អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា យុទ្ធនាការ ដែលជំរុញឱ្យម្ចាស់ឆ្នោតបំផ្លាញសន្លឹកឆ្នោតចោល ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧នេះ មិនអាចធ្វើឱ្យបក្សកាន់អំណាចធ្លាក់ចេញពីការដឹកនាំរដ្ឋាភិបាលអាណត្តិថ្មីទេ។
ការលើកឡើងនេះក្រោយពេល លោក សម រង្សី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បាន ជំរុញទៅអ្នកគាំទ្ររបស់ខ្លួន ឱ្យគូសបំផ្លាញសន្លឹកចោលដើម្បីប្រឆាំងតបទៅនឹងការបិទផ្លូវបក្សសង្រ្គោះជាតិ និងបក្សភ្លើងទៀន មិនឱ្យចូលរួមប្រកួតប្រជែងក្នុងសង្វៀននយោបាយ សម្រាប់ការបោះឆ្នោតលើកនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ប្រាប់ Newsroom Cambodia ថា រយៈពេល ៦អាណត្តិ ដែលកម្ពុជាឆ្លងកាត់ការបោះឆ្នោតកន្លងទៅនោះ លោកមិនជឿថាប្រជាពលរដ្ឋកម្ពុជាមិនចេះគូសសញ្ញាគាំទ្រលើបក្សដែលខ្លួនពេញចិត្តនោះទេ។អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បង្ហាញជំហរជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី ទោះបីជាមានសកម្មភាពប្រឆាំងការបោះឆ្នោត ក្រោមរូបភាពបំផ្លាញសន្លឹកឆ្នោតចោលក៏ដោយ។
លោកបន្តថា៖ «គណបក្សប្រជាជនមានក្តីសង្ឃឹម ១០០ភាគរយម៉ង ថានឹងឈ្នះឆ្នោត ក៏ប៉ុន្តែអាសនៈប៉ុន្មានអាសនៈ យើងមិនអាចទាយទុកបានទេ កុំរំលោភឆន្ទះប្រជាពលរដ្ឋ ទុកឱ្យប្រជាពលរដ្ឋលោកអ្នកសម្រេចឆន្ទៈរបស់លោក តាមរយៈគូសសន្លឹកឆ្នោតគាំទ្រយ៉ាងណាចំពោះគណបក្សប្រជាជនកម្ពុជា។ក៏ប៉ុន្តែក្នុងនាមខ្ញុំជាអ្នកនាំពាក្យគណបក្សប្រជាជនខ្ញុំមានជំនឿទុកចិត្ត១០០ភាគរយថា គណបក្សនឹងទទួលបានការគាំទ្រពីពលរដ្ឋទូទាំងប្រទេស» ។
បើទោះជា លោក សុខ ឥសាន្ត អះអាងបែបនេះក្តី អ្នកឃ្លាំមើលសង្គមយល់ និងនយោបាយចាត់ទុកថាអ្វីដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បិទផ្លូវគណបក្សភ្លើងទៀន មិនឱ្យចូលរួមនៅក្នុងការបោះឆ្នោតលើកនេះបាន ទំនងលោកព្រួយបារម្ភអំពីសន្លឹកឆ្នោត ដែលអាចនឹងមានភាពរង្គោះរង្គើកៅអីកំពូលនេះ ជាពិសេសខ្លាចប៉ះពាល់ទៅដល់ដំណើរការនៃការផ្ទេរអំណាច ដូចផែនការដែលបានគ្រោងទុក។
គេសង្កេតឃើញ ច្បាប់បោះឆ្នោតចំនួន៤ច្បាប់ ត្រូវបាន លោក ហ៊ុន សែន តម្រូវឱ្យស្ថាប័នពាក់ព័ន្ធធ្វើវិសោធនកម្ម ដោយប្រញាប់ប្រញាល់។ក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ប្រតិកម្មទាមទារឱ្យធ្វើវិសោធនកម្មមិនបានប៉ុន្មានថ្ងៃផង ច្បាប់នេះត្រូវក៏ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២៣ ដោយពុំមានការដេញដោលអ្វីច្រើនឡើយ។
ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតលើកនេះ ក្រសួងយុត្តិធម៌ បានយកច្បាប់ចំនួន៤ច្បាប់ មកកែប្រែ រួមមានច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ច្បាប់នេះក៏កំណត់ដែរថា ជនណាឬគណបក្សនយោបាយ ដែលញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆោ្នត និងណែនាំឱ្យបំផ្លាញសន្លឹកឆ្នោត ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬគណបក្សនយោបាយ និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតរយៈពេល៥ឆ្នាំ ឬគណបក្សនយោបាយអាចត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោត ៥ឆ្នាំយ៉ាងតិច។
អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត សេង សារី មើលឃើញថា លោក ហ៊ុន សែន ចាប់ផ្តើមបង្កើតយុទ្ធនាការបង្រៀនឱ្យពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីទប់នឹងយុទ្ធសាស្រ្តក្រុម លោក សម រង្សី។អ្នកវិភាគរូបនេះ មើលឃើញថា លោក ហ៊ុន សែន ហាក់កំពុងព្រួយបារម្ភធ្លាក់សំឡេងឆ្នោត បើទោះបីជាបក្សប្រឆាំងធំៗចំនួន ២ គឺបក្សសង្គ្រោះជាតិ និងបក្សភ្លើងទៀន ត្រូវបានផាត់ចេញពីទីលាននយោបាយក្តី។
លោកបន្តថា៖«ដូចច្នេះខ្ញុំមើលឃើញថា អ្វីដែលកើតឡើង ឬរូបភាពនៃសកម្មភាពឱ្យពលរដ្ឋគូសសន្លឹកឆ្នោតនេះ វាឆ្លុះបញ្ជាំងការទប់យុទ្ធសាស្រ្តនៃការប្រកួតប្រជែងអំណាច រវាងក្រុមលោកសម រង្សីនិយម ហើយនឹងគណបក្សបច្ចុប្បន្នហ្នឹង!»។
យ៉ាងនេះក្តី ក្នុងយុទ្ធនាការដែលសកម្មជនបក្សកាន់អំណាចទៅបង្រៀនឱ្យពលរដ្ឋគូសសន្លឺកឆ្នោតគាំទ្រលើបក្សរបស់ខ្លួននេះ ត្រូវបានអ្នកជំនាញកិច្ចការបោះឆ្នោតចាត់ទុកថា នីតិវិធីនេះ ហាក់មិនមានសុចរិតភាពទេ ដោយសារតែសកម្មភាពទាំងនេះបានបង្ហាញពីឈ្មោះបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោតគំរូ។
លោក កង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់នៃអង្គការ ខុមហ្វ្រែល (Comfrel) យល់ឃើញថា សកម្មភាពដែលមន្រ្តីគណបក្សប្រជាជនកម្ពុជាបង្រៀនឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោត ដោយនៅលើសន្លឹកឆ្នោតគំរូនោះបង្ហាញតែឈ្មោះបក្សរបស់ខ្លួន។ការនេះលោកចាត់ទុកថាវាបានដើរផ្ទុយពីនីតិវិធីនៃការឃោសនាស្វែងរកសម្លេងឆ្នោត។
ប្រភពដដែលឱ្យដឹងទៀតថាដើម្បីបង្ហាញពីតម្លាភាព ភ្នាក់ងារគណបក្សនយោបាយត្រូវប្រើប្រាស់សន្លឹកឆ្នោតគំរូចំពោះបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីក្នុងការចូលរួមប្រកួតប្រជែងសម្រាប់អាណត្តិនេះ។
លោកបន្តថា៖ «ជាទូទៅការគូសសន្លឹកឆ្នោត អ្វីដែលខ្ញុំមើលឃើញ មិនមែនជាការបកស្រាយរបស់ស្ថាប័នមានសមត្ថកិច្ចទេ ប៉ុន្តែ ការមើលឃើញរបស់ខ្ញុំវាមិនឆ្លុះបញ្ជាំង អំពីទិសដៅ សកម្មភាពនៃការឃោសនាទេ បើសិនជាការគូសសន្លឹកឆ្នោតហ្នឹង មានឈ្មោះគណបក្សនយោបាយតែឯង អញ្ចឹងមិនមែនជាទម្រង់នៃការបង្រៀនទេ »។
ជាការឆ្លើយតប លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. លើកឡើងថា គណបក្សនយោបាយដែលបង្ហាញឈ្មោះបក្សរបស់ខ្លួនតែមួយលើសន្លឹកឆ្នោតគំរូនោះ មិនមែនជារឿងខុសឆ្គងទេ។ប៉ុន្តែប្រសិនបើញុះញង់អ្នកណាម្នាក់ឱ្យជឿមកលើបក្សនយោបាយខ្លួន ដោយអំពើទុចរិត នោះទើបជារឿងខុសច្បាប់។
លោកបន្តថា៖«ការបង្ហាញឱ្យគាំទ្រគណបក្សនយោបាយខ្លួនឯងក្នុងអំឡុងពេលនេះ អត់ខុសទេ តែបើសិនជាគំរាមគំហែង បង្ខំនោះគឺជាការខុសឆ្គងដែលពលរដ្ឋ ក្នុងនាម គ.ជ.ប លើកទឹកចិត្តឱ្យដាក់ពាក្យបណ្តឹង បើសិនមានការគំរាមគមហែង ការបង្ខំ » ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សនយោបាយចំនួន១៨ នឹងចូលរួមប្រកួតប្រជែងដណ្តើមកៅអីនៅក្នុងរដ្ឋសភា។ អំឡុងពេលនៃការឃោសនាស្វែងរកសំឡេងឆ្នោតនេះ គេសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា គឺមានធនធានច្រើនជាងបក្សនយោបាយផ្សេងទៀត ក្រោយពេលគណបក្សភ្លើងទៀន ត្រូវបាន គ.ជ.ប បិទផ្លូវមិនឱ្យចូលរួមប្រកួតប្រជែងនៅក្នុងអាណត្តិនេះ ក្រោមហេតុផលខុសនីតិវិធី៕