«ពួកយើងស្រឡាញ់កោះកុងក្រៅ សូមដាក់កោះកុងក្រៅទាំងមូលជាឧទ្យានជាតិសមុទ្រ»!
នេះជាសំឡេងរបស់ក្រុមយុវជនប្រមាណជា១៧នាក់ដែលកំពុងដង្ហែញត្តិដោយថ្មើរជើង ចេញពីមន្ទីរពេទ្យកុមារជាតិឆ្ពោះទៅកាន់ក្រសួងទេសចរណ៍ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។
កំពុងកាន់មេក្រូស្រែកជាមួយនឹងសកម្មជនបរិស្ថានផ្សេងទៀត លោក ធី ថន ដែលជាសកម្មជនបរិស្ថានវ័យជាង២០ឆ្នាំ លើកឡើងថា កោះកុងក្រៅគឺជាសម្បត្តិរបស់មនុស្សទាំងអស់គ្នា មិនមែនជាសម្បត្តិរបស់បុគ្គលណាម្នាក់ឡើយ។ លោកថា លោកចូលរួមតវ៉ា និងដាក់ញត្តិទៅកាន់ក្រសួងពាក់ព័ន្ធ ដោយសារលោកចង់ឱ្យកោះកុងក្រៅក្លាយទៅជាឧទ្យានជាតិសមុទ្រ។
ដោយមានលាបដៃខាងស្តាំពណ៌បៃតង និងពាក់អាវយឺតសរសេរថា «កោះកុងក្រៅ» លោក ធី ថន ថ្លែងថា៖ «កោះកុងក្រៅគឺជាសម្បត្តិរបស់យើងទាំងអស់គ្នា […] បើយើងដាក់កោះកុងក្រៅទៅឱ្យឯកជនគ្រប់គ្រងវាដូចជាមិនសមហេតុផល មិនបានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទេ វាបានប្រយោជន៍សម្រាប់បុគ្គលម្នាក់វិញ អ៊ីចឹងផលប្រយោជន៍យើងត្រូវបាត់»។
កោះកុងក្រៅគឺជាកោះមួយស្ថិតក្នុងខេត្តកោះកុង។ រដ្ឋាភិបាលប្រគល់កោះនេះឱ្យទៅក្រុមហ៊ុន Koh Kong SEZ របស់លោក លី យ៉ុងផាត់ ដើម្បីធ្វើការអភិវឌ្ឍនៅឆ្នាំ២០១៩ ដោយមិនបានប្រកាសជាសាធារណៈ និងមិនបានធ្វើការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថានជាមុនឡើយ។ ចាប់តាំងពីពេលនោះមក ក្រុមយុវជនការពារបរិស្ថានលោកជាលោក ធី ថន បានធ្វើសកម្មភាពផ្សេងៗ ដូចជាការជិះកង់ ការដាក់ញត្តិ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។
លោក ធី ថន បន្ថែមថា កោះកុងក្រៅ គឺជាកោះមួយដែលសម្បូរទៅដោយជីវចម្រុះ ដែលអាចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិបានច្រើនសម្រាប់កម្ពុជា។
ទន្ទឹមនឹងការទាមទារឱ្យមានការដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ លោក ធី ថន ក៏បានបង្ហាញការបារម្ភជុំវិញការកាប់បំផ្លាញព្រៃឈើ និងបញ្ហាបរិស្ថានផ្សេងទៀតផងដែរ។
លោកលើកឡើងថា៖ «ខាងក្រសួងគាត់ដាក់កោះកុងក្រៅទៅអោយក្រុមហ៊ុន SEZ របស់ឧកញ្ញ៉ា លីយ៉ុងផាត់ ដើម្បីអភិវឌ្ឍ ហើយយើងខ្លាចតែមានការអភិវឌ្ឍទៅ គឺមានការកាប់ដើមឈើ ឬក៏សាងសង់អគារធំៗហ្នឹង ធ្វើឱ្យមានការបង្ហូរលូទឹកស្អុយទឹកអីហ្នឹងចូលទៅដល់ឆ្នេររបស់យើង ធ្វើឱ្យឆ្នេររបស់យើងហ្នឹងគគ្រេច ធ្វើឱ្យអាក្រក់មើលលែងកើតអីចឹងទៅ»។
យុវជនការពារបរិស្ថានម្នាក់ទៀត កញ្ញា លាង សុវណ្ណា អាយុ ២២ឆ្នាំ និយាយថា កញ្ញាមិនចង់ឱ្យមានការអភិវឌ្ឍដែលធ្វើឱ្យប៉ះពាល់ដល់កោះកុងក្រៅនោះទេ។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំមិនចង់បានការអភិវឌ្ឍពីក្រុមហ៊ុនឯកជនណាមួយឡើយ ពីព្រោះថានៅពេលដែលមានការគ្រប់គ្រងពីក្រុមហ៊ុនឯកជននានាគឺតែងតែមានផលប៉ះពាល់»។
ចំណែកលោក សាន់ ម៉ាឡា សកម្មជនបរិស្ថានដែលចូលរួមក្នុងកលារដាក់ញត្តិនោះ ក៏គាំទ្រការទាមទាររបស់ក្រុមយុវជននេះផងដែរ។ លោកថា លោកចង់ឱ្យកោះកុងក្រៅក្លាយទៅជាសម្បត្តិរួម ដើម្បីជៀសផុតពីគម្រោងអភិវឌ្ឍរបស់អ្នកមានអំណាចដែលធ្វើឱ្យប៉ះពាល់បរិស្ថាន។
លោកថ្លែងថា៖ «យើងគាំទ្រទៅនឹងសកម្មភាពរបស់ក្រុមយុវជនដែលទាមទារឱ្យរដ្ឋាភិបាលហ្នឹង ដាក់បញ្ចូលកោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ ត្បិតយើងចង់អោយអឺ កោះមួយនេះក្លាយទៅជាទ្រព្យសម្បត្តិរួមរបស់ប្រជាជនខ្មែររបស់យើងហើយក៏ជៀសផុតពី គម្រោងអភិវឌ្ឍន៍ណាដែលចំណេញ តែលើក្រុមអ្នកមានលុយមានអំណាចហើយអឺ ធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ជាពិសេសការអភិវឌ្ឍន៍បែបនេះនឹងធ្វើឱ្យប្រជាជនខ្មែរទូទៅនឹងមិនមានលទ្ធភាពទៅលេងកោះកុងក្រៅទេ»។
គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មានមនុស្សប្រមាណជាង១៣ម៉ឺននាក់ដែលបានចុះហត្ថលេខាគាំទ្រញត្តិដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដាក់កោះកុងក្រៅទាំងមូលជាឧទ្យានជាតិសមុទ្រ និងដកអាជ្ញាប័ណ្ណអភិវឌ្ឍកោះកុងក្រៅពីក្រុមហ៊ុន Koh Kong SEZ របស់លោកឧកញ៉ាលី យ៉ុងផាត់។
លោក អំ សំអាត ជានាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូលើកឡើងថា កោះកុងក្រៅគួរតែក្លាយជាឧទ្យានជាតិសមុទ្រសម្រាប់កម្ពុជា ព្រោះកោះនេះប្រកបដោយអេកូទេសចរណ៍យ៉ាងសំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្ត។
កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គ.ម២ និងកម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់ និងជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ ហើយមានឆ្នេរខ្សាច់សក្បោះដែលមើលធ្លុះដល់ផ្ទៃបាតសមុទ្រ។
កន្លងមក សកម្មជនបរិស្ថានធ្លាប់បានដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ដើម្បីស្នើសុំឱ្យបង្ហាញនូវរបាយការណ៍លទ្ធផលនៃការចុះសិក្សាស្រាវជ្រាវតំបន់កោះកុងក្រៅ ប៉ុន្តែក្រសួងមិនបានបង្ហាញរបាយការណ៍នោះឡើយ។ នេះបើតាមសំណេរនៅក្នុងញត្តិកាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២២។
សិក្ខាកាម Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានតាមរយៈលេខទូរស័ព្ទជាច្រើនដង ព្រមទាំងផ្ញើសារតាមបណ្តាញសង្គម Telegram ប៉ុន្តែមិនទទួលបានការឆ្លើយតប។
លោក ធី ថន ដែលជាសកម្មជនបរិស្ថាន លើកឡើងថា លោកសង្ឃឹមថា រដ្ឋាភិបាលនឹងគិតគូរឡើងវិញក្នុងការដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដើម្បីឱ្យប្រជាជនកម្ពុជាបានទៅលេង និងស្គាល់កោះកុងក្រៅ៕