ក្រុមយុវជនចលនាមាតាធម្មជាតិ ជិត២០នាក់ បានយកញតិ្តទៅដាក់នៅក្រសួងបរិស្ថានជាថ្មីម្តងទៀត ដើ​​ម្បី​ជំរុញឱ្យ បញ្ចូលតំបន់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ និងទាមទារឱ្យដកអាជ្ញាប័ណ្ណការអភិវឌ្ឍកោះ​​កុ​ង​ក្រៅ ចេញពីក្រុមហ៊ុនរបស់ លោកឧកញ៉ា លី យ៉ុងផាត់ ដោយពួកគេ បារម្ភពីវិនាសកម្មបរិស្ថាន​កើ​​ត​​មា​​ន​​នៅតំបន់នោះ។

តំណាងក្រុមយុវជនចលនាមាតាធម្មជាតិ យុវតី លាង សុវណ្ណា ប្រាប់ Newsroom Cambodia នៅថ្ងៃនេះ ថា គោលបំណងដែលពួកគេដាក់ញត្តិទៅក្រសួងបរិស្ថានគឺ ដើម្បីទាមទារឱ្យរដ្ឋាភិបាល ដាក់បញ្ជូលតំបន់កោះកុងក្រៅ ទៅជាឧទ្យានជាតិសមុទ្យឱ្យបានឆាប់។កញ្ញា មើលឃើញថា ការប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុន លោក លី យ៉ុងផាត់ គ្រប់គ្រងនៅតំបន់កោះកុងក្រៅនោះ គឺរដ្ឋាភិបាលមិនបានបង្ហាញពីតម្លាភាពនៃការអភិវឌ្ឍ ហើយក៏មិនបានវាយតម្លៃពីផលប៉ះពាល់បរិសា្ថនឱ្យបានគ្រប់ជ្រុងជ្រោយដែរ។

យុវតីរូបនេះ ចាត់ទុកថា ការអូសបន្លាយពេលរបស់មន្រ្តីជំនាញ ក្នុងដាក់ឆ្នេរកោះកុងក្រៅជាឧទ្យានជាតិបែ​ប​នេះ វានឹងបង្កឱ្យមានមហន្តរាយដល់ជីវៈចម្រុះនៅតំបន់នោះ ក្រោយពេលឆ្នេរសមុទ្រមួយនេះ បានធ្លាក់លើ​​ដៃរបស់បុគ្គលឯកជន យកទៅអភិវឌ្ឍន៍។

កញ្ញាបន្តថា៖ «ខ្ញុំឃើញថា ឥលូវហ្នឹងគឺ មានក្រុមហ៊ុនឯកជន [លោក លីយ៉ុងផាត់] គាត់បានទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីរដ្ឋាភិបាល។អញ្ចឹងបើសិនជារាជរដ្ឋាភិបាល គាត់អត់ធ្វើការរឿងហ្នឹងឱ្យកោះកុងក្រៅដាក់ចូលជាឧទ្យានជាតិសមុទ្រទេ វាអាចនឹងប៉ះពាល់ ត្រង់ថា ក្រុមហ៊ុនឯកជន យើងដឹងស្រាប់ហើយកន្លងមក ធ្វើការអភិវឌ្ឍដោយអត់គិតពីការប៉ះពាល់។អញ្ចឹង បើការប៉ះពាល់ហ្នឹង វាធ្វើឱ្យខូចខាតធនធានធម្មជាតិរឹតតែខ្លាំង វាពិតជាពិបាកមែនទែន»

បើតាមយុវតីស្រាលាញ់បរិសា្ថនរូបនេះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី​១៧ ខែកក្កដា នេះ មានក្រុមយុវជនចំ​​​នួ​​ន១៧ នាក់បានដើរជាក្បូនដោយកាន់ញាតិដង្ហែរទៅដាក់នៅស្ថាប័នជាតិចំនួន៣ រួមមាន ក្រសួងទេស​​ចរណ៍ ក្រសួងបរិសា្ថន និងខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប្រភដដែលបន្តថា មន្រ្តីនៃស្ថាប័នទាំងនោះ បានទទួលយកញត្តិរបស់ក្រុមយុវជន រួចរាល់ហើយ ប៉ុន្តែលទ្ធផលយ៉ាងណានោះ នៅទាន់​​ដឹង​​​នៅ​ឡើយទេ។

យ៉ាងនេះក្តី យុវតី លាង សុវណ្ណា អះអាងថា បើរដ្ឋាភិបាលនៅតែបន្តពន្យាពេល ដោយមិនដាក់តំបន់កោះ​​កុងក្រៅទៅជាតំបន់ដែលត្រូវអភិរក្សធម្មជាតិ ក្រុមយុវជនចលនាមាតាធម្មជាតិ នឹងបន្តសកម្មភាពឥតឈ​​ប់​​ឈរ រហូតទាល់តែ កោះកុងក្រៅត្រូវបានដាក់ជាឧទ្យានជាតិសមុទ្រជាស្ថាពរ។

កញ្ញាបន្តថា៖​ «បើសិនជាគាត់ [រដ្ឋាភិបាល] អត់ធ្វើការសោះទេ ពួកយើងនៅតែខំប្រឹងធ្វើជាសំឡេងនៅទ​​ទូចង់សុំ ហើយក៏ដូចជា សំឡេងមួយចង់ឱ្យពួកគាត់ដឹងឭ ហើយ [យុវជនចលនាមាតាធម្មជាតិ] នៅតែធ្វើ [កម្មភាពបន្តទៀត]»។

គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ទិន្នន័យ របស់អង្គការ Rain Forest Rescue ឱ្យដឹងថា មានមនុ​​ស្ស ជាង១៣ ម៉ឺននាក់ (១៣៣,២៤២នាក់) បានចុះហត្ថលេខាគាំទ្រញត្តិ ទាមទារឱ្យរដ្ឋាភិបាល ដាក់កោះ​កុ​​ងក្រៅទៅជាឧទ្យានជាតិសមុទ្រ និងដកអាជ្ញាប័ណ្ណការអភិវឌ្ឍតំបន់កោះកុងក្រៅ ពីក្រុមហ៊ុន អេស អ៊ី ហ្ស៊ិ​​ត ខូអិលធីឌី (KOH KONG S E ZCO., LTD.) របស់ លោកឧកញ៉ាលី យ៉ុងផាត់។

គេហទំព័រជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កោះកុងក្រៅនេះមានផ្ទៃដីប្រមាណ ៨០គីឡូ​​ម៉ែត្រ​ការ៉េ និងកម្ពស់ប្រហែល ៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ មានពណ៌ខៀវស្រងាត់ សម្បូរទៅដោយធនធានធម្មជាតិ ដែលនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំ​​​ហសមុទ្រ។ កោះធម្មជាតិមួយនេះ ស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយ ៣០គ.ម ពីក្រុងខេមរភូមិន្ទ។

សកម្មជនបរិសា្ថន និងសិទ្ធមនុស្ស លោក ម៉ា ចិត្រា យល់ឃើញថា រដ្ឋាភិបាលមិនគួរប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ អភិវឌ្ឍន៍តំបន់កោះកុងក្រៅនោះទេ ដោយថា ឧកញ៉ារូបនេះ ជាអ្នកវិនិយោគដែលមានកេរ្តិ៍ឈ្មោះមិនល្អ ពោលគឺជាប់ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី ជាដើម។មួយវិញទៀត លោកចង់ឃើញ រដ្ឋាភិបាលរក្សាទុកឆ្នេរកោះកុងក្រៅ ជាតំបន់អភិរក្សធម្មជាតិសម្រាប់ឱ្យប្រជាពលរដ្ឋទូទៅ អាចទៅកំសាន្តបាន ដោយមិនមានការ កាត់ផ្នែកណាមួយនៃតំបន់នោះ ទៅឱ្យបុគ្គលឯកជនធ្វើការអភិវឌ្ឍន៍ឡើយ។

លោកបន្តថា៖ «យើងចាប់អារម្មណ៍ថា នៅពេលដែលក្រុមហ៊ុនណាមូយដែលបានអភិវឌ្ឍន៍ហើយ គឺសា​ធា​​​រណជន ពិបាកក្នុងការធ្វើដំណើរកំសាន្តទៅកាន់ទីនោះណាស់។ហើយបើសិនជា​ ការដាក់តំបន់នេះចូលទៅ​ [ក្រុមហ៊ុនឯកជន] យើងដឹងហើយ គេវិនិយោគលុយរាប់លានដុល្លារ អ៊ីចឹងតំបន់នេះ​ នឹងអាចក្លាយទៅជា! បើយើងនិយាយឱ្យស្រួលស្តាប់ ទៅជាឋានសួគ៌ សម្រាប់អ្នកមានលុយ ប៉ុន្តែសម្រាប់អ្នកអត់មានលុយ គឺអត់អាចទៅដើរកំសាន្តបាន»

ជាមួយគ្នានេះ​ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ អង្គការ​សង្គម​ស៊ីវិល​ចំនួន​៨០​ ក៏ធ្លាប់បាន​អំពាវនាវ​ ទៅ​កាន់​រដ្ឋាភិបា​​ល​ឱ្យ​ដក​សិទ្ធិ​ក្រុមហ៊ុន​ឯកជន អេស អ៊ី ហ្ស៊ិត ខូអិលធីឌី (KOH KONG S E Z​​C​O​​​., LTD.) រប​​ស់​ឧកញ៉ា លី យ៉ុងផាត់ ចេញពីការអភិវឌ្ឍនៅតំបន់កោះកុងក្រៅទាំងមូល ដោយបារម្ភ​​ថា ​កា​រ​​អ​​ភិវ​ឌ្ឍ​​​នោះ​មាន​ការគំរាម​កំហែង​ទៅ​ដល់​ធនធាន​ធម្មជាតិ។

ក្នុងសេចក្តីថ្លែងការណ៍​​សរសេរថា៖ «ការផ្ដល់​​សិទ្ធិ​​ឱ្យ​ទៅ​​ក្រុមហ៊ុន​​មួយ​នេះ​​ដើម្បី​​អភិ​វ​ឌ្ឍ​ន៍​កោះកុង​​ក្រៅ និង​​អាច​​ផ្ដល់​​ជា​ការ​គំរាម​​គំហែង​​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​​ធនធាន​​ធម្មជាតិ​​នៅ​លើ​​កោះ​និង​​ជីវៈ​ចម្រុះ​​ក្នុង​​សមុទ្រ ការកាប់​បំផ្លាញ​​ព្រៃឈើ ការ​បរបាញ់​​សត្វព្រៃ ការសាងសង់​​អគារ​​លើ​ឆ្នេរ​សមុទ្រ ការបង្ហូរ​​ទឹក​​កខ្វក់​​ចូល​​សមុទ្រ ការបាត់បង់​​សោភ័ណភាព​​ធម្មជាតិ​​នៃ​​កោះ និង​ការបាត់​បង់​​ប្រយោជន៍​​ស​ម្រា​​ប់​​ប្រជាជន​​ខ្មែរ​​ទាំង​មូល»

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានឆ្លើយតបដោយ​ខ្លីថា លោក មិនទាន់​បានពិនិត្យលើខ្លឹមសារញតិ្តរបស់ក្រុមយុវជនចលនាមានតាធម្មជាតិនៅឡើយទេ។

លោកបន្តថា៖ «យើងនៅការងារមូលដ្ឋាន អត់ទាន់បានពិនិត្យអីទេ ចាំមើលតិចសិន។ព្រោះថ្នាក់ដឹកនាំលោ​​ក​ជាប់រវល់ក្នុងពេលបោះឆ្នោតហ្នឹង !ចាំមើលរង់ចាំបន្តិចទៅ ប៉ុន្តែជាទូទៅវាដូចពាក់ព័ន្ធទៅខាងឧទ្យានជា​​តិ ​ខាងក្រសួងបរិសា្ថន លោកអ្នកគ្រប់គ្រងនៅខាងតំបន់ហ្នឹង»។

ចំណែក លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មិនអាចសុំការឆ្លើយតបបានទេជុំវិញករណីនេះ ដោ​​យ​​ទូសព្ទចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។

ចំណែកក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុ​​ង​​ផា​​ត់ ក៏​​ពុំអាចស្វែងរកការអត្ថាធិប្បាយបានដែរ។ បើទោះជាបែបណា មន្រ្តីជាន់ខ្ពស់ក្រសួងបរិសា្ថនរូបនេះតែងថ្លែងការពារប្រាប់ក្រុមអ្នកកាសែតថា កា​​​រផ្តល់សិទ្ធិឱ្យក្រុមហ៊ុ​​ន​​​ឯកជនមួយនេះអភិវឌ្ឍនៅតំបន់កោះកុងក្រៅនេះ គឺ​​ភា​​គីក្រុមហ៊ុនបានសិក្សាពីផលប៉ះពា​​ល់​​បរិស្ថាន និងសង្គមរួចរាល់ហើយ។

បើទោះជាបែបណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា​ ក្រុមយុវជនមាតាធម្មជាតិតែងប​​ង្កើ​តយុទ្ធនាការ នានា ក្នុងបំណងជំរុញឱ្យរដ្ឋាភិបាលដាក់តំបន់កោះកុងក្រៅទៅជាតំបន់អភិរក្សធម្មជា​តិ​​​។ ​យុទ្ធ​នា​​ការរបស់ពួកគេទាំងនោះ រួមមាន ការជិះកង់ពី​ខេត្តកោះកុងមកភ្នំពេញ ការចែកខិតបណ្ណតាមទី​​សាធា​រណៈ​ និងសកម្មភាពតាមបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយពីតំបន់កោះកុងក្រៅ ជាដើម។ ប៉ុន្តែសក​​​ម្មភាពស្ម័គ្រចិត្តរបស់ពួកគេទាំងនេះ ​ត្រូវទទួលរងការចោទប្រកាន់ពី រដ្ឋាភិបាលថា គឺជាចេតនាបំរើឱ្យនយោ​​បា​​យបក្សប្រឆាំង និងជាក្រុមបំរើឱ្យពួកបរទេសនិយមទៅវិញ៕