ទីស្នាក់ការ របស់ប្រជាសហគមន៍ព្រៃឈើក្បាលខ្លា ស្ថិតនៅឃុំសណ្តាន់ ខេត្តកំពងធំ ដែលសាងសង់ឡើងដើម្បីជាទីកន្លែងសម្រាប់ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ លួចដុតបំផ្លាញខូចខាតស្ទើរពាក់កណ្តាល នៃទំហំទីស្នាក់ការទាំងមូល។
គណៈកម្មការសហគមន៍ព្រៃឈើក្បាលខ្លា លោក ហឿន សុភាព ប្រាប់ Newsroom Cambodia នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ថា សមាជិកសហគមន៍ដែលចុះល្បាតព្រៃបានប្រទះឃើញទីស្នាក់ការឈើមួយនេះ ត្រូវបានឆាបឆេះ កាលពីពាក់កណ្តាលយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ ប្រភពបន្តថា តាមការពិនិត្យជាក់ស្តែង ទីស្នាក់ការដែលរងការឆាបឆេះនេះ មានទំហំប្រវែង ៤ម៉ែត្រ៤ជ្រុង នៃទំហំស្នាក់ការទាំងមូលដែលមានប្រវែងបណ្តោយ ៧ម៉ែត្រ និងទទឹង ៨ម៉ែត្រ។ ជាមួយគ្នានេះ លោក សុភាព បានបង្ហាញការសោកស្តាយដែលស្នាក់ការសាងសង់ពីឈើក្នុងឆ្នាំ២០១៤ មួយនេះ ត្រូវរងការខូចខាត ដោយលោកថា វាគឺជាជម្រកមួយសម្រាប់ឱ្យសកម្មជនព្រៃឈើបានស្នាក់នៅ ក្នុងអំឡុងពេលចុះល្បាតព្រៃឈើក្នុងពេលកន្លងទៅ។
លោកបន្តថា៖ «ស្នាក់ការនេះជាស្នាក់ការមួយដែលយើងធ្វើឡើងក្នុងគោលបំណងទី១ សម្រាប់សកម្មជន[ព្រៃឈើ] ឬក៏ក្រុមល្បាត [ព្រៃ] សហគមន៍ក្បាលខ្លាយើងខ្ញុំ ងាយស្រួលក្នុងការជ្រកកោន នៅពេលដែលយើងធ្វើដំណើរទៅល្បាតទៅអីយប់ព្រលប់ ស្នាក់នៅហ្នឹងដែរ »។
បើតាមលោក ហឿន សុភាព ស្នាក់ការដែលមានអាយុកាលជិត១០ឆ្នាំនេះ ត្រូវបានចំណាយថវិកាប្រមាណ ១ ៥០០ដុល្លារអាមេរិក ដើម្បីសាងសង់ ក្រោយទទួលបានជំនួយពីសមាជិកសហគម៍ព្រៃក្បាលខ្លា និងសប្បុរសជនមួយចំនួនទៀត។ ប្រភពដដែលឱ្យដឹងថា ក្រោយមានការឆាបឆេះ ស្នាក់ការនេះ លោកបានរៀបចំដាក់ពាក្យបណ្តឹងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់រួចរាល់ហើយដែរ។
លោកបន្តថា៖ «[បណ្តាញសហគមន៍ព្រៃក្បាលខ្លា] កំពុងធ្វើការស្រាវជ្រាវ ប៉ុន្តែមានចំណុចត្រួសៗ ដែលយើងអាចកត់សម្គាល់ថា ក្រុមដែលចូលរុករកចាប់សត្វស្វា លួចចាប់សត្វសំពោច ដែលគេធ្វើសកម្មភាពជាច្រើនលើកច្រើនសារក្នុងព្រៃសហគមន៍។ យើងដឹងក្រុម មុខសញ្ញាខ្លះៗហើយ» ។
ព្រៃសហគមន៍ក្បាលខ្លា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដោយកំណត់ថា ព្រៃមួយនេះ មានទំហំជាង ១០ ០០០ហិកតា (១ ២៧៥.៤៦ហិកតា) ដែលមានទីតាំងស្ថិតនៅភូមិក្បាលខ្លា ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ប្រភពដដែល បញ្ជាក់ថា គោលបំណងនៃការបង្កើត ព្រៃសហគមន៍ក្បាលខ្លានេះ គឺដើម្បីគ្រប់គ្រងថែរក្សា អភិរក្សជីវៈចម្រុះ ប្រើប្រាស់ផលអនុផលព្រៃឈើលក្ខណៈប្រពៃណីសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍ព្រៃសហគមន៍ប្រកបដោយចីរភាពជាដើម។
ជុំវិញករណីនេះ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសណ្តាន់ លោក អ៊ួង ធារិទ្ធិ ឆ្លើយតបដោយខ្លីថា លោកមិនទាន់ទទួលបានព័ត៌មាន នៃការលួចដុតស្នាក់ការព្រៃសហគមន៍ក្បាលខ្លានេះនៅឡើយទេ។
ចំណែក មេឃុំសណ្តាន់ លោក បាន ហេង ក៏អះអាងដែរថា លោកមិនទាន់ទទួលបានរបាយការណ៍ណាមួយ នៃការឆាបឆេះស្នាក់ការនេះដែរ។ បន្ថែមពីលើនេះ លោកជំរុញឱ្យប្រជាសហគមន៍ដែលជួបហេតុការណ៍នេះផ្ទាល់ ដាក់ពាក្យបណ្តឹងមកកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់មុខសញ្ញាអ្នកលួចដុត យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោកបន្តថា៖ «គាត់ដាក់ [ពាក្យបណ្តឹង]ទៅ! [មន្រ្តី]ប៉ុស្តិ៍គេស្រាវជ្រាវ ឬមិនដឹងគាត់ដាក់ទៅប៉ុស្តិ៍អី ខ្ញុំមិនទាន់ទទួលព័ត៌មានបានផង»។
យ៉ាងនេះក្តី សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា ដាក់ការព្រួយបារម្ភថា ការលួចដុតស្នាក់ការ របស់សហគមន៍ព្រៃក្បាលខ្លានេះ គឺជារូបភាពមួយនៃការគំរាមគំហែងដល់ប្រជាសហគមន៍នៅមូលដ្ឋាន ដែលតែងតែសកម្ម ក្នុងការការពារព្រៃឈើ។
លោកបន្តថា សកម្មភាពខុសច្បាប់បែបនេះ មិនគួរកើតមាននៅក្នុងព្រៃដែលត្រូវបានដាក់ជាតំបន់ការពារដូចនេះឡើយ។ បន្ថែមលើនេះ លោក ចិត្រា មើលឃើញថា ព្រៃឈើនៅក្នុងតំបន់ព្រៃសហគមន៍ក្បាលខ្លា ហាក់មិនទាន់មានការកាប់បំផ្លាញក្នុងទ្រង់ទ្រាយធំនោះទេ។ ប៉ុន្តែលោកថា ករណីហ៊ានលួចដុតស្នាក់ការបែបនេះ នឹងបង្កវិនាសកម្មព្រៃឈើដោយចៀសមិនផុតនោះឡើយ បើសិនអាជ្ញាធរមិនអាចវែកមុខរកជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បាន។
លោកបន្តថា៖ «បើសិនជាអាជ្ញាធរមិនរកអ្នកដែលធ្វើការដុតបំផ្លាញឱ្យឃើញទេ ខ្ញុំគិតថា ពួកគេទាំងនោះអាចនឹងបន្តក្នុងការធ្វើបាបសហគមន៍ ឬក៏បន្តក្នុងការបំផ្លិចបំផ្លាញក្នុងព្រៃសហគមន៍នេះទៀតផងដែរ»។
បញ្ញត្តិមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ កំណត់ថា ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ។ ជនដែលប្រព្រឹត្តិបទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានទៅ ៤លានរៀល៕