អាជ្ញាធរ និងមន្រ្តីឧទ្យានុរក្សខេត្តព្រះវិហារ​ រងការចោទថាបានរារាំងក្រុមយុវជនដែលស្រលាញ់​​បរិ​​ស្ថា​​នមិនឱ្យចុះល្បាតព្រៃព្រះរកា ដោយចាត់ទុកសកម្មភាពការពារព្រៃឈើរបស់ក្រុមយុវជន និង​​ព្រះ​​សង្ឃទាំងចំនួន ២៧អង្គ និងនាក់ថា មិនបានសុំច្បាប់ជាមុន។

ព្រះតេជព្រះគុណ តេង ចាន់ឌី ជានិស្សិតមកពីសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ មានសង្ឃដីកាថា កាលពីថ្ងៃទី ១៤ កក្កដា កម្លាំងចម្រុះ​ប្រមាណ ១៧នាក់មានទាំងសមត្ថកិច្ច និងមន្រ្តី​​​ឧ​​​​ទ្យា​​នុរក្ស បានមកឃាត់ដំណើរ ក្រុមសកម្មជនការពារបរិស្ថាន ដោយចោទប្រកាន់ថា ពួកគេ​​​មិន​បា​ន​​សុំអនុញ្ញាតគោលការណ៍ពីមន្ទីរបរិស្ថានខេត្ត​ព្រះវិហារជាមុន មុននឹងចុះល្បាត។

ព្រះអង្គមានសង្ឃដីកាបន្តថា៖«អាត្មាមិនយល់ និស្សិតយើងអត់មានអី គ្រាន់តែចង់ឃើញព្រៃសហគមន៍(ព្រៃព្រះរកា)អាជ្ញាធរមករារាំង ហាមឃាត់ ធ្វើដូចយើងនឹងជនល្មើស។ អាជ្ញាធរគេមានគ្នាច្រើ​​នណាស់មកឃាត់យើងតែម្តង ដាច់ខាត់គឺមិនឱ្យចួលព្រៃ គេមានហេតុផលថាយើងអត់ចុះច្បា​​ប់​ពីមន្ទីរបរិស្ថាន»។

បើតាម ព្រះតេជគុណ តេង ចាន់ឌី ចាត់ថាទុកការការរារាំង ដំណើររបស់ក្រុមយុជន និងព្រះសង្ឃមិនឱ្យចុះទៅមើលបញ្ហាព្រៃឈើតំបន់ព្រៃព្រះរកានេះ គឺការបំបិទសិទ្ធិ និងជាគំរាមគំហែងទៅដល់ក្រុ​មយុវជន និងព្រះអង្គ។មួយវិញទៀតព្រះអង្គថា ផ្ទុយទៅវិញសេរីភាពក្នុងការធ្វើដំណើររបស់ព​​ល​​​​រដ្ឋត្រូវ​​​បា​​ន​គេ​​គូស និងកំណត់ព្រំដែនឱ្យដើរ ដែលទាំងនេះវាខុសនឹងច្បាប់។

ព្រះអង្គសង្ឃដីកាថា«ជាការរំលោភសិទ្ធិពលរដ្ឋក្នុងការដើរហើរនិងមើលទៅហាក់ដូចការគំរាមគំហែងមួយដែរបង។ អាត្មាគិតថាសេរីភាពរបស់យើងត្រូវបានគេកំណត់ ត្រូវបានគេហាមឃាត់»។

រដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់តំបន់ព្រៃព្រះរការ ដែលមានទំហំ ៩៦ ០​​០​០​ហិកតា ស្ថិតនៅភូមិសាស្ត្រប្រជុំស្រុកទាំងពីរ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែ​​ប ​នៃខេត្តព្រះវិហារ ជាតំបន់ដែន​​ជម្រកសត្វព្រៃ ដែលត្រូវការពារ។

មិនខុសគ្នានេះដែរ និសិត្សមកពីសាកលវិទ្យាល័យកម្ពុជា លោក ធឿន សុវណ្ណា លើកឡើងថាអា​​ជ្ញា​ធរមានសមត្ថកិច្ច និងមន្រ្តីឧទ្យានមិនខិតខំការពារធនធានធម្មជាតិ ដើម្បីបញ្ចៀសពីការ​​បាត់​បង់​ទេ បែរជាមករារាំ​ង​ក្រុមយុវជនដែលការពារព្រៃឈើមិនឱ្យចុះល្បាតទៅ​​វិញ។ប្រភ​​ពដដែលចោទប្រ​កាន់ថា ក្រុមកម្លាំងចម្រុះទាំងនេះ បានតាមដាន និងឃ្លាំមើលស​​ក​​ម្ម​​​​​​​ភា​ព​​​ក្រុមយុវជនទាំងយប់ទាំងថ្ងៃ ហាក់ដូចអ្នកការពារបរិស្ថាន គឺជាជនល្មើសដែល​​​ចូលទៅ​ប្រព្រឹ​ត្ត​​​ប​ទល្មើសព្រៃឈើទៅវិញ។

លោកបន្តថា«បទល្មើសមិនខំការពារឱ្យបានល្អទេ ឮពីសហគមន៍ប្រាប់មកថាបទល្មើសលួចចួលកាប់ឈើវិញពេញព្រៃមិនខំបទស្កាត់ទេ ដល់យុវជន ព្រះសង្ឃចង់ចូលព្រៃ រារាំងផង ហាមឃាត់ផង ហើយតាមយើងរហូត យប់ឡើងដេកយាមយើងទៀត»

លោក ខាក់ ភារិទ្ធម៉ាស៊ី ដែលអះអាងថាជាតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ប្រចាំនៅ​​ខេត្ត​​ព្រះវិហារ និងបានឃើញហេតុការណ៍នេះដោយផ្ទាល់ បង្ហាញការសោកស្តាយដែលក្រុមកម្លាំង​​ចម្រុះរបស់ខេត្តព្រះវិហារ បែរទៅជាទប់ស្កាត់អ្នកការពារព្រៃឈើទៅវិញ។ម្យ៉ាងវិញទៀត ការដែល​​ហាម​ឃាត់រាល់​​សកម្មភា​​ព​របស់ក្រុមយុវជន ក្រោមហេតុផលច្បប់នេះ បង្ហាញឱ្យឃើញថា នេះជា​​កា​​​​រ​​​បិទសេរីភា​​ពរបស់ពួក​គេ ដែលត្រូវបានការពារដោយច្បាប់។

ក្នុងនាមជាតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ លោក ខាក់ ភារិទ្ធិម៉ាស៊ី មិនជឿថា ក្រុម​​យុ​​​​វជ​​ន​​ដែលការពារបរិស្ថាន អ្នកបំផ្លាញព្រៃឈើទេ ព្រោះពួកគេសុទ្ធតែមានចំណេះដឹង និងតែងកា​​រ​​ពា​​​​រ​​បរិស្ថានជាហូរហែកន្លងទៅ។

លោកបន្តថា៖«យើងមានការសោកស្តាយមែនពេកដែលអាជ្ញាធរធ្វើបែបនេះដាក់យុវជន ព្រះសង្ឃ ពួកគាត់អត់មានទៅធ្វើអីខុសទេ គ្រាន់តែចង់ឃើញព្រៃ មើលព្រៃសហគមន៍យើងប៉ុណ្ណឹង មករារាំង ហាមឃាត់ ដាក់កងកម្លាំងធ្វើដូចពួកគាត់ជនល្មើស។ វាខុសអីឱ្យនិស្សិតមើលព្រៃឈើហ្នឹង ខ្លាចនិស្សិតរកឃើញបទល្មើសមែន! ឬខ្លាចនិស្សិតទៅកាប់ឈើ! បើខ្លាចនាំគ្នាទប់ស្កាត់បទល្មើសឱ្យបា​​ន​ទៅចប់ហើយ»។

ពាក់ព័ន្ធនឹងរឿងនេះប្រធានមន្ទីរបរិស្ថានខេត្តពះវិហារ លោក សុង ច័ន្ទសុជាតិ និង ប្រធានឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន ប៉ុនសឿងមិនអាចសុំការបំភ្លឺបានភ្លាមៗទេ នៅ​​ថ្ងៃ​​នេះ ដោយទូរស័ទ្ទចូលជាច្រើន តែគ្មានអ្ន​កទទួល។

ចំណែក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រមេរុ លោក ឃុល អ៊ី ឆ្លើយបតដោយខ្លីថាលោកមិនបានដឹងរឿងអំពីការរារាំងក្រុមយុវជនដែលការពារបរិស្ថាន ដោយក្រុមឧទ្យានុរក្សនេះទេ។លោកបន្តថា កា​​រ​​​ងា​ររបស់លោក គឺមើលការខុសតែទៅលើផ្នែកសន្តិសុខ។

លោកបន្តថា«ខ្ញុំមិនបានដឹងរឿងអីនោះទេ ខ្ញុំការពារតែសន្តិសុខជូនប្រជាពលរដ្ឋ»។

សម្រាប់មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញ​យុវជនកម្ពុជា (CYN) លោក ​អូត ឡាទីន ចាត់ទុកថាសកម្មភាពចុះរារាំងដំណើររបស់ក្រុមយុវជន និងព្រះសង្ឃគឺជាការជួយបិទបាំងបទល្មើសព្រៃឈើទៅវិញទេ។មិនតែប៉ុណ្ណោះ ការអនុវត្តដូចនេះរបស់ក្រុមមន្រ្តីឧទ្យានុរក្ស គឺជាការដើរ​​បញ្ច្រា​​ស់​​គោលការណ៍ច្បាប់ ដែលធានាពីការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសទប់​​ស្កា​​ត់​​ជនល្មើស ដែលជួយដូរព្រៃឈើ។

 លោកបន្តថា«អាជ្ញាធរព្យាយាមរឹតត្បិតសេរីភាពយុវជន និងព្រះសង្ឃ មិនឱ្យចូលរួមល្បាតការ​ពា​​រ​ព្រៃជាការចូលរួមបំផ្លាញព្រៃឈើមួយផងដែរ។មួយវិញទៀតការមិនឱ្យយុវជន ព្រះសង្ឃចុះល្បាតព្រៃជាការផ្តល់ឳកាសឱ្យជនល្មើសចូលកាប់បំផ្លាញព្រៃឈើទៅវិញទេ»។

របាយការណ៍របស់អង្គការ Global Forest Watch ចេញផ្សាយអំឡុងខែ មេសា ឆ្នាំ២០២៣ រក​​ឃើ​​​​​ញថា នៅពេលដែលប្រទេសកម្ពុជា ដាក់ឱ្យឈប់សម្រាកបុណ្យចូលឆ្នាំ បទល្មើសនៃការកាប់បំ​​ផ្លា​ញព្រៃឈើកើតឡើងចំនួន ៩៥ ៤៧៨ ករណី។តួលេខនេះត្រូវបាន Global Forest Watch ប​ង្ហា​ញថា ព្រៃឈើដែលបាត់បង់ចុងក្រោយបន្ថែមនេះទៀត គឺបានគ្រប់ដណ្តប់លើផ្ទៃដី ដែលរង់​​​កា​​រ​​កា​​ប់​​បំផ្លាញចំនួន ១១៥ ហិកតារ៕