អាជ្ញាធរ និងមន្រ្តីឧទ្យានុរក្សខេត្តព្រះវិហារ រងការចោទថាបានរារាំងក្រុមយុវជនដែលស្រលាញ់បរិស្ថានមិនឱ្យចុះល្បាតព្រៃព្រះរកា ដោយចាត់ទុកសកម្មភាពការពារព្រៃឈើរបស់ក្រុមយុវជន និងព្រះសង្ឃទាំងចំនួន ២៧អង្គ និងនាក់ថា មិនបានសុំច្បាប់ជាមុន។
ព្រះតេជព្រះគុណ តេង ចាន់ឌី ជានិស្សិតមកពីសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ មានសង្ឃដីកាថា កាលពីថ្ងៃទី ១៤ កក្កដា កម្លាំងចម្រុះប្រមាណ ១៧នាក់មានទាំងសមត្ថកិច្ច និងមន្រ្តីឧទ្យានុរក្ស បានមកឃាត់ដំណើរ ក្រុមសកម្មជនការពារបរិស្ថាន ដោយចោទប្រកាន់ថា ពួកគេមិនបានសុំអនុញ្ញាតគោលការណ៍ពីមន្ទីរបរិស្ថានខេត្តព្រះវិហារជាមុន មុននឹងចុះល្បាត។
ព្រះអង្គមានសង្ឃដីកាបន្តថា៖«អាត្មាមិនយល់ និស្សិតយើងអត់មានអី គ្រាន់តែចង់ឃើញព្រៃសហគមន៍(ព្រៃព្រះរកា)អាជ្ញាធរមករារាំង ហាមឃាត់ ធ្វើដូចយើងនឹងជនល្មើស។ អាជ្ញាធរគេមានគ្នាច្រើនណាស់មកឃាត់យើងតែម្តង ដាច់ខាត់គឺមិនឱ្យចួលព្រៃ គេមានហេតុផលថាយើងអត់ចុះច្បាប់ពីមន្ទីរបរិស្ថាន»។
បើតាម ព្រះតេជគុណ តេង ចាន់ឌី ចាត់ថាទុកការការរារាំង ដំណើររបស់ក្រុមយុជន និងព្រះសង្ឃមិនឱ្យចុះទៅមើលបញ្ហាព្រៃឈើតំបន់ព្រៃព្រះរកានេះ គឺការបំបិទសិទ្ធិ និងជាគំរាមគំហែងទៅដល់ក្រុមយុវជន និងព្រះអង្គ។មួយវិញទៀតព្រះអង្គថា ផ្ទុយទៅវិញសេរីភាពក្នុងការធ្វើដំណើររបស់ពលរដ្ឋត្រូវបានគេគូស និងកំណត់ព្រំដែនឱ្យដើរ ដែលទាំងនេះវាខុសនឹងច្បាប់។
ព្រះអង្គសង្ឃដីកាថា៖«ជាការរំលោភសិទ្ធិពលរដ្ឋក្នុងការដើរហើរនិងមើលទៅហាក់ដូចការគំរាមគំហែងមួយដែរបង។ អាត្មាគិតថាសេរីភាពរបស់យើងត្រូវបានគេកំណត់ ត្រូវបានគេហាមឃាត់»។
រដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់តំបន់ព្រៃព្រះរការ ដែលមានទំហំ ៩៦ ០០០ហិកតា ស្ថិតនៅភូមិសាស្ត្រប្រជុំស្រុកទាំងពីរ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប នៃខេត្តព្រះវិហារ ជាតំបន់ដែនជម្រកសត្វព្រៃ ដែលត្រូវការពារ។
មិនខុសគ្នានេះដែរ និសិត្សមកពីសាកលវិទ្យាល័យកម្ពុជា លោក ធឿន សុវណ្ណា លើកឡើងថាអាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីឧទ្យានមិនខិតខំការពារធនធានធម្មជាតិ ដើម្បីបញ្ចៀសពីការបាត់បង់ទេ បែរជាមករារាំងក្រុមយុវជនដែលការពារព្រៃឈើមិនឱ្យចុះល្បាតទៅវិញ។ប្រភពដដែលចោទប្រកាន់ថា ក្រុមកម្លាំងចម្រុះទាំងនេះ បានតាមដាន និងឃ្លាំមើលសកម្មភាពក្រុមយុវជនទាំងយប់ទាំងថ្ងៃ ហាក់ដូចអ្នកការពារបរិស្ថាន គឺជាជនល្មើសដែលចូលទៅប្រព្រឹត្តបទល្មើសព្រៃឈើទៅវិញ។
លោកបន្តថា៖«បទល្មើសមិនខំការពារឱ្យបានល្អទេ ឮពីសហគមន៍ប្រាប់មកថាបទល្មើសលួចចួលកាប់ឈើវិញពេញព្រៃមិនខំបទស្កាត់ទេ ដល់យុវជន ព្រះសង្ឃចង់ចូលព្រៃ រារាំងផង ហាមឃាត់ផង ហើយតាមយើងរហូត យប់ឡើងដេកយាមយើងទៀត» ។
លោក ខាក់ ភារិទ្ធម៉ាស៊ី ដែលអះអាងថាជាតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ប្រចាំនៅខេត្តព្រះវិហារ និងបានឃើញហេតុការណ៍នេះដោយផ្ទាល់ បង្ហាញការសោកស្តាយដែលក្រុមកម្លាំងចម្រុះរបស់ខេត្តព្រះវិហារ បែរទៅជាទប់ស្កាត់អ្នកការពារព្រៃឈើទៅវិញ។ម្យ៉ាងវិញទៀត ការដែលហាមឃាត់រាល់សកម្មភាពរបស់ក្រុមយុវជន ក្រោមហេតុផលច្បប់នេះ បង្ហាញឱ្យឃើញថា នេះជាការបិទសេរីភាពរបស់ពួកគេ ដែលត្រូវបានការពារដោយច្បាប់។
ក្នុងនាមជាតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ លោក ខាក់ ភារិទ្ធិម៉ាស៊ី មិនជឿថា ក្រុមយុវជនដែលការពារបរិស្ថាន អ្នកបំផ្លាញព្រៃឈើទេ ព្រោះពួកគេសុទ្ធតែមានចំណេះដឹង និងតែងការពារបរិស្ថានជាហូរហែកន្លងទៅ។
លោកបន្តថា៖«យើងមានការសោកស្តាយមែនពេកដែលអាជ្ញាធរធ្វើបែបនេះដាក់យុវជន ព្រះសង្ឃ ពួកគាត់អត់មានទៅធ្វើអីខុសទេ គ្រាន់តែចង់ឃើញព្រៃ មើលព្រៃសហគមន៍យើងប៉ុណ្ណឹង មករារាំង ហាមឃាត់ ដាក់កងកម្លាំងធ្វើដូចពួកគាត់ជនល្មើស។ វាខុសអីឱ្យនិស្សិតមើលព្រៃឈើហ្នឹង ខ្លាចនិស្សិតរកឃើញបទល្មើសមែន! ឬខ្លាចនិស្សិតទៅកាប់ឈើ! បើខ្លាចនាំគ្នាទប់ស្កាត់បទល្មើសឱ្យបានទៅចប់ហើយ»។
ពាក់ព័ន្ធនឹងរឿងនេះប្រធានមន្ទីរបរិស្ថានខេត្តពះវិហារ លោក សុង ច័ន្ទសុជាតិ និង ប្រធានឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន ប៉ុនសឿងមិនអាចសុំការបំភ្លឺបានភ្លាមៗទេ នៅថ្ងៃនេះ ដោយទូរស័ទ្ទចូលជាច្រើន តែគ្មានអ្នកទទួល។
ចំណែក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រមេរុ លោក ឃុល អ៊ី ឆ្លើយបតដោយខ្លីថាលោកមិនបានដឹងរឿងអំពីការរារាំងក្រុមយុវជនដែលការពារបរិស្ថាន ដោយក្រុមឧទ្យានុរក្សនេះទេ។លោកបន្តថា ការងាររបស់លោក គឺមើលការខុសតែទៅលើផ្នែកសន្តិសុខ។
លោកបន្តថា៖«ខ្ញុំមិនបានដឹងរឿងអីនោះទេ ខ្ញុំការពារតែសន្តិសុខជូនប្រជាពលរដ្ឋ»។
សម្រាប់មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ចាត់ទុកថាសកម្មភាពចុះរារាំងដំណើររបស់ក្រុមយុវជន និងព្រះសង្ឃគឺជាការជួយបិទបាំងបទល្មើសព្រៃឈើទៅវិញទេ។មិនតែប៉ុណ្ណោះ ការអនុវត្តដូចនេះរបស់ក្រុមមន្រ្តីឧទ្យានុរក្ស គឺជាការដើរបញ្ច្រាស់គោលការណ៍ច្បាប់ ដែលធានាពីការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ជនល្មើស ដែលជួយដូរព្រៃឈើ។
លោកបន្តថា៖«អាជ្ញាធរព្យាយាមរឹតត្បិតសេរីភាពយុវជន និងព្រះសង្ឃ មិនឱ្យចូលរួមល្បាតការពារព្រៃជាការចូលរួមបំផ្លាញព្រៃឈើមួយផងដែរ។មួយវិញទៀតការមិនឱ្យយុវជន ព្រះសង្ឃចុះល្បាតព្រៃជាការផ្តល់ឳកាសឱ្យជនល្មើសចូលកាប់បំផ្លាញព្រៃឈើទៅវិញទេ»។
របាយការណ៍របស់អង្គការ Global Forest Watch ចេញផ្សាយអំឡុងខែ មេសា ឆ្នាំ២០២៣ រកឃើញថា នៅពេលដែលប្រទេសកម្ពុជា ដាក់ឱ្យឈប់សម្រាកបុណ្យចូលឆ្នាំ បទល្មើសនៃការកាប់បំផ្លាញព្រៃឈើកើតឡើងចំនួន ៩៥ ៤៧៨ ករណី។តួលេខនេះត្រូវបាន Global Forest Watch បង្ហាញថា ព្រៃឈើដែលបាត់បង់ចុងក្រោយបន្ថែមនេះទៀត គឺបានគ្រប់ដណ្តប់លើផ្ទៃដី ដែលរង់ការកាប់បំផ្លាញចំនួន ១១៥ ហិកតារ៕