ទីស្នាក់ការ របស់ប្រជាសហគមន៍ព្រៃឈើក្បាលខ្លា ស្ថិតនៅឃុំសណ្តាន់ ខេត្តកំពងធំ ដែលសាងសង់ឡើងដើម្បីជាទីកន្លែងសម្រាប់ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ ត្រូវបានជនមិ​ន​​ស្គាល់អត្តសញ្ញាណ លួចដុតបំផ្លាញខូចខាតស្ទើរពាក់កណ្តាល នៃទំហំទីស្នាក់ការទាំងមូល។

គណៈកម្មការសហគមន៍ព្រៃឈើក្បាលខ្លា លោក ហឿន សុភាព ប្រាប់ Newsroom Cambodia នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣​​ថា សមាជិកសហគមន៍ដែលចុះល្បាតព្រៃបានប្រទះឃើញ​ទីស្នាក់ការ​ឈើមួយនេះ ត្រូវបានឆាបឆេះ កា​​ល​​​​ពីពាក់កណ្តាលយប់​ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២៣​។ ប្រភពបន្តថា តាមការពិនិត្យជាក់ស្តែង ទីស្នាក់ការដែលរង​ការឆាបឆេះនេះ មានទំហំប្រវែង ៤ម៉ែត្រ៤ជ្រុង នៃទំហំស្នាក់ការទាំងមូលដែលមានប្រវែងបណ្តោយ ៧ម៉ែត្រ និងទទឹង ៨ម៉ែត្រ។ ជាមួយគ្នានេះ លោក សុភាព បានបង្ហាញការសោកស្តាយដែ​​ល​​ស្នាក់ការសាងសង់ពីឈើក្នុងឆ្នាំ២០១៤ មួយនេះ ត្រូវរងការខូចខាត ដោយលោកថា វាគឺជាជម្រកមួយសម្រាប់ឱ្យសកម្មជនព្រៃឈើបានស្នាក់នៅ ក្នុងអំឡុងពេលចុះល្បាតព្រៃឈើក្នុងពេលកន្លងទៅ។

លោកបន្តថា៖ «ស្នាក់ការនេះជាស្នាក់ការមួយដែលយើងធ្វើឡើងក្នុងគោលបំណងទី១ សម្រាប់​សកម្មជន[ព្រៃឈើ] ឬក៏ក្រុមល្បាត [ព្រៃ] សហគមន៍ក្បាលខ្លាយើងខ្ញុំ ងាយស្រួលក្នុងការជ្រកកោន នៅពេលដែលយើងធ្វើដំណើរទៅល្បាតទៅអីយប់ព្រលប់ ស្នាក់នៅហ្នឹងដែរ »។

បើតាមលោក ហឿន សុភាព ស្នាក់ការដែលមានអាយុកាលជិត១០ឆ្នាំនេះ ត្រូវបានចំណាយថវិកាប្រមាណ ១ ៥០០ដុល្លារអាមេរិក ដើម្បីសាងសង់ ក្រោយទទួលបានជំនួយពីសមាជិកសហគម៍ព្រៃក្បាលខ្លា និងស​​ប្បុ​​រ​​ស​​ជនមួយចំនួនទៀត។ ប្រភពដដែលឱ្យដឹងថា ក្រោយមានការឆាបឆេះ ស្នាក់ការនេះ លោកបាន​រៀប​​ចំ​​ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់រួចរាល់ហើ​​យ​​ដែរ។

លោកបន្តថា៖ «[បណ្តាញសហគមន៍ព្រៃក្បាលខ្លា] កំពុងធ្វើការស្រាវជ្រាវ ប៉ុន្តែមានចំណុចត្រួសៗ ដែលយើងអាចកត់សម្គាល់ថា ក្រុមដែលចូលរុករកចាប់សត្វស្វា លួចចាប់សត្វសំពោច ដែលគេធ្វើសកម្មភាពជាច្រើនលើកច្រើនសារក្នុងព្រៃសហគមន៍។ យើងដឹងក្រុម មុខសញ្ញាខ្លះៗហើយ»

ព្រៃសហគមន៍ក្បាលខ្លា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដោយកំណត់ថា​ ព្រៃមួយនេះ មានទំហំជាង ១០ ០០០ហិកតា (១ ២​​៧​​៥​.​៤៦ហិកតា) ដែលមានទីតាំងស្ថិតនៅភូមិក្បាលខ្លា ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ប្រភពដ​​ដែល បញ្ជាក់ថា គោលបំណងនៃការបង្កើត ព្រៃ​សហគមន៍​ក្បាលខ្លានេះ​ គឺដើម្បីគ្រប់គ្រងថែរក្សា អភិរក្សជីវៈច​​ម្រុះ ប្រើប្រាស់ផល​អនុផលព្រៃឈើលក្ខណៈប្រពៃណីសម្រាប់​ការរស់នៅ និងអភិវឌ្ឍន៍​ព្រៃសហគមន៍ប្រ​​​​​ក​​ប​ដោយចីរភាពជាដើម។

ជុំវិញករណីនេះ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសណ្តាន់ លោក អ៊ួង ធារិទ្ធិ ឆ្លើយតបដោយ​ខ្លីថា លោកមិនទាន់ទទួលបានព័ត៌មាន នៃការលួចដុតស្នាក់ការព្រៃសហគមន៍ក្បាលខ្លានេះនៅឡើយទេ។

ចំណែក មេឃុំសណ្តាន់ លោក បាន ហេង ក៏អះអាងដែរថា លោកមិនទាន់ទទួលបានរបាយការណ៍ណាមួ​​យ នៃការ​ឆាប​ឆេះ​ស្នាក់​ការ​នេះ​ដែរ។ បន្ថែមពីលើនេះ លោកជំរុញឱ្យ​ប្រជាសហគមន៍ដែលជួបហេ​​តុ​​កា​​រណ៍​​​​នេះផ្ទាល់ ដាក់ពាក្យបណ្តឹង​មក​កាន់​អាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់មុខសញ្ញាអ្នកលួចដុត យកមកផ្តន្ទាទោ​​សតាមផ្លូវច្បាប់។

លោកបន្តថា៖ «គាត់ដាក់ [ពាក្យបណ្តឹង]ទៅ! [មន្រ្តី]ប៉ុស្តិ៍គេស្រាវជ្រាវ ឬមិនដឹងគាត់ដាក់ទៅប៉ុស្តិ៍អី ខ្ញុំមិនទាន់ទទួលព័ត៌មានបានផង»

យ៉ាងនេះក្តី សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា ដាក់ការព្រួយបារម្ភថា ការលួចដុតស្នាក់ការ របស់​សហគមន៍ព្រៃក្បាលខ្លានេះ គឺជារូបភាពមួយនៃការគំរាមគំហែង​ដល់​ប្រជាសហគមន៍នៅមូលដ្ឋាន ដែលតែងតែសកម្ម ក្នុងការការពារព្រៃឈើ។

លោកបន្តថា សកម្មភាពខុសច្បាប់បែបនេះ មិនគួរកើតមាននៅក្នុងព្រៃដែលត្រូវបានដាក់ជាតំបន់ការពារដូចនេះឡើយ។ បន្ថែមលើនេះ លោក ចិត្រា មើលឃើញថា ព្រៃឈើនៅក្នុងតំបន់ព្រៃសហគមន៍ក្បាលខ្លា ហា​​​​ក់មិនទាន់មានការកាប់បំផ្លាញក្នុងទ្រង់ទ្រាយធំនោះទេ។ ប៉ុន្តែលោកថា ករណីហ៊ានលួចដុតស្នាក់ការបែ​​បនេះ នឹងប​​ង្កវិនាសកម្មព្រៃឈើដោយចៀសមិនផុតនោះឡើយ បើសិន​អាជ្ញាធរមិនអាចវែកមុខរក​ជនល្មើ​​សយកមកផ្តន្ទាទោ​​ស​​តាមផ្លូវច្បាប់បាន។

លោកបន្តថា៖ «បើសិនជាអាជ្ញាធរមិនរកអ្នកដែលធ្វើការដុតបំផ្លាញឱ្យឃើញទេ ខ្ញុំគិតថា ពួកគេទាំងនោះអាចនឹងបន្តក្នុងការធ្វើបាបសហគមន៍ ឬក៏បន្តក្នុងការបំផ្លិចបំផ្លាញក្នុងព្រៃសហគមន៍នេះទៀតផងដែរ»

បញ្ញត្តិមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ កំណត់ថា ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រ​​ហ្ម​ទណ្ឌ។ ជនដែ​​ល​​ប្រព្រឹត្តិបទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់​​ពី ១លានទៅ ៤លាន​រៀល៕