សាលាឧទ្ធរណ៍ភ្នំពេញ មិនទាន់កំណត់ថ្ងៃបើកសវនាការសំណុំរឿងប្តឹងទាស់របស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយនៅឡើយ ខណៈមេធាវីបានដាក់ពាក្យប្តឹងទាស់រយៈពេលជាង៣ខែកន្លងទៅនេះ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ បានចេញសាលក្រមផ្តន្ទាទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគារ២៧ឆ្នាំដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ និងហាមធ្វើសកម្មភាពនយោបាយ ចោទពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស» ដែលការចោទប្រកាន់នេះត្រូវបានបដិសេធ និងជំរុញឱ្យមេធាវីប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ស្វែងរកយុត្តិធម៌ឱ្យកូនក្តី។
សហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំកម្ពុជា ធ្លាប់បង្ហោះសារថា «លោក កឹម សុខា ជាមនុស្សស្អាតស្អំ» តែត្រូវគេចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង លើកឡើងថា រឿងក្ដី លោក កឹម សុខា ដែលបានចាយពេលវេលាយូរបែបនេះ ដោយសារជាបទឧក្រិដ្ឋមានឯកសារច្រើនតម្រូវឱ្យមានការពិនិត្យបានល្អិតល្អន់បំផុតមុនកំណត់ពេលជម្រះ។
លោក អះអាងថា ឥឡូវនេះចៅក្រមកំពុងរៀបចំរបាយការណ៍ដើម្បីដាក់ទៅអគ្គព្រះរាជអាជ្ញាធ្វើសេចក្ដីសន្និដ្ឋាន។ លោកបន្តថា រឿងក្ដីនេះ នឹងសាលាឧទ្ធរណ៍នឹងបើកសវនាការនាពេលខាងមុខ។
លោកថា៖ «ករណីនេះចៅក្រមកំពុងធ្វើរបាយការណ៍ដោយសាររឿងនេះជាបទឧក្រិដ្ឋ ហើយឯកសារច្រើន ធ្វើរបាយការណ៍ទៅត្រូវពិនិត្យឱ្យបានដិតដល់់ ហើយជូនទៅអគ្គព្រះរាជអាជ្ញាដើម្បីពិនិត្យធ្វើសេចក្ដីសន្និដ្ឋាន។ប៉ុន្តែរឿងក្ដីនេះគឺតុលាការនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់ថា ច្បាប់ពុំមានកាលកំណត់រយៈពេលថ្ងៃបើកសវនាការ បន្ទាប់ពីមានពាក្យប្ដឹងជំទាស់នោះទេ។
មេធាវីការពារក្ដីឱ្យ លោក កឹម សុខា លោកស្រី ម៉េង សុភារី និយាយថា បើទោះបីច្បាប់ពុំបានចែងស្ដីពីការកំណត់ពេលវេលាឱ្យសាលាឧទ្ធរណ៍បើកសវនាការ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងក៏ដោយ ប៉ុន្តែគាត់ថាក្នុងច្បាប់បានជំរុញឱ្យតុលាការបើកសវនាការឆាប់រហ័សផងដែរ ដើម្បីយុត្តិធម៌ ។
លោកស្រីថា៖«ប៉ុន្តែច្បាប់ជាគោលការណ៍ជាទូទៅគឺថាសំណុំរឿងធ្វើយ៉ាងណាឱ្យបានឆាប់រហ័ស»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា សំណុំរឿងទុកចោលយូរប៉ះពាល់ដល់សិទ្ធិជនជាប់ចោទក្នុងការទទួលបាននូវយុត្តិធម៌ក្នុងករណីតុលាការរកឃើញថាគ្នានកំហុស។
លោកថា៖ «(ប៉ះពាល់សិទ្ធិ)បើសិនជាការជំនុំជម្រះទៅមិនមានទោស ឬក៏អាចលើកលែងការចោទប្រកាន់អី វាអូសបន្លាយពេលយូរ ចឹងហើយបានគេកំណត់នូវការជំនុំជម្រះហ្នឹង ឱ្យបានឆាប់ ដើម្បីធានាអំពីសិទ្ធិរបស់ជនត្រូវចោទហ្នឹង»
លោក កឹម សុខា ត្រូវបានកម្លាំងប្រដាប់អាវុធឆ្មក់ចូលចាប់ខ្លួននៅពាក់កណ្តាលយប់ទី៣ ខែកញ្ញា ឆ្នាំ២០១៧ ទាំងគាត់មានអភ័យឯកសិទ្ធិសភា ដោយចោទពីបទ«គប់គិតជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» ខណៈលោកកំពុងសម្រាកនៅផ្ទះ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វិធាននេះ បានធ្វើឡើង ក្រោយពីគណបក្សជំទាស់របស់លោក កឹម សុខា ដណ្តើមបានអាសនៈឃុំ សង្កាត់ ជិតទាន់បក្សកាន់អំណាចអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។
ពាក់ព័ន្ធសំណុំរឿងចោទប្រកាន់ លោក កឹម សុខា អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានបង្ហាញការយល់ឃើញផ្សេងគ្នា។
សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ បានចោទ លោក កឹម សុខា ពីបទឧក្រិដ្ឋចង់ផ្តួលរំលំរដ្ឋាភិបាលក្រោយប្រើពេលជាង៣ឆ្នាំ និងបើកសវនាការចំនួន៦៦លើក តែអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកសំណុំរឿងចោទប្រកាន់នេះជាសេណារីយូនយោបាយ និងជំរុញឱ្យមានការផ្សះផ្សាជាតិ ដើម្បីបុព្វហេតុប្រជាធិបតេយ្យ ដូចមានចែងក្នុងបុព្វកថារដ្ឋធម្មនុញ្ញ។