អ្នកជំនាញកិច្ចការបោះឆ្នោត សង្កេតឃើញថា មានភាពមិនប្រក្រតីមួយចំនួនបានកើតឡើងនៅអំឡុងពេលយុទ្ធនាការឃោសនាស្វែងរកការគាំទ្រនេះ ដោយរថយន្តខ្លះត្រូវគេដកស្លាកលេខចេញ និងរថយន្តខ្លះទៀតប្រើប្រាស់ស្កុតដើម្បីបិទបាំងទៅលើស្លាកលេខ ជាហេតុនាំឱ្យមានមន្ទិលសង្ស័យអំពីតម្លាភាព នៃការប្រើប្រាស់យានយន្តធ្វើជាមធ្យោបាយនៃការឃោសនា របស់គណបក្សគ្រប់គ្រងអំណាច ដែលអាចមានភាពមិនសុចរិត។
មន្រ្តីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់ នៃអង្គារខុមហ្វ្រែល លោក កន សាវាង្ស បានប្រាប់ Newsroom Cambodia កាលពីថ្ងៃអាទិត្យថា ក្នុងរយៈពេលយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត សង្កេតឃើញ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលប្រើប្រាស់រថយន្តខ្លះ ធ្វើជាមធ្យោបាយឃោសនា ដោយពុំមានបំពាក់ស្លាកលេខ។ទន្ទឹមនឹងនេះ មានរថយន្តខ្លះទៀតត្រង់ស្លាកលេខ ត្រូវបិទបាំងដោយស្កុតជាដើម ដែលហាក់បង្ហាញពីភាពលាក់បាំងអ្វីម្យ៉ាង នៅអំឡុងពេលចុះឃោសនា ស្វែងរកការគាំទ្រនេះ។
បើតាម អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ អះអាងថា ចំពោះរថយន្តដែលមានបំពាក់ស្លាកលេខរដ្ឋ វិញ គឺរកមិនឃើញថាមានគេយកទៅប្រើប្រាស់ ដើម្បីធ្វើជាមធ្យោបាយនៃការឃោសនាទេ ក្នុងរយៈពេលនេះ។
លោកបន្តថា«យើងដូចជាមិនមានកត់សំគាល់ឃើញករណីឡានរដ្ឋនោះទេ។ប៉ុន្តែអ្វីដែលជាកត់សំគាល់គឺឃើញឡានដែលគេដោះស្លាកលេខចេញ។អានេះយើងឃើញមាន។បញ្ហានេះយើងឃើញមានបីបួនករណីដែរដែលយើងឃើញ។តែបើថាដូចជាមានស្លាកលេខរដ្ឋតែម្តង អាហ្នឹងគឺយើងដូចមើលមិនឃើញទេ។តែយើងគ្រាន់តែឃើញមានការឆ្លងឆ្លើយគ្នាតាមប្រព័ន្ធព័ត៌មាន »។
គិតមកដល់ថ្ងៃទី ១៦ ខែ កក្កដា ការឃោសនាបោះឆ្នោតបោះឆ្នោត ប្រព្រឹត្តទៅមានរយៈពេល ១៦ថ្ងៃហើយ គិតចាប់ពីថ្ងៃទី ១ ខែកក្កដា មក។ប្រតិទិនដែលចេញដោយស្ថាប័នជាតិរៀបចំការបោះឆ្នោត បានកំណត់រយៈពេល ២១ ថ្ងៃ ដែលបើកផ្លូវឱ្យគណបក្សនយោបាយ អាចមានសិទ្ធិធ្វើយុទ្ធនាការ ស្វែងរកការគាំទ្រពីម្ចាស់ឆ្នោត។
ចំណែក ប្រកា ៧.៤ នៃសេចក្តីណែនាំអំពីការឃោសនាបោះឆ្នោត ដែលកំណត់ដោយ គ.ជ.ប បញ្ជាក់ថា ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត បម្រើឱ្យគណបក្សនយោបាយណាមួយ ត្រូវបានហាមឃាត់។មធ្យោបាយដឹកជញ្ជូន ដែលចាត់ទុកថាជាទ្រព្យសម្បត្តិរបស់រដ្ឋ មានដូចជា រថយន្ត ទោចក្រយានយន្ត និងជលយាន្តគ្រប់ប្រភេទ ដែលប្រើស្លាកលេខសញ្ញារាជការ ឬ/និងរដ្ឋ រដ្ឋាភិបាល នគរបាល និងខេមរភូមិន្ទជាដើម។
សម្រាប់យុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត នៅអាណត្តិទី៧នេះ គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជា មានសកម្មភាពឃោសនាផុសផុល និងមានធនធាននៃការឃោសនាច្រើនជាងគេ បើធៀបនឹងបក្សនយោបាយ ១៧ផ្សេងទៀត។នៅតាមស្តុប កាច់ជ្រុង និងទីសាធារណៈដទៃទៀត ឆាកតន្រ្តីត្រូវបានគរៀបចំក្នុងលក្ខណៈខ្នាតមធ្យម ដើម្បីប្រគុំឃោសនាពីគោលនយោបាយរបស់បក្ស។ហើយភាពលេចធ្លោ នៅក្នុងថ្ងៃឃោសនានេះ គេសង្កេតឃើញ គណបក្សប្រជាជនកម្ពុជា មានសកម្មភាពមមាញញឹកជាងគេ ទាំងនៅទីប្រជុំ និងជនបទ។
ក្រៅពីមានក្បូនហែរនៅតាមដងផ្លូវរបស់គណបក្សកាន់អំណាច ដែលមានអ្នកចូលរួមច្រើនកុះករហើយ ចំណែកបដាដែលអមដោយគោលនយោបាយបក្សវិញ ក៏ត្រូវបានគេចងព្រោងព្រាតដែរ មិនថាទីក្រុង ឬជនបទទេ។
សកម្មភាពដូចគ្នានេះ នៅក្នុងថ្ងៃឃោសនាស្វែងរកសំឡេងគាំទ្រ បើធៀបនឹងបក្សនយោបាយដទៃទៀត ហាក់មិនសូវឃើញមានសកម្មភាពហែរ ក្នុងទ្រង់ទ្រាយធំបែបនេះទេ។
ប្រាប់អ្នក Newsroom Cambodia នៅចំថ្ងៃបើកយុទ្ធនាការហែក្បូន អ្នកគាំទ្រ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឱ្យដឹងថា ការជ្រើសរើសវិធីចែកខិតប័ណ្ណនេះ ដោយសារគណបក្សមិនសូវមានធនធាន។
ទាក់ទងការចាយលុយ នៅអំឡុងពេលបោះឆ្នោតនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាល ធ្លាប់ទាមទារឱ្យ គ.ជ.ប បានកំណត់ពីទំហំថវិកាដែលគណបក្សនយោបាយនីមួយៗ ត្រូវប្រើសម្រាប់ថ្ងៃបោះឆ្នោត។ការស្នើសុំនេះ សង្គមស៊ីវិល យល់ឃើញថា គឺដើម្បីឱ្យការចាត់ចែងថវិកា មានតម្លាភាពស្មើៗគ្នា ចៀសវាងគណបក្សដែលមានធនធានច្រើន អាចមានលទ្ធភាពឃោសនាបានល្អ និងលើសលប់ជាងបក្សដែលគ្មានធនធាន។
អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា មានប្រសាសន៍ថា ប្រសិនបើរកឃើញមានរថយន្តបំពាក់ស្លាកលេខរដ្ឋ ឬរថយន្តដែលមានមន្ទិលសង្ស័យ អាចដាក់បណ្តឹងប្រឆាំងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋនេះបានទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ករណីប្រើរថយន្តដែលមានស្លាកលេខរដ្ឋ ឬរថយន្តដែលគួរឱ្យសង្ស័យ យកទៅឃោសនាស្វែងរកសំឡេងឆ្នោត គឺជាការប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ហើយ។
លោកបន្តថា«ករណីនេះអាចត្រូវគេប្តឹងទៅគណៈកម្មការឃុំរៀបចំការបោះឆ្នោត ដែលជាយន្តការដោះស្រាយដំបូង។អញ្ចឹងនៅក្នុងច្បាប់ជំពូកទី១០ហ្នឹងគឺមានចែងអំពីការណែនាំឱ្យបញ្ឈប់អំពីសកម្មភាពហ្នឹង។នេះជាជំហានទី១ ហើយរឿងទី២បើគាត់នៅតែបន្តប្រើប្រាស់ទៀតគាត់នឹងរងការពិន័យ។មន្រ្តី គ.ជ.ប គាត់ជាអ្នកទទួលដោះស្រាយបណ្តឹង អញ្ចឹងអ្នកប្តឹងជាប្រជាពលរដ្ឋ ឬជនណាក៏ដោយគឺមានសិទ្ធិប្តឹងចំពោះករណីដែលមានបុគ្គលប្រើប្រាស់មធ្យោបាយរដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនា »។
សារព័ត៌មាន Newsroom Cambodia មិនអាចសុំការបំភ្លឺបានភ្លាមៗទេ នៅថ្ងៃនេះ ពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
បើទោះបែបណា គណបក្សកាន់អំណាច ធ្លាប់ថ្លែងការពារក្នុងពេលកន្លងទៅថា គ្រប់ក្បួនហែរនៅថ្ងៃឃោសនាស្វែងរកសំឡេងឆ្នោត គណបក្សគ្រប់គ្រងអំណាច ពុំមានសមាជិកណាម្នាក់ បានប្រើប្រាស់មធ្យោបាយរបស់រដ្ឋ ដើម្បីបម្រើឱ្យការឃោសនាម្តងណាឡើយ។
បន្ថែមពីលើនេះទៀត គណបក្សចាស់វស្សាមួយនេះ មានធនធាន និងថវិកាគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការរបស់ខ្លួន ហើយអនុវត្តដោយជាប់លាប់ទៅនឹងគោលការណ៍ និងនីតិវិធីច្បាប់ដែលមានជាធរមាន។ ការអះអាងរបស់លោក សម គន្ធាមី នាយប្រតិបត្តិអង្គការ និកហ្វិក ដូចគ្នាទៅនឹងការរកឃើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរថា ក្នុងរយៈពេលយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រ គិតចាប់ពីថ្ងៃទី ១ ខែ កក្កដា កន្លងទៅនេះ សភាពការណ៍សម្រាប់ហែរក្បួន របស់គណបក្សនយោបាយប្រព្រឹត្តទៅជាធម្មតា គ្មានអំពើហិង្សាកើតឡើង។ក្រៅពីនេះទៀត គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងទាំង ១៨ គណបក្សសម្រាប់អាណត្តិទី៧នេះ គោរព និងអនុវត្តដោយខ្ជាប់ខ្ជួនទៅតាមវិធានដូចដែលបានកំណត់របស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត៕