គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២៣ ប្រកាសថា បុគ្គលដែលណែនាំ ឬញុះញង់ឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលបោះឆ្នោតនឹងត្រូវន្ទាទោសតាមច្បាប់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញនៅថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២៣ លើកឡើងថា មានបុគ្គលមួយចំនួននៅតែបន្តយុទ្ធនាការ តាមបណ្តាញសង្គមព័ត៌មាន ណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល ដើម្បីឲ្យសន្លឹកឆ្នោតទាំង អស់នោះក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។
គ.ជ.ប បន្ថែមថា បុគ្គលណាដែលប្រព្រឹត្តដូចខាងលើនឹងទទួលទោស តាមមាត្រា១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
មាត្រា១៤២ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលទើបធ្វើវិសោធនកម្មចែងថា ការណែនាំដោយប្រើមធ្យោបាយទុច្ចរិតរួមមានការញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោតធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។
បុគ្គលណាដែលប្រព្រឹត្តបទល្មើសដូចខាងលើ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុប បេក្ខភាពរបស់សាមីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់សាម៉ីខ្លួនរយៈពេលយ៉ាងតិច៥ឆ្នាំបន្ថែមទៀតដោយ គ.ជ.ប ។
សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់ Newsroom Cambodia ថា ការណ៍ដែលប្រជាពលរដ្ឋគូសសន្លឹកឆ្នោតដែលមិនអាចយកជាការបាននោះ គឺវាផ្ទុយពីគោលការណ៍ដែលច្បាប់ចង់បាន ដែលនោះហើយគឺជាការអនុវត្តដែលខុសពីច្បាប់។
លោកថា៖ «ច្បាប់យើងកំណត់៥ឆ្នាំ បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត មានការរៀបចំការបោះឆ្នោត ឲ្យប្រជាពលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាល ៥ឆ្នាំម្តង។ អ៊ីចឹងការដែលទៅគូស គឺគូសដើម្បីជ្រើសរើសគណបក្សណាមួយដែលស្រឡាញ់ពេញចិត្ត ប៉ុន្តែបើទៅគូសដើម្បីបំផ្លាញសន្លឹកឆ្នោតបានន័យថា វាអត់ចំគោលដៅនៃច្បាប់ចង់បានទេ អ៊ីចឹងនោះហើយគឺជាការអនុវត្តខុសច្បាប់»។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល លើកឡើងថា ច្បាប់ដែលបានចែងរួចហើយ គឺត្រូវតែអនុវត្ត ដូច្នេះអ្នកដែលញុះញង់គឺត្រូវតែប្រឈមមុខនឹងច្បាប់ដែលបានចែងជាធរមាន។
លោកថា៖ «អាហ្នឹងជាធម្មតាទេ ធម្មតាកាលណាច្បាប់គេមានចែងហើយ យើងមិននិយាយ ទេថាច្បាប់ហ្នឹងចែងទៅវាកម្រិតណាទេ កាលណាច្បាប់គេចែងហើយ គឺថាគ្រប់គ្នាត្រូវតែអនុវត្តតាមហើយ។ អ៊ីចឹងយើងមិននិយាយថាច្បាប់និយាយយ៉ាងម៉េចទេ ប៉ុន្តែជាទូទៅអ្នកដែលណែនាំហ្នឹងគឺថា ជាការពិតណាស់ តាមច្បាប់ត្រូវមានទោសចឹង។ ខ្ញុំមិនមានយោបល់អីទៀតទេដោយសារតែច្បាប់បានសម្រេច ហើយមកស្រាយដោយរដ្ឋធម្មនុញ្ញរួចហើយ»។
យ៉ាងណាក៏ដោយ លោកបន្តថា ប្រជាពលរដ្ឋនៅតែមានសិទ្ធិពេញលេញក្នុងការធ្វើតាមឆន្ទៈរបស់ខ្លួន ដើម្បីសម្រេចចិត្តជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
លោកនិយាយថា៖ «ប្រជាពលរដ្ឋមានសិទ្ធិក្នុងការសម្រេចគូសបែបណាៗជាសិទ្ធិ ជាសេរីភាពរបស់ប្រជាពលរដ្ឋ មិនមែនជាកាតព្វកិច្ចទៅតាមផ្លូវច្បាប់ថា ត្រូវតែគូសបែបនេះ បែបនោះ អាហ្នឹងគឺវាមិនមានទេ»។
គួរបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានគណបក្សប្រឆាំងលេចធ្លោណាមួយអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាបានឡើយ បន្ទាប់ពីគណបក្សភ្លើងទៀនត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហាមឃាត់មិនឱ្យចូលរួមឈរឈ្មោះ ដោយមូលហេតុកង្វះឯកសារផ្លូវច្បាប់៕