សមាជិកគណបក្សភ្លើងទៀនមួយរូបនៅខេត្តបន្ទាយមានជ័យ ដែលក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌគ្រូបង្រៀនបានដាក់ពាក្យបណ្ដឹងចូលតុលាការក្រុងភ្នំពេញ កាលព្រឹកថ្ងៃសុក្រ ដោយស្នើឱ្យ​​ចេញសាលក្រមលុបចោលលើការសម្រេចរបស់ក្រសួងអប់រំក្រោមហេតុផលថា សេចក្ដីសម្រេចនេះ​​ប្រឆាំងនឹងច្បាប់។

លោក ស៊ិន វត្ថា ជាប្រធានគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ និងជាគ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណដែលត្រូវក្រសួងអប់រំលុបឈ្មោះចេញ  និយាយថា ក្រសួងអប់រំបានបញ្ឈប់លោក ពីតួ​​នា​​ទី​​ជាគ្រូបង្រៀនដោយពុំមានមូលហេតុច្បាស់លាស់ និងគ្មានបើកការស៊ើបអង្កេតឱ្យ​បានត្រឹមត្រូវនោះទេ។

លោកបន្តថា៖ «បងមានមូលហេតុជាច្រើនដែលអាចអះអាងថាបងមិនមានកំហុសលើវិជ្ជាជីវៈក្នុងការបង្រៀន។ ទោះបីបងស្រលាញ់គណបក្សភ្លើងទៀនក៏ដោយតែបងបានបែងចែកកិច្ចការងារខ្លួនឯងបានត្រឹមត្រូវ។…មុននឹងលុបក្របខណ្ឌតើរដ្ឋមន្រ្តីបានដឹងឬទេថាវាយ៉ាងម៉េច»។

ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មាត្រា ៥៨ កំណត់ថា អ្នករាជការមានសិទ្ធិប្ដឹងតវ៉ាទៅតុលាការ អំពីករណីដែលពាក់ព័ន្ធទៅនឹងកិច្ចការមុខងារសាធារណៈ។ ប៉ុន្តែជាការចាំបាច់ អ្នករាជការនោះត្រូវរកវិធីដោះស្រាយតាមផ្លូវរដ្ឋបាលជាមុនសិន។

បើតាមលោក វត្ថា ជុំវិញពាក្យប្ដឹងដាក់ទៅតុលាការក្រុងភ្នំពេញនេះ ដោយសារក្រសួងអប់រំមានទីតាំងនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកបានព្យាយាមរកដំណោះស្រាយដោយដាក់លិខិតស្នើឱ្យមន្ទីរអប់រំខេត្តបន្ទាយមានជ័យចុះស្រាវជ្រាវ និងបំភ្លឺពីកំហុសឆ្គងដែរ ប៉ុន្តែពុំមានលទ្ធផលណាមួយនោះទេ។

កាល​ពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៣  ក្រសួង​អប់រំ បាន​លុប​ឈ្មោះ​លោក វត្ថា ​ចេញ​ពី​ក្របខណ្ឌ​​គ្រូបង្រៀនក្រោម​ហេតុផល​ថា ​​គ្រូបង្រៀនរូបនេះ បានប្រព្រឹត្ត​ខុស​នឹង​វិជ្ជាជីវៈមន្ត្រីរាជការ​ ​។

តាមរយៈពាក្យបណ្តឹងរបស់ខ្លួន លោក ស៊ិន វត្ថា បានលើកឡើងថា លោកជាគ្រូបង្រៀនគោរពពេ​​ល​វេលា​ មានសិលធម៌ល្អ និងពុំដែលទទួលទោសផ្នែកព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនៅក្នុងវិទ្យាល័យសិរីសោភ័ណម្តងណាទេ។មិនតែប៉ុណ្ណោះ សម្រាប់ការងារបម្រើបក្ស គឺបានបែងចែកច្បា​​ស់​​​​លា​ស់ដោយមិនឱ្យជាន់គ្នាក្នុងម៉ោងបង្រៀនឡើយ។

ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មាត្រា ៤៧ បញ្ជាក់ថា កំហុសឆ្គងក្នុងវិន័យរហូតដល់បណ្ដេញចេញពីក្របខណ្ឌ ត្រូវហៅអ្នករាជការជាប់ចោទមកពន្យល់ដោះស្រាយដោយផ្ទាល់មាត់ និ​ង​ជាលាយលក្ខណ៍អក្សរមុននឹងក្រុមប្រឹក្សាវិន័យសន្និដ្ឋានអំពីកំហុស និងទណ្ឌកម្ម។

ក្រៅពីនេះ លោក វត្ថា បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនទៀតថា លោកក៏ពុំដែល​ទទួលបា​ន​​​ការណែនាំផ្ទាល់មាត់ ឬព្រមានជាលាយលក្ខណ៍អក្សរម្តងណាទេ មុននឹងក្រសួងសម្រេចបណ្ដេ​​​ញលោកចេញពីក្របខណ្ឌនេះ។

សារព័ត៌មាន Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី លោក រស់ សុវាចា អ្នកនាំពា​​ក្យ​ក្រសួងអប់រំ បានបានភ្លាមៗទេ នៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។

លោក​ អ៊ី​ រិន្ទ ​អ្នក​នាំពាក្យ​តុលាការ​ក្រុងភ្នំពេញ មានប្រសាសន៍ថា តុលាការបានទទួលពាក្យបណ្ដឹងរបស់លោក ស៊ិន វត្ថា ហើយ និងបានចាត់ចែងបន្តទៅតាមនីតិវិធីរួចដែរ។

ចំណែក លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ ​នៃ​អង្គការ​ការពារសិទ្ធិ​មនុស្ស​ លីកាដូ មានប្រសាសន៍ថា ករណីលុបឈ្មោះ លោក ស៊ិន វត្ថា ចេញពីក្របខណ្ឌគ្រូបង្រៀនេះ បានបង្កើតឱ្យមានមន្ទិលសង្ស័យជាច្រើនថាអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។

លោកបន្តថា ការដាក់ពាក្យប្ដឹងចូលតុលាការជាសិទ្ធិរបស់លោក វត្ថា ក្នុងការស្វែងរកយុត្តិធម៌ស​​ម្រា​​ប់​​ខ្លួន។

លោកបន្តថា៖ «ការលុបគឺចេញដោយក្រសួងបើឱ្យក្រសួងដកវិញមិនងាយទេ ក្នុងករណីនេះ មានតែភាគីទី៣ ជម្រើសមានតែតុលាការហ្នឹងឯងដែលពិនិត្យទៅលើលទ្ធភាពទាំងអស់ហ្នឹង»។

ការលុបឈ្មោះមន្រ្តីរាជការស៊ីវិល ដែលបម្រើការនៅក្នុងក្របខណ្ឌ ហើយទៅគាំទ្របក្សនយោ​​បាយ​​ផ្សេង​​ក្រៅពីបក្សកាន់អំណាច គេសង្កេតឃើញបានកើតឡើងញឹកញាប់ ក្នុងរយៈពេល​​ចុងក្រោយ​​នេះ​​។ លោក អេង ស្រូយ ដែលជាប្រធាន​​​​ប្រតិបត្តិបណ្តោះអាសន្ន គណបក្សភ្លើងទៀន ប្រចាំ​​ខេត្ត​​ត្បូង​​ឃ្មុំ ត្រូវបាន​​ដក​ចេ​ញ​​ និង​​បញ្ច​ប់មុខតំណែងពីក្របខណ្ឌជាមន្រ្តីនគរបាលជាតិ ដែលមា​ន​​ឋា​​នៈ​​​​​​ជាវរសេ​​នី​យ៍​​ឯក (សក្តិប្រាំ) កា​ល​​​​​​ពីថ្ងៃ​​ទី​១​​៦​ ខែមិថុនា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ លោក កែវ សុមុនី ជាអតី​​ត​​មន្រ្តី​​ជំនាញ​​ផ្នែក​​​​សុខ​​ភាពផ្លូវចិត្ត នៃក្រសួងសុខាភិបាល ក៏​ត្រូវ​​បា​នលុបឈ្មោះចេញពីក្រប​​ខណ្ឌ​​រដ្ឋដូចគ្នា ក្រោយរកឃើញថា លោក កែវ សុមុនី បានទៅ​ឈរ​​ឈ្មោះ​​​​​ជាចៅសង្កាត់នៅ​​​សង្កាត់ច្បារអំពៅ ឱ្យ​គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើស​​រើស​​ក្រុម​​ប្រឹ​​ក្សា​​​​​ឃុំសង្កាត់ នីតិកាលទី៥ កន្លងទៅនេះ។ មិនខុសគ្នាដែរ លោក ខឹម មុនីកុសល ដែលជាអតីតគ្រូពេទ្យនៅខេត្តប៉ៃលិន កាលពីខែមីនា ឆ្នាំ២​​០​​២២ ក៏​​ត្រូវ​បាន​​ក្រ​​សួង​​​មុខងារសាធារណៈលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ ដោ​​​​​​យមូលហេតុចូល​​រួម​​ន​យោ​​បាយជា​​មួយ​​​​​គណបក្ស​​ភ្លើងទៀន៕