មេធាវីការពារក្តីឱ្យប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ អះអាងថា មកដល់ពេលនេះទៅហើយ គេនៅមិនទាន់ទទួលបានដំណឹងជាផ្លូវការណាមួយនៅឡើយទេ ចំពោះការសម្រេចចិត្តរបស់ លោក កឹម សុខា អាចនឹងចេញទៅបោះឆ្នោតដែរឬយ៉ាងណា ខណៈវិសោធនកម្មច្បាប់បោះឆ្នោតថ្មី អាចជារបាំងសម្រាប់អ្នកនយោបាយចាស់វស្សារូបនេះ ប្រសិនបើខកខានមិនបានចេញទៅបោះឆ្នោត តាមការកំណត់។
លោកស្រី ម៉េង សុភារី ជាមេធាវីម្នាក់ក្នុងចំណោមមេធាវី ៣រូបផ្សេងទៀតរបស់ លោក កឹម សុខា ឱ្យដឹងនៅថ្ងៃទី ១៧ ខែ កក្កដា នេះថា នៅចំពោះមុខនេះ មិនទាន់មានអ្វីប្រាកដនៅឡើយទេថាតើកូនក្តីរបស់ខ្លួន អាចនឹងចេញទៅបោះឆ្នោតបាន ឬមិនបាន។ម្យ៉ាងវិញទៀត លោកស្រីក៏មិនទាន់ដឹងពីជំហររបស់ លោក កឹម សុខា ពិតប្រាកដនៅឡើយដែរ។
បើទោះបែបបណា ក្នុងនាមជាមេវីការពារក្តីមួយរូប លោកស្រីហាក់មានការព្រួយបារម្ភ ចំពោះវត្តមាន លោក កឹម សុខា ដែលអាចនឹងមិនមានលទ្ធភាពចូលរួមបោះឆ្នោតបាន ដោយសារអំណាចសាលក្រមរបស់តុលាការ។
លោកស្រីបន្តថា«យើងក៏មានការព្រួយបារម្ភដែរ។ប៉ុន្តែខ្ញុំសង្ឃឹមថាចំណុចនេះនឹងត្រូវបានជាមូលហេតុស្របដែលគាត់មិនអាចចេញទៅបោះឆ្នោត »។
ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោស កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ២០២៣ ដាក់ពន្ធានាគារចំនួន ២៧ ឆ្នាំក្រោមបទចោទ «គប់គិតជាមួយរដ្ឋបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល តាមររយៈបដិវត្តន៍ពណ៌នៅកម្ពុជា»។តាមរយៈអំណាចសាលក្រមនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ បានបិទផ្លូវលោក កឹម សុខា មិនឱ្យធ្វើសកម្មភាពនយោបាយ ហាមចូលរួមការបោះឆ្នោត និងមិនឱ្យធ្វើដំណើរចេញទៅក្រៅប្រទេសជាដើម។
យ៉ាងនេះក្តី លោកស្រី ម៉េង សុភារី នៅមានសុទិដ្ឋិនិយមថា កូនក្តីរបស់ខ្លួន អាចនឹងមានឱកាសចេញទៅបានឆ្នោតបាន ដោយសារខ្លឹមសារនៃវិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះ មានករណីលើកលែងដែរ គឺយោងលើអវត្តមានដោយមានហេតុផលសមរម្យ។ហើយបើដូច្នេះមែន លោកស្រី រំពឹងថាសម្រាប់លោក កឹម សុខា នៅតែអាចមានឱកាសធ្វើជាអ្នកនយោបាយបាន សម្រាប់អាណត្តិបន្តបន្ទាប់ទៀត។ក្នុងន័យនេះ ប្រសិនបើលោក កឹម សុខា មិនអាចចូលរួមបោះឆ្នោត ព្រោះតែបម្រាមតុលាការ នោះគឺជាហេតុផលដែលសមរម្យសម្រាប់កូនក្តីរបស់ខ្លួនហើយ។ការបោះបង់សិទ្ធិចូលរួមបោះឆ្នោតលើកនេះ របស់លោក កឹម សុខា ត្រូវបានលោកស្រី យល់ឃើញថា មិនមែនហេតុផ្សេងក្រៅពីអនុវត្តកាតព្វកិច្ចតាមផ្លូវតុលាការនោះឡើយ។
វិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលក្រសួងយុត្តិធម៌ បានយកច្បាប់ចំនួន៤មកកែប្រែ គឺច្បាប់នេះតម្រូវឱ្យមនុស្សម្នាក់បានចូលរួមបោះឆ្នោតលើកចុងក្រោយ ចំនួន ២ដង ទើបអាចមានសិទ្ធិឈរឱ្យគេបោះឆ្នោត និងធ្វើសកម្មភាពក្នុងនាមជាអ្នកនយោបាយបាន។
បើទោះជាបែបណា ច្បាប់ដែលប្រើពេលទាំងធ្វើសេចក្តីព្រាង និងអនុម័តប្រមាណ ១០ថ្ងៃនេះ ត្រូវរង់ការរិះគន់ពីអង្គការសង្គមស៊ីវិល និងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលថា ជាច្បាប់បម្រើឱ្យបក្សកាន់អំណាច ច្រើនជាងផលប្រយោជន៍រួម។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត បដិសេធក្នុងការអត្ថាធិប្បាយ ដោយលោកស្នើឱ្យពិនិត្យជាមួយតុលាការវិញ។លោកបន្តថា សំណុំរឿងមេដឹកនាំបក្សប្រឆាំងនេះ គឺស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ ហើយចំពោះសិទ្ធិលោក កឹម សុខា វិញគឺមិនបានលុបបចេញពីបញ្ជីបោះឆ្នោតទេ។ប្រសិនបើមេបក្សជំទាស់រូបនេះ មានសម្បទាគ្រប់គ្រាន់ នៅតែអាចចូលរួមបោះឆ្នោតបាន។
លោកបន្តថា« បាទគាត់មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។បើគាត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត គាត់មានសិទ្ធិបោះឆ្នោតហើយ។ប៉ុន្តែខ្ញុំមិនដឹងថាក្របខណ្ឌនៃសេចក្តីសម្រេចរបស់តុលាការយ៉ាងណាទេ។អាហ្នឹងទាល់តែឆែកទៅខាងតុលាការវិញ »។
ទាក់ទងរឿងនេះ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ អះអាងដោយខ្លីថា ការអនុវត្តបែបណាចំពោះសិទ្ធិជនជាប់ចោទនេះ គឺមាននៅក្នុងសាលក្រមស្ថាពររបស់តុលាការអស់ហើយ។
លោកបន្តថា«មើលសាក្រមគេសម្រេចថាម៉េចមើលតាមខ្លឹមសារគេហ្នឹងទៅ។មើលតាមខ្លឹមសារសាលក្រមហ្នឹងចុះ »។
សម្រាប់លោក សេក សុជាតិ សហស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា បើគេពិនិត្យទៅលើខ្លឹមសារ នៃច្បាប់ ហើយប្រៀបធៀបគ្នាទៅនឹងបម្រាមដូចមាននៅក្នុងសាលក្រមរបស់តុលាការ មានន័យថា ជីវិតនយោបាយរបស់អ្នកនយោបាយជាន់ខ្ពស់បក្សជំទាស់នេះ អាចនឹងត្រូវបិទទ្វារ។លោកបន្តថា ចំពោះខ្លឹមសារច្បាប់នេះ មិនមែនរឹតត្បិតសម្រាប់តែអ្នកនយោបាយបក្សជំទាស់ទេ ឥទ្ធិពលនេះ ក៏វាជះផលអាក្រក់ទៅដល់ពលរដ្ឋផ្សេងទៀតដែរ ប្រសិនបើពួកគេមិនបានអនុវត្តដូចច្បាប់នេះបានកំណត់។
លោកបន្តថា«នេះបើយើងពិនិត្យមើលទៅវានឹងធ្វើឱ្យប៉ះពាលទៅដល់ជីវិតនយោបាយរបស់លោក កឹម សុខា ទាំងមូល។ហើយលោក កឹម សុខា ត្រូវបានដោះលែងវិញនៅពេលក្រោយការបោះឆ្នោតនេះក៏ដោយ ក៏ប៉ុន្តែជីវភាពរបស់លោក កឹម សុខា ក្នុងនយោបាយនឹងត្រូវបានហាមឃាត់មិនឱ្យប្រកួតប្រជែងជាមួយនិងគណបក្សនយោបាយផ្សេងទៀតនៅក្នុងឆ្នាំ២០២៧ និងឆ្នាំ២០២៨ »។
នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ គឺជាកាលបរិច្ចេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧។គិតពីពេលនេះ ទៅដល់ថ្ងៃបោះឆ្នោត គឺនៅសល់ប្រមាណ ៦ថ្ងៃទៀតទេ។ បើទោះជាបែបណា លោក កឹម សុខា ធ្លាប់អះអាងនៅក្នុងបន្ទប់សវនាការហើយថា អ្វីដែលលោកលះបង់កន្លងទៅនេះ គឺមិនមែនដូចអ្វីដែលគេរកឃើញពីកំហុសរបស់លោកឡើយ។ក្នុងនាមជាអ្នកនយោបាយចាស់វស្សាមួយរូបលោកមិនចង់បានអ្វី ក្រៅកពីធ្វើយ៉ាងណាចង់ជួយឱ្យប្រទេសកម្ពុជា ទទួលបានសិទ្ធិសេរីភាព និងការអភិវឌ្ឍន៍ពេញលេញ ទាំងខាងនយោបាយ សេដ្ឋកិច្ច និងសង្គមនោះឡើយ៕