ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចទូទាត់ប្រាក់បុរេប្រទានឱ្យកម្មករជាង ៧​​០​០​នាក់ ដែលបានបម្រើការងារនៅរោងចក្រ ដាយ៉ាបគ្លូប៊ល ក្រោយពេលរោងចក្រកាត់ដេរស្រោមដៃមួយ​នេះ បានបិទទ្វាដោយមិនដឹងពីមូលហេតុ កាលពីដើមខែមេសា កន្លងទៅនេះ។

ក្នុងសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្រ្តីជំនាញនឹងផ្តល់ប្រាក់បុរេប្រទានរបស់រដ្ឋាភិបាលឱ្យកម្មករនៅរោងចក្រ ដាយ៉ាបគ្លូប៊ល ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ តទៅ។ប្រភពដដែលបញ្ជាក់ថា កម្មករដែលទទួលបានប្រាក់សំណងតម្រូវឱ្យភ្ជាប់មកជាមួយ បណ្ណសម្គាល់ខ្លួនកម្មករនិយោជិត ឬកិច្ចសន្យាការងារ ឬអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ជាដើម។

អនុប្រធានសហជីព ស៊ីខាឌូ ប្រចាំរោងចក្រ ដាយ៉ាបគ្លូប៊ល លោក មឿន សេងសី សាទរចំពោះនីតិវិធីរបស់ក្រសួងដែលបានពន្លឿនដំណោះស្រាយឱ្យកម្មករ ដោយថា ពួកគេនឹងមានសោហ៊ុយខ្លះធ្វើ​​​​ដំណើរទៅស្រុកកំណើតដើម្បីចូលរួមបោះឆ្នោតនាពេលខាងមុខ។បន្ថែមលើនេះ លោកថាកម្មក​​រ​​មួយចំនួនមិនទាន់មានការងារថ្មីធ្វើនៅឡើយទេ ដូចនេះក្រោយពេលទទូលបានប្រាក់ពីក្រសួងរួច​​រា​ល់ហើយ ពួកគេនឹងមានថវិកាដោះស្រាយបញ្ហាជីវភាពបានមួយផ្នែកដែរ។

លោកបន្តថា៖«សប្បាយចិត្តនៅពេលក្រសួងបានបើកប្រាក់ឱ្យកម្មករអ៊ីចឹង។ពេលព្រឹក! មន្រ្តីក្រ​​សួង គាត់ចុះមកផ្សព្វផ្សាយព័ត៌មានហ្នឹង [ការទូទាត់ប្រាក់បុរេប្រទាន] បងប្អូនកម្មករយើងមានការស​​ប្បាចិត្តខ្លាំងហ្មងនិយាយឱ្យចំ »។

បើតាមលោក មឿន សេងសី ដែលជាមន្រ្តីសហជីព ស៊ីខាវឌូ ប្រចាំរោងចក្រ ដាយ៉ាបគ្លូប៊ល នេះមានថៅកែជាជនជាតិកូរ៉េ និងមាន​​កម្ម​ករ​​​ជាង ៧០០នាក់(៧៤៤) កំពុងបម្រើការ មុនរោងចក្រនេះត្រូវបិទទ្វារ​​ដោយគ្មានការជូន​​ដំ​​ណឹ​ង​​​​។លោកថា បើគិតជាមធ្យមកម្មករម្នាក់ៗ អាចទទួលបាន ប្រាក់សំណងចន្លោះពី៧៥០ដុល្លារ ទៅជាង៨០០ដុល្លារអាមេរិក ទៅតាមលក្ខខណ្ឌការងារជាក់ស្តែ​​ងរបស់ពួកគេ។

​ច្បាប់ស្ដីពីការងារ មាត្រា៧៧ ចែងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈនៃនិយោជកតែឯកឯងគ្មានឱ្យដំណឹងមុន ឬមិនគោរពតាមរយៈពេលនៃការឱ្យដំណឹងមុន តម្រូវឱ្យនិយោជកចេញប្រាក់ទូទាត់ ដល់ កម្មករនិយោជិតមានចំនួនស្មើគ្នានឹងប្រាក់ឈ្នួលហើយនិងអត្ថប្រយោជន៍គ្រប់ប្រភេទដែលកម្មករនិយោជិតត្រូវបានក្នុងរយៈពេលឱ្យដំណឹងមុនដែលគេមិនបានគោរពត្រឹមត្រូវ។

មុនទទួលបានដំណោះស្រាយពីក្រសួងការងារនេះ កម្មកររោងចក្រ ដាយ៉ាបក្លូប៊ល បានប្រមូលផ្តុំគ្នា​​តវ៉ានៅមុខរោងចក្រជាច្រើនដង និងបានដាក់វេនគ្នាដេកយាមសម្ភារៈនៅមុខរោងចក្រថែមទៀ​​ត​​ដែរ។ពួកគេក៏ធ្លាប់ព្រមានហែរក្បួន ក្នុងរាងធានីភ្នំពេញ បើមិនទទួលបានដំណោះស្រាយនៅមុនការបោះឆ្នោតមកដល់។

ចំណែក កម្មការនីផ្នែកពិនិត្យគុណភាពទំនិញ អ្នកស្រី អ៊ុក ផល្លា វ័យ ៤៤ឆ្នាំ ប្រាប់ថា អ្នកស្រីធ្វើការឱ្យរោងចក្រកាត់ដេរស្រោមដៃ ដាយ៉ាបគ្លូប៊ល នេះជាង១១ឆ្នាំមកហើយ។អ្នកស្រីថា ក្នុងពេលដែលរោងចក្របិទទ្វារ បានធ្វើការងារជាកម្មករដេរខោអាវក្រៅម៉ោងបណ្តោះអាសន្នដើម្បីបានចំណូលទ្រទ្រង់ជីវភាព។ ជាមួយគ្នានេះ អ្នកស្រីក៏ឆ្លៀតពេលដើម្បីចូលរួមដេកយាម នៅខាង​មុខរោងចក្រ ព្រោះបារម្ភមានការលួចដឹកជញ្ជូនសម្ភារៈចេញពីរោងចក្រមួយនេះ។

ប្រភពដដែលបន្តថា បញ្ហាប្រឈមខ្លាំងមួយទៀត គឺអ្នកស្រីត្រូវដោះស្រាយបំណុលដែលបានខ្ចីពីធនាគារឯកជនមួយ ក្នុងទំហំទឹកប្រាក់ជាង ១០ ០០០ដុល្លារអាមេរិក ដោយត្រូវសងត្រលប់ទៅវិ​​ញ ចំនួន ៤០០ដុល្លារអាមេរិក ជារៀងរាល់ខែ។យ៉ាងនេះក្តី អ្នកស្រីបានបង្ហាញអារម្មណ៍រីករាយ ក្រោ​​យពេលទទួលដំណឹងពីការទូទាត់ប្រាក់សំណងពីក្រសួងការងារ ដោយថា ខ្លួននឹងបានថវិកាខ្លះដោះស្រាយជីវភាពមុននឹងរកការងារថ្មីធ្វើបាន។

អ្នកស្រីបន្តថា៖ «ក្រសួងបានប្រាប់ថា កម្មករទាំងអស់អាចទៅបើកលុយបាននៅថ្ងៃទី១៥ កក្កដា។និយាយទៅពួកខ្ញុំកំពុងតែអត់លុយដល់ពេលមានដំណឹងថា ខាងក្រសួងគេជូនសេចក្តីប្រកាសមកឱ្យពួកកម្មករយើង ទៅបើកលុយ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ដោយសារពួកខ្ញុំកំពុងតែអត់លុយកាក់ចាយវាយប្រចាំថ្ងៃប្រចាំខែ។ អ៊ីចឹងដល់ពេលគាត់ហៅទៅបើកលុយបើកកាក់អ៊ីចឹង អរ! អរមែនទែន»

ជុំវិញករណីនេះ លោក ខៀវ សាវុធ អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ ប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា កម្មកររោងចក្រដាយ៉ាបក្លូប៊លពិតជាទទួលបានប្រាក់សំណងពិតប្រាកដមែន។លោកថា ប្រាក់បុរេប្រទាន ដែលកម្មករទទួលបានគឺគិតទៅតាមលក្ខខណ្ឌការងារជាក់ស្តែង។

លោកបន្តថា៖ «[ការទូទាត់សំណង] មាន២ រោងចក្រ រោងចក្រទី១ ម៉ាស្ទិច [ម៉ាស្ទេច អ៊ីនខេម]ទី២ ដាយ៉ាបក្លូប៊ល។ប្រាក់ជាមធ្យមដែល [កម្មករ] ទទួលបានជាមធ្យមប្រហែលជា ៥០០ [ដុល្លារ] ជាង ទៅ១០០០ [ដុល្លារ] តាមតួនាទីរបស់គាត់ » ។ របាយការណ៍ របស់សហភាពការងារកម្ពុជាដែលចេញផ្សាយដោយ អតីតអង្គភាពសារព័ត៌មាន V​​O​​D​ កាលពីខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅដើម ឆ្នាំ២០២៣ មានរោងចក្រចំនួន​១០បានបិទទ្វារ និងរោងចក្រចំនួន ២០ផ្សេងទៀត បានព្យួរការងារកម្មករ ចំណែករោងចក្រប្រមាណ ៦០រោងចក្រផ្សេងទៀតបានកាត់បន្ថយបុគ្គលិក៕