អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា យុទ្ធនាការ ដែលជំរុញឱ្យម្ចាស់ឆ្នោតបំផ្លាញសន្លឹកឆ្នោតចោល ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧នេះ មិនអាចធ្វើឱ្យបក្សកាន់អំណាចធ្លាក់ចេញពីការដឹកនាំរដ្ឋាភិបាលអាណត្តិថ្មីទេ។

ការលើកឡើងនេះក្រោយពេល លោក សម រង្សី​ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បាន ជំរុញទៅអ្នកគាំទ្ររបស់ខ្លួន ឱ្យគូសបំផ្លាញសន្លឹកចោលដើម្បីប្រឆាំងតបទៅនឹងការបិទផ្លូវបក្សសង្រ្គោះជាតិ និងបក្សភ្លើងទៀន មិនឱ្យចូលរួមប្រកួតប្រជែងក្នុងសង្វៀននយោបាយ សម្រាប់ការបោះឆ្នោតលើកនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ​ឥសាន្ត ប្រាប់ Newsroom Cambodia ថា រយៈពេល ៦អាណត្តិ ដែលកម្ពុជាឆ្លងកាត់ការបោះឆ្នោតកន្លងទៅនោះ លោកមិនជឿថាប្រជា​ពលរដ្ឋកម្ពុជាមិនចេះគូសសញ្ញាគាំទ្រលើបក្សដែលខ្លួនពេញចិត្តនោះទេ។អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បង្ហាញជំហរជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី ទោះបីជាមានសកម្មភាពប្រឆាំងការបោះឆ្នោត ក្រោមរូបភាពបំផ្លាញសន្លឹកឆ្នោតចោលក៏ដោយ។

លោកបន្តថា៖ «គណបក្សប្រជាជនមានក្តីសង្ឃឹម ១០០ភាគរយម៉ង ថានឹងឈ្នះឆ្នោត ក៏ប៉ុន្តែអាសនៈប៉ុ​ន្មា​នអា​សនៈ យើងមិនអាចទាយទុកបានទេ កុំរំលោភឆន្ទះប្រជាពលរដ្ឋ ទុកឱ្យប្រជាពលរដ្ឋលោកអ្នកសម្រេចឆន្ទៈរបស់លោក តាមរយៈគូសសន្លឹកឆ្នោតគាំទ្រយ៉ាងណាចំពោះគណបក្សប្រជាជនកម្ពុជា។ក៏ប៉ុន្តែក្នុងនា​មខ្ញុំ​ជាអ្នកនាំពាក្យគណបក្សប្រជាជនខ្ញុំមានជំនឿទុកចិត្ត១០០ភាគរយថា គណបក្សនឹងទទួលបានការគាំទ្រពីពលរដ្ឋទូទាំងប្រទេស»

បើទោះជា លោក សុខ ឥសាន្ត អះអាងបែបនេះក្តី អ្នកឃ្លាំមើលសង្គមយល់ និងនយោបាយ​ចាត់ទុកថា​​អ្វី​​ដែ​​ល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បិទផ្លូវគណបក្សភ្លើងទៀន មិនឱ្យចូលរួមនៅក្នុងការបោះ​​ឆ្នោត​​​លើ​ក​​នេះ​​​​បាន ទំនងលោកព្រួយបារម្ភអំពីសន្លឹកឆ្នោត ដែលអាចនឹងមាន​ភាពរង្គោះរង្គើកៅអីកំពូលនេះ ជាពិសេ​​ស​​​​ខ្លាចប៉ះ​​​ពាល់​​ទៅ​​ដល់ដំណើរការនៃការផ្ទេរអំណាច ដូចផែនការដែលបានគ្រោងទុក។

គេសង្កេតឃើញ ច្បាប់បោះឆ្នោតចំនួន៤ច្បាប់ ត្រូវបាន លោក ហ៊ុន សែន តម្រូវឱ្យស្ថាប័នពាក់ព័ន្ធធ្វើវិសោ​​ធ​​នកម្ម ដោយប្រញាប់ប្រញាល់។ក្រោយពេលដែល​លោក​នាយករដ្ឋមន្រ្តី ប្រតិក​ម្មទាម​ទារឱ្យធ្វើវិសោធនកម្ម​​មិនបានប៉ុន្មានថ្ងៃផង​ ច្បាប់នេះ​ត្រូវ​ក៏ត្រូវ​បាន​រដ្ឋ​សភា​អនុម័​ត កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២៣ ដោ​យពុំ​មានការ​​​ដេញដោលអ្វីច្រើនឡើយ។

ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតលើកនេះ ក្រសួងយុត្តិធម៌ បានយកច្បាប់ចំនួន៤ច្បាប់ មកកែប្រែ រួមមានច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ច្បាប់នេះក៏កំណត់ដែរ​ថា ជនណាឬគណបក្សនយោបាយ ដែលញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះ​​ឆ្នោតមិនឱ្យទៅបោះឆោ្នត និងណែនាំឱ្យបំផ្លាញសន្លឹកឆ្នោត ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬគណបក្សនយោបាយ និងដកសិទ្ធិឈរឈ្មោះបោះឆ្នោ​ត​​រយៈពេល៥ឆ្នាំ ឬគណបក្សនយោបាយអាចត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោត ៥ឆ្នាំយ៉ា​ង​​តិច។

អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត សេង សារី មើលឃើញថា លោក ហ៊ុន សែន ចាប់ផ្តើមបង្កើតយុទ្ធនាការបង្រៀនឱ្យពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីទប់នឹងយុទ្ធសាស្រ្តក្រុម លោក សម រង្សី។អ្នកវិភាគរូបនេះ មើលឃើញថា លោក ហ៊ុន សែន ហាក់កំពុងព្រួយបារម្ភធ្លាក់សំឡេងឆ្នោត បើទោះបីជាបក្សប្រ​​ឆាំងធំៗចំនួន ២ គឺបក្សសង្គ្រោះជាតិ និងបក្សភ្លើងទៀន ត្រូវបានផាត់ចេញពីទីលាននយោបាយក្តី។

លោកបន្តថា៖«ដូចច្នេះខ្ញុំមើលឃើញថា អ្វីដែលកើតឡើង ឬរូបភាពនៃសកម្មភាពឱ្យពលរដ្ឋគូសសន្លឹកឆ្នោ​​ត​​នេះ វាឆ្លុះបញ្ជាំងការទប់យុទ្ធសាស្រ្តនៃការប្រកួតប្រជែងអំណាច រវាងក្រុមលោកសម រង្សីនិយម ហើយនឹងគណបក្សបច្ចុប្បន្នហ្នឹង!»។

យ៉ាងនេះក្តី ក្នុងយុទ្ធនាការដែលសកម្មជនបក្សកាន់អំណាចទៅបង្រៀនឱ្យពលរដ្ឋគូសសន្លឺកឆ្នោតគាំទ្រលើ​​បក្សរបស់​ខ្លួននេះ ត្រូវបានអ្នកជំ​នាញកិច្ចការបោះឆ្នោតចាត់ទុកថា នីតិវិធីនេះ ហាក់មិនមានសុចរិតភា​ព​​​ទេ ដោយសារតែសកម្មភាពទាំងនេះបានបង្ហាញពីឈ្មោះបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោតគំរូ។

លោក កង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់នៃអង្គការ ខុមហ្វ្រែល (Comfrel) យល់ឃើញថា សកម្មភាពដែលមន្រ្តីគណបក្សប្រជាជនកម្ពុជាបង្រៀនឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោត ដោ​​​យនៅលើសន្លឹកឆ្នោតគំរូនោះបង្ហាញតែឈ្មោះបក្សរបស់ខ្លួន។ការនេះលោកចាត់ទុកថាវាបានដើរផ្ទុយពីនី​​តិ​​​​វិធីនៃការឃោសនាស្វែងរកសម្លេងឆ្នោត។

ប្រភពដដែលឱ្យដឹងទៀតថាដើម្បីបង្ហាញពីតម្លាភាព ភ្នាក់ងារគណបក្សនយោបាយត្រូវប្រើប្រាស់សន្លឹកឆ្នោ​​​​​​​​តគំរូចំពោះបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីក្នុងការ​ចូលរួមប្រកួតប្រជែងសម្រាប់អាណត្តិនេះ។

លោកបន្តថា៖ «ជាទូទៅការគូសសន្លឹកឆ្នោត អ្វីដែលខ្ញុំមើលឃើញ មិនមែនជាការបកស្រាយរបស់ស្ថាប័នមានសមត្ថកិច្ចទេ ប៉ុន្តែ ការមើលឃើញរបស់ខ្ញុំវាមិនឆ្លុះបញ្ជាំង អំពីទិសដៅ សកម្មភាពនៃការឃោសនាទេ បើសិនជាការគូសសន្លឹកឆ្នោតហ្នឹង មានឈ្មោះគណបក្សនយោបាយតែឯង អញ្ចឹងមិនមែនជាទម្រង់នៃការបង្រៀនទេ »។

ជាការឆ្លើយតប លោ​ក ​ហង្ស​ ​ពុ​ទ្ធា​ អ្នក​នាំ​ពា​ក្យ​ គ.​ជ.ប. លើកឡើងថា គណបក្សនយោបាយដែលបង្ហាញឈ្មោះបក្សរបស់ខ្លួនតែមួយលើសន្លឹកឆ្នោតគំរូនោះ មិនមែនជារឿងខុសឆ្គងទេ។ប៉ុន្តែប្រសិនបើញុះញង់​​​អ្ន​​ក​​ណា​​ម្នាក់ឱ្យជឿមកលើបក្សនយោបាយខ្លួន ដោយអំពើទុចរិត នោះទើបជារឿ​​ងខុសច្បាប់។

លោកបន្តថា៖«ការបង្ហាញឱ្យគាំទ្រគណបក្សនយោបាយខ្លួនឯងក្នុងអំឡុងពេលនេះ អត់ខុសទេ តែបើសិ​ន​​ជាគំរាមគំហែង បង្ខំនោះគឺជាការខុសឆ្គងដែលពលរដ្ឋ ក្នុងនាម គ.ជ.ប លើកទឹកចិត្តឱ្យដាក់ពាក្យបណ្តឹ​ង បើ​​សិនមានការគំរាមគមហែង ការបង្ខំ »

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែក្កដា ឆ្នាំ២​​០​​២​​៣ ខាងមុខនេះ គណបក្សន​​យោ​​បាយចំនួន១៨ នឹងចូលរួមប្រកួតប្រជែងដណ្តើមកៅអីនៅក្នុងរដ្ឋសភា។ អំឡុងពេលនៃការឃោ​សនាស្វែងរកសំឡេងឆ្នោតនេះ គេសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា គឺមា​​ន​​​​​ធនធានច្រើនជាងបក្សនយោបាយផ្សេ​ង​​ទៀត ក្រោយពេលគណបក្សភ្លើងទៀន ត្រូវបាន គ.ជ.ប បិទផ្លូ​​​វ​មិ​​ន​​​ឱ្យចូលរួមប្រកួតប្រជែងនៅក្នុងអាណត្តិនេះ ក្រោមហេតុផលខុសនីតិវិធី៕