មន្រ្តីរដ្ឋបាលឃុំ ប្រតិកម្មទៅនឹងការដំឡើងថវិកាសម្រាប់កម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋានរបស់រដ្ឋបាលឃុំស​​ង្កា​ត់ដោយលើកឡើងថា​ក្នុងរយៈពេល៥ឆ្នាំបន្តខាងមុខ ថវិកាដែលរដ្ឋាភិបាល​បានវិភាជនេះមានចំនួនតិចតួ​​ច ដែល​​វាពុំបានឆ្លើយតបនឹងតម្រូវការចាំបាច់ និងនៅតែខ្វះខាតជាក់ស្ដែង។

លោក ទី យោង មេឃុំដងពែក ស្រុកស្រែអំបិល ខេត្តកោះកុង មានប្រសាសន៍ថា ថវិកាអភិវឌ្ឍន៍ឃុំរបស់លោកជាង៣០០លានរៀលក្នុងមួយឆ្នាំបានចំណាយទាំងស្រុងលើការកែលម្អផ្លូវដោយសារភូមិនីមួយៗនៅដាច់ស្រយាលពីគ្នា។ លោកបន្តថា ក្រៅពីផ្លូវពិបាកធ្វើដំណើរ ប្រជាពលរដ្ឋក្នុងឃុំប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់ សាលារៀន និងមណ្ឌលសុខភាពជាដើម ប៉ុន្តែថវិកាមានកម្រិតដោយរដ្ឋបាលឃុំព្យាយាមកែលម្អផ្លូវជាមុនសិនដែលជាមធ្យោបាយងាយស្រួលក្នុងការទៅទទួលសេវាសាធារណៈផ្សេងៗទៀត។

លោកបន្ថែមថា ក្នុងឃុំនៅមានផ្លូវ៤០ភាគរយទៀតពុំទាន់កែលម្អ ខណៈផ្លូវ៦០ភាគរយទៀត នៅមិនទាន់​​បាន​​​ចាក់បេ​​តុ​ងមេ​​​​ ដោយជំនួសមកវិញបានត្រឹមក្រាលគ្រួសក្រហមនៅឡើយ។

លោកបន្តថា៖ «ភូមិខ្លះខ្វះទឹក ខ្វះស្រះទឹក។ មណ្ឌលសុខភាពមិនទាន់មានទេ​ អាដាច់ស្រយាលជាងគេ មានប៉ុស្ដិ៍សុខភាព។ មានតែសាលារៀនធ្វើពីឈើ ស៊ីម៉ង​ត៍ បេតុងអីមិនទាន់គ្រប់គ្រាន់ទេ។ ប្រជាពលរដ្ឋមិនទាន់មានផ្លូវដើរផង ធ្វើគ្រប់វិស័យឃុំខ្ញុំធ្វើអត់បានទេ [៣០០លានរៀល]ប៉ុនហ្នឹង២ដងទៀតក៏យើងអាចសមរម្យដែរ ធ្វើបានលឿនដែរចឹង»។

ចំណែក លោក ណំ សុត មេឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ លើកឡើងដែរថា រដ្ឋបាលឃុំបានចំណាយថវិកាលើសលប់លើការអភិវឌ្ឍនៅមូលដ្ឋាន ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំ​​ផ្លា​​ញពីធម្មជាតិ។

លោកបន្តថា ផ្លូវបេតុងជាច្រើនខ្សែក្នុងឃុំបានរងការវាយកំទេចពីជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំដោយសារពុំមានច្រកសម្រាប់ទឹកឆ្លងកាត់។ប្រភពដដែលបន្តថា ចំណែកថវិកាទទួលបានមានចំនួនជាង៣០០លានរៀ​​ល​​​​ក្នុងឆ្នាំ២០២៣សម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋាន។ប៉ុន្តែលុយនេះ អនុវត្តបានចំពោះការ​កែលម្អផ្លូវបេតុងដែ​​ល​​រងការខូចខាតមួយចំនួន​ និ​​ងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាដែលកំពុងខ្វះខាតសម្រាប់​​​សិ​​ស្សា​នុសិស្ស។

មេឃុំរូបនេះ ពុំមានជំនឿថា ឃុំរុងរឿងនឹង​ទទួលបានថវិកាបន្ថែមច្រើនទៀតនោះទេ ដោយសារចំនួនប្រជាជនមានជិត៧ពាន់នាក់ ហើយភូមិមានតែ៩ភូមិ។

លោកបន្តថា៖ «តម្រូវការវាច្រើន​តែដោយសារគោលការណ៍រដ្ឋាភិបាលគិតតាមប្រជាពលរដ្ឋយើងម៉េចបានច្រើន។តម្រូវការជាង៦០០លានរៀល (អភិវឌ្ឍ) ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធមានថ្នល់ មានលូ និងសា​​លា​​រៀនជាធំ»។

អនុក្រឹត្យដែលចេញកាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិកាបន្ថែមទៀតទៅកាន់រដ្ឋបាលឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជា ចំនួ​ន​១ភាគយរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ការផ្តល់ប្រាក់បន្ថែមនេះ ក្នុងគោលបំ​​ណ​​ង ដើម្បី​លើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឋន៍នៅមូលដ្ឋាន លើកលែងតែរដ្ឋបាលសង្កាត់ចំ​​ណុះ​​​​ឱ្យរដ្ឋបាលរាជធានីភ្នំពេញ។ក៏ប៉ុន្តែមន្រ្តីរដ្ឋបាលឃុំ បានលើកឡើងព្រមគ្នាថា ដើម្បីអាចបំពេញនូវតម្រូវការចាំ​​បាច់បានតាមរយៈកា​​​រអភិ​​វ​​ឌ្ឍ​ន៍ក្នុងឃុំមួយ គឺត្រូវការថវិកាប្រមាណខ្ទង់ ៦០០លានរៀលក្នុងមួយឆ្នាំ ទើបអាចទប់ទល់បាន។  

ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ឱ្យដឹងថា ចំណូលចរន្តថ្នាក់ជាតិមានចំនួន ២៥ ៥៦៤ ៤២៨ រៀល។ចំណែក ថវិកាអភិវឌ្ឍន៍ឃុំសង្កាត់នៅឆ្នាំ២០២៣នេះ មានចំនួន ២៥៥ ​​​៦៤​៤,២៨លានរៀ​ល​ ដោយកើនឡើង១៥,៣៨% បើប្រៀបធៀបក្នុងឆ្នាំ២០២២។

ការចំណាយដល់ឃុំសង្កាត់នីមួយៗ រដ្ឋាភិបាលលើកឡើងថា គឺត្រូវផ្អែកលើចំនួនប្រជាពលរដ្ឋ ភាពក្រីក្រ និងចំនួនភូមិនៃរដ្ឋបាលឃុំសង្កាត់ទាំងនោះ ក្នុងនោះថវិកា៣០ភាគរយប្រគល់ស្មើគ្នា, ៣០ភាគរយផ្អែកលើ​​​​ចំនួនប្រជាពលរដ្ឋ, ៣០ភាគរយផ្អែកលើសន្ទស្សន៍ភាពក្រីក្ររបស់ពលរដ្ឋ និង១០ភាគរយទៀតអា​​ស្រ័​​យ​​លើចំនួនភូមិនៃរដ្ឋបាលឃុំសង្កាត់នីមួយៗ។

ដោយឡែកការទម្លាក់ថវិកាបានកំណត់ជា៤ដងក្នុងមួយឆ្នាំ ដោយមួយឆមាសទម្លាក់ចំនួន២៥ភាគរយ។រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា រដ្ឋបាលឃុំសង្កាត់នឹងទទួលបា​​ន​​ថវិកាជាមធ្យមចំនួន១០ម៉ឺនដុល្លារឬប្រហែល ៤០០លានរៀលសម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋាន ចាប់ពីឆ្នាំ២០២៤នេះទៅ ។ 

បន្ថែមពីលើនេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក គីម សុភៈ អះអាងថា ដោយយល់ឃើញថវិកាសម្រាប់អភិវឌ្ឍរបស់រដ្ឋបាលឃុំសង្កាត់នៅមានកម្រិត ទើបសម្រេចទម្លាក់ថវិកាបន្ថែមទៀត។លោកបន្តថា សង្កាត់ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ពុំទទួលបានថវិកាបន្ថែមទេ ដោយសាររដ្ឋបាលរាជធានីភ្នំ​​ពេញ មានលទ្ធភា​​ព​​ក្នុងការរួមចំណែកអភិវឌ្ឍក្នុងសង្កាត់ក្រោមចំណុះហើយ។

លោកបន្តថា« ១០០.០០០ ដុល្លារអាមេរិកនៅឆ្នាំ២០២៤ និងកើនដល់ប្រមាណជាង ១៤០.០០០ ដុល្លារអាមេរិក នៅឆ្នាំ២០២៨ »។

សម្រាប់លោក ប៉ិច ពិសី នាយកអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា លោកគាំទ្រចំពោះការបន្ថែមថ​​វិកា​អភិ​វឌ្ឍ​នៅមូលដ្ឋាននេះ ប៉ុន្តែលោកបាម្ភពីការចាត់ចែងថវិកាក្នុងការអនុវត្តមានការធូររលុង ដែលនាំឱ្យ​​ខា​តបង់ប្រយោជន៍ពលរដ្ឋទៅវិញ។លោក ពិសី សង្ឃឹមថា ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋអាចជជែកគ្នារកឱ្យ​​ឃើញពីតម្រូវការចាំបាច់ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងឃុំសង្កាត់របស់ខ្លួន។

លោកបន្តថា៖«គឺត្រូវធានាអំពីគណនេយ្យភាព តម្លាភាព និងការធានាថាថវិកានេះមិនមានការបាត់បង់ តាមរយៈការកេងបន្លំឬអំពើពុករលួយផ្សេងៗ ជាពិសេសគឺការធ្វើលទ្ធកម្មនៅថ្នាក់ក្រោម ការដេញថ្លៃសាងសង់ត្រូវធានាថាមិនមានការកេងបន្លំ មិនមានអំពើពុករលួយហើយការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅថ្នាក់មូលដ្ឋានហ្នឹងត្រូវធ្វើឡើងដោយគុណភាពខ្ពស់ហើយជាប់បានយូរ»។

ច្បាប់ស្ដីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច ឱ្យដឹងថា ថវិកាជាតិឆ្នាំ២០២៣សរុបត្រូវចំណាយចំនួន ៣៩ ២០៦ ២០៥រៀល ដែលមានកំណើន១៣ភាគរយធៀបនឹងឆ្នាំ២០២២។តួលេខនេះ បើធៀបនឹងឆ្នាំ ២០១៩ រដ្ឋាភិបាលបានបន្ថែមថវិកាទៅឱ្យរដ្ឋបាលឃុំសង្កាត់នៅទូទាំងប្រ​​ទេ​សកម្ពុជាចំនួន១ភាគរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិដូចគ្នាដែរ៕