ក្រុមអ្នកឃ្លាំមើលសង្គមយល់ឃើញផ្សេងគ្នាពីការបង្ហាញជំហររបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត លើវិធានទៅលើអ្នកញុះញង់ធ្វើឱ្យសន្លឹកឆ្នោតខូច ដោយចាត់ទុកថា អ្វីដែល គ.ជ.ប. លើកឡើងជាការអនុវត្តនីតិវិធីដូចមានបញ្ញត្តិដោយច្បាប់ផង និងជាកំហុសឆ្គងផង។
ប្រតិកម្មនេះ ក្រោយពី គ.ជ.ប បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈសេចក្តីប្រកាសនោះ ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានប្រើប្រាស់ច្បាប់មួយចំនួនដើម្បីការពារពីការអនុវត្តនូវធម្មនុញ្ញភាពរបស់ខ្លួន ដូចមានបញ្ញតិ្តនៅក្នុងរដ្ឋធម្មនុញ្ញ និងវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ដែលរដ្ឋសភាទើបអនុម័តថ្មីៗនេះ។
នេះអាចចាត់ទុកថា ជាលើកទី១ហើយ ដែលក្រុមប្រតិកម្មរហ័ស របស់ស្ថាប័ន គ.ជ.ប លើកពីខ្លឹមសារច្បាប់ ដូចមានបញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញមកការពារ ស្របពេលមាត្រាច្បាប់មួយចំនួន ដែលបម្រើឱ្យប្រយោជន៍សាធារណៈ នៅក្នុងរដ្ឋធម្មនុញ្ញដែរ ត្រូវបានគេធ្វើវិសោធនកម្មជាបន្តបន្ទាប់។
គជប និយាយក្នុងសេចក្តីប្រកាសនោះថា ប្រសិនក្នុងករណីមានអ្នកញុះញង់ធ្វើឱ្យសន្លឹកឆ្នោតខូច ព្រោះតែគ្មានគណបក្សនយោបាយណាមួយ ដែលខ្លួនមិនពេញចិត្ត តាមច្បាប់ដែលទើបឆ្លងកាត់វិសោធនកម្មថ្មីនេះ អ្នកបង្កនោះនឹងទទួលការផាកពិន័យ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតនៅឡើយផង។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ហៅការប្រើវិធានច្បាប់នេះថា វាហាក់ដើរផ្ទុយពីគោលការណ៍ និងនីតិវិធីដូចមានបញ្ញត្តិនៅក្នុងក្រមមួយចំនួនទៅវិញ ជាពិសេសរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។
ជាងនេះទៀត លោកថា បើគេពិនិត្យអំពីខ្លឹមសារច្បាប់ ដែលទើបកែប្រែរួចនេះ វាហាក់ដូចជាគ្មានចំណុចណាមួយ នៃមាត្រាច្បាប់អាចជួយការពារផលប្រយោជន៍ម្ចាស់ឆ្នោតសោះឡើយ។
លោកបន្តថា៖«ជាការពិតបើយើងសំអាងលើច្បាប់សម្រាប់អ្នកដែលប្រកាសបែបហ្នឹង វាខុសនឹងច្បាប់ហើយណា។ប៉ុន្តែវានៅតែជាសិទ្ធិរបស់ពលរដ្ឋទេ ដែលគេទៅបោះឆ្នោតជាម្ចាស់ឆ្នោតហើយ។ហើយសេចក្តីប្រកាសនេះក៏ប្រហែលជាប្រឆាំងជាមួយនិងអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានប្រកាសផងដែរថា ឱ្យគូសសន្លឹកឆ្នោតហ្នឹងចោលអីអញ្ចឹងទៅ។ប៉ុន្តែប្រសិនណាបើការប្រកាសឱ្យអ្នកទៅបោះឆ្នោតដោយគូសខ្វែងអីហ្នឹង វាខុសនឹងច្បាប់បច្ចុប្បន្នហើយ »។
ហាក់ផ្ទុយពីការយល់ឃើញនេះ សហស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ គាំទ្រការចេញសេចក្តីប្រកាសព័ត៌មាន ដែលធ្វើឡើងដោយស្ថាប័នជាតិរៀបចំការបោះឆ្នោតនៅ។
លោក សុជាតិ ហៅការអនុវត្តនីតិវិធីដោយ គ.ជ.ប នេះថា គឺជាជំហរដែលផ្អែកទៅលើច្បាប់ ដែលកំពុងនៅជាធរមាន ជាពិសេសច្បាប់ដែលទើបតែឆ្លងកាត់ការប្រែថ្មីៗនេះ។
លោកបន្តថា៖«ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះដែរ នេះជារឿងត្រឹមត្រូវហើយ ដែល គ.ជ.ប ជាអ្នកអនុវត្តច្បាប់ហើយច្បាប់បានចែង និងអនុម័ត និងទទួល់ស្គាល់ដោយសភាជាផ្លូវការហើយ គឺជាអ្វីដែលគ្រប់គ្នាត្រូវតែគោរពប្រតិបត្តិ ជាពិសេសគឺអ្នកអនុវត្តច្បាប់ដែលជាអ្នកធ្វើការនៅលើច្បាប់ហ្នឹងដោយផ្ទាល់តែម្តង »។
ចំណែកលោក កង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់នៃអង្គការ ខុមហ្វ្រែល(Comfrel) វិញហាក់មានភាពស្ទាក់ស្ទើរក្នុងការអត្ថាធិប្បាយជុំវិញជំហរ គ.ជ.ប. នៅពេលនេះ។
បើតាមអ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ អ្វីដែលក្លាយទៅជាច្បាប់ទៅហើយ ដូចជាគ្មានអ្វីដែលត្រូវប្រកែកទៀតនោះទេ។
ប្រភពដដែលឱ្យដឹងថា បើគេពិនិត្យទៅលើខ្លឹមសារនៃច្បាប់បោះឆ្នោតដែលទើបឆ្លងកាត់ធ្វើវិសោធនកម្មនេះ គឺបានដាក់កំហិតតែទៅលើអ្នកញុះញង់អ្នកដទៃ ដែលនាំឱ្យខូចប្រយោជន៍ទេ ប៉ុន្តែប្រសិនបើតួអង្គអនុវត្តតាមការអំពាវនាវពិតមែន នោះទើបជាបញ្ហា។ ផ្ទុយទៅវិញ បើអនុវត្តតាមនីតិវិធី ដូចដែលបានបញ្ញត្តិ វាមិនខុសទាស់អ្វីឡើយ។
លោកបន្តថា៖«ខ្ញុំដូចជាមិនមានយោបល់ទៅលើហ្នឹងទេ។រឿងនេះដោយថាច្បាប់ដែលទើបតែធ្វើវិសោធនកម្មរួចហើយហ្នឹងបានបង្កើតរួចហើយ ហើយនៅក្នុងនោះបានចែងអំពីរឿងទោសទណ្ឌចំពោះអ្នកដែលញុះញង់ និងអ្នកណែនាំឱ្យអ្នកបោះឆ្នោតឱ្យគូសសន្លឹកឆ្នោតធ្វើឱ្យខូចអីជាដើមអញ្ចឹងទៅ។ ដូច្នេះមានន័យថាច្បាប់មានរួចហើយ។នេះជារឿងទី១ ហើយរឿងទី២គឺជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋគឺជារឿងមួយធម្មតាទេ ដូចយើងដឹងហើយថាដំណើរការនៃការបោះឆ្នោត សម្រាប់ឆ្នាំ២០២៣នេះនីតិកាលទី៧ហើយ ហើយបើការបោះឆ្នោតឃុំសង្កាត់វា៥ដងរួចមកហើយ ហើយបើសរុបទៅវាជាង១០ដង[១១ដងរួច]ហើយ។អញ្ចឹងទេ ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងហ្នឹង លោកអាចយល់ហើយ »។
ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតលើកនេះ ក្រសួងយុត្តិធម៌ បានយកច្បាប់ចំនួន៤ច្បាប់ មកកែប្រែ រួមមានច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ក្រោយលោក ហ៊ុន សែន ប្រតិកម្មដែលទាមទារឱ្យធ្វើវិសោធនកម្មដោយប្រញាប់ ក្នុងរយៈពេល ១០ថ្ងៃ ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តដោយពុំមានការដេញដោល កាលពីថ្ងៃទី ២៣ មិថុនា ឆ្នាំ២០២៣។
ច្បាប់ដែលតម្រូវឱ្យមនុស្សម្នាក់ ត្រូវចូលរួមបោះឆ្នោតលើកចុងក្រោយបាន២ដង ទើបអាចមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតបានត្រូវគេមើលឃើញថា វាគ្រាន់តែជាផ្នែកមួយចង់ឈ្នះចង់ចាញ់គ្នាខាងនយោបាយ រវាបក្សបក្សកាន់អំណាច និងអតីតបក្សប្រឆាំង មិនបានលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ទេ។
ទាក់ទងនឹងភាពឯករាជ្យ និងរក្សាការសម្ងាត់សម្រាប់អ្នកបោះឆ្នោតវិញ លោកបណ្ឌិត មាស នី យល់ឃើញថា បញ្ហានេះវាលែងជារឿងដែលត្រូវឆ្ងល់ទៀតហើយ ដោយថារាល់ប្រតិបត្តិការរបស់ គ.ជ.ប. អ្នកណាក៏អាចដឹងបានថា របៀបធ្វើការរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ ធ្វើការដោយរបៀបណានោះ។
លោកបន្តថា៖«យើងដឹងពីលក្ខខណៈធម្មជាតិរបស់ គ.ជ.ប ហ្នឹងតាំងពីដើមមកហើយ។យើងមិនចាំបាច់ធ្វើអត្ថាធិប្បាយអីទេបាទ។ខ្ញុំគិតថាប្រជាពលរដ្ឋខ្មែរភាគច្រើនក៏គាត់ដឹងថាជាស្អីដែរបាទ។ខ្ញុំមិនចាំបាច់ធ្វើអត្ថាធិប្បាយទេ »។
ភាពចម្រូងចម្រាស់ ដែលនាំឱ្យ គ.ជ.ប.ហ៊ានចេញសេចក្តីប្រកាស ដោយច្បិចយកខ្លឹមសារច្បាប់ត្រង់ការដាក់ទោសទណ្ឌមកប្រើនេះ គេសង្កេតឃើញក្រោយមានការអំពាវនាវរបស់លោក សម រង្ស៊ី ដែលជំរុញឱ្យពលរដ្ឋគូសខ្វែងលើសន្លឹកឆ្នោត នៅពេលទៅបោះឆ្នោត។
តាមរយៈការប្រកាសនេះ គ.ជ.ប បានប្រើប្រាស់មធ្យោបាយច្បាប់ក្នុងន័យដើម្បីទប់ស្កាត់បទល្មើសកើតឡើង ដោយចាត់ទុកថា ការអំពាវនាវនោះ គឺដើរផ្ទុយពីខ្លឹមសារច្បាប់ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាដើម។
ជាងនេះទៀត ក្រុមប្រតិកម្មរហ័សរបស់ស្ថាប័ន គ.ជ.ប បានលើកយកមាត្រាខ្លះ នៃច្បាប់បោះឆ្នោតដែលទើបតែកែប្រែរួចថ្មីៗ មកសំអាង ដូចជាអ្នកញុះញង់ឱ្យប្រព្រឹត្តបទល្មើស តាមរយៈការគូសសន្លឹកឆ្នោតខ្វែងនៅថ្ងៃបោះឆ្នោតនឹងត្រូវពិន័យចន្លោះពី ៥ ០០០ ០០០ ទៅ ៨ ០០០ ០០០ រៀល។កម្រិតទោសនេះ នៅមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតនៅឡើយផង។
បន្ថែមលើសេចក្តីថ្លែងការណ៍នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ឱ្យដឹងថា ការវាយប្រហារណាមួយគួរធ្វើឡើងសំដៅទៅអ្នកបង្កហេតុ។ លោកចាត់ទុកថា ការរិះគន់ស្ថាប័ន គ.ជ.ប ដែលជាអ្នកអនុវត្តច្បាប់ វាហាក់មិនទំនង ព្រោះជានីតិបុគ្គលដែលចាំតែប្រតិបត្តិការ លើនីតិវិធីប៉ុណ្ណោះ។
លោកបន្តថា៖«គ.ជ.ប មើលឃើញការផ្សព្វផ្សាយព័ត៌មានដែលថាឱ្យប្រជាពលរដ្ឋគូសបំផ្លាញ់សន្លឹកឆ្នោតថាជារឿងខុសឆ្គង និងជារឿងផ្ទុយច្បាប់ប្រសើរជា ជាងគិតមករកថា គ.ជ.ប ដែលខំការពារសិទ្ធិបោះឆ្នោត និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋជាធំនោះលើកជាបញ្ហាជាទៅវិញ។ អញ្ចឹង គ.ជ.ប មានតួនាទីក្នុងការចាត់តែង គ្រប់គ្រង និងបម្រើសេវាកម្មបោះឆ្នោតគឺជាភារកិច្ចដែល គ.ជ.ប.ធ្វើស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ »។
អ្នកនាំពាក្យ គ.ជ.ប. រូប នេះក៏បដិសេធដែរថា ស្ថាប័នជាតិដែលមានភារកិច្ចរៀបចំការបោះឆ្នោត មិនបានបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមការិយាល័យបោះឆ្នោត ដើម្បីឃ្លាំមើលពីដំណើរការបោះឆ្នោតឡើយ។ ឆ្លើតបនឹងការរិះគន់នេះ លោក ហង្ស ពុទ្ធា បញ្ជាក់ដោយខ្លីថា បើទោះជានៅតាមការិយាល័យបោះឆ្នោត មិនបានភ្ជាប់ កាមេរ៉ាសុវត្ថិភាពក៏ពិតមែន ក៏គេអាចនៅមានមធ្យោបាយដឹងបាន វាមិនខុសអីពីបទល្មើសព្រហ្មទណ្ឌផ្សេងៗប៉ុន្មានដែរទេ។
លោកបន្តថា៖«មិនមានការបង្កប់កាមេរ៉ាអីនោះទេ។បន្ទប់សម្ងាត់នៅតែជាបន្ទប់សម្ងាត់។ខ្ញុំក៏មិនមែនជាអ្នកជំនាញដែលត្រូវដឹងថាធ្វើម៉េចឱ្យដឹងថាគូសសន្លឹកឆ្នោតចោលបានដែរ។ប៉ុន្តែគ្រាន់តែលើកជាឧទាហរណ៍មួយថាករណីឃាតកម្មដែលគេដឹងថាអ្នកណាជាឃាករ ហើយនិងអ្នករងគ្រោះ ហេតុអីបានជាអាចរកឃើញ។តែនេះគ្រាន់តែជាឧទាហរណ៍ទេ ខ្ញុំមិនមិនពន្យល់អីលើសពីហ្នឹងទេបាទ»។
គេសង្កេតឃើញថា ប្រសិនបើកាមេរ៉ាសុវត្ថិ អាចនឹងត្រូវបានបំពាក់មែន នៅតាមការិយាល័យបោះឆ្នោត ដូច្នេះមានន័យថា គេត្រូវប្រើកាមេរ៉ាសុវត្ថិភាព ដើម្បីចាប់សកម្មភាពបោះឆ្នោត យ៉ាងហោចណាស់ក៏ជាង ២២,៩៦៧ ទាំង២៥ មណ្ឌលរាជធានី-ខេត្ត នៅទូទាំងប្រទេសដែរ។
ប៉ុន្តែមន្រ្តី គ.ជ.ប. បានអះអាងហើយថា បន្ទប់សម្ងាត់នៅតែជាកន្លែងដែលផ្តល់នូវសុវត្ថិភាពសម្រាប់អង្គបោះឆ្នោត។
បើទោះបែបណា សម្រាប់ការបោះឆ្នោតក្នុងអាណត្តិទី៧នេះ ក្រុមអ្នកវិភាគ មើលឃើញថា អាចនឹងមិនមានយុត្តិធម៌ និងតម្លាភាពប៉ុន្មានទេ។
គេសង្កេតឃើញថា នៅមុនការបោះឆ្នោតកើតឡើង គ.ជ.ប. បានរៀបចំបញ្ជីមួយឡើងដែលពុំធ្លាប់មានដើម្បីកត់សំគាល់ និងស្រង់ឈ្មោះអ្នកដែលបានទៅ និងមិនបានទៅបោះឆ្នោតនៅក្នុងអាណត្តិនេះ។
ក្រៅពីនេះ គណបក្សភ្លើងទៀន ដែលមានអ្នកគាំទ្រជាង១លាន ៦សែន សំឡេង នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ត្រូវបានដកសិទ្ធិមិនឱ្យចូលរួមប្រកួតប្រជែងនៅក្នុងអាណត្តិទី៧នេះ ក្រោមហេតុផលខុសនីតិវិធី។
យ៉ាងណាអ្នកឃ្លាំមើលមួយចំនួនបាននិយាយថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដែលយកច្បាប់ចំនួន៤មកកែជាការដកសិទ្ធិមូលដ្ឋានមួយចំនួន របស់ពលរដ្ឋដែលត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញ ។
ស្ថានភាពបែបនេះ បើធៀបទៅកាលពីជាង៥ឆ្នាំមុន ហាក់ដើរមិនឆ្ងាយពីគ្នាប៉ុន្មានដែរទេ។នៅដើមឆ្នាំ២០១៧ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ហើយបើកផ្លូវឱ្យក្រសួងមហាផ្ទៃ អាចប្តឹងទៅតុលាការកំពូល ក្នុងការរំលាយគណបក្សនយោបាយណាដែលរកឃើញថា បានប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ដទៃទៀត។ ជាមួយគ្នានេះ វិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយក្នុងឆ្នាំដដែល បានអនុញ្ញតឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកអាសនៈទាំងអស់របស់គណបក្សដែលត្រូវបានរំលាយទាំងក្នុងរដ្ឋសភា និងអាសនៈឃុំ-សង្កាត់ ចែកទៅឱ្យបក្សផ្សេងទៀតដែលពលរដ្ឋមិនបានបោះឆ្នោតផ្តល់ទំនុកចិត្ត៕