អ្នកជំនាញក្នុងវិស័យសារព័ត៌មានមួយចំនួន បង្ហាញក្ដីបារម្ភពីចំណាត់ការបន្តបិទខ្ទប់សំឡេងសារព័ត៌មានសេរីពីសំណាក់រដ្ឋាភិបាល ដោយលើកឡើងថាចំណាត់ការនេះ ជាការខាតបង់ដ៏ធំសម្រាប់ប្រយោជន៍សាធារណៈ និងអាចជះឥទ្ធិពលដល់សុចរិតភាពនៃការបោះឆ្នោតនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
និយ័តករទូរគមនាគមន៍កម្ពុជា កាលពីសប្ដាហ៍មុន រយៈការស្នើរបស់ក្រសួងព័ត៌មាន បានបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធើណេតនៅកម្ពុជា បិទដែនកំណត់(មិនឱ្យចូលតាមដានបាន)សារព័ត៌មានសេរីចំនួនពីរ និងគេហ័ទំពរចងក្រងទិន្ន័យសាធារណៈ។
ស្ថាប័នដែលត្រូវរដ្ឋាភិបាលបិទខ្ទប់នោះ មានកម្មវិធីផ្សាយតាមអនឡាញ របស់វិទ្យុអាស៊ីសេរី កម្មវិធីផ្សាយ របស់ខេមបូឌា ដេលី(The Cambodia Daily)និងគេហ័ទំព័រចងក្រងទិន្ន័យ ហៅ«កំណត់ត្រា»ដែលគេហទំព័រនេះ គ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)។
និយ័តករកម្ពុជា បានលើកហេតុផលថា ការបញ្ជាឱ្យបិទតាមសំណើររបស់ក្រសួងព័ត៌មាននេះ ដោយសារតែស្ថាប័នទាំងនោះ បានចុះផ្សាយព័ត៌មានមិនពិតបង្កឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ព្រមទាំងពុំបានចុះបញ្ជីនៅក្រសួងព័ត៌មាន ។
វិធាននេះ ជំរុញឱ្យស្ថាប័នដែលត្រូវបិទខ្ទប់ និងសារព័ត៌មានសេរីសរុបចំនួន៧ និយាយក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី១៩កក្កដាឆ្នាំ២០២៣ថា វិធានរបស់រដ្ឋាភិបាលកម្ពុជា ជាការបន្តព្យាយាមគាបសង្កត់សិទ្ធិទទួលព័ត៌មាន និងបិទខ្ទប់ការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ប្រជពលរដ្ឋមុនការបោះឆ្នោត ។
ស្ថាប័នជំនាញទាំងនោះមានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ(IFJ)និងសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យឥណ្ឌូនេស៊ី ជាដើម។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក អ៊ិត សូធឿត និយាយក្នុងសេចក្ដីថ្លែងការណ៍នោះថា គេហទំព័រកំណត់ត្រា គ្រាន់តែជាមូលដ្ឋានទិន្ន័យចងក្រងឯកសារ និងព័ត៌មានរបស់រដ្ឋាភិបាលដែលចុះផ្សាយរួចហើយប៉ុណ្ណោះ។
លោកថា៖«នៅក្នុងពេលដ៏សំខាន់នៅមុនពេលបោះឆ្នោត ការទទួលបានព័ត៌មានគួរតែត្រូវបានលើកទឹកចិត្តហើយព័ត៌មានពីគ្រប់ភាគីទាំងអស់គួរតែត្រូវបានអនុញ្ញាត។គោលដៅរបស់កំណត់ត្រា គឺចងក្រងកំណត់ត្រាសាធារណៈទាំងអស់ហើយដាក់វាជាទម្រង់ងាយស្រួលសម្រាប់ប្រជាជនគ្រប់គ្នាចូលទៅប្រើប្រាស់ ហើយនេះគឺជាការខាតបង់ដ៏ធំមួយសម្រាប់ផលប្រយោជន៍សាធារណៈដែលគេហទំព័រនេះត្រូវបានបិទ។
នាយកប្រតិបត្តិខេមបូចា លោក ណុប វី និយាយដែរថា ព័ត៌មានគឺកាន់តែមានសារៈសំខាន់ក្នុងអំឡុងពេលនិងមុនពេលបោះឆ្នោតខាងមុខ។ លោកគូសបញ្ជាក់ថា វិធាននេះអាចនឹងជះឥទ្ធិពលដល់សុចរិតភាពនៃការបោះឆ្នោត។
លោកថា៖«ការហាមឃាត់ការទទួលបានព័ត៌មានចម្រុះអាចជះឥទ្ធិពលដល់សុចរិតភាពនៃការបោះឆ្នោត និងសិទ្ធិរបស់អ្នកបោះឆ្នោតក្នុងការទទួលបានព័ត៌មាន»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ និយាយថា ការលើកឡើងរបស់ស្ថាប័នទាំងនោះ ជាការរកលេសដើម្បីការពារប្រព័ន្ធផ្សព្វផ្សាយដែលបំពានច្បាប់ និងគ្មានវិជ្ជាជីវៈតែប៉ុណ្ណោះ។
លោកថា៖«នៅកម្ពុជា គ្នានការរឹតត្បិតលំហសេរីភាពសារព័ត៌មាននោះទេ។ គឺមានតែសារព័ត៌មានដែលបំពានច្បាប់គ្មានក្រមសីលធម៌ និងមិនគោរពវិជ្ជាជីវៈប៉ុណ្ណោះដែលចោទថា លំហសេរីភាពសារព័ត៌មានត្រូវបានរឹតត្បិត ហើយកុំយកលេសអំពីដំណើរការបោះឆ្នោតនៅកម្ពុជា មកទម្លាក់កំហុសលើរាជរដ្ឋាភិបាលដើម្បីគ្រាន់តែចង់បិទបាំងនូវកំហុសនិងចេតនាទុច្ចរិតរបស់ខ្លួន»។
និស្សិតមួយរូប គឺលោក សាត ពៅ បាននិយាយថា សារព័ត៌មានដែលហ៊ាននិយាយការពិតពីបញ្ហាសង្គម បានការពារប្រយោជន៍សាធារណៈ និងផ្តល់ចំណេះដឹងដល់ពលរដ្ឋ មុនពួកគេធ្វើដំណើរទៅកាន់ការិយាលល័យបោះឆ្នោត ហើយថាប្រព័ន្ធផ្សព្វផ្សាយដែលរងការបិទខ្ទប់ទំាងនោះ បានឆ្លុះបញ្ចោំងការពិតក្នុងសង្គមច្រើន។
លោកថា៖ «ខ្ញុំគិតថាអាស៊ីសេរី ខេមបូឌាដេលី ស្ថាប័នឯករាជ្យមួយអត់ស្ថិតក្រោមនរណាគ្រប់គ្រង។ គាត់អាចផ្សាយព័ត៌មានទៅតាមពិតចឹង អត់មានអ្នកណាថាគាត់ខុសឬអីទេ គាត់ផ្សាយទៅតាមអ្វីដែលគាត់យល់ឃើញ ហើយគិតថាត្រឹមត្រូវ»
យ៉ាងណា លោក Rohit Mahajan ប្រធានផ្នែកទំនាក់ទំនងវិទ្យុអាស៊ីសេរី តាមរយៈសេចក្តីប្រកាសចុះថ្ងៃទី១៧កក្កដា បានចេញប្រកាសថ្កោលទោសរដ្ឋាភិបាល ដោយចាត់ទុកវិធានបិទខ្ទប់នោះ ជាការបំពានច្បាប់នៅកម្ពុជា និងជាការកៀបសង្កត់ការចែករំលែកព័ត៌មានដោយសេរីនៅមុនការបោះឆ្នោត។
លោកថា៖ «នេះគឺជាទង្វើរំលោភបំពានច្បាប់កម្ពុជាយ៉ាងច្បាស់ក្រឡែត និងជាការប៉ុនប៉ងបង្កឱ្យមានការភ័យខ្លាចក្នុងការបញ្ចេញមតិ និងការចែករំលែកព័ត៌មានដោយសេរី នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ កក្កដា ដ៏ខ្លីខាងមុខនេះ»។
កាលពីដើមខែកុម្ភៈឆ្នាំ២០២៣នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ពាក់ព័ន្ធនឹងភាពចម្រូងចម្រាស ក្នុងការចុះផ្សាយអត្ថបទមួយអំពីលោក ហ៊ុន ម៉ាណែតដើរតួនាទីចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួកគីដែលរងគ្រោះរញ្ជួយដី។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(Reporters Without Border) ចេញផ្សាយ កាលពីខែឧសភា ឆ្នាំ២០២៣ សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តសិ្ថតក្នុងស្ថានភាពអាក្រក់ នៅឆ្នាំ២០២៣ ដោយសំអាងពីការកើនឡើងនៃការធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
បើតាមសន្ទស្សន៍នោះកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី១៤៧ក្នុងចំណោម១៨០ ប្រទេស នៅឆ្នាំ២០២៣ ដែលថយពីលេខរៀងទី១៤២ កាលពីឆ្នាំ២០២២។