មេធាវីការពារក្តីឱ្យប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ អះអាងថា មកដល់​ពេ​​​លនេះ​​ទៅ​​ហើយ គេនៅមិនទាន់ទទួលបានដំណឹងជាផ្លូវការណាមួយនៅឡើយទេ ចំពោះការស​​ម្រេច​ចិ​​ត្ត​​​​​រ​​​បស់ លោក កឹម សុ​ខា អាចនឹងចេញទៅបោះឆ្នោតដែរឬយ៉ាងណា ខណៈវិសោធនកម្ម​​ច្បាប់​​បោះ​ឆ្នោ​តថ្មី អាចជារបាំងសម្រាប់​​អ្នក​​ន​​យោ​​បាយចាស់វស្សារូបនេះ ប្រសិនបើខកខានមិនបានចេញទៅបោះឆ្នោត តា​​ម​ការកំណត់។

លោកស្រី ម៉េង សុភារី ជាមេធាវីម្នាក់ក្នុងចំណោមមេធាវី ៣រូបផ្សេងទៀតរបស់ លោក កឹម សុខា ឱ្យដឹងនៅ​​ថ្ងៃ​ទី ១៧ ខែ កក្កដា នេះថា នៅចំពោះមុខនេះ មិនទាន់មានអ្វីប្រាកដនៅឡើយ​​ទេថាតើកូនក្តីរបស់ខ្លួន អា​ច​​នឹង​ចេញ​​ទៅ​​បោះ​​ឆ្នោ​តបាន ឬមិនបាន។ម្យ៉ាងវិញទៀត លោកស្រីក៏មិនទាន់ដឹងពីជំហររបស់ លោក កឹម សុខា ពិតប្រាកដនៅឡើយដែរ។

បើទោះបែបបណា ក្នុងនាមជាមេវីការពារក្តីមួយរូប លោកស្រីហាក់មានការព្រួយបារម្ភ ចំពោះវត្តមាន លោក កឹម សុខា ដែលអាចនឹងមិនមានលទ្ធភាពចូលរួមបោះឆ្នោតបាន ដោយសារអំណាច​​សាលក្រមរប​​ស់តុ​​លា​​ការ​។

លោកស្រីបន្តថា«យើងក៏មានការព្រួយបារម្ភដែរ។ប៉ុន្តែខ្ញុំសង្ឃឹមថាចំណុចនេះនឹងត្រូវបានជាមូលហេតុស្របដែលគាត់មិនអាចចេញទៅបោះឆ្នោត »។

ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោស កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ២០​​២​​៣ ដាក់​​ពន្ធា​​នា​គារចំនួន ២៧ ឆ្នាំក្រោមបទចោទ «គប់គិតជាមួយរដ្ឋបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល តាមររយៈ​​បដិវត្តន៍ពណ៌​​នៅ​​កម្ពុជា»។តាមរយៈអំណាចសាលក្រមនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ បាន​​បិទ​​ផ្លូ​វលោក កឹម សុខា មិនឱ្យធ្វើសកម្មភាពនយោបាយ ហាមចូលរួមការបោះឆ្នោត និងមិនឱ្យ​​ធ្វើ​​ដំ​​​​​ណើ​​​រចេ​ញ​​ទៅ​​ក្រៅប្រទេសជាដើម។

យ៉ាងនេះក្តី លោកស្រី ម៉េង សុភារី នៅមានសុទិដ្ឋិនិយមថា កូនក្តីរបស់ខ្លួន អាចនឹងមានឱកាសចេញទៅ​​បា​​ន​​​​ឆ្នោ​​​​ត​បាន ដោយសារខ្លឹមសារនៃវិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះ មានករណីលើកលែងដែរ គឺយោង​​លើ​​​អវត្ត​​មាន​ដោយ​​មា​ន​​ហេ​តុ​ផលសមរម្យ។ហើយបើដូច្នេះមែន លោកស្រី រំពឹងថាសម្រាប់លោក កឹម សុខា នៅ​​តែ​​អាចមានឱ​​កាសធ្វើជា​​​អ្ន​​ក​នយោបាយបាន សម្រាប់អា​ណ​ត្តិ​បន្ត​​បន្ទាប់ទៀត។ក្នុងន័យនេះ ប្រសិ​​នបើ​​លោក កឹម សុខា មិនអាចចូលរួមបោះ​​ឆ្នោ​ត ព្រោះតែបម្រា​​​មតុ​លា​ការ នោះគឺជា​​ហេតុផ​ល​ដែល​​សម​​រម្យ​ស​ម្រា​ប់​កូនក្តីរបស់ខ្លួនហើយ។​​ការបោះបង់សិទ្ធិចូលរួម​​បោះឆ្នោតលើ​កនេះ របស់លោក កឹម សុខា ត្រូវ​​បាន​​លោ​​​កស្រី យល់ឃើញថា មិនមែនហេតុផ្សេងក្រៅ​​​ពីអនុវត្តកាតព្វ​កិច្ច​​តា​មផ្លូវតុលាការនោះឡើយ។

វិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលក្រសួងយុត្តិធម៌ បានយកច្បាប់ចំនួន៤មកកែប្រែ គឺច្បាប់នេះតម្រូវឱ្យ​​ម​នុ​ស្សម្នាក់បានចូលរួមបោះឆ្នោតលើកចុងក្រោយ ចំនួន ២ដង ទើបអាចមានសិទ្ធិឈរឱ្យគេបោះឆ្នោត និ​ង​​​​​​​ធ្វើសកម្មភាពក្នុងនាមជាអ្នកនយោបាយបាន។

បើទោះជាបែបណា ច្បាប់ដែលប្រើពេលទាំងធ្វើសេចក្តីព្រាង និងអនុម័តប្រមាណ ១០ថ្ងៃនេះ ត្រូវរង់កា​​រ​​រិះ​​គន់​​ពីអង្គការសង្គមស៊ីវិល និងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលថា ជាច្បាប់​​បម្រើឱ្យ​​បក្សកាន់​​​អំ​ណា​​ច ច្រើ​​ន​ជាងផលប្រយោជន៍រួម។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត បដិសេធក្នុងការអត្ថាធិប្បាយ ដោយ​​លោក​​ស្នើឱ្យពិនិត្យជាមួយតុលាការវិញ។លោកបន្តថា សំណុំរឿងមេដឹកនាំបក្សប្រឆាំងនេះ គឺស្ថិតនៅក្នុង​​នី​​តិ​វិធីរបស់តុលាការ ហើយចំពោះសិទ្ធិលោក កឹម សុខា វិញគឺមិនបានលុបបចេញពីបញ្ជី​​បោះឆ្នោត​​ទេ​។​​ប្រ​​សិន​​បើមេបក្សជំទាស់រូបនេះ មានសម្បទាគ្រប់គ្រាន់ នៅតែអាចចូលរួម​បោះឆ្នោតបាន។

លោកបន្តថា« បាទគាត់មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។បើគាត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត គាត់មាន​សិទ្ធិបោះឆ្នោតហើយ។ប៉ុន្តែខ្ញុំមិនដឹងថាក្របខណ្ឌនៃសេចក្តីសម្រេចរបស់តុលាការយ៉ាងណាទេ។អាហ្នឹងទាល់តែឆែកទៅខាងតុលាការវិញ »។

ទាក់ទងរឿងនេះ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ អះអាងដោយខ្លីថា ការអនុវត្ត​​បែប​​​ណា​​​ចំពោះសិទ្ធិជនជាប់ចោទនេះ គឺមាននៅក្នុងសាលក្រមស្ថាពររបស់តុលាការអស់ហើយ។

លោកបន្តថា«មើលសាក្រមគេសម្រេចថាម៉េចមើលតាមខ្លឹមសារគេហ្នឹងទៅ។មើលតាមខ្លឹមសារសាលក្រមហ្នឹងចុះ »។

សម្រាប់លោក សេក សុជាតិ សហស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា បើគេពិនិត្យទៅ​​លើ​​​ខ្លឹ​​ម​សារ នៃច្បាប់ ហើយប្រៀបធៀបគ្នាទៅនឹងបម្រាមដូចមាននៅក្នុងសាលក្រមរបស់តុលាការ មានន័យថា ជី​​វិតនយោបាយរបស់អ្នកនយោបាយជាន់ខ្ពស់បក្សជំទាស់នេះ អាចនឹងត្រូវបិទទ្វារ។លោកបន្តថា ចំពោះ​​​ខ្លឹ​​ម​​សារច្បាប់នេះ មិនមែនរឹតត្បិតសម្រាប់តែអ្នកនយោបាយបក្សជំទាស់ទេ ឥទ្ធិពលនេះ ក៏វាជះផល​​អាក្រក់​​ទៅដល់​ព​​ល​​​​​រដ្ឋផ្សេងទៀតដែរ ប្រសិនបើពួកគេមិនបានអនុវត្តដូចច្បាប់នេះបានកំណត់។

លោកបន្តថា«នេះបើយើងពិនិត្យមើលទៅវានឹងធ្វើឱ្យប៉ះពាលទៅដល់ជីវិតនយោបាយរបស់លោក កឹម សុ​​ខា ទាំងមូល។ហើយលោក កឹម សុខា ត្រូវបានដោះលែងវិញនៅពេលក្រោយការបោះឆ្នោតនេះក៏ដោយ ក៏​​ប៉ុ​​ន្តែ​ជីវភាពរបស់លោក កឹម សុខា ក្នុងនយោបាយនឹងត្រូវ​​បានហាមឃាត់មិន​​ឱ្យប្រកួតប្រជែង​​​ជាមួយ​និង​​គ​​ណបក្សនយោបាយផ្សេងទៀតនៅក្នុងឆ្នាំ២០២៧ និងឆ្នាំ២០២៨ »។

នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ គឺជាកាលបរិច្ចេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នី​​តិ​​កាលទី៧។គិតពីពេលនេះ ទៅដល់ថ្ងៃបោះឆ្នោត គឺនៅសល់ប្រមាណ ៦ថ្ងៃទៀតទេ។ បើទោះជាបែប​​ណា​ លោ​​​ក កឹម សុខា ធ្លាប់អះអាងនៅក្នុងបន្ទប់សវនាការហើយថា អ្វីដែលលោកលះ​​បង់​​ក​​ន្ល​​ងទៅនេះ គឺមិន​​មែ​​ន​​​​ដូចអ្វីដែលគេរកឃើញពីកំហុស​​របស់លោកឡើយ។ក្នុងនាម​​ជាអ្នកនយោបាយ​​ចា​ស់​​​វស្សាមួយរូបលោកមិនចង់បានអ្វី ក្រៅកពីធ្វើយ៉ាងណាចង់ជួយឱ្យប្រទេសកម្ពុជា ទទួលបានសិទ្ធិសេរីភាព និ​ង​ការអភិវឌ្ឍន៍​ពេញលេញ ទាំង​​ខាង​​​នយោ​បា​​​​យ សេដ្ឋកិច្ច និងសង្គមនោះឡើយ៕