អ្នកឃ្លាំមើលបញ្ហាសង្គម និងយុវជនមួយចំនួន ចង់ឱ្យប្រទេសកម្ពុជាមានច្បាប់កំណត់អាណត្តិមេដឹកនាំ​ប្រ​​ទេសដោយពួកគេយល់ឃើញថា ការកាន់អំណាចជិត ៤០ឆ្នាំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងត្រៀមឱ្យកូនប្រុសច្បងរបស់លោកស្នងតំណែងបន្តនោះ គឺជាវប្បធម៌ក្រាញអំណាចតវង្សត្រកូលតាមរយៈកា​​រ​ចា​​ត់​​ចែងប្រទេសផ្តាច់មុខ។

និស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋ យុវតី ហេង គឹមសួ វ័យ២២ឆ្នាំ ប្រាប់Newsroom Cambodia ថា ខ្លួនចង់ឱ្យរដ្ឋាភិបាលកម្ពុជា តាក់តែងច្បាប់មួយ ដើម្បីកំណត់ឱ្យ​​ច្បា​ស់​លាស់ ចំពោះអាណត្តិរបស់បេក្ខភាពនាយករដ្ឋមន្រ្តី។យុវតីរូបនេះ យល់ឃើញថា ការទុកឱ្យបុគ្គលម្នាក់ក្តោបក្តាប់អំណាចយូរ នឹងបង្កឱ្យមានការចាក់ឬសនៃទម្រង់ដឹកនាំបែបផ្តាច់ការ ដែលនាំឱ្យប៉ះពាល់របបប្រជាធិបតេយ្យ ដែលប្រទេសកម្ពុជាបានប្រកាន់យក។

មួយវិញទៀត និស្សិតច្បាប់រូបនេះ ចាត់ទុកថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៦អា​ណ​​​ត្តិ​មកនេះ បានបិទផ្លូវយុវជនមួយចំនួនក្នុងការប្រើសមត្ថភាពក្លាយជាមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល​​។​ក​​​ញ្ញាថា ការឡើងកាន់តួនាទីក្នុងក្រសួងរដ្ឋ ជាទូទៅមានតែតាមបក្សពួក និងក្រុមគ្រួសារ ដែលស្និទ្ធិនឹង​​ប​​ក្ស​​កាន់អំណាចទេ។

ប្រភពបន្តថា៖«វាអយុត្តិធម៌ណាស់សម្រាប់ដែលក្មេងជំនាន់ក្រោយដែលគាត់មានសមត្ថភាពគ្រប់គ្រាន់ ហើ​​​យចង់ឃើញប្រទេសមួយដែលអាចផ្លាស់ប្តូរបាន ហើយមានសមត្ថភាពក្នុងការដែលគ្រប់គ្រង ប៉ុន្តែគាត់អត់អាចឡើងធ្វើបាន។មួយទៀតវិញ គឺធនធានធម្មជាតិ ខ្ញុំឃើញថា [រងការបំផ្លិចបំផ្លាញ] ខ្ញុំតាំងពីកើតមកអត់ដែលឃើញប្រទេសម្ពុជាផ្លាស់ប្តូរមេដឹកនាំសោះតែម្តង»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវគេចាត់ទុកថា ជាមេដឹកនាំមួយរូបដែលបានកាន់តំណែងយូរជាងគេ​នៅកម្ពុជា និងលើពិភពលោក។លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីស្តីទីនៅថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​១៩៨៤ ​និងបានកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ លោក ហ៊ុន សែន ធ្លាប់អះអាងថា លោកនឹងកាន់ដំណែងរហូតដល់អា​​យុ ៧០ឆ្នាំ។ក្រោយមកនៅដើមខែមេសា ឆ្នាំ២០២១ មេដឹកនាំរូបនេះ និយាយជាសាធារណៈ ថា លោកនឹ​ងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីរហូតទាល់តែលោកលែងចង់ធ្វើ ដោយមិនកំណត់ពេលវេលាជាក់លាក់ណាមួយនោះទេ។

ជាញឹកញាប់ មេដឹកនាំកាន់អំណាចជិត ៤០ លោក ហ៊ុន សែន ធ្លាប់និយាយជាសាធារណៈ ថា ក្រោយកា​របោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ក្នុងឆ្នាំ២០២៣ លោកអាចនឹងក្លាយទៅជា ឪនាយករដ្ឋមន្រ្តី ហើយនៅក្នុងឆ្នាំ២០៤០ លោកនឹងក្លាយទៅជាជីតានាយករដ្ឋមន្រ្តី។

យ៉ាងនេះក្តី ការថ្លែងដោយចំហរបែបនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហាសង្គម ចាត់ទុកថា ជាការចាត់ចែងប្រ​​ទេសដោយផ្តាច់មុខរបស់ក្រុមគ្រួសារ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន និងដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ដែលកម្ពុជាបានប្រកាន់យ​ករបៀបដឹកនាំតាមរយៈការបោះឆ្នោត។

ទោះជាយ៉ាងនេះក្តី តំណែងកំពូលនេះ ត្រូវបានលោក ហ៊ុន សែន ចាត់ចែងរួចជាស្រេចទៅហើយ ដើម្បីទុកឱ្យកូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត ស្នងបន្ត។បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត កំពុង​​កាន់​​តួ​​នា​ទីជាអគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលមាន​​​ឋា​នៈ​​នាយឧត្តមសេនីយ៍ផ្កាយបួន។

ពីស្រុកក្រូចឆ្មា ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន ប្រកាសជំ​​ហ​​រជា​​ថ្មី​ទៀ​​​​​តថា លោកនឹងនៅក្នុងតំណែងជានាយករដ្ឋមន្រ្តីនេះបន្តទៅមុខទៀត ដោយមិនកំណត់​​​រយៈពេល​ឡើ​​យ រហូតក្រុមប្រឆាំងនឹងលោកដែលលោក ហ៊ុន សែន ចាត់ទុកថាជាក្រុមជ្រុលនិយមត្រូវ​​ផុតជីវិតពីផែ​​​ន​​ដី​​​នេះ​អ​​ស់​​សិន ទើបលោកឈប់ធ្វើជានាយរដ្ឋមន្រ្តី។  

នៅក្នុងពិធីដាច់ឡែកមួយទៀត កាលពីខែ ធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន ក្រៅពីបានចាត់ចែង​​កូន​​ប្រុស​ច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដើម្បីចាំស្នងតំណែងរបស់លោក អាចនៅក្រោយឆ្នាំ២០២៣ ខា​ង​មុខនេះហើយ លោក​ក៏បានបង្រៀនចៅ​​រប​​ស់​​លោ​ក ដែលលោកអះអាងថា បានសិក្សានៅបរទេស ឱ្យ​​រៀន និងត្រៀមខ្លួនប្រកួតប្រជែង​​​ធ្វើជានាយក​រដ្ឋ​ម​ន្រ្តី​​​​បន្តម្នាក់ទៀតដែរ។

លោកបន្តថា«ខ្ញុំ​សូម​បញ្ជាក់​ ពេល​នេះខ្ញុំ​ជា​នាយករដ្ឋមន្រ្តី ក្រោយ​ឆ្នាំ​២០២៣​ខ្ញុំ​ទៅជា​ឪ​នាយក​រដ្ឋមន្រ្តី​ដល់​២០៤០ ខ្ញុំ​នឹង​ក្លាយ​ជា​ជីតា​នាយក​រដ្ឋមន្រ្តី។ថ្ងៃ​មុនអាចៅមួយ​រៀនមហាវិទ្យាល័យ​នៅ​បរទេស វា​មក​លេង​ស្រុក អង្គុយ​បាយ​ជាមួយគ្នា​ខ្ញុំប្រាប់២០​ឆ្នាំ​ទៀត​ចៅ​ឯង​ត្រូវ​ប្រជែង​យក​តំ​​ណែងនាយក​រដ្ឋ​មន្រ្តី »។

ការទុកតំណែងឱ្យកូនប្រុសក្តោបក្តាប់អំណាចបន្តនេះ ត្រូវបានយុវជនមួយចំនួនចាត់ទុកថា ជាការដឹកនាំបែបផ្តាច់ការ និងជាការបិទផ្លូវ របស់យុវជនបន្តវេន ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាន ដែលពួកគេមិនអាចមានឱកាសដឹកនាំប្រទេសជាតិតាមទស្សនៈរបស់ខ្លួនបាន។

និស្សិតច្បាប់កំពុងសិក្សា នៅសាកលវិទ្យាល័យឯកជនមួយក្នុងរាជធានីភ្នំពេញ លោក ជិន ម៉ូឡុងវ័យ​២០លើកឡើងថា ការកាន់អំណាចយូរ គឺប្រៀបដូចជាចាក់ថ្នាំញៀន ទៅឱ្យបុគ្គលម្នាក់ ដែលពួកគេនឹងមិនមានចិត្តចង់លាលែងពីតំណែងទេ។យុវជនរូបនេះ ចង់ឃើញកម្ពុជា មានអ្នកដឹកនាំបន្តវេនដែលមានសមត្ថភាព​ហើយកើតចេញពីការទុកចិត្តរបស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត ជាជាងលើកបន្តុបតាមវង្សត្រកូល ដូចដែលគណបក្សប្រជាជនកម្ពុជាកំពុងចាត់ចែងសព្វថ្ងៃនេះ។

លោកបន្តថា៖ «ការកំណត់អាណត្តិនាយករដ្ឋមន្រ្តីជារឿងល្អ សម្រាប់ប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ។ ខ្ញុំគិតថា បើអាចប្រទេសកម្ពុជាយើងអាចធ្វើច្បាប់ ច្បាប់ហ្នឹងគឺកំណត់អាណត្តិនាយករដ្ឋមន្រ្តី ដើម្បីអាចទប់ស្កាត់ការដឹកនាំ [ផ្តាច់ការ] ហើយអាចផ្តល់ឱកាសដែលមានសមត្ថភាពក្នុងការគ្រប់គ្រង [ប្រទេន្ត]»

ជាមួយគ្នានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្ដិភាព លោក យង់ គីមអេងយល់ឃើញថា បើកម្ពុជាមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីមែននោះ គឺជារបត់ថ្មីមួយដែលជាហេតុឱ្យនាំប្រជាធិបេតេយ្យនៅកម្ពុជាកាន់តែមានភាពជឿនលឿន។យ៉ាងនេះក្តី លោកថា ដើម្បីឱ្យច្បាប់នេះកើតមានឡើង គឺត្រូវការចាប់ផ្តើមចេញពីគោលនយោបាយផ្ទៃក្នុងរបស់គណបក្សដែលចូលរួមប្រកួតប្រជែងយកសំ​​ឡេងឆ្នោតជាមុនសិន ដើម្បីទាក់ទាញឱ្យប្រជាពលរដ្ឋគាំទ្របក្សខ្លួន ទើបអាចឈានទៅដឹកនាំប្រទេសបាន​។

លោកបន្តថា៖ «បើសិនជាមានការកំណត់ [អាណត្តិនាយករដ្ឋមន្រ្តី] កើតមាន ក៏វាជាការប្រសើរមួយដែរ ដើម្បីឱ្យការប្រឹងប្រែង ក៏ដូចជាការប្រឹងអនុវត្តគោលនយោបាយ របស់នាយករដ្ឋមន្រ្តីនៅក្នុងអាណត្តិរបស់គាត់ហ្នឹង គាត់មាន២ អាណត្តិ អ៊ីចឹងទៅ។គាត់ [នាយករដ្ឋមន្រ្តី] ប្រឹងប្រែងធ្វើម៉េចឱ្យវា ចប់ដើម្បីទុកស្នាដៃ [សម្រាប់មនុស្សជំនាន់ក្រោយ]»

ផ្ទុយពីការយល់ឃើញនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ឆ្លើយតបថា រដ្ឋាភិបាលកម្ពុជាបច្ចុ​ប្បន្នមិ​នមានភាពចាំបាច់ណាមួយ ចាត់ចែងច្បាប់កំណត់អាណត្តិនាយករដ្ឋមន្រ្តីនោះទេ។ លោ​​​​​​​ក​​យល់ឃើញថា អ្នកដែលចង់ឱ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្រ្តី គឺមានន័យថា ចង់ឱ្យប្រទេ​ស​​កម្ពុជា ត្រូវប្តូរ របបដឹកនាំរដ្ឋពីការគ្រប់គ្រងបែបរាជានិយម ទៅជាការគ្រប់គ្រងរដ្ឋតាមបែបសាធារណរដ្ឋទៅវិញទេ។ មួយវិញទៀតលោកថា បើមានគោលការកំណត់អាណត្តិនាយករដ្ឋមន្រ្តីមែននោះ គឺពិតជាបានរំ​​លោភប្រព័ន្ធបោះឆ្នោតតាមបែបសមាមាត្រ ដែលកម្ពុជាបានប្រកាន់យកជាយូរមកហើយ។

លោកបន្តថា៖ «យើង [ប្រទេសកម្ពុជា] ផ្ទុយអំពី ខុសអំពីគោលការណ៍ បោះឆ្នោតតាមប្រព័ន្ធឯកត្តនាម ដូចរបបសាធារណរដ្ឋ ឬបោះឆ្នោតតាមប្រពន្ធជ្រើសរើសប្រធានាធិបតីបណ្តាប្រទេសដែលអនុវត្តរបបសាធា​​​រណរដ្ឋនិយម។ យើងអនុវត្តរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ អនុវត្តនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស! អ៊ីចឹងវាខុសគ្នា ឱ្យយើងធ្វើដូចគេម៉េចកើត»

ទោះជាបែបណា គណបក្សប្រជាធិបេតេយ្យមូលដ្ឋាន ដែលជាបក្សក្រៅរដ្ឋាភិបាលមួយ បានដាក់ចេញនូវគោលនយោបាយកំណត់អាណត្តិបេក្ខភាពនាយករដ្ឋមន្រ្តី ក្នុងបក្សរស់ខ្លួន គឺកាត់តម្រឹម​ត្រឹម២ អាណត្តិ ដែ​ល​​មានរយៈពេល១០ឆ្នាំ។

អ្នកនាំពាក្យគណបក្សប្រជាធិបេតេយ្យមូលដ្ឋាន លោក សេក សុខា ប្រាប់ Newsroom Cambodia ថា មូលហេតុដែលបក្សខ្លួន ដាក់ចេញនូវគោលការណ៍កំណត់អាណត្តិមេដឹកនាំបែបនេះ គឺក្នុងគោលបំណង កាត់ឬសគល់នៃការញៀនអំណាច កាត់ផ្តាច់វប្បធម៌បក្សពួកនិយម និងលុបបំបាត់អំពើពុករលួយជាដើម។លោកបន្តថា គោលការណ៍កំណត់រយៈពេល មេដឹកនាំប្រទេសបែបនេះ គឺមិនមែនមានន័យថា ត្រូវប្តូរ របបដឹកនាំនោះទេ ប៉ុន្តែលោកថា គឺជាការជំរុញឱ្យស្តង់ដារប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង។

លោកបន្តថា៖ «ជាគោលការណ៍គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានកំណត់អាណត្តិរួចហើយ នៅផ្ទៃក្នុងបក្ស ដើម្បីឱ្យការដឹកនាំប្រទេសជាតិយើងមានប្រជាធិបតេយ្យ។យើងកំណត់អាណត្តិនាយករដ្ឋមន្រ្តី គឺមានន័យថា ការដឹកនាំមានការផ្លាស់ប្តូរ។ឧទាហរណ៍ថា ដល់អាណត្តិ ចឹង! គេត្រូវដូរ នាយករដ្ឋមន្រ្តី ដើម្បីឱ្យអ្នកក្រោយមកគាត់មកកាន់កាប់បន្ត។ ផ្លាស់ប្តូរ របៀបដឹកនាំប្រទេស មិនមែនដូរ របបទេ គឺដូរគោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស»

ការយល់ឃើញ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលគេគួរតែកំណត់​​​អាណត្តិសម្រា​ប់នា​​យ​​​ក​រដ្ឋ​​ម​ន្រ្តី​​នេះ ក៏ហាក់ស៊ី​​គ្នា​​ទៅនឹងការទាមទាររបស់លោក សម រង្ស៊ី ដែរ។នៅថ្ងៃទី ៨ តុលា ឆ្នាំ២០២១ លោក ស​ម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួន បានជំរុញឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរហ៊ានបើក​​ទ្វា​​រ​​ធ្វើ​​ច្បាប់កំណត់អាណត្តិ សម្រាប់មុខតំណែងកំពូលនេះ។

ដូចគ្នានឹងគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែរ សហស្ថាបនិកគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុ​លា​​កា​​​​​​រកំពូលរំលាយរូបនេះ ចាត់ទុកថា ច្បាប់កំ​​ណត់​​អា​​ណត្តិនាយករដ្ឋមន្រ្តីនេះ វាពិតជាមានភាពចំបា​​ច់។​​ច្បា​ប់​​នេះ វានឹងជួយឱ្យឱ្យបុគ្គលលែងក្រាញ់​​អំណាច​​អស់​​មួយជីវិត ហើយច្បាប់នេះបើកផ្លូវស​ម្រាប់កា​​​រកា​ន់​​អំ​​​ណា​​​ចបា​នត្រឹម ២អាណត្តិ ដែលមានរយៈពេល ១​​​០​​ឆ្នាំ។

ផ្ទុយពីការទាមទាររបស់​ក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលនេះ លោក ហ៊ុន សែន បែរជាអះអាងថា ប្រ​សិ​​នបើលោកត្រូវចុះចេញពីមុខតំណែង នៅពេលណាមួយ មិនមែនជាច្បាប់សម្រាប់កំ​​ណត់អាណត្តិ​​​ក្បាល​​ម៉ាស៊ីនដឹកនាំប្រទេសនេះទេ។

ថ្លែងនៅក្នុងពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្តីការ​ក្រសួង​ការពារជាតិ កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី លើកឡើងថា ច្បាប់ដែលលោកតម្រូវឱ្យ​​សេនាធិ​កា​​​​រ​​​​​រប​​ស់​​​​​​តាក់តែងឡើង នោះគឺជាច្បាប់សម្រាប់កំណត់អាយុរបស់នាយករដ្ឋមន្រ្តីទៅវិញទេ។ក្នុងន័យនេះ បើ​​​​​តាមលោក ហ៊ុន សែន ច្បាប់ថ្មីដែលលោកគ្រោងនឹងព្រាងឡើង ក្រោយពេលដែលលោក ហ៊ុន សែន ចុះ​​​ចេ​ញពីតំណែងនេះ គឺ​​ត្រូវមានអាយុត្រឹម៧០ឆ្នាំ។

លោកបន្តថា«ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​នាយក​រដ្ឋមន្រ្តី ខ្ញុំ​នឹងសម្រេច​បំណង​អ្នក​ដែល​ស្នើ​សុំ​ឲ្យ​រៀប​ចំ​ច្បាប់​កំណត់​អាយុ​ចូល​និវត្តន៍​របស់​នាយក​រដ្ឋមន្រ្តី ខ្ញុំ​នឹង​ធ្វើ​ជូន »។ បើទោះបែបណា គេនៅមិនទាន់ដឹងថាតើអ្វីដែលលោកនាយរដ្ឋមន្រ្តី បានប្រកាសជំហរនេះ អាចនឹង​​កើ​​ត​​​ឡើ​​​​ងពិតកម្រិតណានៅឡើយនោះទេ។លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់អះអាងថាការដែល​​លោក​​​ស​​ម្រេ​​​​ចចិត្តបែបនេះ  នោះ​ក៏ព្រោះតែចង់ផ្ញើសារឱ្យគូប្រជែងនយោបាយរបស់លោក ដែលទំនងលោ​​​កចង់សំ​ដៅ​​​​​ទៅ​ដល់​​​លោ​​ក សម រង្ស៊ី ដែលតែង​​​ទាមទារចង់​ឱ្យមា​​​ន​​ច្បាប់​កំ​​ណត់អាណត្តិ​​សម្រាប់នាយរដ្ឋមន្រ្តី​​ប៉ុ​​ណ្ណោះ​​​​​​​​៕