ភរិយារបស់សមាជិកមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ប្រចាំនៅរាជធានីភ្នំពេញ ឱ្យដឹងថា គិតមកដល់ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ គឺនៅមិនដឹងថាតើស្វាមីរបស់អ្នកស្រីត្រូវបានគេឃុំខ្លួននៅទីណានៅឡើយទេ ខណៈការចាប់ខ្លួននេះទៀតសោត ក៏មិនដឹងថាតើមានជាប់ពាក់ព័ន្ធនឹងបទចោទអ្វីឱ្យប្រាកដនោះដែរ។
អ្នកស្រី លី គីមហួង ដែលអះអាងថាជាភរិយារបស់ លោក លី រី បានប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា ក្រោយចាប់ខ្លួន និងមកដល់ម៉ោងនេះ ក្រុមគ្រួសារពិតជាមិនទាន់បានដឹងពីដំណឹងនៃការឃុំខ្លួន ស្វាមីរបស់អ្នកស្រីនៅឡើយទេ។ អ្នកស្រីអះអាងថា ខ្លួនពិតជាព្រួយបារម្ភពីសុវត្ថិភាព ស្របពេលនៃការចុះអនុវត្តនីតិវិធីនៃការចាប់ខ្លួនហាក់ដូចជាគ្មានគុណធម៌ ហើយអ្នកស្រីក៏មិនដឹងថា ស្វាមីរបស់អ្នកស្រី បានប្រព្រឹត្តបទល្មើសអ្វីឱ្យប្រាកដដែរ។
អ្នកស្រីបន្តថា៖ «មើលទៅវាដូចជាសាហាវខ្លាំងណាស់។ យើងអត់បានធ្វើអីខុស គេនាំគ្នាមកព័ន្ធចាប់យើងដូចយើងអ្នកទោស អ្នកប្រព្រឹត្តជួញដូរអីអញ្ចឹងទៅណា វាហួសហេតុពេក ពេលឃើញហើយស្លុតចិត្តរកពាក្យនិយាយលែងឃើញ ដល់ពេលអញ្ចឹង»។
លោក លី រី ជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិមកពីគណបក្សភ្លើងទៀន នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនខ្លួនចូលរថយន្តភ្លាមៗ។
បើតាមអ្នកស្រី លី គីមហួង ចាត់ទុកថា ការចាប់ខ្លួនដែលពុំដឹងថាមានកំហុសអី្វឱ្យប្រាកដ និងគ្មានដីកាចាប់ខ្លួននេះទៀតផង វាគឺជារឿងដែលពិបាកទទួលយក។ មិនតែប៉ុណ្ណោះ ក្នុងពេលអនុវត្ត អ្នកស្រីសង្កេតឃើញមនុស្សប្រមាណ ២០នាក់ ក្នុងនោះមានទាំងជនស្លៀកពាក់ស៊ីវិល បានបញ្ជូនស្វាមីរបស់អ្នកស្រីចូលរថយន្ត ហើយដឹកចេញទៅតែម្តង។ ប្រភពដដែល បដិសេធថា មកដល់ពេលនេះទៅហើយ ដំណឹងនៃការឃុំខ្លួនស្វាមីរបស់អ្នកស្រីនៅទីណានោះ ក៏មិនបានដឹងនៅឡើយផងដែរ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានកាសែតក្នុងស្រុកស្រង់សំដីមកចុះផ្សាយ កាលពីថ្ងៃសុក្រម្សិលមិញថា មន្រ្តីជាន់ខ្ពស់ទាំង ២រូប ដែលត្រូវបាននគរបាលសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននោះ គឺជាប់ចោទពីបទ «ញុះញង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត»។ ប្រភពដែលបញ្ជាក់ទៀតថា ការចាប់ខ្លួនមនុស្សទាំង ២នាក់នេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន ដែលចេញដោយព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ។
មន្រ្តីផ្ទៃក្នុងនៃគណបក្សភ្លើងទៀន ឱ្យដឹងថា លោក លី រី មានតួនាទីក្នុងបក្ស ក្រៅពីសមាជិកគណៈកម្មាធិការនាយកហើយ លោកក៏ជាបេក្ខជនឈរឈ្មោះតំណាងរាស្រ្តលំដាប់ទី៤ និងជាសមាជិក្រុមការងារគណបក្សភ្លើងទៀនដែរ។
បើតាមប្រភពពីមន្រ្តីផ្ទៃក្នុងគណបក្ស ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា មុនពេលចាប់ខ្លួនប៉ុន្មានថ្ងៃ លោក លី រី បានដឹកនាំកិច្ចប្រជុំដែលមានសមាជិកចូលរួមប្រមាណ ១៨នាក់ តាមរយៈប្រព័ន្ធអនឡាញ Zoom។ ប្រភពដដែលបញ្ជាក់ទៀតថា ទំនងផ្តើមចេញពីកិច្ចប្រជុំផ្ទៃក្នុងបក្សនេះហើយ ហើយក៏ព័ត៌មាននៃកិច្ចប្រជុំនេះអាចលេចធ្លាយចេញទៅក្រៅ ទើបមានហេតុការណ៍នៃការចាប់ខ្លួននេះឡើង។
Newsroom Cambodia មិនអាចសុំការបញ្ជាក់បានភ្លាមៗទេ ពីលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ ដោយទូរស័ព្ទពុំអាចហៅចូលបាន។
យ៉ាងនេះក្តី លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន យល់ឃើញថា ការចាប់ខ្លួននេះ វាហាក់បង្ហាញឱ្យឃើញពីរូបភាពគំរាមកំហែងខាងនយោបាយច្រើនជាង។ ក្នុងនាមជាអ្នកតស៊ូមតិ និងធ្លាប់រងគ្រោះដោយជាប់ពន្ធនាគារ ជាច្រើនដងមុននឹងក្លាយជាអ្នកនយោបាយ លោក រ៉ុង ឈុន អះអាងថា ការចាប់ខ្លួនអ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល ដោយពុំបានអនុវត្តនីតិវិធីឱ្យមានភាពប្រាកដប្រជានេះ ឆ្លុះបញ្ចាំងឱ្យឃើញពីរបៀបរបបធ្វើការគ្មានវិន័យ។ ម្យ៉ាងវិញទៀត លោកថា បទចោទដូចដែលតុលាការរកឃើញនោះទៀតសោត ក៏រឹតតែមិនមែនជាការពិតទៅទៀតផង។
លោកបន្តថា៖ «យើងមើលឃើញការនាំខ្លួនវាផ្ទុយទៅនឹងនីតិវិធី។វាមិនមែនជាបទល្មើសជាក់ស្តែងទេ វាត្រូវមានដីកា វាត្រូវបង្ហាញដីកា វាត្រូវមានការណែនាំអំពីបទចោទបទអីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងដោយការចាប់ដោយពុំបានបង្ហាញជូនដីកាដល់សាច់ញាតិ។ ហើយការដែលចោទប្រកាន់ អំពីការញុះញង់ហ្នឹងក៏យើងមើលមិនឃើញថាធ្វើឱ្យមានចលាចលសង្គមអីធ្ងន់ធ្ងរនោះដែរ។ បើខ្ញុំធ្លាប់ស្គាល់ពួកគាត់ ពួកគាត់ពុំធ្លាប់មានធ្វើអ្វីឱ្យខុសដូចការចោទប្រកាន់ពីអាជ្ញាធរនោះទេ»។
នៅមុនយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ត្រូវចាប់ផ្តើម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានម្តងជាពីរដងហើយថា អ្នកដែលបំផុសឱ្យមានចលនាគូសខ្វែងស្លឹកឆ្នោត លោកនឹងមិនលែងឱ្យនោះទេ។ ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះក៏ជាការផ្ញើសារឱ្យទៅលោក សម រង្ស៊ី មេដឹកនាំបក្សជំទាស់ ដែលតែងអំពាវនាវឱ្យគូសខ្វែងលើសន្លឹកឆ្នោត ប្រសិនបើពួកគេគ្មានជំរើស ហើយត្រូវទៅបោះឆ្នោត។
ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) មានប្រសាសន៍ថា៖ «បើទៅតាមនីតិវិធីបើការចាប់ខ្លួនមួយកើតឡើង បើមិនមែនជាបទល្មើសជាក់ស្តែងទេ វាត្រូវតែមានដីកា ហើយបង្ហាញអំពីដីកានោះ ឱ្យសាមីខ្លួន ឬក្រុមគ្រួសារគេបានដឹងថាចាប់គេពីរឿងអី ដើម្បីឱ្យក្រុមគ្រួសារអាចស្វែងរកកិច្ចការការពារខ្លួន[…] អញ្ចឹងការចាប់ខ្លួនអ្នកទាំងពីរនេះ វាធ្វើឱ្យស្ថានភាព ឬក៏បរិយាកាសនយោបាយឆ្ពោះទៅរកការបោះឆ្នោតនេះ វាកាន់តែមានភាពអាប់អួរបន្ថែមទៀតហើយ»។
នៅមុនការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាហើយថានឹងធ្វើឱ្យនយោបាយរបស់លោក សម រង្ស៊ី កាន់តែចុះខ្សោយ និងឯកោ។ គេសង្កេតឃើញ ក្រោយពីការដាក់ចេញនូវយុទ្ធសាស្រ្តកាត់ឬសគល់នេះ ទាំងអ្នកគាំទ្រនៅមូលដ្ឋាន សកម្មជន និងមន្រ្តីគណបក្សប្រឆាំងមួយចំនួន បានបន្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ បើទោះបែបណា ការបិទទ្វារគណបក្សភ្លើងទៀន មិនឱ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លើកទី៧ ក្រោមហេតុផលខុសនីតិវិធីនេះ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រងការរិះគន់ថាធ្វើឱ្យប្រជាធិបតេយ្យដើរថយក្រោយ៕