មន្រ្តីរដ្ឋបាលឃុំ ប្រតិកម្មទៅនឹងការដំឡើងថវិកាសម្រាប់កម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋានរបស់រដ្ឋបាលឃុំសង្កាត់ដោយលើកឡើងថាក្នុងរយៈពេល៥ឆ្នាំបន្តខាងមុខ ថវិកាដែលរដ្ឋាភិបាលបានវិភាជនេះមានចំនួនតិចតួច ដែលវាពុំបានឆ្លើយតបនឹងតម្រូវការចាំបាច់ និងនៅតែខ្វះខាតជាក់ស្ដែង។
លោក ទី យោង មេឃុំដងពែក ស្រុកស្រែអំបិល ខេត្តកោះកុង មានប្រសាសន៍ថា ថវិកាអភិវឌ្ឍន៍ឃុំរបស់លោកជាង៣០០លានរៀលក្នុងមួយឆ្នាំបានចំណាយទាំងស្រុងលើការកែលម្អផ្លូវដោយសារភូមិនីមួយៗនៅដាច់ស្រយាលពីគ្នា។ លោកបន្តថា ក្រៅពីផ្លូវពិបាកធ្វើដំណើរ ប្រជាពលរដ្ឋក្នុងឃុំប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់ សាលារៀន និងមណ្ឌលសុខភាពជាដើម ប៉ុន្តែថវិកាមានកម្រិតដោយរដ្ឋបាលឃុំព្យាយាមកែលម្អផ្លូវជាមុនសិនដែលជាមធ្យោបាយងាយស្រួលក្នុងការទៅទទួលសេវាសាធារណៈផ្សេងៗទៀត។
លោកបន្ថែមថា ក្នុងឃុំនៅមានផ្លូវ៤០ភាគរយទៀតពុំទាន់កែលម្អ ខណៈផ្លូវ៦០ភាគរយទៀត នៅមិនទាន់បានចាក់បេតុងមេ ដោយជំនួសមកវិញបានត្រឹមក្រាលគ្រួសក្រហមនៅឡើយ។
លោកបន្តថា៖ «ភូមិខ្លះខ្វះទឹក ខ្វះស្រះទឹក។ មណ្ឌលសុខភាពមិនទាន់មានទេ អាដាច់ស្រយាលជាងគេ មានប៉ុស្ដិ៍សុខភាព។ មានតែសាលារៀនធ្វើពីឈើ ស៊ីម៉ងត៍ បេតុងអីមិនទាន់គ្រប់គ្រាន់ទេ។ …ប្រជាពលរដ្ឋមិនទាន់មានផ្លូវដើរផង ធ្វើគ្រប់វិស័យឃុំខ្ញុំធ្វើអត់បានទេ [៣០០លានរៀល]ប៉ុនហ្នឹង២ដងទៀតក៏យើងអាចសមរម្យដែរ ធ្វើបានលឿនដែរចឹង»។
ចំណែក លោក ណំ សុត មេឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ លើកឡើងដែរថា រដ្ឋបាលឃុំបានចំណាយថវិកាលើសលប់លើការអភិវឌ្ឍនៅមូលដ្ឋាន ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញពីធម្មជាតិ។
លោកបន្តថា ផ្លូវបេតុងជាច្រើនខ្សែក្នុងឃុំបានរងការវាយកំទេចពីជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំដោយសារពុំមានច្រកសម្រាប់ទឹកឆ្លងកាត់។ប្រភពដដែលបន្តថា ចំណែកថវិកាទទួលបានមានចំនួនជាង៣០០លានរៀលក្នុងឆ្នាំ២០២៣សម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋាន។ប៉ុន្តែលុយនេះ អនុវត្តបានចំពោះការកែលម្អផ្លូវបេតុងដែលរងការខូចខាតមួយចំនួន និងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាដែលកំពុងខ្វះខាតសម្រាប់សិស្សានុសិស្ស។
មេឃុំរូបនេះ ពុំមានជំនឿថា ឃុំរុងរឿងនឹងទទួលបានថវិកាបន្ថែមច្រើនទៀតនោះទេ ដោយសារចំនួនប្រជាជនមានជិត៧ពាន់នាក់ ហើយភូមិមានតែ៩ភូមិ។
លោកបន្តថា៖ «តម្រូវការវាច្រើនតែដោយសារគោលការណ៍រដ្ឋាភិបាលគិតតាមប្រជាពលរដ្ឋយើងម៉េចបានច្រើន។…តម្រូវការជាង៦០០លានរៀល (អភិវឌ្ឍ) ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធមានថ្នល់ មានលូ និងសាលារៀនជាធំ»។
អនុក្រឹត្យដែលចេញកាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិកាបន្ថែមទៀតទៅកាន់រដ្ឋបាលឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជា ចំនួន១ភាគយរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ការផ្តល់ប្រាក់បន្ថែមនេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឋន៍នៅមូលដ្ឋាន លើកលែងតែរដ្ឋបាលសង្កាត់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ។ក៏ប៉ុន្តែមន្រ្តីរដ្ឋបាលឃុំ បានលើកឡើងព្រមគ្នាថា ដើម្បីអាចបំពេញនូវតម្រូវការចាំបាច់បានតាមរយៈការអភិវឌ្ឍន៍ក្នុងឃុំមួយ គឺត្រូវការថវិកាប្រមាណខ្ទង់ ៦០០លានរៀលក្នុងមួយឆ្នាំ ទើបអាចទប់ទល់បាន។
ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ឱ្យដឹងថា ចំណូលចរន្តថ្នាក់ជាតិមានចំនួន ២៥ ៥៦៤ ៤២៨ រៀល។ចំណែក ថវិកាអភិវឌ្ឍន៍ឃុំសង្កាត់នៅឆ្នាំ២០២៣នេះ មានចំនួន ២៥៥ ៦៤៤,២៨លានរៀល ដោយកើនឡើង១៥,៣៨% បើប្រៀបធៀបក្នុងឆ្នាំ២០២២។
ការចំណាយដល់ឃុំសង្កាត់នីមួយៗ រដ្ឋាភិបាលលើកឡើងថា គឺត្រូវផ្អែកលើចំនួនប្រជាពលរដ្ឋ ភាពក្រីក្រ និងចំនួនភូមិនៃរដ្ឋបាលឃុំសង្កាត់ទាំងនោះ ក្នុងនោះថវិកា៣០ភាគរយប្រគល់ស្មើគ្នា, ៣០ភាគរយផ្អែកលើចំនួនប្រជាពលរដ្ឋ, ៣០ភាគរយផ្អែកលើសន្ទស្សន៍ភាពក្រីក្ររបស់ពលរដ្ឋ និង១០ភាគរយទៀតអាស្រ័យលើចំនួនភូមិនៃរដ្ឋបាលឃុំសង្កាត់នីមួយៗ។
ដោយឡែកការទម្លាក់ថវិកាបានកំណត់ជា៤ដងក្នុងមួយឆ្នាំ ដោយមួយឆមាសទម្លាក់ចំនួន២៥ភាគរយ។រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា រដ្ឋបាលឃុំសង្កាត់នឹងទទួលបានថវិកាជាមធ្យមចំនួន១០ម៉ឺនដុល្លារឬប្រហែល ៤០០លានរៀលសម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋាន ចាប់ពីឆ្នាំ២០២៤នេះទៅ ។
បន្ថែមពីលើនេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក គីម សុភៈ អះអាងថា ដោយយល់ឃើញថវិកាសម្រាប់អភិវឌ្ឍរបស់រដ្ឋបាលឃុំសង្កាត់នៅមានកម្រិត ទើបសម្រេចទម្លាក់ថវិកាបន្ថែមទៀត។លោកបន្តថា សង្កាត់ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ពុំទទួលបានថវិកាបន្ថែមទេ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មានលទ្ធភាពក្នុងការរួមចំណែកអភិវឌ្ឍក្នុងសង្កាត់ក្រោមចំណុះហើយ។
លោកបន្តថា« ១០០.០០០ ដុល្លារអាមេរិកនៅឆ្នាំ២០២៤ និងកើនដល់ប្រមាណជាង ១៤០.០០០ ដុល្លារអាមេរិក នៅឆ្នាំ២០២៨ »។
សម្រាប់លោក ប៉ិច ពិសី នាយកអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា លោកគាំទ្រចំពោះការបន្ថែមថវិកាអភិវឌ្ឍនៅមូលដ្ឋាននេះ ប៉ុន្តែលោកបាម្ភពីការចាត់ចែងថវិកាក្នុងការអនុវត្តមានការធូររលុង ដែលនាំឱ្យខាតបង់ប្រយោជន៍ពលរដ្ឋទៅវិញ។លោក ពិសី សង្ឃឹមថា ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋអាចជជែកគ្នារកឱ្យឃើញពីតម្រូវការចាំបាច់ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងឃុំសង្កាត់របស់ខ្លួន។
លោកបន្តថា៖«គឺត្រូវធានាអំពីគណនេយ្យភាព តម្លាភាព និងការធានាថាថវិកានេះមិនមានការបាត់បង់ តាមរយៈការកេងបន្លំឬអំពើពុករលួយផ្សេងៗ ជាពិសេសគឺការធ្វើលទ្ធកម្មនៅថ្នាក់ក្រោម ការដេញថ្លៃសាងសង់ត្រូវធានាថាមិនមានការកេងបន្លំ មិនមានអំពើពុករលួយហើយការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅថ្នាក់មូលដ្ឋានហ្នឹងត្រូវធ្វើឡើងដោយគុណភាពខ្ពស់ហើយជាប់បានយូរ»។
ច្បាប់ស្ដីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច ឱ្យដឹងថា ថវិកាជាតិឆ្នាំ២០២៣សរុបត្រូវចំណាយចំនួន ៣៩ ២០៦ ២០៥រៀល ដែលមានកំណើន១៣ភាគរយធៀបនឹងឆ្នាំ២០២២។តួលេខនេះ បើធៀបនឹងឆ្នាំ ២០១៩ រដ្ឋាភិបាលបានបន្ថែមថវិកាទៅឱ្យរដ្ឋបាលឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជាចំនួន១ភាគរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិដូចគ្នាដែរ៕