ភរិយារបស់សមាជិកមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ប្រចាំនៅរាជធានី​ភ្នំពេញ ឱ្យដឹងថា គិត​មក​​ដល់ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ  គឺនៅមិនដឹងថា​តើស្វាមីរបស់​អ្នកស្រីត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ទីណា​​នៅ​ឡើយ​ទេ ខណៈ​ការ​ចាប់​​​ខ្លួន​​​នេះ​ទៀត​សោត ក៏មិនដឹង​ថាតើមាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​អ្វី​ឱ្យ​ប្រាកដ​នោះ​ដែរ។

អ្នកស្រី លី គីមហួង ដែលអះអាងថាជា​ភរិយារបស់ លោក លី រី បានប្រាប់ Newsroom Cambodia នៅថ្ងៃ​នេះ​ថា ក្រោ​​​យចាប់ខ្លួន និងមកដល់ម៉ោងនេះ ក្រុមគ្រួសារពិតជាមិនទាន់បានដឹងពីដំណឹងនៃការឃុំខ្លួន ស្វាមី​​​រប​​ស់​​អ្ន​​ក​​ស្រី​​​​នៅឡើយទេ។ អ្នកស្រីអះអាងថា ខ្លួនពិតជាព្រួយបារម្ភពីសុវត្ថិភាព ស្របពេលនៃការចុះ​​អនុវត្ត​នី​​តិវិធី​​នៃ​ការចាប់ខ្លួនហាក់ដូចជាគ្មានគុណធម៌ ហើយអ្នកស្រីក៏មិនដឹង​ថា ស្វាមីរបស់អ្នកស្រី បាន​ប្រព្រឹត្ត​បទល្មើស​អ្វីឱ្យប្រាកដ​ដែរ។

អ្នកស្រីបន្តថា៖ «មើលទៅវាដូចជាសាហាវខ្លាំងណាស់។ យើងអត់បានធ្វើអីខុស គេនាំគ្នាមកព័ន្ធចាប់​​យើង​ដូ​​ច​យើង​អ្នក​ទោស អ្នកប្រព្រឹត្តជួញដូរអីអញ្ចឹងទៅណា វាហួសហេតុពេក ពេលឃើញហើយស្លុត​​ចិត្តរក​​ពាក្យ​​​និ​​យាយ​លែង​ឃើញ ដល់ពេលអញ្ចឹង»។

លោក លី រី ជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិ​មក​​​ពី​គណបក្ស​ភ្លើង​ទៀន នៅ​រាជធានីភ្នំពេញ កា​​ល​​ពីរសៀលថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២៣ ត្រូវកម្លាំង​​សមត្ថកិច្ច​​ចាប់​​ខ្លួន​​ និ​​ង​​​បញ្ជូនខ្លួនចូលរថយន្តភ្លាមៗ។

បើតាមអ្នកស្រី លី គីមហួង ចាត់​ទុក​ថា ការចាប់ខ្លួនដែលពុំដឹងថាមានកំហុសអី្វឱ្យប្រាកដ និងគ្មានដីកា​​ចាប់​​​ខ្លួ​ន​​នេះ​​​​ទៀតផង វាគឺជារឿងដែលពិបាកទទួលយក។ មិនតែប៉ុណ្ណោះ ក្នុងពេលអនុវត្ត អ្នកស្រីសង្កេត​​ឃើញ​​មនុស្ស​​ប្រ​មាណ ២០នាក់ ក្នុងនោះមានទាំងជនស្លៀកពាក់ស៊ីវិល បានបញ្ជូន​ស្វាមី​របស់​អ្នក​ស្រី​ចូល​រថយន្ត ហើយ​​​ដឹក​​​​​ចេញ​ទៅតែម្តង។ ប្រភពដដែល បដិសេធថា មកដល់ពេលនេះទៅហើយ ដំណឹងនៃការ​​ឃុំខ្លួន​​ស្វា​មី​​​​រប​ស់​​​​អ្នកស្រីនៅទីណានោះ ក៏មិនបានដឹងនៅឡើយផងដែរ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានកាសែតក្នុងស្រុកស្រង់សំដីមកចុះផ្សាយ កាល​​ពី​ថ្ងៃសុ​ក្រ​​​​​ម្សិ​ល​មិញថា មន្រ្តីជាន់ខ្ពស់ទាំង ២រូប ដែលត្រូវបាននគរបាលសន្តិសុខផ្ទៃក្នុង នៃស្នងការ​ដ្ឋាន​ន​​គ​​​​រ​​បាល​រាជ​​ធា​​នី​​ភ្នំពេញ ចាប់ខ្លួននោះ គឺជាប់ចោទពីបទ «ញុះញង់​​ឱ្យប្រជាពល​​រដ្ឋគូសបំផ្លាញ​​សន្លឹក​​ឆ្នោ​​ត​»​​។ ប្រភពដែលបញ្ជាក់ទៀតថា ការចាប់ខ្លួនមនុស្សទាំង ២នាក់នេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន ដែល​​ចេ​​ញ​​​ដោយព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ។

មន្រ្តីផ្ទៃក្នុងនៃគណបក្សភ្លើងទៀន ឱ្យដឹងថា លោក លី រី មានតួនាទីក្នុងបក្ស ក្រៅពីសមាជិកគណៈ​​កម្មា​​ធិ​​កា​​រ​​នា​​យ​កហើយ លោកក៏ជាបេក្ខជនឈរឈ្មោះតំណាងរាស្រ្តលំដាប់ទី៤ និងជាសមាជិក្រុមការងា​​រគណ​​បក្ស​​ភ្លើងទៀនដែរ។

បើតាមប្រភពពីមន្រ្តីផ្ទៃក្នុងគណបក្ស ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា មុនពេលចាប់​​ខ្លួន​​ប៉ុ​ន្មា​នថ្ងៃ ​​លោក លី រី បានដឹកនាំកិច្ចប្រជុំដែលមានសមាជិកចូលរួម​ប្រមាណ ១៨នាក់ តាមរយៈ​ប្រព័ន្ធអនឡាញ​ Zo​​o​m​។ ប្រភពដដែលបញ្ជាក់ទៀតថា ទំនងផ្តើមចេញពីកិច្ចប្រជុំផ្ទៃក្នុងបក្សនេះហើយ  ហើយក៏ព័ត៌មាននៃ​​កិច្ចប្រជុំនេះអាចលេចធ្លាយចេញ​ទៅក្រៅ ​ទើបមានហេតុការណ៍​នៃកា​រ​ចាប់​​ខ្លួន​នេះ​ឡើង។

Newsroom Cambodia មិនអាចសុំការបញ្ជាក់បានភ្លាមៗទេ ពីលោក សាន សុខសីហា អ្នកនាំពាក្យ​​​​​ស្នង​​​​ការដ្ឋាននគរ​បាល​រាជធានីភ្នំពេញ នៅថ្ងៃនេះ ដោយទូរស័ព្ទពុំអាចហៅចូលបាន។

យ៉ាងនេះក្តី លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន យល់ឃើញថា ការចាប់ខ្លួននេះ វាហាក់បង្ហាញ​​ឱ្យ​ឃើញពីរូបភាពគំរាមកំហែងខាងនយោបាយច្រើនជាង។ ក្នុងនាមជាអ្នកតស៊ូមតិ និងធ្លាប់រង​​គ្រោះដោ​​យ​​​ជា​ប់ពន្ធនាគារ ជាច្រើនដងមុននឹងក្លាយជាអ្នកនយោបាយ លោក រ៉ុង ឈុន អះអាងថា ការចាប់ខ្លួន​អ្នក​ន​យោបាយបក្សក្រៅរដ្ឋាភិបាល ដោយពុំបានអនុវត្តនីតិវិធីឱ្យមានភាពប្រាកដប្រជានេះ ឆ្លុះបញ្ចាំងឱ្យ​​ឃើ​ញ​​​ពី​​របៀបរបបធ្វើការគ្មានវិន័យ។ ម្យ៉ាងវិញទៀត លោកថា បទចោទ​ដូច​ដែល​តុលាការ​រកឃើញនោះ​ទៀត​សោត ក៏​រឹត​​​តែ​​​មិនមែនជាការពិតទៅទៀតផង។

លោកបន្តថា៖ «យើងមើលឃើញការនាំខ្លួនវាផ្ទុយទៅនឹងនីតិវិធី។វាមិនមែនជាបទល្មើសជាក់ស្តែងទេ វា​ត្រូវ​​​មា​​ន​​ដីកា វាត្រូវបង្ហាញដីកា វាត្រូវមានការណែនាំអំពីបទចោទបទអីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាង​​ដោយ​​ការចាប់ដោយពុំបានបង្ហាញជូនដីកាដល់សាច់ញាតិ។ ហើយការដែលចោទប្រកាន់ អំពីការញុះញង់​ហ្នឹង​ក៏​យើងមើលមិនឃើញថាធ្វើឱ្យមាន​ចលាចលសង្គមអីធ្ងន់ធ្ងរនោះដែរ។ បើខ្ញុំធ្លាប់ស្គាល់ពួកគាត់ ពួក​គាត់​​​​ពុំ​​ធ្លា​​ប់​មាន​ធ្វើអ្វីឱ្យខុសដូចការចោទប្រកាន់ពីអាជ្ញាធរនោះទេ»។

នៅមុនយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ត្រូវចាប់ផ្តើម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រ​​​មាន​​ម្ត​ង​​​​ជាពីរដងហើយថា អ្នកដែលបំផុសឱ្យមានចលនាគូសខ្វែងស្លឹកឆ្នោត លោក​នឹងមិន​លែង​ឱ្យនោះ​ទេ។ ​​ការ​​ព្រមានរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នេះក៏ជាការផ្ញើសារឱ្យទៅលោក សម រង្ស៊ី មេដឹក​នាំ​បក្ស​ជំទាស់ ដែលតែ​ង​​​អំ​ពាវនាវ​ឱ្យគូសខ្វែងលើសន្លឹកឆ្នោត ប្រសិនបើពួកគេគ្មានជំរើស ហើយ​ត្រូវ​ទៅ​បោះ​ឆ្នោត។

ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការការពារសិទ្ធិមនុស្ស លីកា​ដូ (​​Lic​a​d​ho) មានប្រសាសន៍ថា៖ «បើទៅតាមនីតិវិធីបើការចាប់ខ្លួនមួយកើតឡើង បើមិនមែន​ជាបទល្មើស​ជាក់​ស្តែង​ទេ វាត្រូវ​​តែ​​​​​មាន​​​ដីកា ហើយបង្ហាញអំពីដីកានោះ ឱ្យសាមីខ្លួន ឬក្រុម​គ្រួសារ​គេបាន​ដឹង​ថាចាប់​គេពី​រឿង​អី ដើម្បី​ឱ្យ​​ក្រុ​ម​​​​​​គ្រួសារអាចស្វែងរកកិច្ចការការពារខ្លួន​[…] អញ្ចឹងការចាប់ខ្លួនអ្នកទាំងពីរនេះ វា​ធ្វើ​ឱ្យ​ស្ថាន​​ភាព ឬ​​ក៏​​ប​​​​រិយាកាសនយោបាយ​ឆ្ពោះទៅ​​រក​​កា​​របោះឆ្នោតនេះ វាកាន់តែមាន​ភាព​អាប់​អួរ​បន្ថែម​ទៀត​ហើយ»។

នៅមុនការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាហើយថានឹងធ្វើឱ្យនយោបាយរបស់​លោក សម រង្ស៊ី កាន់​​តែ​​ចុះ​​ខ្សោយ និងឯកោ។ គេសង្កេតឃើញ ក្រោយពីការ​ដាក់ចេញ​នូវយុទ្ធ​សាស្រ្ត​កាត់​ឬស​គល់​នេះ ទាំងអ្នក​​គាំ​​ទ្រនៅមូលដ្ឋាន សកម្មជន និងមន្រ្តីគណបក្សប្រឆាំងមួយចំនួន បានបន្តចុះ​ចូល​ជាមួយ​​គណបក្ស​ប្រ​​ជា​​ជន​​កម្ពុ​ជា​​ជាបន្តបន្ទាប់។ បើទោះបែបណា ការបិទទ្វារគណបក្សភ្លើងទៀន មិនឱ្យ​ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លើក​​ទី​៧​​ ក្រោមហេតុផលខុសនីតិវិធីនេះ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រងការរិះ​​គន់​​​ថាធ្វើ​ឱ្យប្រជាធិបតេយ្យដើរថយក្រោយ៕