អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមានចាត់វិធានការច្បាប់លើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចំនួន ៥នា​​ក់ ក្នុងករណី​​ពុំប្រកាសទ្រព្យសម្បត្តិមកកាន់អង្គភាពទេនោះ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ មានប្រសាសន៍ថា ACU បានស្រាវជ្រាវរកឃើញថា មន្រ្តី៥នាក់នេះ ​នៅពុំទាន់បានដាក់ឯកសារពាក់ព័ន្ធទ្រព្យសម្បត្តិ និងបំណុលនៅឡើ​​យ​​ទេ ក្នុងចំ​​ណោម​​មន្រ្តីរាជការ ២៣ ០០០នាក់ផ្សេងទៀត ដែលពួកគេបានប្រកាសទ្រព្យសម្បត្តិរួច។

លោកបន្តថា ACU បានព្យាយាមទាក់ទងទៅកាន់មន្រ្តីទាំង៥នាក់ និងក្រុមគ្រួសាររបស់ពួកគេដែរ ប៉ុន្តែនៅតែមិនមានមធ្យោបាយកោះហៅមនុស្សទាំង៥នាក់នោះបាន។ ACU មានមន្ទិលថា មន្រ្តីទាំង៥នាក់នេះ ទំនងចាកចេញទៅនៅ​ក្រៅប្រទេស ដោយ​​សា​រពុំអាចស្វែងរកការទាក់ទងក្នុងស្រុកបាន។

លោកបន្តថា៖ «ACU ពិនិត្យឃើញថា អ្នកទាំង ៥នាក់ មិនទាន់បានប្រកាស[ទ្រព្យសម្បត្តិ]។ យើងព្យាយាមទាក់ទងគាត់ជាច្រើនរបៀប ប៉ុន្តែយើងមិនអាចទាក់ទងគាត់បានឡើយ ទាំងក្រុមគ្រួសាររបស់គាត់»។

សេចក្ដីជូនដំណឹងរបស់ ACU ដែលចេញកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា ស្ថាប័នប្រឆាំងអំពើពុករលួយនេះ បានអំពាវនាវឱ្យពួកគេទាំង៥នាក់ ប្រកាសទ្រព្យសម្បត្តិឱ្យបានឆាប់រហ័សមកកាន់អង្គភាព ប្រឆាំងអំពើពុករលួយ។

ប្រភពដដែលបន្តថា មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលដែលរងការចោទប្រកាន់ថាពុំប្រកាសទ្រសម្បត្តិនេះ មានដូចជា លោក ទី ស៊ីណាត នាយរងការិយាល័យនៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃក្រសួងការពារជាតិ, លោ​​ក លឹម សៀង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីនៃក្រសួងមហាផ្ទៃ, លោកស្រី ផាយ សៀកលី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងធម្មការ និងសាសនា, លោក Divay Gupta និងលោក Philippe Delanghe ទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 

ACU និយាយថា តាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ អ្នកទាំង៥នាក់នេះ នឹងត្រូវប្រ​​ឈមមុខជាប់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់១០ម៉ឺនរៀល ទៅ ២លានរៀលថែមទៀត ព្រមទាំងត្រូវ​​បង្ខំឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលផងដែរ។ ជាងនេះ ក្នុងករណីនៅតែមិនព្រមប្រកាសទ្រព្យស​ម្បត្តិទៀត នឹងត្រូវផ្ដន្ទាទោសទ្វេដង។

គិតត្រឹមថ្ងៃសុក្រនេះ សារព័ត៌មាន Newsroom Cambodia នៅពុំទាន់អាចសុំ​ការឆ្លើយតបពីមន្រ្តីទាំង៥នាក់នោះបាននៅឡើយទេ។ 

ដោយឡែក លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា​ លោកពុំអាចកត់សម្គាល់ថា លោក លឹម សៀង មកបម្រើការងារនៅក្រសួងជាធម្មតានោះទេ ដោយសារបុគ្គលិកក្រសួងមហាផ្ទៃមានចំនួនច្រើន។ យ៉ាងណា លោក​ថា ករណីនេះច្បាប់បានកំណត់ហើយ ប្រសិនបើលោក លឹម សៀង ពុំព្រមប្រកាសទ្រព្យសម្បត្តិនឹងត្រូវទទួលទោស។

លោកបន្តថា៖ «ទោះជាយ៉ាងណាក៏ដោយត្រូវតែធ្វើ លើកលែងតែសាមីខ្លួនបោះបង់ចោលការងារ»។

ចំណែក លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍ថា លោកក៏ពុំអាចសម្គាល់ថា លោក ទី ស៊ីណាត មកធ្វើការជារៀងរាល់ថ្ងៃដែរ ដោយសារក្រសួងការពារជាតិមានមន្រ្តីរាជការច្រើន។ ប៉ុន្តែ លោកថា ក្នុង​ករណីលោក ទី ស៊ីណាត មិនប្រកាសទ្រព្យសម្បត្តិពិតមែន នោះជាអំពើប្រឆាំងនឹងច្បាប់។

លោកបន្តថា៖ «ត្រូវតែអនុវត្តការប្រកាស[ទ្រព្យសម្បត្តិ] ហើយបើមិនប្រកាសទេខុសច្បាប់»។

ដោយឡែក លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បដិសេធក្នុងការអត្ថាធិប្បាយពាក់ព័ន្ធនឹង លោក Di​​​vay Gupta និងលោក Philippe Delanghe នៅថ្ងៃនេះ ដែលអ្នកទាំង២ ជាទីប្រឹក្សានៃក្រសួងវប្បធម៌ ដោយគ្រាន់ប្រាប់ថា លុះត្រា​មានការអនុញ្ញាតពីរដ្ឋមន្រ្តីជាមុនសិន។

យ៉ាងនេះក្តី លោក អ៊ឹម នរិន្ទ នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា ការប្រកាសទ្រព្យសម្បត្តិជាករណីចាំបាច់សម្រាប់មន្រ្តីរាជការ ដើម្បីចៀសវាងការប្រព្រឹត្តិអំពើពុករលួយអំឡុងពេលពួកគេកា​​​ន់តួនាទី។

លោកបន្តថា៖ «គេជំរុញឱ្យប្រកាសហ្នឹងដើម្បីទាមទារឱ្យមានតម្លាភាព។ ទី២ ដើម្បីចៀសវាងទំនាស់ផលប្រ​​យោជន៍។ ទី៣ អាចឱ្យយើងដឹងថាតើមានបញ្ហាអីកើតឡើងពីភាពមិនប្រក្រតីក្នុងការទទួលបាននៅទ្រ​ព្យ​​​ឬចំណូល ឬការទូទាត់បំណុលរបស់គាត់អំឡុងពេលគាត់កាន់តួនាទីឬមុនពេលគាត់កាន់តួនាទីហ្នឹង»។

បើតាម លោក សយ ចាន់វិចិត្រ ដែលជាមន្រ្តីជាន់ខ្ពស់​នៃអង្គភាពប្រឆាំងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិរបស់មន្រ្តីរាជការមានថេរវេលា២ឆ្នាំម្ដង។ មន្រ្តីរាជការដែលជាប់​កាតព្វកិច្ចក្នុងការ​ប្រកាសទ្រព្យសម្ប​​​ត្តិទាំងនោះ ត្រូវជា​មន្រ្តី​តែ​​ង​តាំងដោយអនុក្រឹត្យ ឬរាជ្យក្រឹត្យ។

ក្រៅពីនេះមាន សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករដ្ឋាភិបាល មន្រ្តីសាធារណៈមានអាណត្តិជ្រើសតាំង មន្រ្តី ACU​ទាំងអស់ ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីជាដើម ក៏ត្រូវប្រកាសទ្រ​​ព្យសម្ប​​ត្តិ​​ដែរ។ ជាងនេះទៀត ការប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅឆ្នាំ២០២៣នេះ ត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមករា។

អង្គការតម្លាភាពអន្តរជាតិ (TI) រកឃើញថា កម្ពុជានៅតែមានអំពើពុករលួយដែលឈរនៅក្នុងលំដាប់​​លេ​​ខ​​​​រៀងទី ១៥៧ លើ១៨០ប្រទេស នៅក្នុងពិភពលោក។ តាមរយៈរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយ​​កា​​​​​ល​ពីថ្ងៃទី​២៥ ខែ​មករា ឆ្នាំ២០២២ TI ក៏រកឃើញដែរថា សន្ទស្ស​​ន៍នៃអំពើពុករលួយនេះ បើគិតពីប្រ​​ទេ​​ស​​​​នៅ​​ក្នុងតំបន់អាស៊ានទាំង១០វិញ កម្ពុជានៅតែមានអំពើពុករលួយខ្ពស់ និងឈរក្នុងចំណាត់​ថ្នាក់ទា​​ប​ទី​​៣ នៅ​​​​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដដែល៕