ប្រធានប្រតិបត្តិ គណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន កំពុងរត់គេចពីការតាមចាប់ខ្លួន ក្រោយរង់ការចោទថាមន្រ្តីជាន់ខ្ពស់ថ្នាក់តំបន់មកពីបក្សជំទាស់រូបនេះ ព្យាយាមកៀគរពលរដ្ឋគូសខ្វែងលើសន្លឹកឆ្នោត ដែលនឹងធ្វើឱ្យខាតបង់ និងប៉ះពាល់ទៅដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក ខឹម មុនីកុសល ដែលជាមន្រ្តីជាន់ខ្ពស់គណបក្សជំទាស់ ប្រចាំនៅខេត្តប៉ៃលិន ប្រាប់ Newsroom Cambodia នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៣ នេះថា នៅចំពោះមុខនេះ រូបលោកពិតជាគ្មានលទ្ធភាពអ្វី ដើម្បីតតាំងក្តី ជាមួយអាជ្ញាធរដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច ឬស្ថាប័នតុលាការទេ។លោកបន្តថា ក្រោយរង់បណ្តឹង និងបទចោទជាបន្តបន្ទាប់ ហើយសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផង ក្នុងនាមជាអ្នកនយោបាយមកពីបក្សជំទាស់ គឺលោកកំពុងតែស្វែងរកទីសុវត្ថិភាពដើម្បីជ្រកកោន។
លោកបន្តថា៖«ខ្ញុំគ្មានជំរើសអីផ្សេងទេ ដោយសារខ្ញុំកំពុងតែរត់គេចពីតាមការចាប់ខ្លួនរបស់អាជ្ញាធរហ្នឹង។ដូច្នេះខ្ញុំអត់មានពេលទៅបណ្តឹងជំទាស់ ឬប្តឹងទៅគ.ជ.ប និងប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។ហើយអ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះ គឺខ្ញុំសូមសំណូមពរឱ្យគ.ជ.ប ទម្លាក់ចោលបទចោទប្រឆាំងរូបខ្ញុំ »។
គេហទំព័រ Newsroom Cambodia ទទួលបានសេចក្តីសម្រេចនៅថ្ងៃនេះ ដែលចេញដោយស្ថាប័នជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៣ គឺ គ.ជ.ប បានលុបឈ្មោះលោក ខឹម មុនីកុសល ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេល ១០ឆ្នាំ។ក្រៅពីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានពិន័យប្រាក់ចំនួន ១៥ ០០០ ០០០ រៀលថែមទៀត។
កាលពីថ្ងៃទី ១៤ ខែ កក្កដា ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល រង់ការចោទប្រកាន់ពីបទ«ញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ និងធ្វើឱ្យខូចសន្លឹកឆ្នោត »។លោក ហ៊ាន រចនា ដែលជាម្ចាស់បណ្តឹងនៅក្នុងសំណុំរឿងនេះ គឺជាប្រធានមន្ទីរបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តប៉ៃលិន។
នៅចំពោះមុខមេធាវីដើមបណ្តឹង គ.ជ.ប បានលើកឡើងនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា អ្វីដែលដើមចោទប្តឹងប្រឆាំងប្រធានប្រតិបត្តិ គណបក្សភ្លើងទៀននេះ គឺជារឿងដែលត្រឹមត្រូវតាមច្បាប់។
បើទោះបែបណា លោក ខឹម មុនីកុសល បានបដិសេធថាអ្វីដែលរកឃើញថាខ្លួនមានកំហុសនេះ គឺមិនត្រូវត្រឹមឡើយ។បើតាមលោក មុនីកុសល អ្វីដែលលោកបានផ្សព្វផ្សាយអំពីដំណើរការបោះឆ្នោត នៅលើហ្វេសប៊ុកផ្លូវការរបស់លោកនោះ គឺមិនបានញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោតនោះទេ។ប៉ុន្តែដោយសារនេះ វាជារឿងនយោបាយ ហេតុនេះគណបក្សជំទាស់បានក្លាយជាគោលដៅនៃការកម្ទេចរបស់បក្សកាន់អំណាច និងមានហេតុផលគ្រប់បែបយ៉ាង ធ្វើយ៉ាងឱ្យបក្សប្រឆាំងចុះខ្សោយ។
លោកបន្តថា៖«ខ្ញុំយល់ឃើញថានេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយចំពោះរូបខ្ញុំម្តងជាពីរដងចាប់ពីតាំងពីឆ្នាំ២០២១មក។គេដកខ្ញុំចេញពីក្របខណ្ឌមន្រ្តីរាជការ ជាមន្រ្តីសុខាភិបាលជាន់ខ្ពស់ម្តងហើយ គឺឈរនៅលើហេតុផលនយោបាយដូចគ្នា »។
បន្ថែមលើសេចក្តីសម្រេចនេះ លោក សោម សូរីដា អគ្គលេខាធិការង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងការពារថាការចាត់វិធានការនេះគឺផ្អែកទៅលើច្បាប់ដែលមានជាធរមាន។មួយវិញទៀត នេះមិនមែនជារឿងនយោបាយទេ ប៉ុន្តែជាការអនុវត្តដោយផ្អែកលើទោសកំហុស របស់អ្នកប្រព្រឹត្តបទល្មើស ដូចមានបញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោត។
លោកបន្តថា៖«ករណីនេះយើងមិននិយាយពីរឿងនយោបាយទេព្រោះគ.ជ.បជាស្ថាប័នអនុវត្តច្បាប់។អញ្ចឹងក្នុងក្របខណ្ឌជាធរមានជាពិសេសច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅក្នុងមាត្រា១៤២ថ្មីនេះ គឺកំណត់អំពីទោស។អញ្ចឹងទោសនេះមិនកំណត់ទៅលើកំហុសឆ្គងខាងនយោបាយទេ »។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់ នៃអង្គការ ខុមហ្រ្វែល លោក កន សាវាង្ស យល់ឃើញថា ក្នុងករណី គ.ជ.ប លុបឈ្មោះអង្គបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត មុនតុលាការសម្រេចថាមានទោស នោះមានន័យថាការលុបឈ្មោះនីតិបុគ្គល គឺជារឿងដែលខុសឆ្គង។ក្នុងន័យនេះ ស្ថាប័នជាតិរៀបចំការបោះឆ្នោត គឺគ្រាន់ជាតួអង្គសម្រាប់អនុវត្តទៅលើនីតិវិធីទេ ដូច្នេះប្រសិនបើមានលុបឈ្មោះបែបនេះមែន គឺជាអនុវត្តផ្ទុយពីស្មារតីនៃច្បាប់ហើយ។
លោកបន្តថា៖«ខ្ញុំមិនចង់ប្រកែកទេ ប៉ុន្តែគ្រាន់តែខ្ញុំចង់និយាយថាមានការកាត់ក្តីជាផ្លូវការហើយនៅពីព្រោះធម្មតានេះគេហៅអនុទោស។អញ្ចឹងកាលណាបើអនុទោស ទាល់តែមានទោសសិន ហើយបើទោសតើទោសអីគេ។តុលាការបានកាត់ក្តីទៅលើកទោសហ្នឹងហើយនៅ »។
លោក ខឹម មុនីកុសល ដែលជាអតីតគ្រូពេទ្យនៅខេត្តប៉ៃលិន កាលពីខែមីនា ឆ្នាំ២០២២ ត្រូវបានក្រសួងមុខងារសាធារណៈលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ ដោយមូលហេតុចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន។គេសង្កេតឃើញថា ការទុក្ខបុកម្នេញខាងនយោបាយនេះ មិនមែនតែលោក ខឹម មុនីកុសល ម្នាក់ទេ មានសកម្មជនគណបក្ស និងមន្រ្តីជាន់ខ្ពស់ដទៃទៀត ត្រូវរងការចោទប្រកាន់ និងបណ្ដេញពីក្របខណ្ឌរដ្ឋជាហូរហែមកហើយដែរ។
លោក អេង ស្រូយ មុននឹងចាប់ខ្លួនលោកជាថ្មីទៀត កាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៣ ប្រធានប្រតិបត្តិបណ្តោះអាសន្ន គណបក្សភ្លើងទៀន ប្រចាំខេត្តត្បូងឃ្មុំរូបនេះ ក៏ត្រូវបានដកចេញ និងបញ្ចប់មុខតំណែងពីក្របខណ្ឌជាមន្រ្តីនគរបាលជាតិ ដែលមានឋានៈជាវរសេនីយ៍ឯក (សក្តិប្រាំ) ដែរកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ លោក កែវ សុមុនី ជាអតីតមន្រ្តីជំនាញផ្នែកសុខភាពផ្លូវចិត្ត នៃក្រសួងសុខាភិបាល ក៏ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋដូចគ្នា ក្រោយរកឃើញថា លោក កែវ សុមុនី បានទៅឈរឈ្មោះជាចៅសង្កាត់នៅសង្កាត់ច្បារអំពៅ ឱ្យគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥ កន្លងទៅនេះ៕