ប្រធានប្រតិបត្តិ គណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន កំពុងរត់គេចពីការតាមចាប់ខ្លួន ក្រោយរង់ការចោទ​​ថា​​​មន្រ្តី​​ជាន់​​​ខ្ពស់ថ្នាក់តំបន់មកពីបក្សជំទាស់រូបនេះ ព្យាយាមកៀគរពលរដ្ឋគូសខ្វែងលើសន្លឹកឆ្នោត ដែល​នឹង​ធ្វើឱ្យខាតបង់ និងប៉ះពាល់ទៅដល់​ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹង​​ចាប់​​ផ្តើម​ក្នុង​​​​​ពេលដ៏ខ្លីខាងមុខនេះ។

លោក ខឹម មុនីកុសល ដែលជាមន្រ្តីជាន់ខ្ពស់គណបក្សជំទាស់ ប្រចាំនៅខេត្តប៉ៃលិន ប្រាប់ Newsroom Ca​​m​​bodia នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៣ នេះថា នៅចំពោះមុខនេះ រូបលោកពិតជាគ្មានលទ្ធភាពអ្វី ដើម្បីតតាំងក្តី ជាមួយ​​អា​​ជ្ញា​​ធរដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច ឬស្ថាប័នតុលាការ​ទេ។លោក​​បន្ត​ថា ក្រោយរង់បណ្តឹង និងបទ​​ចោ​​ទជាបន្តបន្ទាប់ ហើយសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផង ក្នុងនាម​​ជា​អ្នក​​នយោបាយមកពីបក្សជំទាស់ គឺលោ​​ក​​កំពុងតែស្វែងរកទីសុវត្ថិភាពដើម្បីជ្រកកោន។

លោកបន្តថា៖«ខ្ញុំគ្មានជំរើសអីផ្សេងទេ ដោយសារខ្ញុំកំពុងតែរត់គេចពីតាម​ការចាប់ខ្លួនរបស់អាជ្ញាធរហ្នឹង។​​ដូ​​ច្នេះខ្ញុំអត់មាន​ពេល​ទៅ​​​បណ្តឹងជំទាស់ ឬប្តឹងទៅគ.ជ.ប និងប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។​​ហើយ​​អ្វីដែល​​ខ្ញុំ​​អាច​​ធ្វើបាន​​នៅ​​ពេ​ល​​នេះ គឺខ្ញុំសូមសំណូមពរឱ្យគ.ជ.ប ទម្លាក់ចោលបទចោទប្រឆាំងរូបខ្ញុំ »។

គេហទំព័រ Newsroom Cambodia ទទួលបានសេចក្តីសម្រេចនៅថ្ងៃនេះ ដែល​ចេញដោយស្ថា​​​ប័នជា​តិ​​រៀប​​ចំកា​រ​​បោះ​ឆ្នោត កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៣ គឺ គ.ជ.ប បានលុបឈ្មោះលោក ខឹម មុនីកុសល ចេញពី​​បញ្ជី​​បោះ​​ឆ្នោត និងដក​​​សិទ្ធិ​​ឈរឈ្មោះឱ្យ​​គេបោះឆ្នោតរយៈពេល ១០ឆ្នាំ។ក្រៅពីនេះ គណៈកម្មាធិការជាតិ​​រៀបចំការ​​បោះ​​ឆ្នោ​​​ត ក៏​​​បា​ន​​​ពិន័យប្រាក់ចំនួន ១៥ ០០០ ០០០ រៀលថែមទៀត។

កាលពីថ្ងៃទី ១៤ ខែ កក្កដា ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល រង់​​​​​កា​រ​​ចោ​​ទ​​ប្រ​​​កាន់​ពីបទ«ញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ និងធ្វើឱ្យខូចសន្លឹកឆ្នោត »។លោក ហ៊ាន រ​ច​​នា​​ ដែលជា​​ម្ចាស់​ប​​​​ណ្តឹ​​ងនៅក្នុងសំណុំរឿងនេះ គឺជាប្រធានមន្ទីរបក្សប្រជាជនកម្ពុជា នៅក្នុងខេត្ត​ប៉ៃលិ​ន​។

នៅចំពោះមុខមេធាវីដើមបណ្តឹង គ.ជ.ប បានលើកឡើងនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា អ្វីដែលដើម​​ចោ​​ទ​​ប្តឹងប្រឆាំងប្រធានប្រតិបត្តិ គណបក្សភ្លើងទៀននេះ គឺជារឿងដែលត្រឹមត្រូវតាមច្បាប់។

បើទោះបែបណា លោក ខឹម មុនីកុសល បានបដិសេធថាអ្វីដែលរកឃើញថាខ្លួនមានកំហុសនេះ គឺមិនត្រូវ​​ត្រឹម​​​​ឡើយ។បើតាមលោក មុនីកុសល អ្វីដែលលោកបានផ្សព្វផ្សាយអំពីដំណើរការបោះឆ្នោត នៅលើហ្វេស​​ប៊ុក​​​​ផ្លូវ​​ការរបស់លោកនោះ គឺមិនបានញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោតនោះទេ។ប៉ុន្តែដោយសារនេះ វាជារឿងនយោបាយ ហេតុនេះគណបក្សជំទាស់បាន​​ក្លាយជាគោលដៅនៃការ​​កម្ទេចរបស់បក្សកាន់អំ​​ណា​​ច និងមានហេតុផលគ្រប់បែបយ៉ាង ធ្វើយ៉ាងឱ្យបក្សប្រឆាំងចុះខ្សោយ។

លោកបន្តថា៖«ខ្ញុំយល់ឃើញថានេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយចំពោះរូបខ្ញុំម្តងជាពីរដងចាប់ពីតាំងពីឆ្នាំ២០២១មក។គេដកខ្ញុំចេញពីក្របខណ្ឌមន្រ្តីរាជការ ជាមន្រ្តីសុខាភិបាលជាន់ខ្ពស់ម្តងហើយ គឺ​ឈ​​រ​​នៅ​លើហេតុ​​​​ផលនយោបាយដូចគ្នា »។

បន្ថែមលើសេចក្តីសម្រេចនេះ លោក សោម សូរីដា អគ្គលេខាធិការង នៃគណៈកម្មាធិការជាតិរៀបចំ​​ការ​​បោះ​​​​ឆ្នោត ថ្លែងការពារថាការចាត់វិធានការនេះគឺផ្អែកទៅលើច្បាប់ដែលមានជាធរមាន។មួយវិញទៀត នេះ​​​មិន​​​មែនជា​​រឿងនយោបាយទេ ប៉ុន្តែជាការអនុវត្តដោយផ្អែកលើទោសកំហុស របស់អ្នកប្រព្រឹត្តបទល្មើស ដូ​ច​​​​មានបញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោត។

លោកបន្តថា៖«ករណីនេះយើងមិននិយាយពីរឿងនយោបាយទេព្រោះគ.ជ.បជាស្ថាប័នអនុវត្ត​​ច្បាប់។​​អញ្ចឹ​​ង​​ក្នុ​​ងក្របខណ្ឌជាធរមានជាពិសេសច្បាប់ស្តី​​ពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើ​​សតាំងតំណាងរា​ស្រ្តនៅ​​ក្នុង​​មាត្រា១៤២ថ្មីនេះ គឺកំណត់អំពីទោស។​អញ្ចឹងទោសនេះមិនកំណត់​ទៅលើកំហុសឆ្គងខា​ងន​​យោ​​​បា​យទេ »។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់ នៃអង្គការ ខុមហ្រ្វែល លោក កន សាវាង្ស យល់ឃើ​​​ញ​​​​ថា ក្នុងករណី គ.ជ.ប លុបឈ្មោះអង្គបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត មុនតុលាការ​​សម្រេចថា​​​មាន​ទោ​​ស នោះមានន័យថាការលុបឈ្មោះនីតិបុគ្គល គឺជារឿងដែលខុសឆ្គង។ក្នុងន័យនេះ ស្ថាប័នជាតិរៀបចំ​​កា​រ​បោះឆ្នោត គឺគ្រាន់ជាតួអង្គសម្រាប់អនុវត្ត​ទៅលើនីតិវិធីទេ ដូច្នេះប្រសិនបើមានលុប​​ឈ្មោះបែបនេះមែន គឺ​​ជា​​អនុវត្តផ្ទុយពីស្មារតីនៃច្បាប់ហើយ។

លោកបន្តថា៖«ខ្ញុំមិនចង់ប្រកែកទេ ប៉ុន្តែគ្រាន់តែខ្ញុំចង់និយាយថាមានការកាត់ក្តីជាផ្លូវកា​​រហើយនៅពីព្រោះ​​ធ​​​​​ម្ម​​​​​តា​​នេះគេ​​​ហៅអនុទោស។អញ្ចឹងកាលណាបើអនុទោស ទាល់តែមានទោសសិន ហើ​​​យបើ​ទោស​​តើទោ​ស​​អីគេ។តុលាការបានកាត់ក្តីទៅលើកទោសហ្នឹងហើយនៅ »។

លោក ខឹម មុនីកុសល ដែលជាអតីតគ្រូពេទ្យនៅខេត្តប៉ៃលិន កាលពីខែមីនា ឆ្នាំ២​​០​​២២ ​​ត្រូវ​បាន​​ក្រ​​សួង​​​មុ​​​ខងារសាធារណៈលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ ដោ​​​​​​យមូលហេតុចូល​​រួម​​ន​យោ​​បាយជា​​មួយ​​​​​គណបក្ស​​ភ្លើងទៀន។គេសង្កេតឃើញថា ការទុក្ខបុកម្នេញខាងនយោបាយនេះ មិនមែនតែលោក ខឹម មុនីកុសល ម្នាក់​​ទេ មានសកម្មជនគណបក្ស និងមន្រ្តីជាន់ខ្ពស់ដទៃទៀត ត្រូវរងការចោទប្រកាន់ និងបណ្ដេញពីក្រប​​ខណ្ឌ​​រដ្ឋ​​ជា​​ហូរហែមកហើយដែរ។

លោក អេង ស្រូយ មុននឹងចាប់ខ្លួនលោកជាថ្មីទៀត កាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៣ ប្រធាន​​​​ប្រតិបត្តិបណ្តោះអាសន្ន គណបក្សភ្លើងទៀន ប្រចាំ​​ខេត្ត​​ត្បូង​​ឃ្មុំរូបនេះ ក៏ត្រូវបាន​​ដក​ចេ​ញ​​ និង​​បញ្ច​ប់មុខតំណែងពីក្របខណ្ឌជាមន្រ្តីនគរបាលជាតិ ដែលមា​ន​​ឋា​​នៈ​​​​​​ជាវរសេ​​នី​យ៍​​ឯក (សក្តិប្រាំ) ដែរកា​ល​​​​​​ពីថ្ងៃ​​ទី​១​​៦​ ខែមិថុនា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ លោក កែវ សុមុនី ជាអតី​​ត​​មន្រ្តី​​ជំនាញ​​ផ្នែក​​​​សុខ​​ភាពផ្លូវចិត្ត នៃក្រសួងសុខាភិបាល ក៏​ត្រូវ​​បា​នលុបឈ្មោះចេញពីក្រប​​ខណ្ឌ​​រដ្ឋដូចគ្នា ក្រោយរកឃើញថា លោក កែវ សុមុនី បានទៅ​ឈរ​​ឈ្មោះ​​​​​ជាចៅសង្កាត់នៅ​​​សង្កាត់ច្បារអំពៅ ឱ្យ​គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើស​​រើស​​ក្រុម​​ប្រឹ​​ក្សា​​​​​ឃុំសង្កាត់ នីតិកាលទី៥ កន្លងទៅនេះ៕