ប្រជាពលរដ្ឋចំនួន៤០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកគុយ ស្រុកស្អាង ខេត្តកណ្តាល កំពុងរង់ចាំដំណោះស្រាយពីភាគីពាក់ព័ន្ធ ដែលបានសន្យាអស់ពេលជាច្រើនខែមកហើយ ជុំវិញករណីបាក់ដីច្រាំងទន្លេរដែលបានបណ្តាលឱ្យផ្ទះជាច្រើនខ្នងត្រូវរងការខូចខាត និងបាក់ធ្លាក់ចូលទឹក។
លោកស្រី គឹម ម៉ាណែត ដែលមានមុខរបរជាអ្នកលក់ទិញមាស ក្នុងភូមិកើតហេតុ បានថ្លែងប្រាប់ Newsroom Cambodia ដោយផ្ទាល់ថា ក្រោយពីមានហេតុការណ៍បាក់ច្រាំងទន្លេដែលបណ្តាលឱ្យផ្ទះលោកស្រីបាក់ចូលមកព្រែកមក រហូតដល់ពេលនេះគឺច្រើនខែមកហើយ ប៉ុន្ដែហាក់គ្មានតម្រុយណាមួយពីអាជ្ញាធរដែលបានសន្យាថានឹងជួយដោះស្រាយនោះទេ។
ស្រ្តីវ័យ ៦២ឆ្នាំរូបនេះ បន្ថែមថា នៅពេលកើតហេតុភ្លាមៗ ទាំងអាជ្ញាធរ និងលោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស បានចុះមកជួបពលរដ្ឋរងគ្រោះ ហើយបានសន្យាថានឹងបើកការស៊ើបអង្កេតដើម្បីស្វែងរកការពិត មុននឹងផ្តល់ដំណោះស្រាយជូនពលរដ្ឋ។ប៉ុន្តែគិតមកដល់ពេលនេះ លោកស្រីអះអាងថា ការសន្យារបស់ភាគីពាក់ព័ន្ធ បានបន្តអូសបន្លាយជាង៣ខែមកហើយ នៅតែបាត់ដំណឹងសូន្យ។
អ្នកស្រីបន្តថា៖«ពិបាកដែរអូន តាំងពីមានបញ្ហាហ្នឹងមក ដូចជាគ្មានដំណោះស្រាយទេ។មីងមិនដឹងគេគិតមិចទេ។មីងចង់ឱ្យគេគិតគូរដោះស្រាយឱ្យបានឆាប់ ព្រោះម្នាក់ៗរង់ចាំមើលគ្រប់គ្នា»។
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មានហេតុការណ៍បាក់ច្រាំងទន្លេនៅចំណុចទីតាំង ភូមិត្រពាំងឈូក និងភូមិក្បាលជ្រោយ ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។របាយការណ៍ដែលចេញដោយ រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ បង្ហាញថា ហេតុការណ៍នេះ បណ្តាលឱ្យផ្ទះពលរដ្ឋចំនួន ៤០គ្រួសារ ត្រូវបាក់ធ្លាក់ចូលទៅក្នុងទន្លេរ ក្នុងនោះផ្ទះចំនួន២ខ្នង ត្រូវបាក់ធ្លាក់ចូលទន្លេរទាំងស្រុង ខណៈដែលផ្ទះចំនួន ១០ខ្នងទៀត រងផលប៉ះពាល់ស្រាល់ និងផ្ទះចំនួន ២៨ខ្នងទៀត រងផលប៉ះពាល់ធ្ងន់។
មិនខុសគ្នាទេ ម្ចាស់ផ្ទះដែលរងគ្រោះម្នាក់ទៀត លោកស្រី ផាន សុភាព ដែលមានរបរលក់វ៉ែនតា បានឱ្យដឹងថា លោកស្រីរង់ចាំការឆ្លើយតបពីអាជ្ញាធរថានឹងមកដោះស្រាយផលប៉ះពាល់នេះ តែមកដល់ពេលនេះ គ្មានបានជូនដំណឹងថ្មីណាមួយ អំពីវិធានការណ៍ជួយសង្រ្គោះទេ។
បន្ថែមពីលើនេះ លោកស្រីចង់ឱ្យអាជ្ញាធរពន្លឿនស្វែងរកដំណោះស្រាយឱ្យឆាប់ ទៅតាមការសន្យាជាពិសេសពលរដ្ឋស្នើឱ្យបញ្ឈប់អាជីវកម្មបូមខ្សាច់ បើមិនដូច្នោះទេ ពលរដ្ឋអាចនឹងរងគ្រោះទៀតនៅថ្ងៃខាងមុខ។
អ្នកស្រីបន្តថា៖«ជាង៣ខែហើយអូន អត់ទាន់មានកិច្ចអន្ដរាគមន៍ណាមួយទេ។ចង់ឱ្យគេដោះស្រាយឆាប់ៗ និងឱ្យគេបញ្ឈប់ការបូមខ្សាច់»។
បើតាមលោកស្រី ផាន សុភាព នៅចំពោះមុខនេះ អាជ្ញាធរបានអនុញ្ញាត្ដឱ្យគ្រប់ម្ចាស់ផ្ទះដែលមានមុខរបរជាប់ច្រាំងទន្លេអាចប្រកបមុខរបរបានវិញ ប៉ុន្ដែត្រូវចំណាយការសាងសង់លំនៅដ្ឋានដោយខ្លួនឯង។ ពាក់ព័ន្ធនឹងការចំណាយលោកស្រី ឱ្យដឹងទៀតថា ពលរដ្ឋត្រូវចំណាយច្រើនទៅលើថ្លៃជួលជុលឡើងវិញទាំងស្រុង ហើយក្រៅពីនេះ អ្នកភូមិត្រូវរស់នៅដោយភាពភ័យខ្លាច ដោយសារបារម្ភអាចនឹងមានហេតុការណ៍បាក់ស្រូតផ្ទះជាថ្មីម្ដងទៀត។
ចំណែក លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស ដែលបានចុះមកពិនិត្យមើលដោយផ្ទាល់ធ្លាប់បាន សន្យាថា លោកនឹងឱ្យមន្រ្ដីជំនាញ ព្រមទាំងក្រសួងពាក់ព័ន្ធ នឹងបើកការស៊ើបអង្កេតករណីបាក់ស្រុតផ្ទះពលរដ្ឋចូលទន្លេនេះឱ្យបានឆាប់ ថាតើជាករណីនេះកើតឡើងដោយគ្រោះធម្មជាតិ ឬក៏ដោយសារអ្វីផ្សេង។
ប្រភពដដែលបន្ថែមថា បើបញ្ហានេះកើតឡើងដោយគ្រោះធម្មជាតិមិនជាបញ្ហាអ្វីនោះទេ ប៉ុន្តែបើសិនជាបញ្ហានេះ កើតឡើងដោយសារការបូមខ្សាច់ គឺក្រុមហ៊ុនទាំងនោះត្រូវទទួលខុសត្រូវចំពោះការខាតបង់នេះ។
លោកបន្តថា៖«ខ្ញុំនឹងឱ្យមន្រ្ដីជំនាញ និងក្រសួងពាក់ព័ន្ធចុះស៊ើបលើរឿងហ្នឹង។បើសិនជាវាបាក់ដោយធម្មជាតិគឺមិនអីទេ តែបើមានករណីផ្សេងអាហ្នឹងចាប់ឱ្យទទួលខុសត្រូវតែម្ដង »។
អ្នកនាំពាក្យសាលាខេត្ដកណ្ដាល លោក គ្រុយ ម៉ាឡែន បញ្ជាក់ដោយខ្លីថា ករណីនេះភាគីពាក់ព័ន្ធកំពុងគិតគូរជូនពលរដ្ឋហើយ ប៉ុន្ដែដំណោះស្រាយយ៉ាងណា មិនទាន់ដឹងនៅឡើយទេ។
លោកបន្តថា៖«ខាងលើកំពុងគិតគូរ ដូច្នេះសុំបងប្អូនពលរដ្ឋមេត្ដារង់ចាំ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហាន្ដរាយ លោក សុទ្ធ គឹមកុលមុនី មានប្រសាសន៍ថា សម្រាប់វិធីទប់ស្កាត់កុំឱ្យបាក់ច្រាំងទន្លេគឺមិនអាចទប់ស្កាត់បានទេ ព្រោះវាជាគ្រោះធម្មជាតិ ហើយក៏មិនអាចដឹងមុនបានដែរ។ប៉ុន្តែ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ តែងតែអំពាវនាវឱ្យពលរដ្ឋរស់នៅតាមមាត់ទន្លេទាំងអស់ បើអាចគួរតែផ្លាស់ប្ដូរលំនៅឋានទៅរកកន្លែងមានសុវត្ថិភាព ជាជាងបន្ដរស់នៅតាមមាត់ទន្លេបែបនេះ វាអាចនឹងមានគ្រោះថ្នាក់កើតឡើង។
លោកបន្តថា៖«យើងគ្មានវិធីណាល្អទេ ព្រោះវាគ្រោះធម្មជាតិ។យើងតែងតែអំពាវនាវដល់ពលរដ្ឋឱ្យពួកគាត់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសបើអាចគាត់គួរផ្លាស់ទីលំនៅរកកន្លែងមានសុវត្ថិភាពរស់នៅវាជាការល្អ» ។
ជុំវិញរឿងនេះ លោក នី សុខា នាយកប្រតិបត្តិសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា អាជ្ញាធរគួរគោរពតាមការសន្យារបស់ខ្លួន ដើម្បីកសាងជំនឿចិត្តទៅដល់ពលរដ្ឋ។ប៉ុន្តែបើមិនបានអនុវត្តទៅតាមការសន្យាទេ មានន័យថាអាចនឹងបាត់បង់ការគាំទ្រពីពលរដ្ឋដែលជាម្ចាស់ឆ្នោត។
ប្រភពបន្តថា ជាការសង្កេតស្ទើរតែគ្រប់ករណីទៅហើយ រាប់ចាប់តាំងពីទំនាស់ដីធ្លី ការរំលោភសិទ្ធិមនុស្ស និងបញ្ហាផ្សេងទៀតគឺកម្រឃើញមានដំណោះស្រាយសមស្រប សម្រាប់ពលរដ្ឋណាស់។
លោកបន្តថា៖«ការសន្យារបស់អាជ្ញាធរហើយមិនធ្វើ សឹងតែគ្រប់ករណីទៅហើយ វាលែងជារឿងចម្លែក។ក្នុងនាមជាអាជ្ញាធរគឺជាក្ដីសង្ឃឹមរបស់ពលរដ្ឋ ដូច្នេះគ្រប់ការសន្យាគឺត្រូវតែគោរព និងអនុវត្ដ»។
របាយការណ៍ដែលចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីខែ មិថុនា ឆ្នាំ២០២២ បង្ហាញថា ការខាត់បង់ព្រោះតែគ្រោះធម្មជាតិនេះ បានបណ្តាលឱ្យទ្រព្យសម្បត្តិពលរដ្ឋខូចខាតជាបន្តបន្ទាប់មកហើយ ក្នុងពេលកន្លងទៅ៕