក្រីក្រត្រូវចេះតស៊ូមតិឲ្យប្រទេសរីកចម្រើន រួមមានអាមេរិក ចិន រុស្ស៊ី ឥណ្ឌាដែលកំពុងតែអភិវឌ្ឍខ្លាំងហ្នឹង ត្រូវសន្យាក្នុងការធានាការកាត់បន្ថយការបញ្ចេញថាមពលអាក្រក់ទៅដល់បរិយាកាស។ យើងនៅតែបន្តយកជំនួយតាមរយៈការមកថែរទាំព្រៃឈើរបស់យើងឲ្យបានល្អប្រសើរ ប៉ុន្តែត្រូវដាក់កំណត់ឲ្យប្រទេសអភិវឌ្ឍទាំងអស់នោះត្រូវគិតគូរអំពីការកាត់បន្ថយការប្រើប្រាស់ថាមពលអវិជ្ជមានដែលធ្វើឲ្យខូចខាតដល់បរិស្ថាន។ យើងមិនអាចរស់នៅក្នុងបរិស្ថានមួយដែលកាន់តែអាក្រក់ទៅៗបានទេ។
Q: ជាចុងក្រោយ តើលោកមានអនុសាសន៍អ្វីពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនេះ?
A: សូមបណ្តាមេដឹកនាំពិភពលោក មេត្តាពិចារណាជំរុញការអនុវត្តអព្យាក្រឹត្យកាបូន និងបញ្ឈប់ការ ផលិតថាមពលនុយក្លេអ៊ែរ។ មួយវិញទៀត បង្កើនសមត្ថភាពក្នុងការផ្តល់ជំនួយទៅដល់ប្រទេសអភិរក្សព្រៃឈើឲ្យបានច្រើន។ រដ្ឋទាំងអស់ រួមមានកម្ពុជាយើងដែរ គួរតែជំរុញយន្តការក្នុងស្រុក ដើម្បីធានាឲ្យបាននូវការការពារកុំឲ្យមានការកាប់បំផ្លាញព្រៃឈើ កាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល ដើម្បីកុំឲ្យមានផលរំខានដល់មនុស្ស សត្វ។ កម្ពុជាគួរតែរកថាមពលប្រភពស្អាត មកជំនួសថាមពលដែលដើរដោយធ្យូងថ្ម ដែលបង្កផលប៉ះពាល់ខ្ពស់ដល់បរិយាកាស។
យើងទាំងអស់គ្នាគួរតែកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយានយន្តក្នុងករណីមិនចាំបាច់ ដើម្បីកុំឲ្យ បរិមាណឧស្ម័នពុលចេញច្រើនពេក។ រដ្ឋាភិបាលគួរតែបន្ធូរបន្ថយពន្ធទៅលើរថយន្តថ្មី ជាជាងការដែលប្រជាពលរដ្ឋប្រើប្រាស់រថយន្តជជុះដែលបញ្ចេញផ្សែងពុលច្រើន។
Q: ចា៎! សូមអរគុណលោក ហេង គីមហុង!
A: បាទ! អរគុណ៕